តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ថា​កុំ​ឲ្យ​យក​អ្នក​បើក​រថយន្ត​ធ្វើ​ជា​លេស​ ករណីវាយ​តំណាងរាស្រ្ត

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015, 06:43 PM​
http://vodhotnews.com


តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​ដែលរងការវាយដំ


អ្នក​បើក​រថយន្ត​ឲ្យ​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ ​នៅថ្ងៃ​ចន្ទនេះ​ មិន​បាន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះទេ​​ ដោយ​លើក​ឡើង​ថា​លោក​បាន​បំភ្លឺ​រួចអស់ហើយទៅសមត្ថកិច្ច។​

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកោះហៅលោក ផល ភក្តី ដែលជា​អ្នក​បើក​រថយន្ត​របស់​តំណាងរាស្រ្ត លោក គង់ សុភា ចូលមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោ​ង​៨និង៣០នាទី ដើម្បីមកបំភ្លឺជាសាក្សី ករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្រ្ត។

​ជា​ការ​ឆ្លើយ​តប លោក​ ផល ភក្តី សរសេរក្នុង​លិខិត​មួយ​ថា​កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ កម្លាំងនគរ​បាលចម្រុះចំនួន៦រូបបានម​កសួរយកចម្លើយបំភ្លឺអស់រយៈពេលជិយ​៣ម៉ោង(ចាប់ពីម៉ោង១០ព្រឹកដល់​ម៉ោ​ង១​២និង៤៥នាទីរសៀល​) នៅក្នុងវិមានរដ្ឋសភា នៅក្នុងបន្ទប់របស់អ្នកតំណាងរាស្រ្ត លោក ហូរ វ៉ាន់​។​ លិខិត​បន្ត​ថា​៖ “នៅពេលសាកសួរនោះ ខ្ញុំបាទបានជម្រាបប្រាប់កម្លាំងនគរបាលចម្រុះអំពីការបានឃើញនិងបានឭនៅពេលមានព្រឹ​​ត្តិការណ៍នៃការវាយប្រហារមកលើអ្នកតំណាងរាស្រ្ត កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១​៥ នៅមុខវិមានរដ្ឋសភានៃព្រះរាជណាចក្រកម្ពុជាអស់រលីងរួចហើយ

លោក ផល ភក្តី បាន​បញ្ជាក់បន្ថែមថា៖ “ដូច្នេះ ខ្ញុំបាទ អត់មានចម្លើយអ្វី លើសពីអ្វីដែលខ្ញុំបាទបានឆ្លើយបំភ្លឺ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅក្នុងវិមានរដ្ឋសភា នៅក្នុងបន្ទប់ឯកឧត្តម ហូរ វ៉ាន់…”

តំណាងរាស្រ្ត​គ​ណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បាន​សរសេរ​នៅលើហ្វេសប៊ុក​របស់​លោក​ថា​៖ “កុំយកអ្នកបើកបររថយន្តធ្វើជាលេស ភស្តុតាងជាក់ស្តែងច្បាស់លាស់គឺរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពរដ្ឋសភានិងទូតអូស្ត្រាលី ព្រមទាំងរូបភាពដែលគេផ្សព្វផ្សាយជាសាធារណៈកន្លងមកនេះ”

វីអូឌីមិនទាន់អាច​ទាក់ទង លោក សុខ ខេមរិន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​នៅ​ឡើយទេ។​

កាលពីថ្ងៃទី​២៨ខែតុលា លោកនាយករដុ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឲ្យអាជ្ញាធរ​មាន​សមត្ថកិច្ច​​ចាប់ជន​ដៃដល់ដែល​បង្កហិង្សា​លើអ្នក​តំ​ណាងរាស្រ្ត​​គណបក្ស​​ស​ង្រ្គោះជាតិ​ពីររូបឲ្យ​រងរបួសធ្ងន់ ឲ្យ​បាន​និង​អំពាវនាវ​ឲ្យ​ជនដៃដល់ចេញមុខ​មក​​សារភាព​ ដែល​លោក​ចាត់ទុកថា​ជារឿងល្អបំផុត។​ លោក​ក៏​បានអំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែលបានឃើញហេតុការណ៍នោះ អ្នក​បើក​រថយន្ត​ឲ្យ​តំណាងរាស្រ្ត​​និងតំណាងរាស្រ្ត​ដែល​ជាជនរងគ្រោះ សហ​ការជាមួយសមត្ថកិច្ច ដើម្បី​បង្កភាព​ងាយស្រួល​​ក្នុងការ​ចាប់ជនដៃដល់។ លោក​បញ្ជាក់​ថា​៖ “បើគ្មាន​ការសហ​ការពីជនរងគ្រោះ​ផ្តល់នូវព័ត៌មាន​ ហេតុការណ៍​ដែលកើតឡើង​ អ្នក​ដែល​ចូលខ្លួនក្នុងព្រឹត្តិការណ៍នេះ យើង​ពិត​ជា​លំបាកជាមានការលំបាកក្នុងការស្វែងរក”។​

គួរ​បញ្ជាក់​ថា​បាតុកម្មទាមទារ​ឲ្យ​ដកតំណែង​របស់លោក​ កឹម សុខា កើតឡើងមួយថ្ងៃ​បន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេស​បារាំង​ កាលពីល្ងាចថ្ងៃ​ទី​២៥ខែតុលា។ ពីប្រ​ទេស​បារាំង ​ក្នុពិធី​ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ខ្មែរ​នៅ​ទី​នោះ​ លោក ហ៊ុន សែន បានថ្លែង​ថា​បាតុកម្ម​ប្រ​ឆាំង​លោក​នៅ​បារាំងគឺ​ជាសិទ្ធិ​ប្រ​ជាពល​រដ្ឋ ហើយ​លោក​ថា​បាតុកម្ម​ប្រ​ឆាំង​លោក​ កឹម សុខា ​ក៏​ជា​សិទ្ធិ​របស់​ប្រ​ជាពល​រដ្ឋ​ដូច​គ្នា។ លោក​បន្ត​ថាបាតុកម្មនេះ​អាច​នឹង​ឲ្យ​លោក កឹម សុខា ធ្លាក់ពីតំណែង។ លោក​មានប្រសាសន៍ថា​៖“បើលេងកុំ​ខឹង​ បើ​ខឹ​ងកុំ​លេង បើ​ស្អែក​គេ​លេង​នៅ​ភ្នំពេញ​វិញ កុំ​ខឹង​នឹង​គេ ហើ​យ​លេង​ហ្នឹង​ប្រ​ហែល​ជា​អស់​តំ​ណែង​អនុប្រ​ធាន​សភាទៀត”

ទោះជា​យ៉ាងណា នៅព្រឹកថ្ងៃ​ទី​២៦ខែតុលា បាតុករ​​រាប់ពាន់​នាក់​ បានប្រមូលផ្តុំគ្នា​និង​តវ៉ានៅមុខវិមាន​​រដ្ឋសភា ដើ​ម្បី​​ឲ្យ​ដក​តំ​ណែង ​ លោក កឹម សុខា ដោយ​ពួកគាត់​ចោទប្រ​កាន់ថាលោក កឹ​ម​​ សុខា ជា”​មនុស្ស​បោក​ប្រាស់ ​ក្រ​ឡេចក្រឡុ​កនិង​ជាអ្នក​ដែល​​នាំ​ទុក្ខ​ដល់​ប្រ​ជា​ពល​រដ្ឋ”។ បាតុកម្មនោះមិនមានការយាមកាមនិ​​ង​ឃ្លាំមើល​តឹងតែងពីកម្លាំងសមត្ថកិច្ចនោះទេ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ថា​កុំ​ឲ្យ​យក​អ្នក​បើក​រថយន្ត​ធ្វើ​ជា​លេស​ ករណីវាយ​តំណាងរាស្រ្ត"

  1. សែន សម្បូរ says:

    អេង ឆៃអ៊ៀង ថាកុំឲសមត្តិកិច្ចយកអ្នកបើកឡានមកធ្វើជាលេស ! នេះបានហៅថាអាភ្លើមែន អ្នកបើកឡាននោះហើយជាសាក្សីដ៏សំខាន់ក្នុងរឿងវាយតំណាងរាស្ត្របក្សប្រឆាំងទាំងពីររូបឲមានរបួសស្នាម ព្រោះអ្នកបើកឡាននូវក្នុងការកើតហេតុ នោះដែរ។

  2. សែន សម្បូរ says:

    មានតែ អេង ឆៃអ៊ៀង បក្សប្រឆាំងបែបចង់លក្ខបំបាំងអ្វីហើយមើលទៅបានខំចេញមកនិយាយការពារអ្នកបើកឡាន មិនឲសមត្តកិច្ចយកអ្នកបើឡានមកសាកសួរចម្លើយម្តងទៀត ព្រោះអ្នកបើកឡានឲតំណាងបក្សប្រឆាំងលោក គង់ សុភា ជាអ្នកនូវក្នុងការកើតហេតុរឿងពួកបាតុករវាយលោកតំណាងរាស្ត្រទាំងពីរូបឲមានរបួស ? សុំកុំភ្លេចថាគោលបំណងពួកបាតុកម្មគឹចង់ឲលោក កិម សុខា ចុះចេញពីតំណែងអនុប្រធានសភា ! តើចាំបាច់អីបានជាពួកបាតុករនាំគ្នាទៅវាយតំណាងរាស្ត្របក្សប្រឆាំងលោក គង់ សុភា ហើយនិងលោក ញ៉យ ចំរើន ឲមានរបួសស្នាន តើវាបានផលប្រយោជន៍ស្អីខ្លះទៅ ?ហើយពួកបាតុករម្តេចក៏មិនធ្វើទៅលើលោក កិម សុខា តែម្តងទៅ ចាំបាច់ជួញរឿងដាក់ខ្លួនធ្វើអី ? ទៅវាយអ្នកដែលគ្មានរឿងហេតុទាក់ទងអ្វីសោះ មកឲនាំទុក្ខដល់ខ្លួនបំណាច់ថានិងធ្វើគឹធ្វើឲចំទៅលើគោលដៅរបស់ខ្លួនមិនមែនតំណាងរាស្ត្រពីរនាក់នេះទេ
    គឹ កិម សុខា អែណោះទៅវិញទេតើដែលជាគោលដៅធំរបស់ក្រុមបាតុកម្ម ?