ដោយ ឡេង ម៉ាលី
2015-09-16
RFA

សាក្សីឈ្មោះ តាយ គឹមហួន ផ្ដល់សក្ខីកម្មទាក់ទងនឹងការចាប់ជនជាតិចាម នៅខេត្តកំពង់ចាម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។ Photo courtesy of ECCC
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃពុធ ទី១៦ កញ្ញា បន្តសវនាការស្ដាប់សក្ខីកម្មរបស់សាក្សីថ្មីមួយរូបទៀត ទាក់ទងនឹងការចាប់ជនជាតិចាម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សក្ខីកម្មរបស់សាក្សីនៅសាលាដំបូង ៣រូបចុងក្រោយ បានក្លាយទៅជាការចោទប្រកាន់ និងដោះសាទៅវិញទៅមកពីការជាប់ពាក់ព័ន្ធរឿងសម្លាប់ជនជាតិចាម នៅក្នុងខេត្តកំពង់ចាម។
សាក្សីថ្មីឈ្មោះ តាយ គឹមហួន គឺជាសាក្សីទីពីរ ដែលបដិសេធអំពីការជាប់ពាក់ព័ន្ធក្នុងរឿងចាប់ជនជាតិចាម យកទៅសម្លាប់នៅមន្ទីរសន្តិសុខវត្តអូរត្រកួន ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម៖ «រឿង សេង ស៊្រុន ចោទប្រកាន់មកលើខ្ញុំ ខ្ញុំសុំបដិសេធហើយ។ ខ្ញុំអត់មានធ្វើអ៊ីចឹងទេ។ ខ្ញុំអត់មានធ្វើមេសន្តិសុខឯណាឯណី ធ្វើមេគាត់ចាប់ចាម អីឯណាឯណីអត់មានទេ»។
ការបដិសេធនេះ គឺដូចគ្នានឹងការបដិសេធរបស់សាក្សី សំរឹទ្ធ មុយ កាលពីថ្ងៃទី១៥ កញ្ញា ដែរ ដែលលោកទាំងពីរត្រូវសាក្សីឈ្មោះ សេង ស៊្រុន ចោទថាជាអ្នកពាក់ព័ន្ធក្នុងការចាប់ជនជាតិចាម យកទៅសម្លាប់នៅមន្ទីរសន្តិសុខវត្តអូរត្រកួន នោះ។ ក្នុងពេលផ្ដល់សក្ខីកម្មដល់អង្គជំនុំជម្រះ នៅថ្ងៃទី១៤ និងថ្ងៃទី១៥ កញ្ញា សាក្សី សេង ស៊្រុន ចោទ លោក សំរឹទ្ធ មុយ ជាអ្នកចាប់លោកឃុំឃាំងដប់ថ្ងៃ ហើយចោទ លោក តាយ គឹមហួន ថាជាអ្នកដែលបញ្ជាលោកឲ្យយាមក្រុមជនជាតិចាម ដែលគេបោសសម្អាតពីភូមិយកទៅសម្លាប់៖ «ដូចខ្ញុំបានប្រាប់អ៊ីចឹង ខ្ញុំថា ហុក ហឿន ជាអ្នកបញ្ជាខ្ញុំ ហើយពេលទៅដល់កន្លែងហ្នឹង ក៏គេអត់ប្រាប់ខ្ញុំថាធ្វើអីដែរ។ ក៏ប៉ុន្តែដល់ពេលខ្ញុំទៅដល់កន្លែង ឃើញសន្តិសុខហ្នឹងគេនាំចាម មក ហើយគេប្រាប់ខ្ញុំថា មិត្តឯងនៅមើលបងប្អូនចាម ត្រង់ហ្នឹងហើយ។ គេប្រាប់អ៊ីចឹង។ អ្នកដែលប្រាប់នេះ គឺឈ្មោះ តាយ គឹមហ៊ាន់។ គាត់នេះជាអនុប្រធានក្រុមដាវវែង»។
លោក តាយ គឹមហួន ជម្រាបអង្គជំនុំជម្រះថា លោកក៏ធ្វើការលំបាកវេទនាដូចអ្នកដទៃដែរ។ លោកបដិសេធទៀតថា លោកគ្មានតួនាទីជាអនុប្រធានក្រុមសន្តិសុខដាវវែងទេ ហើយក៏មិនដែលធ្វើការនៅក្នុងក្រុមនោះដែរ។ លោក តាយ គឹមហួន សន្និដ្ឋានថា ការចោទប្រកាន់លោកបែបនេះ អាចមកពីទំនាស់បច្ចុប្បន្ន ដែល លោក សេង ស្រ៊ុន ចង់យកចំណែកដីវត្តអូរត្រកួន ហើយលោកជាសមាជិកគណៈកម្មការវត្ត។ លោក តាយ គឹមហួន ថ្លែងថា លោកនឹងទៅជួបសាក្សី សេង ស្រ៊ុន បញ្ជាក់អំពីបញ្ហានេះ។
ការប៉ុនប៉ងប្រឈមមុខនេះ ត្រូវបានប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ហាមឃាត់ថាជាច្បាប់៖ «សូមលោកសាក្សីចៀសវាងនូវការទៅប្រទូសរ៉ាយ ឬក៏ប្រកែកប្រណាំងគ្នា ឬក៏ហ៊ានដល់ប្រើអំពើហិង្សាអីផ្សេងៗទៅលើភាគីម្ខាងទៀត គឺលោក សេង ស៊្រុន។ នេះជាការងារដែលលោកផ្ដល់នូវសក្ខីកម្មនៅចំពោះមុខអង្គជំនុំជម្រះ ក្នុងគោលបំណងស្វែងរកការពិត។ ម្នាក់ៗសុទ្ធតែរួមវិភាគទានស្វែងរកការពិតក្នុងរឿងក្ដីដ៏លំបាកស្មុគស្មាញនេះទាំងអស់គ្នាទេ។ យើងជឿជាក់ថា លោកជាអាចារ្យវត្ត ហើយវ័យចំណាស់នេះហើយ នឹងមិនមានបង្កនូវព្រឹត្តិហេតុអីផ្សេងៗទេ»។
សវនាការស្ដាប់សាក្សី ដើម្បីរកការពិតអំពីករណីសម្លាប់ជនជាតិចាម នៅខេត្តកំពង់ចាម នេះ ខាងមេធាវីការពារក្ដីជនជាប់ចោទ នួន ជា គឺលោក វិកទ័រ កូប៉េ (Victor Koppe) ស្នើសុំឲ្យអង្គជំនុំជម្រះ កោះហៅសាក្សីរបស់ខ្លួន ៣រូបដែរ។ រហូតមកដល់ពេលនេះ សាក្សីសុទ្ធតែបានបញ្ជាក់ថា ជនជាតិចាម រាប់ពាន់នាក់ ត្រូវក្រុមសន្តិសុខខ្មែរក្រហមប្រមូលយកទៅសម្លាប់តែមួយយប់ នៅវត្តអូរត្រកួន ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ សាក្សីឲ្យដឹងថា មានជនជាតិចាម តែពីរនាក់ប៉ុណ្ណោះដែលរត់រួចពីការសម្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្ដីខ្មែរក្រហមស្ដាប់សាក្សីទាក់ទងនឹងការចាប់ជនជាតិចាម
- សាក្សីនៅសាលាក្ដីខ្មែរក្រហមថា ជនជាតិចាមជាគោលដៅចុងក្រោយត្រូវកម្ទេច
- សាលាក្ដីខ្មែរក្រហមនឹងបន្តសវនាការអំពីការប្រព្រឹត្តលើជនជាតិចាមនៅថ្ងៃទី១៤កញ្ញា
- សាក្សីជម្រាបអង្គជំនុំជម្រះថាពួកខ្មែរក្រហមចង់បំបាត់ជនជាតិភាគតិចនៅកំពង់ចាម
- សម្ភាសលោក អ៊ីសា ឧស្មាន អំពីផលប៉ះពាល់ពីរបបខ្មែរក្រហមលើជនជាតិចាម (វគ្គបញ្ចប់)
- សាក្សីបញ្ជាក់ពីការដឹកជនជាតិចាមទៅមន្ទីរសន្តិសុខវត្តអូរត្រកួនខេត្តកំពង់ចាម
- សម្ភាសលោក អ៊ីសា ឧស្មាន អំពីការបះបោររបស់ជនជាតិចាមប្រឆាំងនឹងខ្មែរក្រហម (វគ្គ១)
- សាក្សីជនជាតិចាមជម្រាបអង្គជំនុំជម្រះពីមូលហេតុបះបោរប្រឆាំងយោធាខ្មែរក្រហម
- សាក្សីជម្រាបអង្គជំនុំជម្រះអំពីខ្មែរក្រហមប្រព្រឹត្តចំពោះជនជាតិចាមនៅស្រុកក្រូចឆ្មារ
the people who witness of mass killing are everywhere in the whole srok khmer ‘ please ask more people in seam-reap ‘ plenty of people who still survive in that bloody communist regime.who are the real killer? who are behind the communist regime ? .GOD bless all cambodian people’