ដោយ៖ ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី8 តុលា 2015, 08:20 PM
http://vodhotnews.com
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថាខ្លួនកំពុងតែពិចារណាវិធានការផ្លូវច្បាប់ទៅលើតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក ករណីបន្តលើកឡើងពីបញ្ហាផែនទី។
កាលពីថ្ងៃពុធ លោក អ៊ុំ សំអាន បានសរសេរនៅលើហ្វេសប៊ុករបស់លោកនិងផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានថាលោកបានរកឃើញផែនបោនខ្នាត១/១០០.០០០ តម្កល់នៅអង្គការសហប្រជាជាតិ ដែលលោកថាជាផែនទីចែងក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា។ លោកបញ្ជាក់ថាផែនទីបោនទាំងនេះបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនឆ្នាំ១៩៥២, ១៩៥៣។ លោកបានជំរុញឲ្យរដ្ឋាភិបាលខ្ចីផែនទីបោនពីអង្គការសហប្រជាជាតិម្តងទៀត ដោយលោកថាកាលពីលើកមុន មន្ត្រីរដ្ឋាភិបាលសុំខ្ចីផែនទីបោនពីអង្គការសហប្រជាជាតិ តែយកផែនទីUTMផ្ទៀងផ្ទាត់ទៅវិញ។
សេចក្តីបំភ្លឺរបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះឲ្យដឹងថាលោក អ៊ុំ សំអាន “កំពុងបន្តចិញ្ចឹមនូវឧបាយកលទុច្ចរិត បំពុលបរិយាកាស អំពីបញ្ហាអធិបតេយ្យជាតិនិងបូរណភាពទឹកដី” ក្រោយពីរដ្ឋាភិបាលបានបញ្ចប់នូវការផ្ទៀងផ្ទាត់ផែនទីផ្លូវការនិងស្របច្បាប់។ សេចក្តីបំភ្លឺបន្តថា៖ “រាល់ផែនទីដែលរាជរដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការនិងមានតម្លៃគតិយុត្តគឺជាផែនទីដែលមានចែងក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ពោលគឺរាជរដ្ឋាភិបាលស្នើទៅអង្គការសហប្រជាជាតិនូវផែនទី ដែលស្របតាមរដ្ឋធម្មនុញ្ញ ដែលបានតម្កល់នៅអ.ស.ប នៅឆ្នាំ១៩៦៤ មិនមែនផែនទីឆ្នាំ១៩៥៤ ដូចការលើកឡើងរបស់ឯកឧត្តម អ៊ុំ សំអាននោះទេ”។
នៅក្នុងសេចក្តីបំភ្លឺនោះ រដ្ឋាភិបាលបានបញ្ជាក់ថា៖ “ជារួមរាល់ទង្វើនិងព័ត៌មានដែលបានផ្សព្វផ្សាយដោយឯកឧត្តម អ៊ុំ សំអាន ទាំងក្នុងពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ននេះ គឺបង្កប់ដោយឧបាយកលទុច្ចរិត ក្នុងការបំផុសគំនិតជាតិនិយមជ្រុល បំបែកបំបាក់ការឯកភាពជាតិ បង្កឲ្យមានការភ័ន្តច្រឡំនៅក្នុងសាធារណមតិជាតិនិងអន្តរជាតិ អំពីបញ្ហាអធិបតេយ្យជាតិនិងបូរណភាពទឹកដីកម្ពុជា”។
រដ្ឋាភិបាលបានបញ្ជាក់ថា៖ “ចំពោះការបន្តឥតឈរនូវទង្វើដ៏គឃ្លើនរបស់ឯកឧត្តមអ៊ុំ សំអាន ក្នុងការញុះញង់បង្កនូវអស្ថិរភាពសង្គម អសន្តិសុខនិងបំបែកបំបាក់ការងារឯកភាពជាតិ តាមរយៈការបំពានច្បាប់យ៉ាងកំរោលនិងជាក់ស្តែងនេះ រាជរដ្ឋាភិបាលមានកាតព្វកិច្ចពិចារណាយ៉ាងម៉ឹងម៉ាត់នូវវិធានការផ្លូវច្បាប់ ដើម្បីការពាររដ្ឋធម្មនុញ្ញក៏ដូចជាសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជាតិនិងប្រជាជនកម្ពុជាទាំងមូល”។
លោក អ៊ុំ សំអាន ប្រាប់វីអូឌី(VOD)នៅថ្ងៃព្រហស្បតិ៍នេះថាលោកមិនបានធ្វើអ្វីខុសដូចការអះអាងរបស់រដ្ឋាភិបាលនោះទេ ដោយថាលោកកំពុងជួយរដ្ឋាភិបាលក្នុងកិច្ចការព្រំដែននេះ។ លោកបន្តថារដ្ឋាភិបាលគួរតែទៅរកផែនទីដែលលោកបានរកឃើញ មកពិនិត្យផ្ទៀងផ្ទាត់ ហើយមិនគួរប្រតិកម្មភ្លាមៗ ខណៈមិនទាន់បានឃើញផែនទីនោះទេ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំជាអ្នកជួយស្ថាប័នកំពូលរបស់ជាតិ រដ្ឋាភិបាល ហើយក៏ដូចជាជួយជាតិផងដែរ។ មិនមែនដូចការចោទប្រកាន់ថាខ្ញុំហ្នឹងប្រមាថមាក់ងាយទៅលើស្ថាប័នកំពូលរបស់ជាតិ មិនត្រឹមត្រូវទេ”។
លោកបន្តថាលោកមិនព្រួយបារម្ភនឹងការចាប់ខ្លួននោះទេ។ លោកបន្ថែមថាលោកនឹងទៅបំពេញបេសកកម្មរបស់លោកទៅប្រទេសកាណាដានិងប្រទេសបារាំង ហើយអាចនឹងត្រឡប់មកកម្ពុជាវិញនៅដើមឆ្នាំ២០១៦។
គួរបញ្ជាក់ថាក្រោយការផ្ទៀងផ្ទាត់ផែនទីរវាងកម្ពុជាជាមួយផែនទីតម្កល់ទុកនៅអង្គការសហប្រជាជាតិនិងបារាំងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីនៅក្រោមបង្គាប់បន្តបោះបង្គោលព្រំដែនជាមួយវៀតណាមនិងព្រមានចាត់វិធានការចំពោះអ្នករិះគន់បញ្ហាព្រំដែនដែលថាប្រើប្រាស់ផែនទីក្លែងក្លាយ។
ទោះជាយ៉ាងណា លោក អ៊ុំ សំអាន នៅតែបន្តជំរុញឲ្យសើរើបង្គោលព្រំដែនកម្ពុជាវៀតណាម ដែលបានបោះហើយប្រហែល៨៣ភាគរយ។ លោកមានប្រសាសន៍ថា៖ “ប្រសិនជាបោះ(បង្គោលព្រំដែន)ទៅតាមផែនទី ដែលមានត្រាវៀតណាមនោះ ប្រាកដជាប្រជាពលរដ្ឋនៅតាមជាយដែន ប្រាកដជាស្រែកយំបាត់ដីស្រែចម្ការរបស់គាត់ហើយ ព្រោះផែនទីហ្នឹងជាផែនទីមិនត្រឹមត្រូវ ដូច្នេះផែនទីដែលត្រឹមត្រូវគឺជាផែនទីនៅអង្គការសហប្រជាជាតិហ្នឹងឯង ហើយរដ្ឋាភិបាលអត់មានផែនទីផ្លូវការ អត់មានផែនទីមានចែងក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញ អត់មានផែនទីតម្កល់នៅUNផងហើយទៅបោះបង្គោលដល់ទៅ៨៣ភាគរយ បោះហ្នឹងត្រូវតែសើរើវិញនៅពេលដែលបានផែនទីផ្លូវការពីអង្គការសហប្រជាជាតិ”៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

It is NOT time to consider as he passed the red line for many times! without proper action it will continue to creat environment which he believe that this RG has no capacity and scare of him!!! let bring him to jail, issue a request to USA to hand him over!!!
នេះគេពុំមែនហៅថា « ការរិះគន់ទេ » តែគឺជាសកម្មភាពញុះញង់ ដើម្បីឈានដល់ការបំបះបំបោរបង្កើតអសន្តិសុងក្នុងប្រទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល»។
វិធានការ គឺ ចាប់ខ្លួនឲ្យទៅជជែកជាមួយ ហុងសុខហួរ៕
When The gov’t don’t like, a person will be labelled as “inciter”
Tell 5 years kids they may believe.
Throwing the person in jail, if the Gov’t think it is the good solution.
But it won’t change the situation. There are too many people sharing the same views.
Time will be essential, NOT persons being locked in jail.