បុគ្គលិកទូរគមនាគមន៍​កម្ពុជា​តវ៉ារឿងចោទប្រកាន់​​បាត់​លុយ​ជាង២០ម៉ឺន​ដុល្លារ​

ដោយ៖​ ទូច សុខា​ | ថ្ងៃចន្ទ ទី7 កញ្ញា 2015
http://vodhotnews.com


បុគ្គលិកទូរគមនាគមន៍​កម្ពុជា​តវ៉ារឿងចោទប្រកាន់​​បាត់​លុយ​ជាង២០ម៉ឺន​ដុល្លារ


បុគ្គលិក​ទូរគមនាគមន៍​កម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទនេះតវ៉ា​ទាម​ទារ​ឲ្យ​ក្រុម​ប្រឹក្សា​វិន័យ​របស់​ស្ថាប័ន​មួយ​នេះបើក​​ការ​ស៊ើប​អង្កេត​​ស៊ី​ជម្រៅ​មួយ​ទៅ​លើ​ករណី​បាត់​ថវិការបស់​ស្ថាប័ន​ជាង​២០​ម៉ឺន​ដុល្លារ ដែល​បុគ្គលិក​ទាំង​នោះ​អះអាង​ថាការ​បាត់​​បង់​ថវិកានេះធ្វើឲ្យ​ខាត​ដល់​ប្រ​យោ​ជន៍​បុគ្គលិក​ធ្ងន់​ធ្ងរ។

បុគ្គ​លិគ្គ​ទូរគមនាគមន៍​កម្ពុជា​ជាង​៥០​នាក់​នៅ​ព្រឹក​នេះ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​បរិវេណ​ទូរគមនាគមន៍​កម្ពុជា​ដើម្បី​បង្ហាញ​​​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន​ចំពោះ​ព័ត៌​មាន​ដែលពួកគាត់​ទទួល​បាន​ថា​មានបុគ្គល​មួយ​ចំនួន​បាន​លួចកិប​កេង​ថវិកា​​​របស់​ស្ថាប័ន​ជាង​២០ម៉ឺន​ដុល្លារ។

តំណាង​និយោ​ជិកទូរគមនាគមន៍​កម្ពុជា លោក ទឹម ចាណ្ណារិទ្ធ មាន​ប្រ​សាសន៍​ថាបុគ្គលិក​មិន​សប្បាយ​ចិត្ត​ចំពោះ​ព័ត៌មាន​ដែល​ថា​មានបុគ្គល​ក្នុង​ស្ថាប័ន​មួយ​នេះ​លួចកិប​កេង​ថវិកា២៣​ម៉ឺន​ដុល្លារ​នេះ។ លោក​ថាការ​បាត់​បង់ថវិកា​ទាំង​នេះ​​ជាការ​ខាត​បង់​​អត្ថប្រ​យោជន៍​របស់បុគ្គលិកទាំង​អស់​គ្នា។ លោក​បន្ថែម​ថា៖ "​មាន​ការ​ចោទ​ប្រ​កាន់​ថា​មាន​ការ​លួចកិប​កេង​ថវិការបស់​ទ.ក (ទូរគមនាគមន៍​កម្ពុជា)អ៊ីចឹង​បងប្អូន​របស់​យើង​​មិនមាន​ការ​សប្បាយចិត្ត​ទេឮ​ថាមានការ​កិបកេងថវិការបស់​ទ.ក ជា​ច្រើន​​​ម៉ឺន…ខាង​បុគ្គលិក​គាត់​ខឹង​សម្បារ​ថា​បាត់លុយ​ប៉ុណ្ណឹង គឺ​បាត់​ប្រាក់​ចំណេញ​របស់​គាត់”។​

បើ​តាម​លោក ទឹម ចាណ្ណារិទ្ធ បុគ្គលិក​ចង់​ឲ្យ​ក្រុប​ប្រឹក្សា​វិន័យ​ស្វែង​រក​ការពិត​និង​អ្នក​ទទួល​ខុសត្រូវពី​ការ​បាត់​បង់​ថវិការបស់​ទូរគមនាគមន៍​កម្ពុជា​នេះ។​

ប្រ​ធាន​ផ្នែក​ប្រមូល​ចំណូលនិង​បំណុល​នៃ​ទូរគមនាគមន៍​កម្ពុជាដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឲ្យ​បាត់​ថវិកា​២៣​ម៉ឺន​ដុល្លារនេះ លោក​ សែម សំអាង មាន​ប្រ​សាសន៍​ថាលោក​ចង់​ឲ្យ​ក្រុម​ប្រឹក្សា​វិន័យ​ផ្តល់​យុត្តិ​ធម៌​​ដល់​រួម​លោក ដោយ​​លោក​ចាត់ទុកថាការ​ចោទ​ប្រ​កាន់​នេះ​ជា​អំពើ​អយុត្តិ​ធម៌​សម្រាប់​​រូប​លោក។ លោកបន្ត​ថារាល់​ថវិកា​ដែល​លោក​ប្រមូល​បាន​ពី​អតិថិជន លោក​បាន​ប្រគល់​ជូន​ថ្នាក់​លើ​របស់​លោក​ទាំង​អស់។ ទោះ​​យ៉ាង​ណា លោក​​ថាដោយសារ​តែនិតិ​វិធី​នៃការ​ប្រ​គល់​ប្រាក់ដែល​ប្រ​មូល​បាន​ឲ្យទៅ​ថ្នាក់​​លើរបស់​ស្ថាប័ន​​នេះ​មិន​មានចេញ​ជា​ឯកសារ​បញ្ជាក់​ថា​បាន​ប្រ​គល់ឬ​ទទួល​ប្រាក់​ ទើប​លោក​ថាត្រង់​ចំណុច​នេះហើយដែលលោកត្រូវ​រង​ការ​ចោទ​ប្រ​កាន់​ថា​បាន​ធ្វើ​ឲ្យ​បាត់​ថវិកា​ទាំង​នោះ។

។​ ទោះ​យ៉ាងនេះ​ក្តី លោក​ថាលោក​មិន​ទាន់​អាច​បញ្ចេញ​ឈ្មោះ​ថ្នាក់​លើ​ដែល​លោក​ប្រគល់ប្រាក់​ឲ្យ​នោះ​បាន​​នៅ​ឡើយ​​ទេ។

លោក ខឹម តេង​អឿន អនុ​ប្រ​ធាន​នាយក​ដ្ឋាន​ហិរញ្ញកម្មទទួល​បន្ទុក​ប្រមូល​ចំណូលនិង​បំណុលដែល​ជាប់ពាក់​​ព័ន្ធ​នឹង​ការ​ចោទ​ប្រ​កាន់​នេះ​ មាន​ប្រសាសន៍​ថាលោក​បាន​ដាក់​ច្បាប់​សម្រាក​ពីការ​ងារ​តាំងពី​ខែ​កុម្ភៈ ឆ្នាំ​​២០១៥ ដោយ​លោក​មាន​ជំងឺ។ លោក​ថាលោក​មិន​បាន​ដឹង​ពី​ករណីបាត់​ប្រាក់​២៣​ម៉ឺន​ដុល្លា​រ​នេះ​នោះទេ​។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថាក្នុង​ស្ថាប័នទូរគមនាគមន៍​កម្ពុជា ក៏​ដូច​ជា​ស្ថាប័ន​ដទៃ​ទៀត​ដែរ នីតិ​វិធី​នៃ​ការ​ប្រ​គល់និង​ទទួល​ប្រាក់​ពី​បុគ្គលម្នាក់ទៅ​បុគ្គល​ម្នាក់ ​គឺ​សុទ្ធ​តែ​មាន​លិខិត​ចុះ​ហត្ថលេខានិង​បោះ​ត្រា​ដើម្បី​បញ្ជាក់​ថាបាន​ទទួល​ឬ​ប្រ​គល់ប្រាក់​។

វីអូឌី(VOD)មិន​ទាន់​អាច​ទាក់​ទង​អគ្គនាយកទូរគមនាគមន៍កម្ពុជា លោក ឡាយ ម៉ារីវ៉ូ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​នៅ​ឡើយទេ ដោយអ្នក​តវ៉ា​បាន​អះអាង​ថា​កំពុង​តែ​ប្រជុំ​ពិភាក្សា​លើ​បញ្ហា​នេះ។​

បើ​តាម​បុគ្គលិក​ដែល​បាន​ចូល​រួម​ក្នុង​ការទាម​ទារ​នេះ ទូរគមនា​គមន៍​កម្ពុជាជា​ស្ថាប័ន​ស្វយ័ត​របស់​រដ្ឋដែល​បម្រើ​សេវា​ទូរស័ព្ទ សេវាអ៊ីន​ធើ​ណែតនិង​សេវា​ឆ្លង​កាត់​ផ្សេងៗទៀត។ លោក​ថាបុគ្គលិក​បម្រើ​ការ​សរុប​មានចំនួន​ជាង​៤០០​នាក់​នៅ​ភ្នំពេញនិង​ជាង​២០០នាក់ទៀតបម្រើ​ការ​នៅ​តាម​បណ្តាខេត្ត។ ពួកគាត់​អះអាង​ថាបុគ្គលិក​ធ្លាប់​បាន​ទទួល​ប្រាក់​ខែ​ទី១៦ កាលពី​បួន​ឬ​ប្រាំ​​ឆ្នាំ​មុន ប៉ុន្តែពួកគាត់​បញ្ជាក់ថាពី​បី​ឆ្នាំចុង​ក្រោយ​នេះពួកគាត់​ស្ទើ​តែ​មិន​បាន​ប្រាក់​ខែ​ទី​១៣ផង។ ពួកគាត់ថាការ​បាត់​បង់​ថវិកាទាំង​នេះជា​ការ​ខាត​ប្រ​យោជន៍​ដ៏​ធំ​របស់​បុគ្គលិក។

បើ​តាម​បុគ្គលិក​ទាំង​នោះ​ កន្លង​មក​ទូរគមនាគមន៍​កម្ពុជា​ធ្លាប់​មាន​ការ​បែក​ធ្លាយ​ករណី​ពុក​រលួយ​នេះ​ម្តង​មក​ហើយក្នុង​ទំហំ​ទឹក​ប្រាក់​ជាង៣ម៉ឺនដុល្លារ តែពួកគាត់​ថា​រឿង​នេះ​ក៏​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​បន្ទាប់ពី​អ្នក​ពាក់​ព័​ន្ធ​​យល់​ព្រម​សងប្រាក់ទាំង​នោះ​ទៅ​ស្ថាប័ន​វិញ៕

សរសេរ​មក​កាន់​លោក ទូច​ សុខា តាម​រយៈsokha@vodhotnew.com ​

What Next?

Recent Articles

2 Responses to "បុគ្គលិកទូរគមនាគមន៍​កម្ពុជា​តវ៉ារឿងចោទប្រកាន់​​បាត់​លុយ​ជាង២០ម៉ឺន​ដុល្លារ​"

  1. Judge says:

    So they know who stole the dough $$$$$$$$$$$$$$.
    It is the very skill at workplace for ranking.
    That’s how those in western countries can be taught! !!!!!.
    It is time for RGC to punish them!!!!!!
    I let you corrupt but pass me my share!!!! ” look after the boss. ”
    Oops! !!!! Maybe they are CPP members!!!!!!!
    Samneang

  2. Judge says:

    By the way, why can’t these workers file a complaint to sleepy Anti corruption Unit (SACU) ??????????.Not trust this organization? ????????
    Samneang