ពលរដ្ឋ​ខេត្ត​កំពត​ជាង​១០០​នាក់​ដាក់​ញត្តិ​នៅ​សភា​ដើម្បី​សុំ​​អន្តរាគមន៍​រឿង​ចេញ​ប្លង់​ដី

ដោយ ថា កិត្យា
2015-09-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

តវ៉ា​ដី ឈូក កំពត ៦២០
អ្នក​​ភូមិ​នៃ​ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត ​ឈរ​តវ៉ា ដាក់​ញត្តិ​នៅ​រដ្ឋ​សភា សុំ​អន្តរាគមន៍​បញ្ហា​ដីធ្លី កាល​​ពី​ព្រឹក​​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Uon Chhin


ពលរដ្ឋ​ជាង ១០០​នាក់ មក​ពី​ ២​ភូមិ ក្នុង​ស្រុក​ឈូក ខេត្ត​កំពត នាំ​គ្នា​ឡើង​មក​តវ៉ា និង​ដាក់​ញត្តិ​ជូន​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​កំពត ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដែល​កំពុង​ប្រើប្រាស់​ជាក់ស្ដែង​ដល់​ពួកគាត់។

​«សំឡេង​ស្រែក​តវ៉ា»៖ នេះ​ជា​សំឡេង​ស្រែក​តវ៉ា​របស់​ប្រជាពលរដ្ឋ​ជាង ១០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជិត ១​ពាន់​គ្រួសារ មក​ពី​ភូមិ​តេជោអន្លង់ក្មេងលេង និង​ភូមិ​តេជោក្បាលដំរី ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត នា​មុខ​រដ្ឋសភា និង​មុខ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា។ នៅ​មុខ​ស្ថាប័ន​ជាតិ​ធំៗ​ទាំង​ពីរ គឺ​ប្រជាពលរដ្ឋ​ទាំង​នោះ​លើក​បដា ព្រម​ទាំង​កាន់​រូបថត​លោកស្រី ប៊ុន រ៉ានី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​គ្នា​នោះ​ផង។

​តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោក ចន្ធូ រៀប​រាប់​ថា ការ​ដាក់​ញត្តិ​ជូន​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ​នេះ​ ដើម្បី​សុំ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​កំពត ពន្លឿន​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់​ដែល​កំពុង​កាន់កាប់​ជាក់ស្ដែង​ទៅ​តាម​អនុក្រឹត្យ​លេខ​២៥៩ ឆ្នាំ​២០១៤ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក​បញ្ជាក់​ថា បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​កំពត ពុំ​បាន​អនុវត្តន៍​តាម​អនុក្រឹត្យ​រដ្ឋាភិបាល​នោះ​ទេ ហើយ​ជាពិសេស​នៅ​ដើម​ខែ​កញ្ញា​នេះ គឺ​មាន​កម្លាំង​ប្រដាប់​អាវុធ​រាប់​សិប​នាក់​បាន​ចុះ​សម្លុត​គំរាម​អោយ​ប្រជាពលរដ្ឋ ឲ្យ​ផ្ដិត​មេដៃ​ដោយ​មិន​បញ្ជាក់​មូលហេតុ។ បញ្ហា​នេះ ពួកគាត់​ព្រួយបារម្ភ​ថា អាជ្ញាធរ​ហាក់​មាន​ចេតនា​ចង់​កិបកេង​យក​ដី​នោះ​ពី​ប្រជាពលរដ្ឋ​វិញ៖ «»។

​ក្នុង​ការ​តវ៉ា​នោះ ក៏​មាន​ការ​ជួយ​ជ្រោមជ្រែង​ស្រែក​តវ៉ា និង​សម្រួល​ចរាចរណ៍​ពី​ក្រុម​និស្សិត​មក​ពី​សកល​វិទ្យាល័យ​ផ្សេងៗ​ផង​ដែរ។ ក្រុម​និស្សិត​ទាំង​នោះ​អះអាង​ថា កាល​ដែល​ពួកគេ​មក​ចូលរួម​តវ៉ា​នេះ ដោយសារ​តែ​ពលរដ្ឋ​ទាំង​នោះ​រងគ្រោះ​យ៉ាង​អយុត្តិធម៌ ហើយ​ពួកគេ​មិន​ឃើញ​រឿង​អយុត្តិធម៌​នេះ​កើត​ឡើង​នៅ​ក្នុង​សង្គម​​ត​ទៅ​ទៀត​នោះ​ឡើយ។

ពលរដ្ឋ ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ៦២០
សមត្ថកិច្ច​សួរនាំ​តំណាង​ពលរដ្ឋ​មក​ពី​ពីរ​ភូមិ នៃ​ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត ពេល​ឡើង​មក​ដល់​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Uon Chhin


តំណាង​បណ្ដាញ​យុវជន​តាម​សកល​វិទ្យាល័យ យុវជន ឈើយ ប៊ុនធឿន ដែល​បាន​សិក្សា​រឿង​ជម្លោះ​ដីធ្លី​នេះ​យ៉ាង​ស៊ី​ជម្រៅ​លើក​ឡើង​ថា ការ​ដែល​​ប្រជាពលរដ្ឋ​លើក​គ្នា​មក​តវ៉ា​នៅ​ក្រុង​ភ្នំពេញ នេះ គឺ​ដោយសារ​អាជ្ញាធរ​ខេត្ត​កំពត មិន​បាន​អនុវត្ត​ជាក់ស្ដែង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​ប្រទានកម្ម​កាត់​ដី​ប្រមាណ ១.៣៧៧​ហិកតារ ជូន​ប្រជាពលរដ្ឋ ៨១៦​គ្រួសារ​ស្រប​ច្បាប់​នៅ​ភូមិ​តេជោក្បាលដំរី ឃុំ​តេជោអភិវឌ្ឍន៍។ លោក​ថា ជម្លោះ​ដីធ្លី​នេះ​គឺ​ពលរដ្ឋ​ទទួល​បាន​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ ដែល​មិន​អាច​ឱប​ដៃ​ឈរ​មើល​បាន៖ «»។

​យ៉ាង​ណា​ក៏ដោយ ក្រោយ​ការ​ឈរ​ស្រែក​តវ៉ា​នៅ​មុខ​រដ្ឋសភា​មួយ​ស្របក់​នោះ អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​គណៈកម្មការ​ទី​១​រដ្ឋសភា គឺ​គណៈកម្មការ​ការពារ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អ្នកស្រី ឡោក ខេង បាន​ចេញ​មក​ទទួល​ញត្តិ ហើយ​សន្យា​ថា នឹង​ពិនិត្យ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ តែ​យ៉ាងណា​អ្នកស្រី​ស្នើ​អោយ​ប្រជាពលរដ្ឋ​ត្រូវ​ភ្ជាប់​ឯកសារ​សំខាន់ៗ​បន្ថែម​ទៀត៖ «»។

​ក្រុម​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​រៀប​រាប់​ថា ពួកគាត់​បាន​ចូល​ទៅ​កាប់​រុករាន​ដី​ព្រៃ​នោះ ដើម្បី​អាស្រ័យ​ផល​ខ្លះ​តាំង​ពី​ឆ្នាំ​១៩៩៩ ខ្លះ​ទៀត​នៅ​ឆ្នាំ​២០០០ រហូត​បង្ក​បង្កើត​បាន​ទៅ​ជា​ភូមិ ឃុំ​រួច​ហើយ តែ​ក្រោយៗ​មក​អាជ្ញាធរ​ខេត្ត​កំពត បាន​បណ្ដេញ​ពួកគាត់​ដោយ​ហិង្សា​ចេញ​ពី​ទី​នោះ។ ទោះ​បី​ជា​យ៉ាង​ណា ភាព​ក្លាហាន​ប្រឈម​មុខ​ជាមួយ​អាជ្ញាធរ​នា​គ្រា​នោះ បាន​ធ្វើ​អោយ​ភាព​ចលាចល​ស្ងប់ស្ងាត់​ទៅ​វិញ។ ​តែ​​ជម្លោះ​ដីធ្លី​នេះ ប្រជាពលរដ្ឋ​អះអាង​ថា ប្រហែល​មិន​ទាន់​សះ​ជា​​​ឡើយ ទើប​នៅ​ថ្ងៃ​ដើម​ខែ​កញ្ញា នេះ អាជ្ញាធរ​ខេត្ត​កំពត ចាប់​ផ្តើម​ចេញ​មុខ​រក​រឿង​ប្រជាពលរដ្ឋ​ជា​ថ្មី។ បញ្ហា​នេះ​ហើយ​ដែល​ប្រជាពលរដ្ឋ​ស្នើ​អោយ​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​កំពត ឲ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ជូន​ពួកគាត់ និង​បញ្ឈប់​សកម្មភាព​គំរាម​កំហែង​ត​ទៅ​ទៀត ដើម្បី​ឲ្យ​ពួកគាត់​មាន​ពេល​រក​ស៊ី​ទទួល​ទាន ខណៈ​ដែល​ការ​ចិញ្ចឹម​ជីវិត​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ស្រាប់​ផង​នោះ។

​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ អភិបាលរង​ខេត្ត​កំពត ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​ដីធ្លី លោក ហេង វន្ថា មាន​ប្រសាសន៍​ថា តាម​ពិត​អាជ្ញាធរ​កំពុង​តែ​ដោះស្រាយ​ជូន​ពលរដ្ឋ​ទាំង​នោះ​ហើយ ប៉ុន្តែ​បញ្ហា​ដែល​រាំង​ស្ទះ​ក្នុង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ព្រោះ​មាន​ជនខិលខូច​មួយ​ចំនួន​លូច​ទិញ​ដី​មិន​ស្រប​ច្បាប់​ពី​ប្រជាពលរដ្ឋ​ដទៃ​ទៀត៖ «»។

​ប្រជាពលរដ្ឋ​ទាំង​នោះ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អាជ្ញា​ខេត្ត ហើយ​អះអាង​ថា ពួកគាត់​មាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ។ ផ្ទុយ​ពី​នេះ អាជ្ញាធរ​ខេត្ត​ទៅ​វិញ​ទេ ដែល​លើក​គ្នា​មក​វាស់ដី​ស្ងាត់ៗ មិន​បាន​ជូន​ដំណឹង​ជាមុន ដែល​អាច​មាន​ចេតនា​ចង់​ដណ្ដើម​ដី​នោះ​ទុក​លក់​អោយ​នាយទុន និង​អ្នក​មាន​អំណាច។

​ប្រជាពលរដ្ឋ​ទាំង​នោះ​ព្រមាន​ថា ប្រសិនបើ​ការ​តវ៉ា​លើក​នេះ រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ មិន​អាច​ជួយ​អន្តរាគមន៍​បញ្ចប់​វិបត្តិ​ដីធ្លី​ជូន​ពួកគាត់​ទេ​នោះ គឺ​ពួកគាត់​នឹង​បន្ត​តវ៉ា​មិន​ដកថយ​ឡើយ ហើយ​នឹង​ទៅដល់​មុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៀត​ផង។

ទាក់ទិន​បញ្ហា​នេះ​ដែរ អង្គការ​សង្គម​ស៊ីវិល ព្យាករ​ថា ជម្លោះ​ដីធ្លី​នេះ​អាច​នឹង​ឡើង​កម្តៅ​ខ្លាំង ប្រសិនបើ​អាជ្ញាធរ​មិន​ប្រញាប់​ដោះស្រាយ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ពលរដ្ឋ​ខេត្ត​កំពត​ជាង​១០០​នាក់​ដាក់​ញត្តិ​នៅ​សភា​ដើម្បី​សុំ​​អន្តរាគមន៍​រឿង​ចេញ​ប្លង់​ដី"

  1. Judge says:

    These people must have been desperate as the authority does not know how to solve these poor people’s dilemma. Or may be those who work as authority are too greedy still.
    As per picture, it looks like the very poor are asking the very rich for sympathy.
    Will it work????? Or the greedy team continues to ignore.
    Samneang