លោក ស ខេង ព្រមាន​មន្ត្រី​រំលោភ​ឆ្នេរ​សមុទ្រ​និង​ដី​មាត់បឹង​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ដែន អយុធ្យា
2015-09-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ស ខេង ៦២០
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​ពិធី​ប្រកាស​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ព្រះសីហនុ នា​សាលាខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Den Ayuthyea


រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ព្រមាន​ធ្ងន់ៗ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ទាំង​ឡាយ​ណា​ដែល​អាច​ជាប់​ពាក់ព័ន្ធ​បទល្មើស​រំលោភ​យក​ដី​ឆ្នេរសមុទ្រ រំលោភ​បឹង​ព្រែកទប់ និង​ដី​អនុក្រឹត្យ​លេខ ៧៦ ជាដើម ដែល​ទុក​រក្សា​ប្រភព​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ឲ្យ​ដក​ខ្លួន​ជា​បន្ទាប់​បើ​មិន​ចង់​បាត់បង់​តួនាទី។

សារ​ព្រមាន​នេះ​ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន មាន​មូលដ្ឋាន​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព។

សារ​ព្រមាន​ធ្ងន់ៗ​មិន​ចំ​ឈ្មោះ​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដូច្នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្ដូរ​តំណែង​អភិបាល​ខេត្ត​ព្រះសីហនុ ថ្មី លោក យន្ត មីន ដែល​អភិបាល​ខេត្ត​បច្ចុប្បន្ន លោក ឈិត សុខុន ត្រូវ​គ្រប់​អាយុ​ចូលនិវត្តន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កញ្ញា។

​នា​ឱកាស​នោះ លោក ស ខេង បាន​ព្រមាន​មិន​បញ្ចេញ​ឈ្មោះ​ដល់​មន្ត្រី ឬ​អ្នក​ពាក់ព័ន្ធ​សកម្មភាព​រំលោភ​យក​ដី​ឆ្នេរ​សមុទ្រ ដី​ចំណី​មាត់បឹង​ព្រែកទប់ និង​ដី​អនុក្រឹត្យ​លេខ ៧៦ សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត ឬ​ទឹកសាប​ទុក​ប្រើប្រាស់​នៅ​ទូទាំង ខេត្ត​ព្រះសីហនុ ដែល​បាន​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់​ទាំង​នេះ ត្រូវ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់ បើ​ចង់​សុខ​ខ្លួន បើ​មិន​ដូច្នេះ​ទេ មន្ត្រី ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​ទាំង​នោះ​នឹង​ត្រូវ​រង​ទុក្ខ​ធ្ងន់​ទៅ​តាម​ច្បាប់៖ «ខ្ញុំ​សង្កត់​ធ្ងន់ គឺ​ការ​រំលោភ​យក​ដីធ្លី​នៅ​តំបន់​ដី​អនុក្រឹត្យ​លេខ ៧៦ តំបន់​ក្បាលឆាយ និង​ដី​នៅ​មាត់​បឹង​ព្រែកទប់ ដើម្បី​រក្សា​ប្រភព​ទឹក​ស្អាត​ទុក​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ។ បញ្ហា​នេះ​ខ្ញុំ​ដឹង​ថា អស់​លោក​មាន​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ ប៉ុន្តែ​ត្រូវ​តែ​រួម​គ្នា​ដោះស្រាយ​ឲ្យ​បាន​ល្អ»

​សារ​ព្រមាន​របស់​លោក ស ខេង បែប​នេះ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​រូប​នេះ​ជួយ​តាមដាន​ការ​អនុវត្ត​ការងារ​សេចក្ដី​ណែនាំ​របស់​មន្ត្រី​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ជា​ប្រជា​ចាំ ដើម្បី​ឲ្យ​ការ​អនុវត្ត​នេះ​មាន​ប្រសិទ្ធភាព។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ ដែល​ត្រូវ​មន្ត្រី​សាលាខេត្ត​នេះ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​ផ្លាស់ប្ដូរ​តំណែង​អភិបាល​ខេត្ត​ព្រះសីហនុ​ថ្មី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា បាន​ចាត់​ទុក​ប្រសាសន៍​របស់​លោក ស ខេង ថា ជា​ការ​ពេញចិត្ត​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ទោះ​បី​សារ​ព្រមាន​នេះ​ប៉ះពាល់​ទៅ​លើ​​ផលប្រយោជន៍​ជន​រំលោភ​ដី​ឆ្នេរ​សមុទ្រ ចំណី​ដី​មាត់បឹង ឬ​ដី​អនុក្រឹត្យ​លេខ ៧៦ សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ខុស​ចិត្ត​មន្ត្រី ឬ​ឈ្មួញ​មួយ​ចំនួន​បែប​ណា​ក្តី។ ប៉ុន្តែ​លោក ស ខេង ហាក់​បង្ហាញ​ជំហរ​ចង់​បោសសំអាត​មន្ត្រី​ខិលខូច​របស់​ខ្លួន។

​ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធ រំពឹង​ថា លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ថ្មី ទើប​ចូល​កាន់​តំណែង នឹង​អនុវត្ត​ទៅ​តាម​ប្រសាសន៍​ណែនាំ​របស់​លោក ស ខេង ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៖ «ពាក់ព័ន្ធ​ដី​ឆ្នេរ​សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ច្បាស់​ថា មិន​ឲ្យ​មាន​ការ​ឃុបឃិត​ពី​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ កុំឲ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដល់​មន្ត្រី​ខិលខូច​នោះ​ទេ ហើយ​បច្ចុប្បន្ន​នេះ ឆ្នេរ​មួយ​ចំនួន​ត្រូវ​មន្ត្រី និង​អ្នក​មាន​ទ្រព្យ​ធន​មួយ​ចំនួន​ហ៊ុមព័ទ្ធ​របង​ថ្មី​ធ្វើ​កម្មសិទ្ធិ​មិន​ ឲ្យ​ពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​នោះ​ទេ»

​ស្រដៀង​គ្នា​ដែរ អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​គាំទ្រ​សារ​ព្រមាន​របស់​លោក ស ខេង ដែល​ព្រមាន​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​រំលោភ​ដី​ឆ្នេរ​សមុទ្រ ដី​មាត់​បឹង​ព្រែកទប់ និង​ដី​អនុក្រឹត្យ​លេខ ៧៦ ជាដើម។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ត្រូវ​តាមដាន​សកម្មភាព​មន្ត្រី​ថ្នាក់​ក្រោម​នា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​ឈាន​ដល់​អនុវត្ត​អនុសាសន៍​របស់​លោក​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ខាង​មុខ ព្រោះ​បទល្មើស​ផ្សេងៗ​ដែល​ធ្លាប់​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ មាន​មន្ត្រី​មាន​តួនាទី​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ​បាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​មួយ​ចំនួន​នោះ៖ «ខ្ញុំ​មើល​ឃើញ​ថា សកម្មភាព​នៃ​ការ​រំលោភ​ដី​ឆ្នេរ​សមុទ្រ ឬ​ដី​សាធារណៈ​របស់​រដ្ឋ​នា​ខេត្ត​ព្រះសីហនុ គឺ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។ អ្នក​ទន្ទ្រាន​កាន់កាប់​ដី​នៅ​តំបន់​ក្បាលឆាយ ឬ​តំបន់​មាត់​បឹងព្រែកទប់ ឬ​ដី​មាត់​ឆ្នេរ​សមុទ្រ​ក្តី គឺ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ខេត្ត​មាន​វិធានការ ឬ​តុលាការ​បែប​ណា​ទេ»

​ឆ្លើយតប​ប្រសាសន៍​ផ្តាំ​ផ្ញើ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ថ្មី ដែល​មាន​ផ្ទៃ​មុខ​ជ្រីវជ្រួញ ឬ​ជរា​ជាង​អភិបាល​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន គឺ​លោក ឈិត សុខុន ត្រូវ​គ្រប់​អាយុ​ចូលនិវត្តន៍ បាន​ឡើង​ប្ដេជ្ញា​ថា នឹង​ខំប្រឹង​អនុវត្ត​តាម​បណ្ដាំ ឬ​អនុសាសន៍​របស់​លោក ស ខេង ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​ខេត្ត​ទេសចរណ៍​មួយ​នេះ​មាន​សុវត្ថិភាព និង​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។

យ៉ាង​ណា​ក៏ដោយ ក្រុម​ប្រជាពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​អាជីវករ រស់​នៅ​ខេត្ត​ព្រះសីហនុ ថ្លែង​ថា នឹង​រង​ចាំ​មើល​បន្ទាប់​ពី​ការ​ផ្លាស់ប្ដូរ​តំណែង​អភិបាល​ខេត្ត​ថ្មី នៃ​ខេត្ត​ទេសចរណ៍​មួយ​នេះ ថា​មាន​ការ​ផ្លាស់ប្ដូរ ឬ​ក៏​អាច​រឹបអូស​យក​ដី​ឆ្នេរ​សមុទ្រ ដី​មាត់​បឹង​ព្រែកទប់ និង​ដី​អនុក្រឹត្យ​លេខ ៧៦ តំបន់​ក្បាលឆាយ​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ​បាន​ឬ​ទេ បន្ទាប់​ពី​ត្រូវ​បាន​មន្ត្រី​មាន​តួនាទី​ធំៗ និង​ឈ្មួញ​បាន​ឃុបឃិត​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​នៅ​ពេល​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "លោក ស ខេង ព្រមាន​មន្ត្រី​រំលោភ​ឆ្នេរ​សមុទ្រ​និង​ដី​មាត់បឹង​នៅ​ខេត្ត​ព្រះសីហនុ"

  1. Di Caprio says:

    Bla , bla,bla …

  2. Judge says:

    Thanks Mr.Vice PM Sar Kheng for attention to this invasive act of those ranking officials .
    Why there are so much WARNING to these corrupts who know the laws but continue to abuse because of their greed. There should have been punishment imposed on them already. Why rules of laws applied to those poor and disadvantages.
    Plenty of warning to people in the party and associates, but these people continue to abuse Cambodian citizens, stealing public assets and most of all they do damage CPP reputation. If not clean up, these suckers will fail the CPP election in 2018.
    Please stop suppression but start clean up CORRUPTION to ensure election winning.
    Samneang

  3. ?? says:

    the cancer in CPP never can be getting better as long as that ugly leader still in power. I can see that if some of this top officer of CPP was not only clapping their hand supported that ugly guy he can not do whatever he wanted. let say if those ugly face leader bringing all these top officer to hell whit him my question is do they going whit him???? your life can not be lasting forever Mr DO SOME THING GOOD FOR HUMMENBEING…….

  4. អតីតយុទ្ទជនខ្មែរ says:

    ហាស ហា ហា!!យើងទាំអស់គ្នា នឹងបើកភ្នែកចាំមើល តើសំដីលោក ស ខេង មានឥទ្ទិពលប៉ុណ្ណា ? តើពួកក្រុមអាងអំណាច និងក្រុមមានលុយវាស់ម៉ែត្រអាចញ៉ុកមាត់លោក ស ខេងបានឬទេ តើពួកមហិច្ឆតាទាំងនោះធ្វើតាមសំដីលោក ស ខេងទេ តាមមើលទៅគ្មានសង្ឃឹមទេ ព្រោះកន្លងមកឆ្លងកាត់ប៉ុន្មានចៅហ្វាយខេត្តទៅហើយ នៅតែដដែល តែទោះយ៉ាងណា លើកនេះ ប្រហែលមានសង្ឃឹមតិចៗ ដោយមនសិការជាតិរបស់លោកចៅហ្វាយខេត្តថ្មី សូមជូនពរឪ្យលោក យន្ត មីន ប្រកបកិច្ចការនេះឪ្យបានសម្រេចតាមសំដីលោក ស ខេង ហើយសូមឪ្យមានគំនិតប្រឡងប្រណាំងក្នុងការអភិវឍ្ឍន៏ផង កុំឲ្យចាញ់ខេត្តកែប ព្រោះសព្វថ្ថៃនេះ កំពង់សោម ចាញ់កែបដាច់ រកហៅមិនឭ ប្រឹងឡើងដើម្បីកិត្តិយសខេត្ត ក្នុងនាមនៃក្រុងទេសចរ ។