ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃសុក្រ ទី18 កញ្ញា 2015, 09:00 AM
http://vodhotnews.com
អតីតអាជ្ញាកណ្ដាលប្រដាល់ល្បីឈ្មោះ លោក ជ័យ ប៊ុនឈឿ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី (រូបភាព៖ វង្ស សុម៉ាលីន)
លទ្ធផលចុងក្រោយពីខាងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅមន្ទីរពេទ្យរុស្សីបានអះអាងថា ដុំសាច់របស់អតីតអាជ្ញាកណ្ដាលប្រដាល់ល្បីឈ្មោះ លោកជ័យ ប៊ុនឈឿ គឺជាដុំសាច់កាច ឬជាប្រភេទជំងឺមហារីក បន្ទាប់ពីបានវះដុំសាច់នោះ ហើយយកទៅធ្វើការពិសោធន៍។ លទ្ធផលនេះបញ្ជាក់ថា លោក ជ័យ ប៊ុនឈឿ មិនទាន់រួចផុតពីការយាយីដោយជំងឺនៅឡើយ ដោយត្រូវបន្តបញ្ជូនទៅកាន់ផ្នែកជំងឺមហារីកបន្តទៀតក្នុងប៉ុន្មានថ្ងៃខាងមុខ។
អ្នកស្រី ឈឿ សុធារី កូនស្រីទី២របស់លោក ជ័យ ប៊ុនឈឿ បានថ្លែងប្រាប់VOD កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញាថា ដុំសាច់ត្រង់ភ្លៅ ដែលត្រូវក្រុមគ្រួសារយល់ថាជាដុំគីសរបស់ឪពុកត្រូវបានខាងពេទ្យវះកាត់យកចេញកាលពីជាងមួយអាទិត្យមុន។ ដុំសាច់នោះទើបតែត្រូវបានពិសោធន៍ដឹងថាគឺជាដុំសាច់មហារីកនៅថ្ងៃព្រហស្បតិ៍ម្សិលមិញប៉ុណ្ណោះ។ អ្នកស្រីថា ដុំសាច់ដែលវះចេញនោះមានទម្ងន់១,២៥គីឡូក្រាម ដោយបានវះចេញពីបរិវេណត្រង់ភ្លៅខាងស្ដាំរបស់លោក ជ័យ ប៊ុនឈឿ ដែលកាលពីមុនគឺដុំសាច់នេះបានបណ្ដាលឲ្យឪពុករបស់ខ្លួនដើរមិនរួចនោះឡើយ។ អ្នកស្រីមានប្រសាសន៍ថា៖ “ដុំសាច់ហ្នឹងខាងពេទ្យទើបតែយកលទ្ធផលមកប្រាប់ថា គឺជាដុំសាច់មហារីកទេ អញ្ចឹងហើយទើបពួកខ្ញុំអត់ទាន់ស្រឡះចិត្តទេ ព្រោះខាងពេទ្យប្រាប់ថា ពុកនឹងត្រូវតាមដានទៀត ដើម្បីរកឲ្យឃើញថាជំងឺនោះរាលដាលយ៉ាងម៉េចខ្លះ”។
អ្នកស្រី ឈឿ សុធារី បន្តថា ក្រោយការវះកាត់ដុំសាច់មហារីក លោក ជ័យ ប៊ុនឈឿ កម្រើកជើងបាន និងអាចដើរបានតិចៗ បើធៀបនឹងអំឡុងមុនដឹកមកកាន់មន្ទីរពេទ្យរុស្សី។ ក្នុងនោះ លោកក៏មានសភាពធូរស្រាលជាងមុនផងដែរ ទាំងការបរិភោគអាហារ និងការសម្រាន្តលក់។ យ៉ាងណាក៏ដោយ អ្នកស្រីប្រាប់ថា លោក ជ័យ ប៊ុនឈឿ នៅមិនទាន់ប្រាកដពីសុខភាពនៅឡើយទេ ដរាបណាជំងឺមហារីកមិនទាន់បានព្យាបាលឲ្យជាសះទាំងស្រុង។

លោក ជ័យ ប៊ុនឈឿ និងអ្នកស្រី ឈឿ សុធារី កូនស្រីទី២ (រូបភាព៖ វង្ស សុម៉ាលីន)
លោក ឆឹង យ៉ាវយ៉េន អនុប្រធានមន្ទីរពេទ្យរុស្សីមានប្រសាសន៍ថា លោក ជ័យ ប៊ុនឈឿ ទោះជាបានវះកាត់ដុំសាច់មហារីក ប៉ុន្តែលទ្ធផលបន្ទាប់គឺនៅបន្តតាមដានបន្ថែមទៀត។ លោកមានប្រសាសន៍ថា៖ “ដុំសាច់ទើបតែចេញមកថាជាដុំសាច់មហារីកទេ អញ្ចឹងពេទ្យក៏មិនទាន់អាចស្មានអ្វីបានដែរ គឺត្រូវយកគាត់ (ជ័យប៊ុនឈឿ) ទៅកាន់ផ្នែកមហារីក ហើយតាមដានទៀត ដើម្បីឲ្យប្រាកដថា តើមេរោគមហារីកហ្នឹងរីករាលដាលដល់(សរីរាង្គ)ណាទៀត”។
លោក ឆឹង យ៉ាវយ៉េន បន្ថែមថា ក្រុមគ្រូពេទ្យមិនទាន់អាចកំណត់លទ្ធផលណាមួយចំពោះលោក ជ័យ ប៊ុនឈឿ បានទេ ក្នុងពេលដែលដុំសាច់ទើបតែបានរកឃើញថាជាដុំសាច់មហារីក ហើយក្រុមអ្នកជំនាញខាងមហារីក ក៏មិនទាន់បានធ្វើចំណាត់ការតាមដានចំពោះអ្នកជំងឺរូបនេះនៅឡើយ៖ “សម្រាប់គាត់(ជ័យ ប៊ុនឈឿ) ខាងសហព័ន្ធប្រដាល់ និងថ្នាក់លើបានឯកភាពយកមកវះកាត់ដុំសាច់អត់យកលុយទេ អញ្ចឹងដល់ពេលគាត់មានជំងឺមហារីកហ្នឹងគឺត្រូវធ្វើឯកសារ បញ្ជូនទៅកាន់ផ្នែកមហារីក ដើម្បីឲ្យគេជួយបន្តព្យាបាលទៀត។ ហើយចំពោះរឿងថាតើគាត់អាចជា ឬមិនជា ខ្ញុំឆ្លើយអត់បានពេលហ្នឹង ចាំមើលខាងអ្នកជំនាញខាងកង់សែ(Cancer ឬជំងឺមហារីក)សិន”។
ចំពោះជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម លោក ឆឹង យ៉ាវយ៉េន ប្រាប់ថា លោកជ័យ ប៊ុនឈឿ មានសភាពធូរច្រើនហើយ លើកលែងតែបញ្ហាក្នុងជើង ដែលលោក ជ័យ ប៊ុនឈឿ ធ្លាប់វះដាក់ឆ្អឹងដែកកាលពីច្រើនឆ្នាំមុនប៉ុណ្ណោះ ដែលខាងពេទ្យសម្រេចមិនសើររើ។ លោកថា៖ “សម្រាប់ជំងឺផ្សេងខ្ញុំថាអត់អីទេ ចំណែកអារឿងឆ្អឹងដែកដែលកូនចៅគាត់ចង់ឲ្យវះចេញនោះ ក៏យើងអត់ប៉ះពាល់ដែរ អ្វីដែលយើងត្រូវគិតគឺតែមហារីកហ្នឹងសិនបានហើយ”។

លោក ជ័យ ប៊ុនឈឿ កាលនៅធ្វើជាអាជ្ញាកណ្ដាល (រូបពីហ្វេសប៊ុក)
ស្ថិតក្នុងវ័យ៧៨ឆ្នាំ លោក ជ័យ ប៊ុនឈឿ ត្រូវក្រុមគ្រួសារដឹកពីខេត្តបាត់ដំបង មកកាន់មន្ទីរពេទ្យរុស្សីកាលពីថ្ងៃទី២៦ ខែសីហា បន្ទាប់ពីលោកធ្លាក់ខ្លួនឈឺសម្រាកនៅនឹងកន្ទេល ហើយត្រូវបានសហព័ន្ធប្រដាល់សម្រេចបញ្ជូនមកភ្នំពេញ។ លោកគឺជាអតីតកីឡាប្រដាល់ក្នុងសម័យសង្គមរាស្ត្រនិយម និងជាអាជ្ញាកណ្ដាលល្បីឈ្មោះប្រចាំនៅក្នុងសហព័ន្ធប្រដាល់ និងទូរទស្សន៍បាយ័ន ដោយមុនពេលធ្លាក់ខ្លួនឈឺធ្ងន់ លោកត្រូវប៉ុស្ដិ៍បាយ័នតម្រូវឲ្យចូលនិវត្តន៍។ លោកគឺជាអាជ្ញាកណ្ដាលវ័យចាស់ដែលទទួលបានការចាប់អារម្មណ៍ជាងគេ ដោយសារតែលោកត្រូវគេដឹងថាបានជិះម៉ូតូតាំងពីខេត្តបាត់ដំបងមកធ្វើការដល់ភ្នំពេញរាល់សប្ដាហ៍ ។ លោកត្រូវឡានកៀរក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយបែបនេះ បណ្ដាលឲ្យបាក់កជើងកាលពីជាង៥ឆ្នាំមុន ហើយនៅតស៊ូមកធ្វើការទៀត ក្រោយវះកាត់ដាក់ដែកក្នុងជើង៕
សរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
May he gets well soon