ដោយ៖ ស៊ុន ណារិន និង មាឃ ចាន់ | ថ្ងៃអង្គារ ទី8 កញ្ញា 2015, 11:02 AM
http://vodhotnews.com
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានថ្លែងថាគណបក្សប្រជាជនកម្ពុជានិងក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យមានការដង្ហែក្បួនឃោសនាក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ឆ្លងកាត់ឃុំនិងសង្កាត់ផ្សេងឡើយ ដោយអះអាងថាពិបាកក្នុងការពារសណ្តាប់ធ្នាប់សន្តិសុខ។
ក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទ លោក ស ខេង បានថ្លែងរិះគន់គណបក្សសង្រ្គោះជាតិថាបានធ្វើបាតុកម្ម ពហិការមិនចូលសភានិងធ្វើឲ្យកម្ពុជាបានខាតបង់ច្រើនតាមរយៈការបាត់បង់ទំនុកចិត្តពីអ្នកវិនិយោគទុន។ លោកបន្តថាគណបក្សទាំងពីរបានខ្វែងគំនិតគ្នាលើការហែក្បួនឃោសនាឆ្លងកាត់ឃុំសង្កាត់និងរយៈពេលនៃការឃោសនា។ លោកបញ្ជាក់ថាការហែក្បូនឃោសនាឆ្លងកាត់ឃុំនិងសង្កាត់ផ្សេងទៀតនាំឲ្យមានបញ្ហាច្របូកច្របល់ទាក់ទងនឹងការរក្សាសណ្តាប់ធ្នាប់សន្តិសុខ។
លោក ស ខេង បានថ្លែងថា៖ “ជម្រាបជូនថាបោះនៅឃុំណា មណ្ឌលណា គឺហែនៅក្នុងឃុំហ្នឹង អត់មានឲ្យហែទៅណាច្រើនទេ។ រយៈពេលឃោសនា១០ថ្ងៃ ទារប៉ុន្មានទារទៅ រក្សាដដែល”។ លោកបន្ថែមថាបើគណបក្សសង្រ្គោះជាតិមិនសុខចិត្ត អាចយកករណីនេះទៅបោះឆ្នោតក្នុងសភា ដោយសំឡេងគាំទ្រគឺ៥០បូក១តែប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក ញ៉ែម បុញ្ញាឫទ្ធិ ប្រាប់វីអូឌី(VOD)ថានេះគ្រាន់តែជាការអះអាងរបស់លោក ស ខេង តែប៉ុណ្ណោះ។ លោកបន្តថាគណបក្សសង្រ្គោះជាតិចង់ឲ្យរក្សារយៈពេលនៃការដង្ហែក្បួនឃោសនាបោះឆ្នោតនៅ១៥ថ្ងៃដដែល ហើយការហែក្បួនឆ្លងឃុំជាសិទ្ធិរបស់គណបក្សនយោបាយ។ លោកបន្តថាគណបក្សទាំងពីរនឹងជជែកគ្នាលើបញ្ហានេះ ហើយនឹងសម្រេចនៅពេលខាងមុខ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)មានប្រសាសន៍ថាការកំណត់រយៈពេលឃោសនានិងការដង្ហែក្បួនឆ្លងឃុំសង្កាត់គឺជាការសម្រេចរបស់គណបក្សទាំងពីរ ដោយគ.ជ.ប ចាំតែអនុវត្តតែប៉ុណ្ណោះ។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា យល់ថារយៈពេលនៃការឃោសនាបោះឆ្នោតគួររក្សាទុកនៅដដែល ដោយសារលោកសង្កេតឃើញថាមិនដែលមានបញ្ហានោះទេកាលពីការបោះឆ្នោតអាណត្តិកន្លងទៅ។ លោកបន្តថាការហែក្បួនឃោសនាឆ្លងកាត់ឃុំសង្កាត់ជាសិទ្ធិសេរីភាពរបស់គណបក្សនយោបាយ។ លោកបញ្ជាក់ថាការទុករយៈពេលយូរជាឱកាសល្អសម្រាប់គណបក្សនយោបាយដែលទើបតែបង្កើតថ្មីៗក្នុងការផ្សព្វផ្សាយទៅប្រជាជន។
អ្នកនាំពាក្យនិងអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) មានប្រសាសន៍ថាការកំណត់របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនិងមិនឆ្លុះបញ្ចាំងពីប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ លោកថាគណបក្សនឹងចេញសេចក្តីថ្លែងការណ៍បញ្ជាក់នូវគោលជំហររបស់ខ្លួនលើបញ្ហានេះ។
គួរបញ្ជាក់ថាការបោះឆ្នោត ឃុំ សង្កាត់ នឹងត្រូវធ្វើឡើងនៅដើមឆ្នាំ២០១៧ខាងមុខ។ កាលពីថ្ងៃទី០៣ខែសីហា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ព្រមានថាការបោះឆ្នោតជាតិសម្រាប់អាណត្តិក្រោយ នឹងត្រូវធ្វើឡើងនៅក្នុងខែកក្កដា ឆ្នាំ២០១៨ មិនមែនក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ដូចធ្លាប់បានឯកភាពជាគោលការណ៍កាលពីការចរចាកន្លងទៅ។ លោកបានថ្លែងថា៖”ការបោះឆ្នោតឆ្នាំ២០១៨ គឺនឹងធ្វើនៅអាទិត្យទី៤ ថ្ងៃអាទិត្យ ខែកក្កដា ២០១៨ដដែល អត់មានមុន អត់មានក្រោយ។ មូលហេតុអី? មកពីពួកលោកឯងវាភ្លើតើ។ ខ្ញុំបានគិតវាធាតុអាកាសអីចេសចុះ…”៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodohotnews.comនិងលោក មាឃ ចាន់ តាមរយៈchanmeak981@gmail.com

គ្រាន់តែហែក្បួនឃោសនាឆ្លងខេត្តក៍បំបិទសិទ្ធិគេដែរដូចជាផ្តាច់ការពេកហើយ។