ដោយ៖ សាន សែល | ថ្ងៃពុធ ទី2 កញ្ញា 2015, 03:17 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាពលរដ្ឋចំនួន២១គ្រួសារក្នុងខេត្តកំពត សម្តែងការខឹងសម្បារនឹងអាជ្ញាធរ ដែលមកឈូសដីផ្ទះពួកគាត់ ដោយពួកគេថាមិនបានផ្តល់សំណងសមរម្យ។
ពលរដ្ឋម្នាក់ឈ្មោះ ចាន់ សុធា ដែលផ្ទះគាត់ត្រូវបានគេឈូស នៅក្នុងភូមិទ្វីខាងត្បូង ក្រុងកំពត បានអះអាងថា នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះមានក្រុមនគរបាល ប៉េអឹម និងអាជ្ញាធរមូលដ្ឋានមកចុះមកភូមិរបស់គាត់ដើម្បីឈូសដីធ្វើផ្លូវ។
លោកសុធាដែលមានរបរនេសាទសមុទ្របានបញ្ជាក់ថា គ្រួសារគាត់មិនមានលទ្ធភាពទៅទិញដីផ្ទះនៅកន្លែងថ្មីនោះទេ។
អ្នកនេសាទរូបនេះប្រាប់ថា នៅទីនោះជាតំបន់មាត់ទឹក ហើយមានតែផ្លូវលំតូចសម្រាប់ធ្វើដំណើរ ហើយអាជ្ញាធរក៏មិនដែលប្រកាសពីគម្រោងអភិវឌ្ឍផ្លូវនោះដែរ។ តែក្រោយពេលមានក្រុមហ៊ុនមួយ ដែលបានចូលមកតំបន់នេះ ក៏លេចចេញនូវផែនការធ្វើផ្លូវនេះឡើង។
លោក សុធា អះអាងថា ការធ្វើផ្លូវនេះមិនមែនដើម្បីប្រយោជន៍ប្រជាជនក្នុងភូមិទេ ផ្ទុយទៅវិញអាជ្ញាធរសម្រេចធ្វើផ្លូវនេះ ដើម្បីសម្រួលដល់ការរកស៊ីរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ លោកថាអាជ្ញាធរមិនបានគិតគូរពីជីវិតរស់នៅរបស់ប្រជាជនក្រីក្រនោះទេ៖ “យល់ថា អ្នកធ្វើការទាំងអស់អត់មានគោរពច្បាប់តួនាទីទាំងអស់ ហើយអត់មានដោះស្រាយគោលនយោបាយឲ្យប្រជាពលរដ្ឋ”។
មន្ត្រីសិទ្ធិមនុស្សមើលឃើញថា ការអនុវត្តរបស់អាជ្ញាធរនេះវាផ្ទុយទៅនឹងច្បាប់។ លោក ម៉ម កេសី មន្ត្រីអង្កេតរបស់អង្គការលីកាដូ ប្រចាំខេត្តកំពត បានពន្យល់ថា អាជ្ញាធរមិនបានធើ្វការដោះស្រាយផ្តល់សំណងឲ្យប្រជាជនបានសមរម្យដល់ប្រជាពលរដ្ឋរងគ្រោះ មុននឹងអនុវត្តគម្រោងអភិវឌ្ឍ។ លោកថា៖ “ចំពោះករណីនេះ រដ្ឋមិនគួរអនុវត្តគោលនយោបាយបែបនេះទេ ព្រោះអីប្រជាពលរដ្ឋ សុទ្ធសឹងជាប្រជាពលរដ្ឋខ្មែរ អ៊ីចឹងការអភិវឌ្ឍត្រូវតែងាយឲ្យឆ្លើយតបទៅហ្នឹងតម្រូវការរបស់ប្រជាពលរដ្ឋ ហើយឆ្លើយតបទៅនឹងការអភិវឌ្ឍប្រទេសជាតិ កាត់បន្ថយភាពក្រីក្រ។ អ៊ីចឹងបើរដ្ឋធ្វើការអភិវឌ្ឍដោយមិនបានគិតពីផលប្រយោជន៍ប្រជាពលរដ្ឋ ហើយអភិវឌ្ឍទៅលើទឹកភ្នែករបស់ប្រជាពលរដ្ឋ គឺការអនុវត្តនេះ ហាក់ជាមិនឆ្លើយតបទៅនឹងការកាត់បន្ថយភាពក្រីក្ររបស់រដ្ឋដែលបានដាក់ចេញនូវគោលនយោបាយនេះទេ”។
យ៉ាងណាក៏ដោយ អភិបាលក្រុងកំពត លោក ណាក់ សុវណ្ណ បានបញ្ជាក់ថា ប្រជាជនទាំងនេះរស់នៅលើដីរដ្ឋ ហើយអាជ្ញាធរមិនបានចេញប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ដែរ។ លោកបញ្ជាក់ថា អាជ្ញាធរមិនចេញសំណងឲ្យប្រជាជនដែលរស់នៅលើដីរដ្ឋនោះទេ៖ “ផ្លូវនោះជាផ្លូវរបស់ខេត្តមានតាំងពីសង្គមចាស់… មកពីមានអ្នកថាឲ្យក្រុមហ៊ុនទេ ផ្លូវនេះមិនផ្លូវរបស់ក្រុមហ៊ុនអភិវឌ្ឍទេ គឺផ្លូវគម្រោងរបស់ខេត្ត។ បងប្អូនប្រជាពលរដ្ឋ ជនណាដែលរស់នៅលើដីសាធារណៈរបស់រដ្ឋ រស់នៅលើដីផ្លូវគឺមិនអាចអនុញ្ញាតរស់នៅបានឡើយ ហើយក៏គ្មានសំណងដែរ”។
ប្រជាជនដែលរងការឈូសដីផ្ទះនៅភូមិទ្វីខាងត្បូងនេះ ស្នើឲ្យអាជ្ញាធរផ្តល់សំណងសមរម្យដល់ពួកគាត់ មុនពេលដែលធ្វើការអភិវឌ្ឍផ្លូវ៕
សូមសរសេរមកលោក សាន សែល តាមរយៈ sel@vodhotnews.com
ឈូសទៅឆាយទៅឈូសកាន់តែច្រើនសន្លឹកកាន់តែបានច្រើន