​លោក អ៊ុំ សំអាន ស្នើ​ឲ្យ​សើរើ​បង្គោល​ព្រំដែន​ទាំង​៨៣​ភាគរយ​ជា​មួយ​វៀតណាម​ឡើងវិញ​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃព្រហស្បតិ៍ ទី8 តុលា 2015, 02:47 PM
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក អ៊ុំ សំអាន តំណាង​មក​ពី​គណបក្ស​សង្គ្រោះជាតិ កាលពីពេល​កន្លងមក (រូបថត៖ ទេព សូនី)


​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សកម្ម​ខាង​កិច្ចការ​ព្រំដែនបាន​ស្នើ​រដ្ឋាភិបាល​ឲ្យ​ខ្ចី​ផែនទីបោន​ពី​អង្គ ការសហប្រជាជាតិ​ម្តង​ទៀត ហើយ​សើរើ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ដែល​បោះ​បាន​ចំនួន​៨៣​ភាគរយ​ឡើងវិញ​។​

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិតនៅ​សហរដ្ឋអាមេរិក​ប្រាប់​វីអូឌី(VOD)នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះថា​លោក​រកឃើញ​ផែន​បោន​ខ្នាត​១/១00.000 តម្កល់​នៅ​អង្គការសហប្រជាជាតិ"UN" (​បណ្ណា​ល័យDag Hammarskjold នៃ​UN) ដែល​លោក​ថា​ជា​​ផែនទី​ចែង​ក្នុង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ លោក​បញ្ជាក់ថាផែនទីបោន​ទាំងនេះបោះពុម្ព​​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​ឆ្នាំ​១៩៥២, ១៩៥៣​។ 

​លោក អ៊ុំ សំអាន ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្ចី​ផែនទីបោន​ពី​អង្គការ​សហ​ប្រជាតិ​ម្តងទៀត ព្រោះ​លោក​ថាកាលពី​លើក​មុន​មន្ត្រី​រដ្ឋាភិបាល​សុំ​ខ្ចី​ផែនទីបោន​ពី​អង្គការសហប្រជាជាតិ តែ​បែរជា​យក​ផែនទីUTMផ្ទៀងផ្ទាត់​ទៅវិញ​។ ជាមួយ​គ្នា​លោក អ៊ុំ សំអាន ក៏​ជំរុញ​ឲ្យ​សើរើ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ដែល​បាន​បោះ​ហើយ​៨៣​ភាគរយ​វិញ។ លោក​មាន​ប្រសាសន៍ថា​​៖ “​ប្រសិន​ជា​បោះ​(​បង្គោល​ព្រំដែន​)​ទៅតាម​ផែនទី ដែល​មាន​ត្រា​វៀតណាម​នោះ ប្រាកដ​ជា​ប្រជាពលរដ្ឋ​នៅតាម​ជាយដែន ប្រាកដ​ជា​ស្រែកយំ​បាត់​ដីស្រែ​ចម្ការ​របស់​គាត់​ហើយ ព្រោះ​ផែនទី​ហ្នឹង​ជា​ផែនទី​មិន​ត្រឹមត្រូវ ដូច្នេះ​ផែនទី​ដែល​ត្រឹមត្រូវគឺជា​ផែនទី​នៅ​អង្គការ​សហប្រជាជាតិ​ហ្នឹង​ឯង ហើយ​រដ្ឋាភិបាល​អត់​មាន​ផែនទី​ផ្លូវ​ការ អត់​មាន​ផែនទី​មានចែង​ក្នុង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ អត់​មាន​ផែនទី​តម្កល់​នៅUNផង​ហើយ​ទៅ​បោះបង្គោល​ដល់​ទៅ​៨៣​ភាគរយ បោះ​ហ្នឹង​ត្រូវតែ​សើរើ​វិញ​នៅពេលដែល​បាន​ផែនទី​ផ្លូវការ​ពី​អង្គការសហប្រជាជាតិ​”​។​

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មិន​អត្ថាធិប្បាយ​ទេ ដោយ​ប្រាប់ថា​ជាប់​ប្រជុំ ចំណែក​លោក​ស្រី កុយ ពិសី ជា​អនុប្រធាន​គណៈកម្មាធិកា​រ​នេះ​មិន​លើក​ទូរស័ព្ទ​។ 

ចំណែក​លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៅ​រាជបណ្ឌិតសភា​កម្ពុជាស្នើ​ឲ្យ​លោក អ៊ុំ សំអាន ចុះ​ពិនិត្យ​ព្រំដែន​ដោយ​ផ្ទាល់​មុន​ស្នើ​ឲ្យមាន​ការសើរើ​ការបោះបង្គោល​ព្រំដែន។ លោក​មាន​ប្រសាសន៍​ថា​​៖ “​មិនបាច់​ទៅ​សើរើ​ទេ យើង​ចុះ​ពិនិត្យ​ទៅ យក​អី​ទៅ​ពិនិត្យ​ដែល​គាត់​ថា​អង្គការ​សហប្រជាជាតិដែល​តម្កល់​ហ្នឹង​ទៅ​ត្រួតពិនិត្យ​ទៅ​។ ខ្ញុំ​គ្រាន់​ជម្រាបជូន មក​ដល់​ហ្នឹង​យើង​អាច​ធ្វើ​សេចក្តី​សន្និដ្ឋានបានថាឲ្យ​គាត់​យក​ទៅ ហើយ​ខុស​ត្រង់​ណា​អី​ត្រង់ណា អ្វី​ដែល​គាត់​និយាយ​ពី​មុន​ហ្នឹង ខ្ញុំ​បាន​ទៅដល់​ហើយគឺ​គាត់​និយាយ​ខុស​ទាំង​ស្រុង ព្រែក​ប៊ីញ​ថាញ់ គាត់​ថា​ព្រែក​ប៊ីញ​យេ ឬ​គាត់​ថា​ព្រែក​វិញ​តេ ហើយ​គាត់​ថា​បាត់​ដី​អី​នោះ គឺ​គាត់​និយាយ​ខុស​ទាំង​អស់​”​។​

លោក សុខ ទូច ហៅ​ការអះអាង​របស់​លោក អ៊ុំ សំអាន​ថា​រកឃើញ​ផែនទីបោន​នោះគ្រាន់តែ​ជា​ការ​ធ្វើ​សកម្ម​ភាព​​ជា​លក្ខណៈ​នយោបាយ។ លោក​មានប្រសាសន៍ថា​​៖ “​គ្រាន់​ជា​នីតិវិធី​សុំទាន​ដើម្បី​ដាស់​ឲ្យគេ​ចាប់អារម្មណ៍​ទៅលើ​គាត់​តែ​ប៉ុណ្ណឹង​ទេ ព្រោះ​គាត់​សំងំ​នៅ​បរទេស អ៊ីចឹង​គាត់​ទៅ​ហ្នឹង​ដើម្បី​គេច​បញ្ហា គាត់​ទៅ​ដេក​លក់ គាត់​ដាក់​(​ការស្នើ​)​អ៊ីចឹង​ដើម្បី​ឲ្យ​កម្រើក​អារម្មណ៍​អ្នកនយោបាយ​។ ជា​អ្នកនយោបាយ​គេ​ត្រូវ​អ៊ីចឹង​ហើយ​”​។​

ក្រោយ​ការផ្ទៀងផ្ទាត់​ផែនទីរវាង​កម្ពុជា​ជាមួយ​ផែនទី​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិនិងបារាំង​មក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​នៅ​ក្រោមបង្គាប់​បន្ត​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាមនិង​ព្រមាន​​ចាត់​វិធានការ​ចំពោះ​អ្នក​រិះគន់​បញ្ហា​ព្រំដែនដែល​ថា​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​។​

ការបោះបង្គោល​ព្រំដែន​កម្ពុជានិង​វៀតណាម​បាន​ធ្វើឡើងកាលពី​ឆ្នាំ​២០០៦​។ ក្នុង​បណ្តោយ​ព្រំដែន​កម្ពុជានិង​វៀតណាមប្រវែង​១២៧០​គីឡូម៉ែត្រ ប្រទេស​ទាំង​ពីរ​បាន​កំណត់​ថាត្រូវ​បោះបង្គោល​ព្រំដែន​ចំនួន​៣៧៥​បង្គោល​។ របាយការណ៍​ដែល​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​បង្ហាញ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥​នេះ បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ទើប​បោះ​បាន​ចំនួន​៨៣​ភាគរយ​៕

សូម​សរសេរ​មក​លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

2 Responses to "​លោក អ៊ុំ សំអាន ស្នើ​ឲ្យ​សើរើ​បង្គោល​ព្រំដែន​ទាំង​៨៣​ភាគរយ​ជា​មួយ​វៀតណាម​ឡើងវិញ​​"

  1. Bol says:

    តើជាបេសកកម្មរបស់ CNRP របស់ សមរង្ស៊ី ឬក៏ជាបេសកកម្មអនាធិបតេយ្យ?
    បើជាបេសកម្មរបស់បក្ស ឬរបស់សមរង្ស៊ី តើត្រូវធ្វើយ៉ាងដូចម្តេច? ត្រូវអនុវត្តច្បាប់បែបណា ? ត្រូវចាប់សម រង្ស៊ី និង កឹម សុខា ទៅឆ្លើយពីបទបង្កើតឯកសារក្លែងក្លាយ ឬយ៉ាងម៉េច?
    តើមានន័យយ៉ាងម៉េច ដែលអ៊ុំសំអាននៅបន្តការញុះញង់នេះ?
    វាមិនដែល អង្គការសហប្រជាជាតិមួយ ធ្វើការដោយ ត្រូវសួរយោបល់កម្ពុជា ទេ។ បើ អសប. ធ្វើការដោយត្រូវងាកមកសួរកម្ពុជាដដែលជាដដែល មានន័យថា អង្គការសហប្រជាជាតិ គ្រាន់តែជាខ្លាក្រដាស ឯលោក បានគីមូន មិនអាចជាតំណាងនៃស្ថាប័នពិភពលោក បានទេ។
    អង្គការសហប្រជាជាតិ ខ្លួនឯងត្រូវដឹងថា ខ្លួនមានអ្វីនៅក្នុងដៃ និងធ្វើការជាសម្ងាត់ ឯករាជ្យ ទៅតាមច្បាប់ របស់ខ្លួន មិនបាច់សួរនរណា ក្រៅពីក្រុមប្រឹក្សាសន្តិសុខ និងសម្រេចថា ត្រូវធ្វើយ៉ាងម៉េចពីរឿងស្អីមួយ។
    បើ អសប. រវល់តែងាកមកសួរកម្ពុជា អញ្ចឹងមានន័យថា អាមេរិក បារាំង អង់គ្លេស ចិន រុស្ស៊ី ដែលជាក្រុមប្រឹក្សាសន្តិសុខនោះ ខ្លាចហ៊ុនសែន ឬអី?
    ម្យ៉ាងដែរ បើថា មហាអំណាចទាំងនោះ ខ្លាច ហ៊ុនសែន គឺជាសក្ខីភាពបញ្ជាក់ « អ្នកខ្លាំងលើពិភពលោក គឺ ហ៊ុនសែន»។
    ចេះនិយាយទៅកើត ថា អសប. សួររាជរដ្ឋាភិបាល ឲ្យសម្រេចយកផែនទីណា !!!!
    ម្យ៉ាងដែរ អសប.ខ្លាចហ៊ុនសែន!! ហ៊ុនសែនថ្ងៃនេះ មិនត្រឹមជា « បុរសខ្លាំងស្រុកខ្មែរទេ តែជាបុរសខ្លាំងលើពិភពលោក» !!!

  2. Bol says:

    គ្មានរឿងអ្វីដែល លោក វ៉ា គីមហុងត្រូវឆ្លើយជាមួយអ្នកកាសែតអ្វីទៀតទេ ព្រោះរឿងបានចប់តាំងពីថ្ងៃផ្ទៀងផែនទីជាមួយបារាំងរួចហើយ។
    ចង់ដឹង ត្រូវហៅ អ៊ុំសំអានមកជួបតុលាកា ទើបដឹងថា រឿងពិតវាយ៉ាងណា!!