ក្មេងប្រុស ១២ ឆ្នាំ​ក្លាយជា​មេគ្រួសារ​ រកប្រាក់​ចិញ្ចឹម​ប្អូនតូចៗ​ដ៏កម្សត់

កុមារា ហូ សំណាង វ័យ ១២ ឆ្នាំ (កណ្តាល) ពេលនៅជុំ​ជាមួយ​ជីដូនជីតា និង​ប្អូនប្រុស​តូចៗទាំងបួននាក់​។ រូបថត អង្គការ ព.អ.ក

កុមារា ហូ សំណាង វ័យ ១២ ឆ្នាំ (កណ្តាល) ពេលនៅជុំ​ជាមួយ​ជីដូនជីតា និង​ប្អូនប្រុស​តូចៗទាំងបួននាក់​។ រូបថត អង្គការ ព.អ.ក




ភ្នំពេញប៉ុស្តិ៍

បាត់ដំបង: មាន​ឈ្មោះ​ សំណាង តែ​ស្ថាន​ភាព​ជីវិត​ពិតប្រាកដ​វិញគឺ​សែន​លំបាក​លំបិន​គ្មានទីពឹងនោះ​ឡើយ​​ដូចជា​ចក​អណ្តែត​រសាត់​តាម​ខ្សែ​ទឹក​​អ៊ីចឹង! ​នៅ​ក្មេង​ខ្ចី​វ័យត្រឹម ១២ ឆ្នាំ​សោះ​​កុមារា ហូ សំណាង បាន​ស្គាល់​រសជាតិ​ល្វីង​ជាអ្នក​ទទួល​បន្ទុក ​ថែទាំ​ប្អូន​តូចៗ​ដូចជា​មេគ្រួសារ​ជំនួស​ឪពុក​ម្តាយទៅ​ហើយ!​ កុមារា​ដ៏​កំសត់​ជា​កូន​ច្បង​នេះ​បាន​ដើររើស​ខ្យង ជីក​ក្តាម និង​នេសាទ​ត្រី​ជាមួយជីតា​ និង​ជីដូន​មាន​វ័យហាសិប​ប្លាយ​អវិជ្ជាគ្មានរបរ​អាជីព​អ្វី​ដើម្បី​ចិញ្ចឹម​ជីវិត។

ស្ថានភាព​នេះ សំណាង​​បាន​ស្គាល់បន្ទាប់​ពី​ឪពុក​ម្តាយ​បានចែកផ្លូវគ្នា​រត់​រក​តែ​អាត្មា​រៀងៗ​ខ្លួន​បាត់​ ដោយ​ទុកចោល​កូនៗ​ឲ្យ​រស់​នៅ​យ៉ាង​កណ្តោចកណ្តែង​​នៅ​ភូមិគោកដូង ឃុំពាមឯក​ ស្រុកឯកភ្នំ​ ខេត្ត​បាត់ដំបង។

លោក ឌុល វន្នី ប្រធាន​កម្ម​វិធី​ចុះ​ជួយ​សហគមន៍​ក្រីក្រ​របស់​អង្គការ​ពុទ្ធសាសនា​ដើម្បី​ការអប់រំនៃ​កម្ពុជា (ព.អ.ក) រៀបរាប់​ដឹង​ពី​ជីវភាព​របស់កុមារា​ ហូ សំណាង​ ថា៖ «​កាលខែមីនា ​ឆ្នាំ ២០១៤ ក្រុម​ការងាររបស់​អង្គការ​ពុទ្ធសាសនា​ដើម្បី​ការ​អប់រំនៃ​កម្ពុជា ​ដឹក​នាំ​ដោយ​ព្រះតេជគុណ ធម្មសេនា ហាក់ សៀងហៃ បាន​ចុះ​អប់រំ​ផ្នែក​សីល​ធម៌​ដល់​ប្អូនៗ​សិស្សានុ​សិស្ស​​នៅ​​បឋម​សិក្សា​​អាង​ភាស​ ភូមិគោកដួង ឃុំ​ពាមឯក។

នា​ថ្ងៃ​នោះ​ដែរ ព្រះតេជ​គុណ​ បាន​បង្ហាត់​បង្រៀនដល់​ប្អូនៗអំ​ពី​សីល​ធម៌​​រស់​នៅ​ក្នុង​សង្គម និង​អនាម័យ តែ​ជា​ចៃដន្យ​បាន​ជួប​ប្អូន​​ប្រុស ហូ សំណាង អាយុ ១១ ឆ្នាំ ដែល​​រៀន​ថ្នាក់ទី ២ មាន​បងប្អូន ៥ នាក់ ប្អូន​ជា​កូនទី ១ ដោយសារ​ឪពុក​ម្តាយ​បែក​បាក់​គ្នា ដោយ​ឪពុកមាន​ប្រពន្ធ​ថ្មី និង​ម្តាយ​​ទៅ​ធ្វើ​ការ​នៅ​ថៃបាត់​ ប្អូន​ត្រូវរស់នៅជាមួយ​ជីតា​ឈ្មោះ មន ហូ មាន​អាយុ​ ៥៨ ឆ្នាំ និង​ជីដូន​ឈ្មោះ សយ សួត អាយុ ៥៩ ឆ្នាំ ​សមាជិក​គ្រួសារសរុប ៧ នាក់»។​


ហូ សំណាង ទំនេរ​ពីសិក្សា​ដើររើស​ខ្យង ជីកក្តាម និងនេសាទត្រី​។ រូបថត អង្គការ ព.អ.ក

ហូ សំណាង ទំនេរ​ពីសិក្សា​ដើររើស​ខ្យង ជីកក្តាម និងនេសាទត្រី​។ រូបថត អង្គការ ព.អ.ក

ទោះបី​ជា​ក្នុង​ឯក​សណ្ឋាន​ជា​សិស្ស​សាលា ដែល​ដាច់​រហែកលាយ​​ពណ៌​ខ្មៅ ​ប្រឡាក់​ដោយ​ដី និងភក់​ ហើយ​លាយ​ឡំទឹក​​មុខ​ដ៏​ស្រងូត​ស្រងាត់​​ឈឺចាប់​ដោយ​សារ​តែ​ឈឺ​ដំបៅ​មាន​ខ្ទុះ​ពេល​ត្រូវ​ធ្មុង​ត្រី​អណ្តែង​មុត​ដៃ​ឡើង​ហើម​​ស្ទុល​​យ៉ាង​ណាក្តី ក៏​ក្មេង​ប្រុស​ដ៏​គួរ​ឲ្យ​អាណិត​ម្នាក់​នេះ​ នៅតែ​តស៊ូ​មក​រៀន​សូត្រ​ក្រេប​យកនូវចំណេះ​វិជ្ជា​ជាមួយ​​នឹង​មិត្តភក្តិ​ដូច​សព្វ​មួយ​ដង​មិន​ដែលខាន​ និងរៀន​ពូកែ​បាន​ចំណាត់ថ្នាក់​លេខ ២ ប្រចាំថ្នាក់ទី ៣ សម្រាប់​ឆ្នាំ ២០១៥ នេះ​ទៀតផង។

លោក ឌុល វន្នី បន្ដថា៖ «ឥឡូវ​នេះ ដោយសារ​តែចង់ជួយ​សម្រាល​ដល់​ជីវ​ភាព​គ្រួសារ​ក្រីក្រ ពេលសម្រាក​ពី​ការ​សិក្សា​ប្អូន​សំណាង​ ​ត្រូវឆ្លៀត​ដើររើស​ខ្យង ក្តាម និង​នេសាទ​ត្រី​ជា​មួយ​នឹង​តា​ ខណៈ​ពេល​ខ្លះ​ត្រូវ​​ដើរ​រើស​តែ​ម្នាក់​ឯង ដើម្បី​​យក​មក​លក់​បានលុយបន្តិច​បន្តួច​​មក​ទំនុក​បម្រុង​គ្រួសារ និង​ការ​សិក្សា​របស់​ប្អូនទៀត​ផង»។​

ដោយ​សារ​គ្រួសារ​មាន​សមាជិក​ច្រើន ​(ប្អូន​ប្រុសតូច ៤ នាក់ និង​ជីដូន​ជីតា​ចាស់ ២ នាក់)​ ទោះបីជាប្អូន​ខិត​ខំ​ប្រឹង​​ប្រែងនេសាទ​រក​ត្រី​ ជីក​ក្តាម ដើរ​រើស​ខ្យងខ្ចៅ​នៅ​ក្រៅ​ម៉ោង​សិក្សា​យ៉ាង​ណា ក៏​ជីវភាព​នៅ​តែ​មាន​ការខ្វះខាត​ដដែល​ ព្រោះ​ថា​ប្អូន​នៅ​វ័យ​ក្មេង​ហើយ​ត្រូវ​ខំសិក្សា​ផង​ និង​ខំ​រក​ថវិកា​ដើម្បីចិញ្ចឹម​គ្រួសារ​ផង។

ដើម្បីអនាគត និង​គ្រួសាររបស់​ប្អូន ប្រុស​ ហូ សំណាង ហើយ​បានឃើញ​វីរភាពរបស់​ប្អូនទាំង​នៅក្មេងខ្ចី​ដូច្នេះ ​អង្គ​ការ​ព.អ.ក ​ក៏បាន​ជួយសម្រួល​សម្រាល​នូវ​ជីវភាព និងសិក្សាដល់​ប្អូនខ្លះ​ ដោយបាន​ជួយជាថវិកា អង្ករ ទឹកត្រី ទឹក​ស៊ីអ៊ីវ និង​សម្ភារ​សិក្សា​មួយ​ចំនួន​ទៅតាម​ធនធាន​សប្បុរសធម៌​ផ្ដល់​ឲ្យតែ​ប៉ុណ្ណោះ​៕​​


What Next?

Recent Articles

One Response to "ក្មេងប្រុស ១២ ឆ្នាំ​ក្លាយជា​មេគ្រួសារ​ រកប្រាក់​ចិញ្ចឹម​ប្អូនតូចៗ​ដ៏កម្សត់"

  1. កូនខ្មែរ says:

    មានស្ថានភាពរបស់កុមារ និងគ្រួសារជាច្រើន ដែលមានស្ថានភាពបែបនេះ។ ពួកគេខិតខំប្រឹងរស់ យ៉ាងត្រដាបត្រដួស ដោយបំពេញនូវកត្តបកិច្ចជា ជីវិតមនុស្សដ៏ល្អក្នងសង្គម។ បើខ្ញុំជានាយករដ្ឋមន្រ្តី វិញ ខ្ញុំត្រូវគិតការគាំទ្រដល់កុមារលើការអប់រំ និងសន្តិសុខសង្គម ជាវិស័យអាទិភាពដល់ពួកគេ។

    ទាំងនេះអាចបំពេញបានដោយរ៉ៃអង្គាសពីអ្នកវិនិយោគទុន ឬបង្កើតជាមួលនិធិសង្គ្រោះ​តាមរយៈការបរិចាកពីសម្បុរសជន ០១នាក់ តែ ១០០ រៀលក្នុង ០១ខែ ឬកាត់បន្ថយអំពើពុករលួយ​ ០១%ក្នុង ០១ខែ ពីគ្រប់រូបភាព (នេះមិននិយាយថាលុបបំបាត់អំពើពុករលួយទេ)។