ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃព្រហស្បតិ៍ ទី3 កញ្ញា 2015, 09:01 AM
http://vodhotnews.com
រូបតាមលំដាប់ កុយ ស៊ីឌឿន (អនុប្រធាន) នាយឃ្លោក (ប្រធានកិត្តិយសថ្មី) សុះ ម៉ាច និងអ្នកស្រី ថុង ស៊ីវទៀង អគ្គហិរញ្ញិក (រូបថត៖ វង្ស សុម៉ាលីន)
សមាគមសិល្បៈខ្មែរ ប្រកាសបន្តដាក់ញត្តិទៅកាន់ស្ថាប័នពាក់ព័ន្ធ ស្នើឲ្យមានការធានាឲ្យមានការចាក់ផ្សាយរឿងខ្មែរនៅលើកញ្ចក់ទូរទស្សន៍ ដោយអះអាងថា ដើម្បីជួយសង្គ្រោះភាពយន្តភាគខ្មែរឲ្យមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍។
មន្ត្រីសមាគមសិល្បៈខ្មែរបានប្រកាសដូចនេះ នៅក្នុងពិធីតែងតាំងនាយឃ្លោកជាប្រធានកិត្តិយសថ្មី ជំនួសឲ្យការលាឈប់របស់ លោក អៀង ស៊ីធុល និងការប្រកាសដំឡើងលោក កុយ ស៊ីឌឿន ពីអគ្គហេរញ្ញិករងមកជាអនុប្រធានសមាគម។ សមាគមតំណាងតារាសិល្បៈមួយនេះក៏បានអះអាងថា នឹងធ្វើចំណាត់ការរហូតទាល់តែមានការធានា១០០%ថា ការចាក់ផ្សាយរឿងខ្មែរនៅលើកញ្ចក់ទូរទស្សន៍ ពិតជាត្រូវអនុវត្តន៍តាមការទាមទារ។
ប្រធានសមាគមសិល្បៈខ្មែរ លោក សុះ ម៉ាច បានថ្លែងក្នុងពិធីដែលធ្វើកាលពីថ្ងៃទី២ ខែកញ្ញានោះថា បន្ទាប់ពីបានប្រមូលស្នាមមេដៃពីតារាសិល្បៈ នៅព្រឹកម្សិលមិញ លោកបានបន្តយកញត្តិទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងព័ត៌មាន និងក្រសួងអប់រំបន្ថែមទៀត។ ស្ថាប័នទាំងបីនោះបានស្នើឲ្យលោករង់ចាំការឆ្លើយត្រឡប់ទៅវិញ ក្នុងពេលបន្ទាប់ ដោយលោកថា មិនទាន់ដឹងថានឹងមានលទ្ធផលពេលណានោះទេ។
យ៉ាងណាក៏ដោយ លោក សុះ ម៉ាច អះអាងថា សមាគមនឹងប្រមូលតារាសិល្បៈ និងបើកសន្និសីទឲ្យធំជាងមុនជាថ្មីម្ដងទៀត បើអ្វីដែលទាមទារ មិនទទួលបានការធានាច្បាស់លាស់។ លោក សុះ ម៉ាច បញ្ជាក់ថា៖ “បន្ទាប់ពីយើងធ្វើសន្និសីទកាសែតនិយាយពីការបាម្ភកាលពីថ្ងៃទី២២ សីហា គឺក្រសួងវប្បធម៌បានហៅពួកយើងទៅប្រជុំដោះស្រាយភ្លាមកាលពីថ្ងៃទី២៨ សីហា ប៉ុន្តែខ្ញុំក្នុងនាមខ្ញុំជាប្រធានសមាគមសិល្បៈ គឺអត់បញ្ឈប់ត្រឹមហ្នឹងទេ ព្រោះដរាបណាចំណាត់ការរបស់ក្រសួងវប្បធម៌ នៅមិនទាន់ធានាឲ្យយើងជឿថានឹងមានប្រសិទ្ធភាព១០០% គឺយើងនៅតែបន្ត អ៊ីចឹងហើយទើបយើងបានដាក់ញត្តិទៅក្រសួងព័ត៌មាន ក្រសួងអប់រំ និងទៅខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីទៀត កាលពីព្រឹកមិញហ្នឹង"។
ប្រធានសមាគមរូបនេះបន្ថែមថា ក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ដែលជារដ្ឋមន្ត្រីបានយល់ព្រមដាក់កំហិតទៅកាន់បណ្ដាទូរទស្សន៍ទាំងអស់ ឲ្យទុកម៉ោងមាសចាប់ពីម៉ោង៦ ដល់ម៉ោង៨យប់សម្រាប់រឿងខ្មែរ។ ប៉ុន្តែលោកថា ចំណាត់ការនោះគឺលុះត្រាតែដើមឆ្នាំ២០១៧ឯណោះ ដោយសារតែខាងបណ្ដាទូរទស្សន៍ទាំងអស់ បានអះអាងថាបើអនុវត្តលឿនពេក នឹងមិនមានរឿងខ្មែរដើម្បីចាក់ផ្សាយគ្រប់គ្រាន់។ អ៊ីចឹងហើយ ទើបលោកបារម្ភខ្លាចចំណាត់ការនោះមិនមានប្រសិទ្ធភាពពេញលេញ ដោយសារតែមានរយៈពេលយូរទៀត ហើយលោកថា អ្វីមួយដែលក្រៅពីការសន្យាក៏មិនទាន់ធ្វើឲ្យលោកជឿជាក់។ លោកមានប្រសាសន៍ថា៖ “មិនមែនថាយើងមិនទុកចិត្តក្រសួងវប្បធម៌ទេ ប៉ុន្តែខ្ញុំថារឿងហ្នឹងវាពាក់ព័ន្ធនឹងផលប្រយោជន៍របស់ស្ថាប័នទូរទស្សន៍ភាគច្រើន អ៊ីចឹងបើយើងមិនប្រឹងដុតដៃដុតជើង គឺវាអាចក្លាយជាខ្យល់ក៏ថាបាន ដោយសារតែភាពជាក់ស្ដែង គឺការសន្យាពាក់ព័ន្ធនឹងអ្នកសិល្បៈ ធ្លាប់មិនលេចចេញរូបរាងរួចហើយ ដូចជាករណីតម្រូវឲ្យដាក់តួខ្មែរគ្រប់ស្ពតពាណិជ្ជកម្មជាដើម”។

នាយ ឃ្លោក ទទួលការបំពាក់កម្រងផ្កាក្នុងពេលទទួលបានតំណែប្រធានកិត្តិយសនៃសមាគមសិល្បៈខ្មែរ
លោក សុះ ម៉ាច ប្រកាសចាត់ការសំណើដាក់ផ្សាយរឿងខ្មែរនៅលើកញ្ចក់ទូរទស្សន៍ រហូតទាល់តែមានសារាចរណ៍ជាក់លាក់ដែលទុកចិត្តបាន ទើបឈប់ធ្វើសកម្មភាព។ លោកមានប្រសាសន៍បញ្ជាក់ថា៖ “ការពិតដើមឆ្នាំ២០១៧ គឺវាយូរណាស់ទៅហើយ អ៊ីចឹងបើគ្មានសារាចរណ៍ ឬគ្មានការធានាទៀត គឺយើងមិនអាចចាំមើលទេ គឺត្រូវបន្តសុំអន្តរាគមន៍ទៀត ដែលចុងក្រោយនេះខ្ញុំសង្ឃឹមថានៅខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី ពិតជាជួយពន្លឿនការងារនោះបាន ព្រោះខ្ញុំក៏ដូចជាអ្នកសិល្បៈជាច្រើនទៀត អត់ចង់ចាំដល់ដើមឆ្នាំ២០១៧ទេ គឺចង់បានឆាប់ៗហ្នឹង”។ លោកថា ផលិតករ និងតារាខ្មែរគឺមានគ្រប់គ្រាន់ សម្រាប់ដំឡើងរឿងចាក់ផ្សាយតាមការចង់បានរបស់ម្ចាស់ទូរទស្សន៍ ដោយមិនភ័យរឿងខ្វះនោះទេ បើទោះជាការអនុវត្តនៅត្រឹមតែដើមឆ្នាំ២០១៦នេះក៏ដោយ។
អត្ថបទទាក់ទង
លោក កុយ ស៊ីឌឿន អតីតអគ្គហេរញ្ញិក ដែលត្រូវបានតែងតាំងជាអនុប្រធានសមាគមបានអះអាងថា លោកគាំទ្រសម្រាប់ការឆ្លើយតបរបស់ក្រសួងវប្បធម៌ ដែលកំណត់ឲ្យទូរទស្សន៍ក្នុងស្រុកចាក់ផ្សាយរឿងខ្មែរ យ៉ាងយូរនៅដើមឆ្នាំ២០១៧(ចន្លោះម៉ោង៦ដល់ម៉ោង៨យប់)។ ប៉ុន្តែលោកថា ដរាបណាគ្រាន់តែជាការសន្យាហើយគ្មានឯកសារច្បាប់ផ្លូវការ សមាគមសិល្បករខ្មែរនឹងបន្តឈ្មុសឈ្មុលបន្តទៀត។ លោករំពឹងថា ញត្តិដែលទើបបានដាក់ទៅកាន់ស្ថាប័នចំនួន៣ទៀតចុងក្រោយនឹងជួយពន្លឿនចំណាត់ការរបស់ក្រសួងវប្បធម៌ ដែលបានលើកឡើងឲ្យមានប្រសិទ្ធភាព និងមិនយូររហូតដល់ឆ្នាំ២០១៧។ ក្នុងនោះ លោកក៏ហាក់សង្ឃឹមយ៉ាងមុតមាំថា ប្រមុខរដ្ឋាភិបាលនឹងជួយអន្តរាគមន៍ចំពោះរឿងនេះ ទើបប្រាកដពីចំណាត់ការឲ្យមានប្រសិទ្ធភាពនោះផង។ លោកថា៖ “ខ្ញុំនិយាយត្រង់ដល់២០១៧ ខ្ញុំថាវាយូរណាស់សម្រាប់ផលិតករទាំងអស់ ហើយខ្ញុំមានជំនឿថារឿងនេះបើចង់លឿន និងមានប្រសិទ្ធភាពគឺមានតែអន្តរាគមន៍របស់ប្រមុខដឹកនាំនោះទេ ទើបខ្ញុំ សមាគមសម្រេចដាក់ញត្តិទៅកាន់ខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីមុននេះ”។
លោកថា ការទាមទារដែលបានធ្វើឡើង គឺជាផលប្រយោជន៍រួម ដោយមិនមែនសម្រាប់តែផលិតករមួយក្រុម ឬសម្រាប់តារាមួយក្រុមនោះទេ ពោលគឺសម្រាប់វប្បធម៌ជាតិទាំងមូលតែម្ដង។
បន្ថែមពីលើនោះ លោក ទុំ សារុត ហៅនាយឃ្លោក ដែលពេលនេះត្រូវបានដំឡើងជាឯកឧត្តមឧកញ៉ាដោយព្រះមហាក្សត្រ និងត្រូវបានសមាគមតែងតាំងជាប្រធានកិត្តិយសថ្មី ក៏បានសន្យាជំរុញការទាមទារពាក់ព័ន្ធនឹងផលប្រយោជន៍របស់អ្នកសិល្បៈឲ្យមានប្រសិទ្ធភាពផងដែរ។ បន្ថែមពីលើនោះ លោកក៏បានអះអាងនឹងធ្វើសកម្មភាពបង្រួបបង្រួមតារាសិល្បៈឲ្យក្លាយជាធ្លុងមួយ និងមិនឲ្យតារាសិល្បៈជើងចាស់ណាម្នាក់ធ្លាក់ខ្លួនឈឺដោយឯកោ ឬគ្មានលុយទិញមឈូសដូចអ្វីដែលធ្លាប់ឮដាច់ខាត។ លោកថា ការរួមកម្លាំងគ្នារបស់សមាជិកចាស់ថ្មីនៅក្នុងអាណត្តិទី៤នេះ នឹងជួយឲ្យសមាគមសិល្បករខ្មែរកាន់តែមានឥទ្ធិពលជាប្រយោជន៍ដល់តារាសិល្បៈ និងសង្គមជាតិទាំងមូល៕
សូមសរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
Hopeless if government don’t help.
Tear instead of $$$.
មិនបាច់ដាក់ញត្តិអីទេ ងាយស្រួលទេ កុំចំលងពីគេ និងថតអោយល្អទៅបានហើយ។
ប្រជាពលរដ្ឋយើងចាំតែគាំទ្រទេ។។។។។