មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាកែវ​​រង​ការ​ពិន័យ​៣​លាន​រៀល​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង

ដោយ ម៉ម មុនីរតន៍
2015-09-07
RFA

តុលាការ​ខេត្ត​តាកែវ ៦២០
សាលា​ដំបូង​ខេត្ត​តាកែវ រូបថត​ថ្ងៃ​ទី ១៦ ធ្នូ ២០១៤។ RFA/Vohar Cheath


ដោះលែង​អនុ​ប្រធាន​ប្រតិបត្តិ​ស្រុក​កប្បាស នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ភ្លាមៗ បន្ទាប់​ពី​ចំណាយ​ពេល​បើក​សវនាការ​ជំនុំជម្រះ​អស់​ពេល​ប្រមាណ ៣​ម៉ោង ប៉ុន្តែ​ពិន័យ​ជា​ប្រាក់ ៣​លាន​រៀល ក្រោម​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។

លោក សំ សុគង់ មេធាវី​​ការពារ​ក្ដី​របស់​លោក ឈា តាំងស៊ន ជា​អនុ​ប្រធាន​ប្រតិបត្តិ​ស្រុក​ព្រៃកប្បាស ឲ្យ​ដឹង​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សាលា​ដំបូង​ខេត្ត​តាកែវ លោក អឿន វណ្ណា សម្រេច​ដោះលែង​កូន​ក្ដី​របស់​លោក ក្រោយ​ពី​បញ្ចប់​សវនាការ ក៏ប៉ុន្តែ​លោក ឈា តាំងស៊ន ត្រូវ​បាន​តុលាការ​សម្រេច​ពិន័យ​ជា​ប្រាក់ ៣​លាន​រៀល។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ លោក សំ សុគង់ នៅ​តែ​ចាត់​ទុក​ថា កូន​ក្ដី​របស់​ខ្លួន​មាន​ភាព​ស្អាតស្អំ ហើយ​ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ៖ «ខ្ញុំ​ជា​មេធាវី​ខ្ញុំ​យល់​ថា ការ​ចោទ​ប្រកាន់​មាន​លក្ខណៈ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ ដោយសារ​ចោទ​ប្រកាន់​ទាក់ទង​ឲ្យ​មាន​ការ​រើសអើង​វា​បើ​និយាយ​ពី​កូន​ក្តី គឺ​គាត់​ឥត​មាន​ចេតនា​ក្នុង​ការ​ញុះញង់​ទេ។ នៅ​ពេល​កូន​ក្តី​ខ្ញុំ​គាត់​ឃើញ​ឯកសារ​នៅ​ក្នុង​ប្រព័ន្ធ​ហ្វេសប៊ុក​ហ្នឹង គាត់​យក​ចម្លង​ហើយ​គាត់​យក​មក​ថត​ទុក​មើល។ ប៉ុន្តែ​នៅ​ពេល​មាន​អ្នក​ស្គាល់​គាត់​ឃើញ​ឯកសារ​ហ្នឹង​សុំ​ឯកសារ​ពី​គាត់»

លោក ឈា តាំងស៊ន អនុ​ប្រធាន​ប្រតិបត្តិ​ស្រុក​ព្រៃកប្បាស ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្ត​តាកែវ គឺ​លោក អឿន វណ្ណា សម្រេច​ចោទ​ប្រកាន់​តាម​មាត្រា ៤៩៦ នៃ​ព្រហ្មទណ្ឌ។ លោក សំ សំគង់ បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ចៅក្រម​ជំនុំជម្រះ​សម្រេច​ដោះលែង​នេះ ដោយសារ​មាត្រា ៤៩៦ នៃ​ព្រហ្មទណ្ឌ​នេះ មាន​ជម្រើស​២ គឺ​បទ​ចោទ ឬ​ពិន័យ​ជា​ប្រាក់។ នៅ​នាទី​ចុង​ក្រោយ ចៅក្រម​ជំនុំជម្រះ​សម្រេច​ទម្លាក់​បទ​ចោទ គឺ​អនុវត្ត​ត្រឹម​ពិន័យ​ជា​ប្រាក់​វិញ។

លោក ឈា តាំងស៊ន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា បន្ទាប់​ពី​លោក​យក​ឯកសារ​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ហើយ​ចែកចាយ​បន្ត​ឲ្យ​សកម្មជន​របស់​ខ្លួន ដែល​និយាយ​អំពី​យុទ្ធសាស្ត្រ ២០​ចំណុច​របស់​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាកែវ​​រង​ការ​ពិន័យ​៣​លាន​រៀល​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង"

  1. បរិមី ព្រះវិហារ says:

    ទោះបី តិចតួចណាស់សំរាប់ការពិន័យ តែសមមុខមនុស្សល្ងង់ ដែលខ្វះសតពិចារណាផ្លូវត្រូវ ! សន្តានដូចមនុស្សនេះ បើឈ្នះវិញនរណាៗក៏យួន ស្រួលមិនស្រួលប្រពន្ធ័កូនខ្លួនឯងក៏ជាយួនដែរ!!!!