ដោយ៖ ទូច សុភាត់ | ថ្ងៃអង្គារ ទី3 វិច្ឆិកា 2015
http://vodhotnews.com
ប្រធានគណបក្សនិងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក គង់ គាំ បានប្រកាសចូលនិវត្តន៍ពីការងារព្រឹទ្ធសភានិងដកឃ្លាពីមេដឹកនាំម្នាក់របស់គណបក្សប្រឆាំង ដោយសារបញ្ហាសុខភាព។
បណ្ដាញសង្គមរបស់លោក គង់ គាំ កាលពីថ្ងៃទី ០២ ខែវិច្ឆិកា បានបង្ហោះលិខិតមួយនិយាយពីការសុំចូលនិវត្តន៍ពីការងារព្រឹទ្ធសភា និងពីតំណែងមេដឹកនាំគណបក្សសម រង្ស៊ី ក្រោមហេតុផលសុខភាពមិនរឹងមាំនិងមានវ័យចាស់ជរា។
នៅព្រឹកថ្ងៃអង្គារនេះ វីអូឌី(VOD)មិនអាចសុំការបំភ្លឺពី លោកគង់ គាំ ជុំវិញករណីចូលនិវត្តន៍របស់លោកបានទេ ដោយលោកជាប់រវល់ទៅសួរសុខទុក្ខកូនប្រុសរបស់លោក ដែលជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ គឺលោក គង់ សភា ដែលកំពុងសម្រាកព្យាបាលជំងឺនៅប្រទេសថៃ ក្រោយពីត្រូវបានវាយដំកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៥។
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ចេប គីមអ៊ាង បានឲ្យដឹងថាការចូលនិវត្តន៍របស់លោកគង់ គាំ គឺជារឿងដែលលោកគ្រោងនឹងធ្វើតាំងពីឆ្នាំ២០១៤។ ប៉ុន្ដែលោក គង់ គាំ ទើបតែប្រកាសចូលនិវត្តន៍នេះគឺដើម្បីឲ្យស្របជាមួយខួប២០ឆ្នាំរបស់គណបក្សសម រង្ស៊ី។ លោក ចេប គីមអ៊ាងបន្ដថា៖ “ទីមួយរឿងបញ្ហាវ័យរបស់គាត់ជាង៧០ឆ្នាំ ទីពីរបញ្ហាសុខភាព ទីបីគាត់ជាអ្នកប្រជាធិបតេយ្យ គាត់គិតថាចង់ទុកលទ្ធភាពឲ្យក្មេងជំនាន់ក្រោយដែលគេមានកម្លាំង គេមានបញ្ញា មានស្មារតីដើម្បីចូលរួមក្នុងការដឹកនាំប្រទេស”។
លោក ចេប គីមអ៊ាង បានឲ្យដឹងទៀតថាក្រោយពេលនិវត្តន៍ លោក គង់ គាំ នឹងក្លាយជាឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិហើយគាត់នឹងជួយគ្រប់សកម្មភាពនយោបាយរបស់គណបក្សសង្គ្រោះជាតិ។ លោក គីមអ៊ាង បន្ដថាគណបក្សសម រង្ស៊ី បានរៀបចំអ្នកបន្ដតំណែងពីលោក គង់ គាំ រួចជាស្រេចហើយ នោះគឺលោក ទាវ វណ្ណុល អនុប្រធានគណបក្សសម រង្ស៊ី ដែលលោកនឹងឡើងធ្វើជាប្រធានគណបក្សនិងប្រធានគណៈកម្មាការទីមួយព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នៅដើមឆ្នាំ២០១៦ខាងមុខនេះ។
សាស្ត្រាចារ្យនយោបាយ លោក សូ ចន្ថា យល់ឃើញថាការចូលនិវត្តន៍របស់លោក គង់ គាំ គឺដោយសារតែលោកមានវ័យជរាដែលអាចមានបញ្ហាសុខភាព ។ ម្យ៉ាងវិញទៀត លោក សូ ចន្ថាយល់ថាវាជាសារនយោបាយសម្រាប់ថ្នាក់ដឹកនាំកម្ពុជាដែលនៅក្រាញអំណាចដែលមិនព្រមបើកផ្លូវឲ្យមនុស្សជំនាន់ក្រោយដែលមានសមត្ថភាពដឹកនាំប្រទេស។
លោក សូ ចន្ថា លើកឡើងថាការប្រកាសចូលនិវត្តរបស់លោក គង់ គាំ គឺជាបញ្ចប់ជីវិតនយោបាយរបស់លោក។ លោកថា៖ “ជាទូទៅប្រសិនបើអ្នកនយោបាយចាស់ទុំប្រកាសចូលនិវត្តហើយ គាត់មិនអាចទៅកាន់តំណែងណាមួយតទៀតទេ ពីព្រោះយើងឃើញថា នៅក្នុងគណបក្សសង្គ្រោះជាតិ មានតួអង្គច្រើន ដែលយើងឃើញមានលោក សម រង្ស៊ី លោក កឹម សុខា និងអ្នកមួយចំនួនទៀត ប្រសិនបើគាត់ទៅសង្គ្រោះជាតិមិនមានតួនាទីណាមួយ តែអាចមានប្រធានកិត្តិយស ប៉ុន្ដែការប្រកាសចូលនិវត្តន៍របស់គាត់មានន័យថាគាត់បានបញ្ចប់ជីវិតនយោបាយខ្លួនគាត់រួចហើយ”។
ដោយឡែក សាស្ត្រាចារ្យនយោបាយ លោក សាមិន្ទ ចម្រើនជ័យ យល់ឃើញថាអាចមាន ផលនៅពីក្រោយការប្រកាសចូលនិវត្តន៍របស់លោក គង់ គាំ។ លោកយល់ថាវ័យរបស់លោកគង់ គាំ មិនមែនជាវ័យដែលត្រូវលាឈប់ពីឆាកនយោបាយនោះទេ។ លោកថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថា គាត់អាចមានការសង្វេគ និងអស់សង្ឃឹមនៅក្នុងគណបក្សរបស់គាត់ក៏បានដែរ ពាក់ព័ន្ធទៅនឹងបញ្ហាផ្ទៃក្នុង ការរួមសាមគ្គី ឬក៏រឿងទាក់ទងទៅនឹងការគោរព គ្នាទៅវិញទៅមកនៅក្នុងគណបក្ស អ្វីដែលជាការសង្កេតរបស់ខ្ញុំគឺលោក គង់ គាំថ្វីត្បិតតែគាត់ជាប្រធានគណបក្សសម រង្ស៊ី ក៏ពិតមែន ប៉ុន្ដែគាត់ហាក់មិនមានអ្វីលេចធ្លោរនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន”។
លោក សូ ចន្ថា និងលោក សាមិន្ទ ចម្រើនជ័យ យល់ឃើញដូចគ្នាថាគណបក្សសម រង្ស៊ី ដែលមានជាធរមានសព្វថ្ងៃនេះគ្រាន់តែដើម្បីថែរក្សាតំណែងក្រុមប្រឹក្សាឃុំសង្កាត់ប៉ុណ្ណោះ ហើយគណបក្សនេះនឹងត្រូវរលាយជាស្វ័យប្រវត្តិនៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះ៕
សរសេរមកកាន់ ទូច សុភាត់ តាមរយៈ sophorth@vodhotnews.com

គួរអាណិត លោកព្រឹទ្ធាចារ្រណាស់ និងសូមសរសើរដល់ស្មារតីស្នេហាជាតិបំរើជាតិរបស់លោក សូមលោកមានព្រះជន្មាយុយឺនយូរសុខភាពល្អដើម្បីជាគតិដល់ក្មេងសារក្រោយ និងសូមអោយបុត្ររបស់លោកឆាប់បានជាសះស្បើយ
សូមគាេរពនិងសរសេីរការលះបង់របស់លាេកអ៊ំសំរាប់ប្រទេសជាតិកន្លងមកជួនពរលាេកអ៊ំនិងគ្រួរសារ
លាេកអ៊ំឲ្យទទួលជាេគជ័យរាល់ការងារទាំងអស់។សូមជួយរក្សារពួជមួយនេះឲ្យបានអង់វង្សផងណា
លាេកអ៊ំដេីម្បីប្រទេសជាតិខ្មែរយេីងទៅថ្ងៃខាងមុខ(ខ្ញំជាប្រជាពលរដ្ធធម្មតាគ្មានអ្វីជួយទេមានតែទឹក
ចិត្តនិងជួនពរពីចំងាយតែប៉ុណ្ណាេះ)។