
រូបភាពកញ្ញា ស៊ុន ស្រីពេជ្រ បានទៅសួរសុខទុក្ខលោក សួស សងវាចា ដល់មន្ទីរពេទ្យជោរីភ្នំពេញ។ រូបថត ហ្វេសប៊ុក
Tue, 8 September 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: បន្ទាប់ពីទទួលបានការសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យជោរីភ្នំពេញពីអាការដាច់សរសៃឈាមក្នុងខួរក្បាល ដែលបណ្តាលមកពីដួលបោកក្បាល ពីល្ងាចថ្ងៃទី ៥ ខែកញ្ញានោះ នៅព្រឹកថ្ងៃទី ៧ ម្សិលមិញ តារាចម្រៀងសំនៀងស្រទន់លើបទចម្រៀងមនោសញ្ចេតនា លោក សួស សងវាចា ក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ដនៅមន្ទីរពេទ្យនៃប្រទេសវៀតណាម។
តាមការបញ្ជាក់ពីក្រុមគ្រួសារ តារាចម្រៀងសំឡេងផ្អែម សួស សងវាចា ធ្លាក់ខ្លួនឈឺតាំងពីល្ងាចថ្ងៃទី ៥ ខែកញ្ញាកន្លងទៅខណៈលោកកំពុងរត់ហាត់ប្រាណមុខផ្ទះ ក៏ស្រាប់តែទន់ជើងដួលតែម្ដង។ ការដួលនេះបង្កឲ្យដាច់សរសៃឈាម ហើយពេលនេះលោកមានអាការស្លាប់មួយចំហៀងខ្លួនគួរឲ្យបារម្ភ។
បុរសដែលទទួលទូរស័ព្ទលោក សួស សងវាចា និងបានអះអាងថា ជាបងប្រុសនោះ លោកបានប្រាប់នៅព្រឹកថ្ងៃទី ៧ ខែកញ្ញាថា៖ «នៅព្រឹកនេះ ប្អូនប្រុសខ្ញុំ [វា-ចា] ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាមបន្ដ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជោរីភ្នំពេញ។
បងប្រុសលោក សួស សងវាចា មិនបានរៀបរាប់ច្រើនទេ ខណៈលោកប្រាប់ថា លោកកំពុងតែនៅលើរថយន្ដសង្គ្រោះដើម្បីឆ្ពោះទៅវៀតណាមដោយគ្រាន់តែបញ្ជាក់ថា៖ «ការដែលត្រូវបញ្ជូនបន្ដទៅមន្ទីរពេទ្យនៃប្រទេសវៀតណាម ព្រោះតែស្ថានភាពជំងឺប្អូននៅមិនទាន់មានភាពប្រសើរនោះឡើយ»។
រំឭកពីតារាចម្រៀងប្រាក់ អារុណ ជាប្អូនធម៌លោក សួស សងវាចា ដែលបានទៅសួរសុខទុក្ខ លោក សួស សងវាចា មុនពេលលោកត្រូវបានបញ្ជូនទៅប្រទេសវៀតណាមនោះ បានប្រាប់ថា លោក សួស សងវាចា បានធូរបន្តិចខ្លះហើយ ដោយអាចនិយាយបានខ្លះ និងមានស្មារតីធម្មតាអាចចងចាំ ឬស្គាល់អ្នកទៅសួរសុខទុក្ខបាន។ ប៉ុន្តែ តារាចម្រៀងជើងចាស់រូបនេះ នៅមិនទាន់អាចកម្រើក ឬអង្គុយបាននៅឡើយទេ។
ប្រាក់ អារុណ បានបញ្ជាក់ប្រាប់ថា៖ «ក្រុមគ្រួសារចង់ឲ្យគាត់ឆាប់ជាសះស្បើយលឿនជាងនេះ ទើបសម្រេចចិត្តបញ្ជូនទៅព្យាបាលបន្ដនៅវៀតណាមតែម្ដង»។
ក្នុងជំហរយល់ដល់ទុក្ខធុរៈមិត្ដភក្ដិរួមអាជីពគ្រាមានទុក្ខនោះ នៅព្រឹកថ្ងៃទី ៧ ខែកញ្ញានេះ ពីសមាគមន៍សិល្បៈខ្មែរ ក៏បានកៀរគរសិល្បករ សិល្បការិនីជាច្រើនដើម្បីទៅសួរសុខទុក្ខ និងលើកទឹកចិត្តលោក សួស សងវាចា នៅមន្ទីរពេទ្យជោរីភ្នំពេញ ប៉ុន្តែត្រូវបានខកដំណើរព្រោះតែលោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្តនៅប្រទេសវៀតណាមភ្លាមៗ។
រំឭកថា ក្នុងវ័យ ៤៩ ឆ្នាំ និងធ្លាប់បានបម្រើវិស័យសិល្បៈជិត ២០ ឆ្នាំ លោក សួស សងវាចា ជាតារាចម្រៀង ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង និយមច្រៀងចម្រៀងមនោសញ្ចេតនា។ លោកធ្លាប់បានច្រៀងឲ្យផលិតកម្មជាច្រើនទាំងក្នុង និងក្រៅប្រទេស ដូចជា ផលិតកម្ម ហង្សមាស រៃមាស តោមាស និងបុប្ផាជាដើម ពិសេសបទចម្រៀងរបស់កាកបាទក្រហមកម្ពុជា និងបទចម្រៀងរបស់ក្រសួងទេសចរណ៍ផងដែរ៕

I hope, you’ll get well soon!!!!
I wish you be better!
Let’s pray for his complete recovery.