អង្គការ​សហប្រជាជាតិ​បារម្ភ​ពី​បរិយាកាស​នយោបាយ​ធ្លាក់​ចុះ​នៅ​កម្ពុជា​បច្ចុប្បន្ន

ដោយ ឡេង ម៉ាលី
2015-11-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

តវ៉ា​ប្រឆាំង​លោក កឹម សុខា ឲ្យ​ចេញ​ពី​តំណែង​រដ្ឋសភា ៦២០

ពលរដ្ឋ​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះចេញ​ពី​តំណែង​អនុប្រធាន​ទី១ រដ្ឋសភា នា​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Rann Samnang


អង្គការ​សហប្រជាជាតិ កំពុង​ព្រួយ​បារម្ភ​ពី​បរិយាកាស​នយោបាយ​ធ្លាក់​ចុះ​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន បន្ទាប់​ពី​កើត​មាន​អំពី​ហិង្សា​វាយ​ប្រហារ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា កាល​ពី​ថ្ងៃ​ទី​២៦ តុលា។ មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ការ​ស៊ើប​អង្កេត​កំពុង​បន្ត និង​មាន​ផ្លែផ្កា​ខ្លះ។

ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​មួយ​ច្បាប់ ដោយ​ចាត់​ទុក​បរិយាកាស​នៅ​ប្រទេស​កម្ពុជា ថា​ធ្លាក់​ដុនដាប​សម្រាប់​អ្នក​នយោបាយ និង​សកម្មជន​គណបក្ស​ប្រឆាំង។

សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៣០ តុលា ហើយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស បាន​សរសេរ​ពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ហេតុការណ៍ ដែល​ក្រុម​អ្នក​តវ៉ា​គាំទ្រ​រដ្ឋាភិបាល​នៅ​ភ្នំពេញ វាយ​ប្រហារ​ដោយ​ផ្ទាល់​មាត់ និង​លើ​រូប​រាង​កាយ​សមាជិក​សភា​របស់​គណបក្ស​ប្រឆាំង និង​គំរាម​ដល់​សុវត្ថិភាព​លំនៅឋាន​របស់​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា គឺ​លោក កឹម សុខា។ អង្គការ​សហប្រជាជាតិ ចាត់​ទុក​ទង្វើ​នេះ ថា​មាន​ចរិត​ជា​ការ​វាយ​ប្រហារ​មាន​ការ​រៀបចំ​ទុក។

ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ក៏​បាន​ទទួល​សេចក្ដី​រាយការណ៍​ថា នគរបាល និង​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល បាន​ឈរ​មើល នៅ​ពេល​ដែល​ការ​វាយ​ប្រហារ​នេះ​កើត​ឡើង ដែល​វា​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ការ​ឆ្លើយ​តប​របស់​ពួក​គេ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា ឬ​បាតុកម្ម រិះគន់​រដ្ឋាភិបាល​កន្លង​មក។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោ ខៀវ សុភ័គ មាន​ប្រសាសន៍​ថា លោក​មិន​គិត​ពី​បញ្ហា​លើក​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ ទេ៖ «គណៈកម្មការ​យើង​ខ្ញុំ​មិន​គិត​ថា វាយ​ប្រហារ ឬ​មិន​វាយ​ប្រហារ​អី​ទេ អ្វី​ដែល​យើង​ខ្ញុំ​ខិតខំ​ធ្វើ​នេះ គឺ​ស្វែង​រក​ជនល្មើស។ នរណា​ថា​អី​ថា​ទៅ ជា​សិទ្ធិ​របស់​គាត់។ អង្គការ​សហប្រជាជាតិ ឬ​នរណា​ក៏ដោយ វា​មិន​មែន​ថា​អ៊ីចឹង​ទៅ​ស្វែងរក​ជនល្មើស​បាន​ទេ សំខាន់​គឺ​ការ​បំផុស​ឲ្យ​ផ្ដល់​សាក្សី​ជា​កត្តា​បញ្ជាក់​ជា​ផ្លូវ​ការ។ រឿង​ថា ម៉េច​ក៏​មិន​មាន​អង្គការ​សិទ្ធិ​មនុស្ស​មក​ចូលរួម​ការ​ស៊ើប​អង្កេត អា​ហ្នឹង​ខ្ញុំ​គិត​ថា​មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​កម្ពុជា យើង​ជា​រដ្ឋ​អធិបតេយ្យ»

លោក​បញ្ជាក់​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ គណៈកម្មការ​ស៊ើប​អង្កេត​កំពុង​ស្វែងរក​កិច្ច​សហការ​ពី​ម្ចាស់​ហ្វេសប៊ុក (Facebook) នានា ដែល​បាន​បង្ហោះ​រូបភាព ឬ​វីដេអូ​បង្ហាញ​ពី​ភស្តុតាង​នៃ​ការ​វាយ​ប្រហារ​លើ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប ក្នុង​នោះ គណៈកម្មការ​ស៊ើប​អង្កេត ក៏​អញ្ជើញ​អ្នក​បើក​រថយន្ត​របស់​អ្នក​តំណាង​រាស្ត្រ គង់ សភា ឲ្យ​ផ្ដល់​ព័ត៌មាន​មួយ​រូប​ដែរ ប៉ុន្តែ​លើក​ទី​២ អ្នក​បើកបរ​រូប​នោះ មិន​ទាន់​បាន​អញ្ជើញ​ទៅ​ទេ ដោយ​ឲ្យ​មេធាវី​ទៅ​ជំនួស។

ចំពោះ​សំណួរ​ទាក់ទង​នឹង​រូបថត និង​វីដេអូ​របស់​យោធិន​មួយ​រូប ដែល​គេ​បង្ហោះ​ផ្សព្វផ្សាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ លោក ខៀវ សុភ័គ ថ្លែង​ថា មិន​ទាន់​យក​ជា​ការ​បាន​នៅ​ឡើយ​ទេ៖ «រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ថា​អ្នក​ណា​ជា​នរណា​ទេ មិន​ទាន់​អាច​ថា​បាន ប្រសិន​បើ​មិន​ទាន់​សាក្សី​ផ្ទាល់។ ឧទាហរណ៍​ថា យើង​ឃើញ​រូប​ហ្វេសប៊ុក ការ​ចោទ​ប្រកាន់​អាស្រ័យ​ទៅ​លើ​ភស្តុតាង​រឹង​មាំ​ច្បាស់លាស់​តាម​ផ្លូវ​ច្បាប់ រក​សាក្សី​ដើម្បី​បញ្ជាក់​ថា រូប​ហ្នឹង​ជា​រូប​គាត់​ផ្ទាល់»

ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស គូស​បញ្ជាក់​ថា សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សេរីភាព​បញ្ចេញ​មតិ គឺ​ជា​សិទ្ធិ​របស់​បុគ្គល​គ្រប់​រូប ដោយ​មិន​គិត​អំពី​គំនិត​នយោបាយ ឬ​គំនិត​ផ្សេង​ទៀត​ឡើយ។ សេចក្ដី​ថ្លែងការណ៍​សរសេរ​បន្ត​ថា វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​ថា បុគ្គល​ទាំង​ឡាយ​មិន​ត្រូវ​បាន​គេ​កំណត់​គោលដៅ សម្រាប់​និន្នាការ​នយោបាយ​របស់​ខ្លួន ឬ​សម្រាប់​ការ​សម្ដែង​មតិ​ជំទាស់​ឡើយ។

ថ្វី​បើ​ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ស្វាគមន៍​រដ្ឋាភិបាល​កម្ពុជា ដែល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ហេតុការណ៍​វាយ​ប្រហារ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​នោះ​ក្ដី ក៏​ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ បញ្ជាក់​ថា ដើម្បី​ឲ្យ​ជឿ​ទុក​ចិត្ត​បាន លុះត្រា​តែ​ការ​ស៊ើប​អង្កេត​នេះ ធ្វើ​ឡើង​ដោយ​ឯករាជ្យ មិន​លម្អៀង ធ្វើ​ដោយ​ហ្មត់ចត់ និង​ឆាប់​រហ័ស។ ជន​ណា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​នេះ ត្រូវ​តែ​បាន​នាំ​ខ្លួន​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់។

ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់​រាល់​វិធានការ​ចាំបាច់​នានា ដើម្បី​ធានា​សន្តិសុខ​របស់​អ្នក​តំណាង​រាស្ត្រ ដែល​ប្រជាពលរដ្ឋ​កម្ពុជា បោះ​ឆ្នោត​ឲ្យ​តាម​បែប​ប្រជាធិបតេយ្យ ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​របស់​ពួក​គេ​ទេ ហើយ​ក៏​ត្រូវ​ធានា​ដែរ​ថា កង​យោធពល​ខេមរភូមិន្ទ និង​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋ ត្រូវ​គោរព​ទាំង​ស្រុង​នូវ​ក្រម​សីលធម៌​សម្រាប់​មន្ត្រី​ប្រតិបត្តិ​ច្បាប់ តាម​សេចក្ដី​សម្រេច​ចិត្ត​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "អង្គការ​សហប្រជាជាតិ​បារម្ភ​ពី​បរិយាកាស​នយោបាយ​ធ្លាក់​ចុះ​នៅ​កម្ពុជា​បច្ចុប្បន្ន"

  1. ហ៊ុន​​ចន្ធ័រិទ បក្ស​​​ cpp says:

    តាមសង្កេតមើលអស់លោកកាន់អំណាចនៅស្រុកខ្មែរ​​​សព្វថ្ងៃ​​គ្មានអ្វីសំខាន់ឡើយ,សំខាន់ក្ដាប់អំណាចការពាពុករលួយភ្លាន់ទឹកដីរាស្រការពា​ឲ្យយួនអន្ដោស៍ប្រវាសឬឈ្មួញយួនមកបម្លាញជាតិ។ល។បើសិនបម្រើជាតិឬការពាជាតិគ្មានដល់តែសោះហើយចាំតែអុគឡុកនាក់ស្នេហាជាតិ។

  2. people says:

    king dom of veitcong’ all everything serve veitcong’ some of them real khmer but in the long term they becomr all youn’ .everything fake’ economy control by youn in the khmer name ‘,army control by youn in the khmer name only dump clown to the top but no brain. like heng sam rin parliament leader but so dump and veitcong push to top job and veitcong steering the king dom.GOD bless all cambodian people’