ដោយ៖ យ៉ា រសាត់ | ថ្ងៃពុធ ទី2 កញ្ញា 2015
http://vodhotnews.com
មន្ត្រីអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋសរុបជិត២០នាក់ត្រូវបានសមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួន នៅព្រឹកថ្ងៃពុធនេះ ក្នុងហេតុការណ៍នៃការតវ៉ារបស់ប្រជាពលរដ្ឋទាមទារឲ្យមានការដោះលែងសកម្មជនបរិស្ថាន៣រូបដែលត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីពេលកន្លងទៅ។
នាយករងទទួលបន្ទុកតស៊ូមតិនៃអង្គការលីកាដូលោក ថាវ គឹមសាន ឲ្យVODដឹងថា រូបលោក និងមន្ត្រីអង្គការលីកាដូ៤នាក់ទៀត មន្ត្រីសមាគមអាដហុកហុងម្នាក់ អ្នកសារព័ត៌មាន២នាក់ និងប្រជាពលរដ្ឋមួយចំនួនត្រូវបានអាជ្ញាធរចាប់ខ្លួននៅម៉ោងប្រមាណ៩និង៣០នាទី ខណៈដែលពួកលោកចុះសង្កេតមើលការតវ៉ារបស់ប្រជាពលរដ្ឋ។ លោកបន្តថា នៅព្រឹកនេះ ក្រុមប្រជាពលរដ្ឋអ្នកតវ៉ាបាននាំគ្នាបន្តធ្វើការតវ៉ានៅមុខសាលាដំបូងរាជខេត្តកោះកុង តែស្រាប់តែមានក្រុមអ្នកតវ៉ាមួយក្រុមផ្សេងទៀត បានតវ៉ាប្រឆាំងនឹងក្រុមពួកគាត់ចំពោះការតវ៉ាឲ្យមានការដោះលែងយុវជនបរិស្ថានទាំង៣នាក់។ លោកថា ក្រុមថ្មីនោះបានចោទពួកគាត់ថា បង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងទាមទារឲ្យពួកគាត់បញ្ឈប់ការតវ៉ា និងត្រឡប់ទៅផ្ទះវិញ។
លោក ថាវ គឹមសាន បន្តថា ក្រុមប្រជាពលរដ្ឋអ្នកតវ៉ាបាននាំគ្នាឈប់តវ៉ា រួចនាំគ្នាដើរទៅវេទិការនៅវាលបាល់ទាត់ដែលពួកគាត់ស្នាក់នៅ តែត្រូវក្រុមអាជ្ញាធរ និងក្រុមអ្នកតវ៉ាមួយក្រុមទៀតតាមទៅរុះរើ និងឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋមួយចំនួន។ ទោះយ៉ាងណា លោកថា លោកមិនដឹងពីមូលហេតុច្បាស់នៃការចាប់ខ្លួននោះទេ។
វីអូឌី(VOD)មិនទាន់អាចសុំការអត្ថាធិប្បាយពីអភិបាលខេត្តកោះកុងលោក ប៊ុន លើត និងអភិបាលរងក្រុងខេមរភូមិន្ទលោក ប៉ែន ប៊ុនឈួយ បាននៅឡើយទេ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។ ចំណែកស្នងការនគរបាលខេត្តកោះកុងបដិសេធមិនធ្វើអត្ថាធិប្បាយដោយលោកអះអាងថា លោកកំពុងមានភារកិច្ចនៅភ្នំពេញ និងមិនបាននៅក្នុងព្រឹត្តិការណ៍នោះ។
គួរបញ្ជាក់ថា ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីសាលាក្រុងខេមរភូមិន្ទបានចេញបំរាមមិនឲ្យមានការជួបជុំតវ៉ា ដោយចោទថាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានដាក់កំហិតដល់ក្រុមប្រជាពលរដ្ឋឲ្យបញ្ឈប់រាល់សកម្មភាពតវ៉ា នៅម៉ោង៥ល្ងាចថ្ងៃទី០២ កញ្ញានេះ ដោយព្រមានថានឹងចាត់ការតាមវិធានការច្បាប់។
គួររំឮកថា ប្រជាពលរដ្ឋបាននាំគ្នាទៅស្នាក់នៅវាលបាល់ទាត់មុខសាលាដំបូងខេត្តកោះកុងចាប់តាំងពីថ្ងៃទី១៩ ខែសីហា ដើម្បីតវ៉ាទាមទារឲ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិ៣នាក់រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ិម សំណាង។ អ្នកទាំង៣ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅ ដោយចោទប្រកាន់ពីបទគំរាមកំហែងធ្វើឲ្យខូចខាតរបស់អ្វីមួយ តាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌ៕

សរសេរមកកាន់លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com

រដ្ឋាភិបាលបង្កើតល្បែងយកបន្លាជួសបន្លា នរណាក៏ដឹងដែរថាក្រុមនេះគឺរដ្ឋាភិបាលបង្កើតទ្បើងដើម្បីបង្កហេតុរួចឈានទៅចាប់សកម្មជនដោយយកលេសថាបង្ករអស្ថេរភាពសង្គម ល្បែងនេះគ្រោះថ្នាក់ណាស់ដលទ្ធិប្រជាធិប្បតេយ្យ។
ចាប់ទៅចាប់អោយអស់ទៅខំធ្វើទៅតែសន្លឹកឆ្នោតខ្ញុំនៅតែមិនបោះអោយCPPទេ
ជិតដល់ខែកាន់បិណ្ឌហើយ ប្រហែលពួកអាទមិឡទាំងនោះ បានទៅស៊ីបាយបិណ្ឌ ជាមួយនរក ប្រែត ហើយមើកទៅ