ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃពុធ ទី2 កញ្ញា 2015, 10:19 AM
http://vodhotnews.com
កាលពី៣ឆ្នាំមុន លោក ប៉ែន តុលា គូដណ្ដឹងរបស់ ភិន សុដាលីស គ្រាន់តែជាតារាសម្ដែងដូចគ្នានឹងលោក ប៉ែន ចំរ៉ុង ប៉ុណ្ណោះ។ អញ្ចឹងហើយទើបមានការចោទសួរយ៉ាងខ្លាំង ថាហេតុអ្វី លោកអ៊ិន សុភិន ឪពុករបស់នាង នៅរក្សាជំហរមិនលើកកូនស្រីឲ្យប៉ែន ចំរ៉ុង ដែលមានកេរ្តិ៍ឈ្មោះល្បីជាង ហើយសុខចិត្តជំរុញឲ្យយកគូដណ្ដឹងនោះទៅវិញ ជំទាស់ចិត្តកូនស្រីទៅវិញ។
លោក អ៊ិន សុភិន បញ្ជាក់ថា រវាង ប៉ែន តុលា និងប៉ែន ចំរ៉ុង មិនត្រឹមតែមានត្រកូលដូចគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតារាសិល្បៈដូចគ្នា និងជាបុរសដែលចូលមកពាក់ព័ន្ធកូនស្រីរបស់ខ្លួន គឺភិន សុដាលីស ដូចគ្នាផងដែរ។ យ៉ាងណាក៏ដោយ លោកបានបង្ហាញនូវទល្ហីករណ៍ជាច្រើន ដែលឆ្លុះបញ្ចាំងថាអ្នកទាំងពីរមិនដូចគ្នា។ លោកនិយាយថា៖ "សម្រាប់ខ្ញុំ តុលាក៏មិនមែនឧកញ៉ា ហើយចំរ៉ុង ក៏មិនអ្នកអន់អី អញ្ចឹងបើកូនស្រីស្រឡាញ់អ្នកណាគួរតែតាមមិនអញ្ចឹង ប៉ុន្តែមកពីខ្ញុំមើលឃើញគុណសម្បត្តិរបស់ពីរនាក់ខុសគ្នា ទើបមិនយល់ព្រមគាំទ្រឲ្យដាលីស យកចំរ៉ុងទេ។ [តែ]បើពីរនាក់[ចំរ៉ុង និងដាលីស]យកគ្នាបានយ៉ាងម៉េចយកទៅ"។
លោក អ៊ិន សុភិន បន្តថា លោក ប៉ែន តុលា បានចូលពាក់ព័ន្ធគ្រួសាររបស់លោកក្រោយពីបានឡើងកូដអំឡុង៣ឆ្នាំ តាមរយៈឱកាសបានសម្ដែងបទចម្រៀងល្បីៗនៅក្នុងផលិតកម្មហង្សមាស និងត្រូវបានលោកជ្រើសមកសម្ដែងនៅក្នុងផលិតកម្មមហាហង្ស។ លោកថា បន្ទាប់មកដោយសារតែលោក ប៉ែន តុលា ត្រូវបានកត់សម្គាល់ថាមានអត្តចរឹកល្អ មិនសំឡឹងឃើញផលប្រយោជន៍ ហើយក៏សុំស្ដីដណ្ដឹងដាលីស ដោយភាពថ្លៃថ្នូរ ទើបលោកមានគំនិតផ្គូរផ្គង។
ម្ចាស់ផលិតកម្មរូបនេះបានបន្ទោសថា រឿងរ៉ាវទុំជោរគឺបណ្ដាលមកពីដាលីសស្រឡាញ់ពេញចិត្តលោក ប៉ែន តុលា ដូចគ្នា ទើបចំណងភ្ជាប់ពាក្យត្រូវបានលេចចេញកាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០១៣។ លោកមានប្រសាសន៍ថា៖ "ខ្ញុំនិយាយត្រង់ ការពិតខ្ញុំអត់ចង់ឲ្យកូនស្រឡាញ់អ្នកសិល្បៈទេ ប៉ុន្តែកាលហ្នឹងមកពីខ្ញុំឃើញដាលីសស្រឡាញ់តុលា ហើយខ្ញុំអត់ចង់ឲ្យកូនបណ្ដើរគ្នាខូចឈ្មោះ ទើបភ្ជាប់ពាក្យឲ្យព្រោះខាងប្រុសគ្នានាំចាស់ទុំមកមែនទែន មិនមែនមកលឹបលដូចចំរ៉ុងទេ ប៉ុន្តែ២នាក់ហ្នឹងវាមានរឿងអន់ចិត្តគ្នាក្រោយមក ហើយចំពេលចំរ៉ុងចូលមកពាក់ព័ន្ធ ទើបដាលីសទៅជាថាខ្ញុំបង្ខំ។ ការពិតរវាងដាលីស និងតុលា ខ្ញុំអត់ដែលបង្ខំទេ ព្រោះតុលាក៏មិនមែនជាឧកញ៉ាអីដែរ"។

ភិន សុដាលីស និងប៉ែន តុលា (រូបពីហ្វេសប៊ុក)
លោក អ៊ិន សុភិន សារភាពថា ក្រោយពេលដាលីសខ្វែងគំនិតជាមួយគូដណ្ដឹង ហើយឈ្លក់នឹង ប៉ែន ចំរ៉ុង លោកពិតជាបានបង្ខំឲ្យជ្រើស ប៉ែន តុលា មែន ដោយសារតែមើលឃើញថា តាំងពីបានទាក់ទងកូនស្រី គឺ ប៉ែន ចំរ៉ុង មិនដែលនិយាយទទួលស្គាល់ចំពោះទង្វើរបស់ខ្លួនឯងទាល់តែសោះ នៅពេលលោកព្យាយាមជជីកសួរ។ លោកនិយាយថា៖ "ខ្ញុំសូមបញ្ជាក់ថា ក្រោយពេលដឹងថាដាលីសបែកចិត្តពីតុលា ខ្ញុំបានប្រាប់តុលាថា បើដាលីសរៀបការជាមួយកូនឯង កូនឯងជាកូនប្រសារប៉ា ប៉ុន្តែបើអត់គឺកូនឯងក៏នៅតែជាកូនចិញ្ចឹម ហើយវាក៏ទទួលយកតើ ព្រោះកាលហ្នឹងខ្ញុំចង់ឲ្យដាលីសទៅអ្នកផ្សេងដែលអាចឲ្យគាត់សំណាងជាងហ្នឹង ប៉ុន្តែមកពីដាលីសទៅរើស ចំរ៉ុង ហើយ ចំរ៉ុង អត់មានប្រាកដប្រជាអីសោះ ទើបខ្ញុំនិយាយថាបើយក ចំរ៉ុង ត្រូវយក តុលា វិញ ព្រោះ តុលា មានគុណសម្បត្តិច្រើនជាង"។
មកទល់ពេលនេះ លោកអ៊ិន សុភិន ប្រាប់ថាលោក ប៉ែន តុលា គឺអគ្គនាយកក្រុមហ៊ុននាំចេញនាំចូលនូវម៉ាស៊ីនធំៗ និងជាអ្នកគ្រប់គ្រងគម្រោងអចលនទ្រព្យដ៏ធំរបស់លោក ដែលមានន័យថាលោកជាថៅកែ ហើយលោកតុលា គឺជាអ្នកចាត់ចែងការងារ។ មួយខែៗ លោកថា ប៉ែន តុលា រកចំណូលចូលក្រុមហ៊ុន និងចូលហោប៉ាវរបស់លោកបានរាប់ម៉ឺនដុល្លារ ទើបលោកជំរុញឲ្យជ្រើស ប៉ែន តុលា បើដាលីស ជម្នះចង់យក ប៉ែន ចំរ៉ុង។ លោកនិយាយថា៖ "ខ្ញុំសូមបញ្ជាក់ថា តុលាគាត់ជាកូនអ្នកមាននៅកំពង់សោម (អ្នករកស៊ីបញ្ចាំ និងមានដីរាប់ឡូតិ៍នៅស្ទឹងហាវ) ហើយកូនហ្នឹងវាឆ្លាតណាស់ ខ្ញុំប្រគល់ក្រុមហ៊ុន២ឲ្យគ្រប់គ្រងវាធ្វើបានល្អមែនទែន ហើយជាមនុស្សអត់មើលឃើញលុយ និងធ្វើឲ្យខ្ញុំទុកចិត្ត ទើបខ្ញុំចង់ឲ្យ ដាលីស យកតុលាទៅ បើអត់ចង់យកអ្នកអាមេរិក ឬអ្នកមានផ្សេងទៀត ដែលគេសុទ្ធតែចង់បានហ្នឹងដែរ។ គោលដៅរបស់ខ្ញុំ គឺចង់ឲ្យកូនស្រួល ព្រោះតុលាវាជំនាញគូប្លង់(អគារ) និងពូកែខាងអចលនទ្រព្យ ហើយដាលីសចេះខាងដេគ័រ អញ្ចឹងបើពួកវាបានគ្នាគឺដាលីសដេកស៊ី ចង់ប្រឡូកសិល្បៈក៏បាន ហើយបើពីរនាក់វាអត់ធ្លាប់ស្រឡាញ់គ្នា ខ្ញុំទៅគិតអញ្ចឹងកើតទេ"។

ប៉ែន ចំរ៉ុង និងភិន សុដាលីស (រូបពីហ្វេសប៊ុក)
ក្រៅពីគុណសម្បត្តិផ្នែកការងារ លោកថា លោក ប៉ែន តុលាក៏មានលក្ខណៈពិសេសជាងចំរ៉ុងផងដែរ ទើបលោកនៅតែប្រកាន់ជំហរគាំទ្រតុលា បើដាលីសមិនអាចរកបានមនុស្សដែលមានសមត្ថភាពតាមលោកគូសវាសផ្សេងទៀត។ លោកនិយាយថា៖ "អ្នកស្គាល់ចំរ៉ុង ដឹងហើយថាចំរ៉ុងយ៉ាងម៉េច ប៉ុន្តែសម្រាប់តុលាខ្ញុំសូមបញ្ជាក់ថា គាត់អត់ចូលចិត្តផឹក អត់មានមិត្តច្រើន អត់ចូលចិត្តដើរយប់ គឺកូនហ្នឹងដឹងតែធ្វើការ ហើយវាកូនចិនឆ្លាតណាស់ដាក់អីឲ្យធ្វើដុះទាំងអស់ ត្រង់ហ្នឹងដែលខ្ញុំពេញចិត្ត អ្វីដែលសំខាន់គាត់អត់ធ្មត់ណាស់ សូម្បីតែដាលីសខឹងម្ដងៗជេរប្រមាថយ៉ាងម៉េចក៏នៅតែទ្រាំបាន ហើយបើដាលីសយកអ្នកផ្សេង ដាលីសចរិតអញ្ចឹងគេទ្រាំគាត់បានទេ បើបាយម្ហូបទឹកក៏មិនចេះផងហ្នឹង ខ្ញុំវាខ្លាចកូនវេទនាទើបចេះតែជំទាស់ទៅ ប៉ុន្តែឥឡូវខ្ញុំអត់ជំទាស់បើគាត់ស្រឡាញ់ប៉ែន ចំរ៉ុង អូខេទៅរស់នៅជាមួយគ្នា ប៉ុន្តែត្រង់ខ្ញុំចេញមុខការឲ្យ ឬបោះទុនឲ្យរកស៊ីអត់ទេ ព្រោះខ្ញុំមើលដឹងថាបើបានចំរ៉ុង គឺវាខុសគ្នានឹងតុលា"។
លោក អ៊ិន សុភិន បន្ថែមថា រាល់ថ្ងៃលោក ប៉ែន តុលា កំពុងចាត់ចែងគ្រប់គ្រងដំណើរការសាងសង់អគារជួលស្នាក់នៅ(Apartment) កម្ពស់១៤ជាន់ធំមួយ នៅលើផ្ទៃដី២០គុណនឹង៥០ម៉ែត្រ នៅទីប្រជុំជនខណ្ឌសែនសុខ ដោយគម្រោងនេះបើតុលាជោគជ័យ គឺនឹងរកចំណេញឲ្យលោកមិនក្រោម២លានដុល្លារនោះទេ ទើបលោកនិយាយថា បើដាលីសចង់ស្រឡាញ់ ចំរ៉ុង ឲ្យចំរ៉ុងមានសមត្ថភាពរកលុយបានមួយលានដុល្លារសិនមក ដើម្បីកុំឲ្យខ្មាស់អ្នកមុន។ លោកនិយាយថា៖ "ខ្ញុំមើលឃើញថាដាលីស បើយកតុលាវាអាចនៅជាមួយគ្នាបានទើបចេះតែជំរុញ ព្រោះចរិតកូនខ្ញុំមិនណយទេ ហើយចំរ៉ុងក៏មិនធម្មតាដែរ ទើបខ្ញុំខ្លាចកូនវាវេទនា ប៉ុន្តែឥឡូវខ្ញុំអត់ជំទាស់ទេ បើពីរនាក់យកគ្នាយកទៅ ទៅថតកុនចិញ្ចឹមគ្នាទៅ ខ្ញុំអត់ទទួលដឹងទេ"។
លោក ប៉ែន តុលា បានបញ្ជាក់តាមទូរស័ព្ទថា លោកមិនប្រកាន់នឹងដាលីសនោះទេ ដោយសារតែយល់ឃើញថានាងនៅក្មេងហើយអាចគិតខុសមួយពេល។ យ៉ាងណាមិញ លោកបានបញ្ជាក់ថា បើដាលីសជ្រើសធ្វើជាភរិយារបស់ ប៉ែន ចំរ៉ុង ហើយបែរជារស់នៅមិនសុខត្រឡប់មកឲ្យលោកទទួលវិញ គឺលុះត្រាតែឪពុកម្ដាយបង្កើតរបស់លោកឯកភាពទើបលោកទទួលយក ប៉ុន្តែលោកថាសម្រាប់លោកគឺអត់ប្រកាន់ទេ។ លោកនិយាយថា៖ "ខ្ញុំរាល់ថ្ងៃ ចាត់ទុកថាខ្ញុំមានកម្មជាមួយដាលីស ឲ្យតែគាត់វិលវិញខ្ញុំទទួលយកទាំងអស់ ព្រោះអាណិតគាត់។ អ៊ីចឹងហើយទើបខ្ញុំពិបាកចិត្តនៅពេលដាលីសបង្ហោះវីដេអូថាប៉ា(អ៊ិន សុភិន)បានបង្ខំនាងភ្ជាប់ពាក្យជាមួយខ្ញុំ និងរៀបការជាមួយខ្ញុំ ការពិតពួកខ្ញុំស្រឡាញ់គ្នាទើបប៉ាគាត់ភ្ជាប់ពាក្យឲ្យ គឺអត់ដែលបង្ខំទេ ហើយបើមិនបានរៀបការ គឺខ្ញុំនៅតែធ្វើការឲ្យប៉ា ដូចជាបុគ្គលិកនិងចៅហ្វាយនាយរាល់ថ្ងៃអញ្ចឹងទៅ"។
លោក ប៉ែន តុលា ប្រាប់ថា លោកនឹងកាន់គម្រោងដែលលោក អ៊ិន សុភិន ប្រគល់ឲ្យបានជោគជ័យ បើទោះជាក្នុងពេលនេះ លោកហាក់ទទួលសម្ពាធនឹងមានបញ្ហាសតិអារម្មណ៍ព្រោះតែ ភិន សុដាលីស បន្តិចក្ដី៕
សរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Love is blind
See coffin and tear drop.