Fri, 9 October 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ទន្ទឹមនឹងដំណឹងទម្លាយពីផលិតកម្ម M ទាំងភាពជឿជាក់ថា បទចម្រៀងថ្មីរបស់កញ្ញាតេង លក្ខិណា ចេញលក់នឹងឆក់យកបេះដូងអ្នកគាំទ្របានច្រើន ទាំងអត្ថន័យល្អ មេឡូឌីថ្មីនិងក្បាច់រាំល្អប្លែក ដោយនាងខំសម្ងំហាត់ច្រើនខែមកនោះ ក៏មានធ្លាយដំណឹងចេញមកពីទ្រនំដែលនាងជ្រកមកថា រដូវភ្ជុំបិណ្ឌនេះ លក្ខិណា កំពុងស្លុងចិត្តធ្លាក់ក្នុងរណ្តៅស្នេហ៍ខកចិត្ដខ្លាំង។
កន្លងមកធ្លាប់មានលេចឮដំណឹងចង់ត្រឡប់ក្រោយទៅរកការងារសម្តែង និងអាជីពពិធីការិនីវិញផងដែរ សម្រាប់កញ្ញា តេង លក្ខិណា ខណៈឱកាសទាញប្រជាប្រិយភាពពីអាជីពចម្រៀងជាងកន្លះឆ្នាំចេះតែស្ងាត់ទៅៗនោះ។
ក្រៅពីបង្ហាញវត្តមានឡើងបង្ហើរសំនៀងបានតែម្ដងនៅកម្មវិធីចុងសប្តាហ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ គេកម្រឃើញវត្តមាននាងចូលរួមក្នុងកម្មវិធីសិល្បៈនានាណាស់។
បដិសេធពីដំណឹងថាតារាស្រីស្រស់ តេងលក្ខិណា ប្រាថ្នាត្រឡប់ក្រោយទៅរកអាជីពសម្ដែង និងពិធីការិនីនោះ រូបនាងផ្ទាល់ធ្លាប់ច្រានចោលថា នាងមិនដែលបាននិយាយពាក្យស្ដាយក្រោយទេ ហើយនាងក៏បានបរិយាយឲ្យមហាជនអស់ចម្ងល់ពីភាពស្ងប់ស្ងាត់ក្នុងដំណើរចូលជ្រកក្រោមដំបូលផលិតកម្ម M នេះដែរ។ រីឯអ្នកគ្រប់គ្រងផលិតកម្ម M បានបង្ហើបថាមុននេះដែរ តេង លក្ខិណា មិនសូវបានបង្ហាញបទចម្រៀង និងវត្តមានញឹកញាប់នៅលើឆាកតន្ត្រី មកពីនាងជាប់ថតខារ៉ាអូខេហាត់រាំជាមួយក្រុមថ្មីផ្ទាល់ខ្លួនរបស់នាង។
អ្នកគ្រប់គ្រងកញ្ញា លីណា បញ្ជាក់ថា៖ «ពេលនេះបទចម្រៀងរបស់ លក្ខិណា ក៏បានថតចប់ និងកាត់តចប់សព្វគ្រប់អស់ហើយ មាន ១០ ហើយសុទ្ធជាបទសម្រិតសម្រាំងល្អទៀត»។
បើទោះជាមិនបញ្ជាក់ថា បទចម្រៀងរបស់ស្រីស្រស់អតីតពិធីការិនីកម្មវិធី A1 ខនសឺតកញ្ញាតេង លក្ខិណា មានចំណងជើងអ្វីខ្លះ និងត្រូវចេញទៅវ៉ុលណា ប៉ុន្តែអ្នកគ្រប់គ្រងហាក់បង្ហាញទំនុកចិត្តលើបទចម្រៀងរបស់នាងដោយលើកឡើងថា៖ «ពេលចេញលក់នៅលើទីផ្សារ នឹងបានទទួលជោគជ័យ មានអ្នកគាំទ្រច្រើន ព្រោះបទចម្រៀងរបស់នាងត្រៀមនឹងបង្ហាញនៅពេលឆាប់ៗនេះក្រៅពីមានអត្ថន័យល្អពីរោះមេឡូឌីថ្មីក៏នៅមានក្បាច់រាំនិងការតុបតែងខ្លួនប្លែកៗធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមិនខាន។
យ៉ាងណាក៏ដោយ រឿងចេញបទចម្រៀងថ្មី ខណៈសាមីខ្លួនល្បីថាកំពុងខកស្នេហ៍នោះ នៅមិនអាចសុំការបញ្ជាក់ពីកញ្ញា តេង លក្ខិណា បានទេ ខណៈទូរស័ព្ទនាងខលចូលតែមិនមានអ្នកទទួល។ កាលពីថ្ងៃ ៦ ខែកញ្ញា ក្រុមការងារ និងតារាចម្រៀងរបស់ផលិតកម្ម M ជាច្រើនរូបរួមជាមួយសមាគមសិល្បករ ខ្មែរបាននាំគ្នាធ្វើចង្ហាន់និងថវិកា ទៅប្រគេនព្រះសង្ឃគង់នៅ វត្តភ្នំតាម៉ៅ និងធ្វើទានដល់អ្នកសុំទាននៅទីនោះផង ប៉ុន្តែ ក៏មិនឃើញមានវត្តមានតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មនេះ កញ្ញា តេងលក្ខិណា ទៅចូលរួមឡើយ។
បន្ថែមលើដំណើរអវត្តមានរបស់ តេង លក្ខិណាក្នុងការទៅចូលរួមធ្វើបុណ្យជាក្រុមនោះក៏មានតារាចម្រៀងក្នុងផលិតកម្ម M ម្នាក់បានលួចបង្ហើបឲ្យដឹងថា៖ «កញ្ញាតេង លក្ខិណា ក្នុងរដូវបុណ្យភ្ជុំនេះនាងមិនសូវជាសប្បាយចិត្តទេ។ នាងក្រៀមក្រំណាស់ ហៅមកធ្វើបុណ្យជុំគ្នាក៏នាងមិនសប្បាយចិត្តដែរ»។
មូលហេតុដែលនាំឲ្យមានភាពក្រៀមក្រំក្រោយពីសម្រុកថតបទចម្រៀងដែលផលិតកម្មរំពឹងថាកញ្ញា តេង លក្ខិណា នឹងបំបែកទីផ្សារតន្ត្រីនោះ ក៏ទទួលបានការបញ្ជាក់ពីតារាចម្រៀងរួមទ្រនំថា៖ «នាងក្រៀមក្រំនោះគ្មានអ្វីពីរឿងជីវិតស្នេហានោះទេ»៕

Don’t worry baby, I love you.
Even I’m old , but I love you with all my heart, and I can take care you the best.
Love you Leakhena honey !!! love you !!!