អ្នកកាសែត និងបុគ្គលិកអង្គការ១១នាក់ត្រូវចាប់ខ្លួន​

ដោយ៖​ លី បេឡា​ | ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015, 05:45 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

យ៉ាងហោចណាស់មានអ្នកសារព័ត៌មាននិងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលប្រមាណ១១នាក់ត្រូវបានចាប់​ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃអាទិត្យម្សិលមិញ ពាក់ពន្ធ័នឹងការចាប់ជម្រិត​ទារប្រាក់​ពីប្រជាពលរដ្ឋរកស៊ីដឹកទំនិញនិងដឹកកសិផល។

ស្នងការរងនគរបាលខេត្តកំពង់ធំ លោក លឹម ហេន ឲ្យដឹងថាកាលពីល្ងាចថ្ងៃទី១ ខែ​វិច្ឆិកា សមត្ថកិច្ចបាន​ចាប់ខ្លួនជនសង្ស័យ១១នាក់​ នៅក្នុងស្រុកប្រាសាទបាល័្លង្គ​ ខេត្តកំពង់ធំជាប់ព្រំប្រទល់​ខេត្តព្រះវិហារ។ លោកថាក្នុងនោះ៧នាក់ ជាអ្នកកាសែតរបស់សារព័ត៌​មាន​ជ័យជម្នះ​ថ្ងៃ៧មករានិងបុគ្គលិកអង្គការ​អភិ​រក្ស​ជល​ផល បរិស្ថាន សត្វព្រៃ និងព្រៃឈើដែលជាស្ថាប័នតែមួយ។ ចំណែក៤នាក់ទៀត លោកថាជាអ្នកសារ​ព័ត៌​មាននិង​បុគ្គលិក​អង្គការការពារធនធានធម្មជាតិ បរិស្ថាន អង្គការអភិរក្ស​ព្រៃឈើនិងអភិរក្សធនធាន​ធម្មជាតិនិង សហគមន៍អ្នកសារព័ត៌មានឃ្លាំមើលកម្ពុជា ។

លោក លឹម​ ហេន បន្ថែមថាការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានការដាក់ពាក្យបណ្ដឹងពីប្រជាពល​រដ្ឋនិង អាជ្ញាធរភូមិថាជនសង្ស័យទាំង១១នាក់នេះបានស្ទាក់និងចាប់ជម្រិត​ទារលុយពីប្រជាពលរដ្ឋ​ដែលដឹក​ទំនិញតា​មដងផ្លូវក្នុងស្រុកបាល័្លង្ក​ ។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក សុំ សាម៉េត ដែលជានាយកកាសែតជ័យជម្នះ​ថ្ងៃ៧មករានិងជាប្រធានអង្គការអង្គការ​អភិ​រក្ស​ជលផល បរិស្ថាន សត្វព្រៃ និង ព្រៃឈើដែលជាស្ថាប័នតែមួយបាន បដិសេធការចោទប្រកាន់នោះ។ លោកថាករណីនេះអាចជា​វិធីសាស្រ្តបំបិទភស្ដុតាងរបស់អាជ្ញាធរ ព្រោះកន្លងមក​សារ​ព័ត៌មាន​រប​ស់​លោកបានចុះផ្សាយទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃឈើរបស់ឈ្មួញនិង មន្រ្តីមាន​អំណាច​ក្នុង​ស្រុក​បាល្ល័ង្ក​នោះ។   លោក​មានប្រសាសន៍ថា​៖ “វាមិនមែនជាការពិតទេដែលថាជម្រិត​ជាលុយពីប្រជាពលរដ្ឋ តើគាត់ដឹកកសិផលពីការប្រមូល ព្រៃឈើ ឬក៏គាត់ដឹកស្រូវអង្ករឬយ៉ាងម៉េច ខ្ញុំនឹងធ្វើសេចក្ដីថ្លែងការណ៍មួយ បើសិនជាគាត់ប្រព្រឹត្តបទល្មើសសុំឲ្យ​ស្ថាប័នពាក់ពន្ធ័ ចុះស៊ើបអង្កេតពាក់ពន្ធ័ពីរឿងថាតើអ្នកកាសែតហ្នឹងគាត់បានប្រព្រឹត្តអ្វីខ្លះ ហើយគាត់អ្នករកស៊ីហ្នឹងគាត់រកស៊ីអីពិតប្រាកដ”។​

មន្រ្តីសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រចាំខេត្តកំពង់ធំ លោក ញ៉ុង សាមឿន មានប្រសាសន៍ថាបើសិន​បើអ្នកកាសែតគាត់ពិតជាបានយកលុយពីគេមែនវាពិតជាខុសនឹងវិជ្ជាជីវៈ ហើយសមត្ថកិច្ចអាចស៊ើបអង្កេតពីបញ្ហានេះឬក៏អាចចាប់ខ្លួនភ្លាមៗ។ លោក​មានប្រសាសន៍ថា៖ “ចំពោះការចុះស៊ើបអង្កេត ចំពោះគាត់ជាអ្នកសារព័ត៌​មានហើយចុះទៅគំរាមកំហែងគេ យកលុយយកអីគេ អាហ្នឹងខុសវិជ្ជាជីវៈហើយ បាទគេចាប់ហើ​យ គឺអត់មានអីខុសទេ ព្រោះនេះជាបទល្មើសជាក់ស្ដែងព្រោះសមត្ថកិច្ចគេមានពីរនីតិវិធី ចាប់បទល្មើសជាក់ស្ដែងនិងប្រយោល”។​

គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញាកន្លងទៅអ្នកសារព័ត៌មានទូរទស្សន៍ប៉ុស្ដ៍លេខ៩  ឈ្មោះ ធុល ហុកលី ត្រូវបានចាប់ខ្លួនដោយអង្គភាព​ប្រឆាំងអំពើរពុករលួយ។ ក្រោយមកតុលាការ​ខេត្តកំពតបានកាត់ទោសដាក់ពន្ធរយៈពេល២ឆ្នាំ ពីបទជម្រិត​ទារប្រាក់ពីអភិបាលរងខេត្តកំពត៕

សរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com

What Next?

Recent Articles

One Response to "អ្នកកាសែត និងបុគ្គលិកអង្គការ១១នាក់ត្រូវចាប់ខ្លួន​"

  1. Bol says:

    រឿងនេះ យើងគិតថា ម្នាក់ៗ មិនថាសមត្ថកិច្ច មិនថាអ្នកកាសែត មិនថាអង្គការទេ គឺសុទ្ធចង់ទទួលបានផលប្រយោេជន៍ដូចគ្នាពីកំហុសរបស់អ្នករកស៊ី។ តែអ្វីដែលសំខាន់ ត្រង់ដែលថា សមត្ថកិច្ចមានសិទ្ធិចាប់ចង ឯអ្នកកសែតមានសិទ្ធិស្រែក ហើយពួកអង្គការមានសិត្ធធ្វើរបាយការណ៍។
    តែទោះយ៉ាងណា ក៏រាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់់លើការប្រើអំណាចរបស់សមត្ថកិច្ចផង។
    ប្រជាជនចង់ឃើញរាជរដ្ឋាភិបាលមានសមត្ថភាព និងមានឆន្ទៈរៀបចំសង្គមល្អ បង្ក្រាបរាល់បទល្មើសដែលបំផ្លាញទ្រព្យសម្បត្តិជាតិ។
    ដូចនេះ សុំរាជរដ្ឋាភិបាលមើលផង រឿងនេះ កុំឲ្យអ្នកការពារជាប់គុក ឯក្រុមល្មើសកាន់តែមានកម្លាំង។
    បើបណ្តែតបណ្តោយអ្វីដែលកំពុងមាននេះ រាជរដ្ឋាភិបាលគណបក្សប្រជាជនអាចនឹងមានថ្ងៃ ហាលអាវហើយ៕
    នេះ យើងគ្រាន់តែសុំព្រមាន ព្រោះយើងក៏បម្រើបក្សដែរ។