​ក្រសួង​មហាផ្ទៃ​ថានឹង​បន្ត​ស្វែងរក​អ្នក​ដែល​ក្លែង​ឈ្មោះ​ហ្វេ​សប៊ុក​មន្ត្រី​ខ្លួន​គំរាម​សម្លាប់លោក កឹម សុខា​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃចន្ទ ទី7 កញ្ញា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ក្រសួង​មហាផ្ទៃ​ឲ្យដឹងថា សមត្ថកិច្ច​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ ដែល​បង្កើតហ្វេ​សប៊ុក​ប្រើ​ឈ្មោះ​មន្ត្រី​របស់​ខ្លួន ដើម្បី​ទៅ​គំរាម​សម្លាប់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាលពី​ជិត​ពីរ​ឆ្នាំ​មុន​។​

ការអះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ម្នាក់​កាលពី​ថ្ងៃ​ទី​៥ ​ខែកញ្ញា​នេះ ដោយ​សង្ស័យ​ថា ជា​អ្នក​គំរាម​តាម​ហ្វេ​សប៊ុក សម្លាប់​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៅ​រាជបណ្ឌិតសភា​កម្ពុជា​លោក សុខ ទូច។ ប៉ុន្តែ​អ្នកតាមដាន​បញ្ហា​នេះ បានចាត់ទុក​រដ្ឋាភិបាល​កម្ពុជា​ថា អនុវត្ត​ច្បាប់​មាន​ស្តង់ដា​ពីរ គឺ​អ្នក​ដែល​គំរាម​មន្ត្រី​រដ្ឋាភិបាល សមត្ថកិច្ច​ចាប់ខ្លួន​ឆាប់​បាន រីឯ​អ្នក​ដែល​គំរាម​សម្លាប់​លោក កឹម សុខា ជិត​ពីរ​ឆ្នាំ​ហើយ​ជនល្មើស​នៅ​តែ​មិន​ចាប់​បាន​ទៀត​។​

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា អ្នក​ប្រើ​ហ្វេ​សប៊ុក ឈ្មោះ ផែង វណ្ណៈ ដែល​មាន​តួនាទី​ជា​មន្ត្រី​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​នោះ ក្រសួង​បាន​កោះហៅ​មក​សាកសួរ​រួចហើយ តែ​ម្ចាស់​គណនេយ្យ​ហ្វេ​សប៊ុកអះអាងថា មាន​ជន​មិន​ស្គាល់​លួច​បង្កើត​ដោយ​ប្រើ​ឈ្មោះ​របស់​គាត់ ដើម្បី​គំរាម​សម្លាប់​លោក កឹម សុខា កាលពី​ឆ្នាំ​២០១៣​។ ទោះយ៉ាងណា លោក ខៀវ សុភ័គ បញ្ជាក់ថា ក្រសួង​មហាផ្ទៃ​កំពុង​បន្ត​ស្រាវជ្រាវ​ចាប់​អ្នក​ដែល​បង្កើត​ហ្វេ​សប៊ុក ដែល​លោក​ថា​បន្លំ​ធ្វើ​ជា​ឈ្មោះ ផែង វណ្ណៈ មក​ផ្តន្ទាទោស​ឆាប់ៗ​នេះ ដូច​ករណី​អ្នក​គំរាម​សម្លាប់​លោក សុខ ទូច ដែរ។ លោកថា៖ "យើង​នឹង​ធ្វើ យើង​មិន​គិត​ថា​នរណា​ៗ បក្ស​ប្រឆាំង​ បក្ស​កាន់អំណាច​ បើ​សមត្ថកិច្ច​ជាសមត្ថកិច្ច​របស់​ប្រជាពលរដ្ឋ​ហ្នឹងទាំងមូល​ហ្នឹងឯង​។ ពូយល់​ថា មិនយូរ​មិនឆាប់​ទេ ព្រោះស្អី​ក៏​ដោយ​ក្នុងពិភព​លោក​ហ្នឹង​ គ្មាន​អ្វី​ជា​អាថ៌កំបាំង​ដែលគេរក​មិន​ឃើញ​"

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក យឹម សុវណ្ណ យល់ថា ចំណាត់ការ​របស់​សមត្ថកិច្ច​រវាងករណី​លោក សុខ ទូច និង​ករណី​គំរាម​សម្លាប់​លោក កឹម សុខា ធ្វើ​ឡើង​មិន​ស្មើភាព​គ្នា​។ លោក​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ត្រូវធ្វើ​កិច្ចការ​នេះ ដោយ​ឈរ​លើ​គោល​ការ​អព្យាក្រឹត និង​មាន​តម្លាភាព។ លោក​បញ្ជាក់​ថា៖ "សូម​ឲ្យ​ស៊ើប​អង្កេត​ឲ្យ​មាន​តម្លាភាព​ និង​កុំ​ឲ្យ​មា​នការ​រើ​សអើង​ កុំ​ឲ្យ​អ្នក​នេះ​ស៊ើប​អង្កេត​ចាប់​បាន​ក្នុង​រយៈ​ពេ​ល​តែប៉ុន្មាន​ថ្ងៃ​ អ្ន​កផ្សេងទៀត​មាន​កា​រគំរាម​កំហែង​ដល់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​គណបក្ស ហើយ​គាត់​អត់​មាន​ការ​ស៊ើប​អង្កេត​ អត់​មាន​ការ​តាម​ដាន​មើល​អ្វីទាំងអស់​ ហើយ​នេះ​បង្ហាញ​ឲ្យ​ឃើញថា វា​​មាន​ការ​រើសអើង​ផ្នែក​នយោបាយ​ គាំ​ទ្រ​ឲ្យ​មាន​អំពើ​អយុត្តិ​ធម៌នៅក្នុង​សង្គម​"

ចំណែកមន្ត្រី​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ផែង វណ្ណៈ អះអាងថា លោក​មិន​បារម្ភ​ពី​ការចាប់ខ្លួន​លោក​នោះទេ ព្រោះ​លោក​បាន​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ​រួច​ហើយ ដោយ​លោក​អះអាងថា មាន​អ្នក​លួច​បង្កើត​ហ្វេ​សប៊ុក​ដាក់​ឈ្មោះ​ដូច​លោក គំរាម​សម្លាប់​លោក កឹម សុខា ដើម្បី​ទម្លាក់​កំហុស​ឲ្យ​លោក​តែ​ប៉ុណ្ណោះ​។​

ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា ប្រៀបធៀប​ថា ការចាប់ខ្លួន​អ្នក​គំរាម​សម្លាប់​លោក សុខ ទូច បាន​លឿន​។ រីឯ​ការយឺតយ៉ាវ​រក​មុខ​អ្នក​គំរាម​សម្លាប់​លោក កឹម សុខា បានបង្ហាញ​ថា នៅ​កម្ពុជាអ្នកកាន់អំណាច​និង​អ្នក​មានទ្រព្យ ត្រូវបាន​ច្បាប់​ការពារ​ច្រើនជាង​អ្នកទន់ខ្សោយ។ លោក​ថា៖ "សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ថា អ្នក​ដែល​មិនមែន​ជាក្រុម​ការពារ​រដ្ឋាភិបាល​ គឺ​ថា​អ្នក​ហ្នឹង​មិន​ទទួល​បាន​សេវាការពារ​សុវត្ថិភាព​​ដូច​អ្នក​ដែល​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទេ។ បង្ហាញថា ប្រព័ន្ធ​យុត្តិ​ធម៌​យើង​មាន​ស្តង់​ដា​ពីរ គឺ​សម្រាប់​ការពារ​ទៅលើ​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ អ្នក​មា​ន​និន្នាការ​ខាង​រដ្ឋាភិបាល​ ហើយ​និង​អ្នក​ដែល​មិន​មាន​និន្នាការ​រដ្ឋាភិបាល គឺ​មិន​ទទួល​បាន​សេវា​ការពារ​សន្តិសុខ​នោះទេ​"

លោក នី ចរិយា បន្តថា បើ​ការអនុវត្ត​ច្បាប់​មាន​ស្តង់ដា​ពីរ​បែបនេះ របាយការណ៍​អន្តរជាតិ​នឹង​ចេញ​មក​រិះគន់ថា កម្ពុជា​នៅតែ​បន្ត​រំលោភ​សិទ្ធិមនុស្ស​។​

គួរ​រំ​ឭកថា កាលពី​ថ្ងៃ​ទី​២៩ សីហា ២០១៥ លោក សុខ ទូច បាន​អះអាង​ថា​មាន​ជន​មិន​ស្គាល់​មុខ​បាន​ផ្ញើ​សារ​គំរាម​សម្លាប់​លោក​ទាំង​លើ​បណ្តាញ​សង្គម ​និង​តាម​ទូរស័ព្ទដៃ បន្ទាប់ពី​លោក​សកម្ម​រឿង​ផែនទី​ព្រំដែន​។ ចំណែក លោក កឹម សុខា ត្រូវបាន​គេ​គំរាម​សម្លាប់ នៅ​គ្រា​គណបក្សប្រឆាំង​នេះ​ដឹកនាំ​បាតុកម្ម ក្រោយ​ការបោះឆ្នោត​។​

ប៉ុន្តែ​ករណី​គំរាម​សម្លាប់​លោក សុខ ទូច បាន​មួយ​សប្តាហ៍ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិបាន​ចាប់​ជនសង្ស័យ​លោក ផង់ សីហា វ័យ​២៧​ឆ្នាំ ដែល​មាន​ស្រុកកំណើត ក្នុង​ខេត្ត​ព្រៃវែង ខណៈ​បុគ្គល​នេះឆ្លងដែន​ពី​ប្រទេស​ថៃ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៥៕

សូមសរសេរមកលោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

5 Responses to "​ក្រសួង​មហាផ្ទៃ​ថានឹង​បន្ត​ស្វែងរក​អ្នក​ដែល​ក្លែង​ឈ្មោះ​ហ្វេ​សប៊ុក​មន្ត្រី​ខ្លួន​គំរាម​សម្លាប់លោក កឹម សុខា​​"

  1. វាសនាខ្ញុុំអនាគតខ្ញុំ says:

    កាលពី​ថ្ងៃ​ទី​២៩ សីហា ២០១៥ លោក សុខ ទូច បាន​អះអាង​ថា​មាន​ជន​មិន​ស្គាល់​មុខ​បាន​ផ្ញើ​សារ​គំរាម​សម្លាប់​លោក​ទាំង​លើ​បណ្តាញ​សង្គម ​និង​តាម​ទូរស័ព្ទដៃ បន្ទាប់ពី​លោក​សកម្ម​រឿង​ផែនទី​ព្រំដែន​។ ចំណែក លោក កឹម សុខា ត្រូវបាន​គេ​គំរាម​សម្លាប់ នៅ​គ្រា​គណបក្សប្រឆាំង​នេះ​ដឹកនាំ​បាតុកម្ម ក្រោយ​ការបោះឆ្នោត​។​សូមសមត្ថកិច្ចអនុវត្តច្បាប់ឲ្យស្មើភាពគ្នាផង៕

  2. love cambodia says:

    អា ផែង វណ្ណះអោយច្បាស់ក្រត…ទៅចាប់អ្នកផ្សេងជំនួស អាផែង វណ្ណះទៀតហើយ

  3. កូនខ្មែរសុទ្ធសាធ says:

    ខ្ញុំសង្ឃឹមថានឹងមិនមានឃាតករសប្បនិម្មិត្តដូចករណីសំលាប់លោកជា វិជ្ជាទៅចុះ។

  4. Battambang says:

    There is not any fake Pheng Vannak, there is only real Pheng Vannak. He exchanged so many You Tube chats. He always assures himself and his name. Why should the authorities look for another Pheng Vannak?

    ផែង វណ្ណៈ គឺជាផែង វណ្ណៈ។ គ្មានអ្នណាមកបន្លំឈ្មោះទេ។ សូមកុំចាប់អ្នកផ្សេងមកជាប់គុកជំនួស។

  5. Angkor Wat says:

    បើនិយាយពីការរើសអើងបក្ខពួក រដ្ឋាភិបាលកាន់អំណាចក្នុងគណបក្សប្រជាជននេះហើយ
    រើសអើងជាតិខ្មែរខ្លួនឯងខ្លាំងណាស់ បក្ខពួកមន្រ្តីបក្សប្រជាជនប្រព្រឹត្តិខុសច្បាប់ ចាប់មិនដែលបានមកផ្ដន់ទាទោសឡើយ ។