លោក វ៉ា គឹមហុង ថា​ការអះអាង​របស់​វៀតណាម​ក្នុងការគ្រប់គ្រងដីតំបន់ដាក់ដាំមិនសមរម្យ​

ដោយ៖​ ស៊ុន ណារិននិង​ណាត សុភាព​​ | ថ្ងៃអង្គារ ទី3 វិច្ឆិកា 2015, 04:23 PM
http://vodhotnews.com


ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង កាលពីកន្លងទៅ (រូបថ​ត​ដោយ​ ទេព សូនី​)


មន្រ្តីកិច្ចការព្រំដែនកម្ពុជា​បាន​អះអាង​ថា​ខ្លួន​នឹង​បន្តជជែកជាមួយ​វៀតណាម ​ករណីមន្រ្តីការបរទេសវៀតណាម​លើកឡើង​ថា​ដីនៅតំបន់ដាក់ដាំដែលកំពុងចម្រូងចម្រាស ជារបស់វៀតណាម ហើយ​​ថា​កម្ពុជា​មាន​សេចក្តីសម្រេចរបស់អគ្គទេសាភិបាល​បារាំង​ឆ្នាំ​១៩១៤ ជាភស្តុតាងបញ្ជាក់ថាដីនោះជា​របស់កម្ពុជា។​ ​

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង លើក​ឡើងបែប​នេះ​ជា​ការ​ឆ្លើយ​តបនឹង​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម ​លោក Le Hai Binh ដែលបាន​អះអា​ងកាលពីថ្ងៃ​ចន្ទ​ថា​ភាគីវៀតណាម​មានឯកសារគ្រប់គ្រាន់​​ក្នុង​កា​រ​គ្រប់គ្រ​ងដី​​នៅ​ដាក់​ដាំក្នុង​​ខេត្តមណ្ឌលគិរី ដែលរដ្ឋាភិបាលកម្ពុជា​កំពុ​ងតែ​​បា​រម្ភថា​នឹង​បាត់បង់ដីនៅតំបន់​​នោះ។​ ​

លោក Le Hai Binh ប្រាប់អ្នក​សារព័ត៌មានក្នុងប្រទេស​វៀតណាមបែបនេះជា​ការឆ្លើយ​តបនឹង​លោក នាយករដ្ឋម​ន្រ្តី​ ហ៊ុ​ន សែន ដែល​​បាន​ទម្លាយ​កាលពីថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ ថា​ភាគីវៀតណាម​បាន​សុំចែកទឹកដីនៅតំបន់ដាក់ដាំដាក់ហ៊ូត​​៥១គីឡូ​ម៉ែ​ត្រ​ការ៉េ។ លោក ហ៊ុន សែន បាន​​ថ្លែងថា៖ “វៀតណាម​ដំបូង គេបន្ថយ​ជំហរ ឥឡូវសុំចែកគ្នា អាហ្នឹង​ក្រៅផ្លូវការទេ គេថាសុំចែកគ្នា គេឲ្យយើង៤០ភាគរយ គេយក​៦០ភាគរយ​ ខ្ញុំថា​អត់ទេ ខ្ញុំត្រូវការទាំងអស់ហ្មង​ ព្រោះ​ដីដូន​តាខ្ញុំ​”។​

សារព័ត៌មានវៀតណាម​www.vietnamplus.vnបានដកស្រង់សម្តី​របស់លោក Le Hai Binhថាប្រទេស​វៀត​​ណាម​មាន”អធិបតេយ្យ​ភាព​ពេញលេញ”​ទៅលើដីនៅតំបន់ព្រំដែន​ដាក់ដាំក្នុងខេត្ត​ដាក់ណងនៃប្រទេស​​វៀតណាម​ ដែលជាប់នឹង​​ព្រំដែន​ខេត្តមណ្ឌលគិរីនៃ​ប្រទេស​កម្ពុជា។ នៅពេលអ្នក​សារព័ត៌មានសួរពីការលើកឡើងរបស់លោក ហ៊ុន សែន លោក Le Hai Binh បាន​ឆ្លើយ​តប​ថា​​ភាគីវៀតណាមកំពុង​តែ​ផ្ទៀងផ្ទាត់នូវ​ការ​អះអាង​នេះ។​

លោក វ៉ា គឹមហុង ប្រាប់វីអូឌី(VOD)នៅថ្ងៃអង្គារនេះថាបើ​តាមឯកសាររបស់អគ្គទេសសាភិបាលបារំាង ដីនៅតំបន់នោះជារបស់កម្ពុជា។ លោក​មាន​ប្រសាសន៍ថា៖ ”យើងមានសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារំាងឆ្នាំ១៩១៤ ដែលបញ្ជាក់ថាខ្សែព្រំដែននៅតំបន់នោះដើរតាមតំបន់ព្រែកដាក់ហ៊ូត រហូតដល់ព្រែកនេះទៀតផង ដូច្នេះវាច្បាស់ហើយ។ រួចសេចក្តីសម្រេចរបស់ទេសា​ភិបាលបារំាង​នៅជំនាន់នោះ ជំនាន់អាណា​និគម វាជាច្បាប់ ដល់មានច្បាប់ពីប្រទេសបារំាងយកទៅសម្រេចកាត់ដីតំបន់​ដាក់ដំា ដាក់ហ៊ូតវាជារបស់កម្ពុជារួចទៅហើយ ដូច្នេះយកតែសេចក្តីសម្រេចឆ្នាំ១៩១៤ យកមកជាអំណះអំណាងច្បាប់រឹងមំារបស់យើង”

លោក​បន្ត​ថា​ភាគីវៀតណាមកំពុង​រំលោភ​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដែលប្រទេសទាំងពីរ​បាន​ធ្វើ​ជាមួយគ្នា។ លោក​មានប្រសាសន៍​ថា​៖ “ខ្ញុំសូម​បញ្ជាក់ថា​អ្នក​នាំពាក្យ​វៀតណាម​ដែលគាត់​លើក​ឡើង​ហ្នឹង​ វា​មិន​សមរម្យ​ទេ បើតាមមតិខ្ញុំ។ រឿងអ្វីបាន​មិនសមរម្យ​ ព្រោះថាពេល​​យើងចរចា​ធ្វើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ មាន​វាក្យ​ខណ្ឌមួយ​ និយាយ​យ៉ាងច្បាស់ថា​ បើ​តំបន់នោះ​មិនទាន់បានឯក​ភាពគ្នា​ ភាគីទាំងពីរ​បន្ត​ការចរចា ដើម្បីរកដំណោះស្រាយនៅតំបន់ដែល​នៅ​ប្រទាញប្រទង់គ្នា ដាក់ដាំ ដាក់ហ៊ូតហ្នឹង។ ដូច្នេះតាំងពី​២០០៥ គេទទួលស្គាល់ថាមានការ​ប្រទាញប្រទង់ ហេតុនេះហើយ​មិនទាន់បានដាច់ស្រេច ហើយ​ឥឡូវអំណះអំណាងថា​ជារបស់គាត់ ​ពេញសិទ្ធិ​របស់គាត់ វាអត់ត្រឹមត្រូវ តាមច្បាប់​”។

នៅពេលសួរថាតើរដ្ឋាភិបាលកម្ពុជា​មានគម្រោងប្តឹងទៅតុលាការអន្តរជាតិករណីនេះ លោក វ៉ា គឹមហុង បាន​ឆ្លើយថាកម្ពុជាមិនមានគម្រោងប្តឹងនោះទេ ដោយ​ថានឹងយកករណីនេះបន្តជជែកជាមួយភាគី​វៀតណាមនៅពេលឆាប់ៗនេះ។

បើ​តាម​លោក ហ៊ុន សែន សេចក្តីសម្រេច​របស់អគ្គទេសាភិបាល​បារាំងឆ្នាំ១៩១៤ បាន​ចែងថា​ព្រំដែនកម្ពុជា​វៀតណា​មត្រូវដើរ​តាម​ព្រែកដាក់​ហ៊ូត​ ប៉ុន្តែ​លោក​ថា​ផែនទីដែល​បារាំងគូសឲ្យ​ ដើរ​តាម​ព្រែកដាក់ដាំ ដែល​​លោ​ក​ថា​នឹង​​នាំ​ឲ្យកម្ពុជា​បាត់បង់​ទឹកដី៥១គីឡូម៉ែត្រ។​ ប៉ុន្តែ​លោក​ថា​លោក​នឹង​តស៊ូ ដើម្បី​បាន​ទឹក​ដីទាំងនោះ។ លោក ហ៊ុន សែន បន្ត​ថា​ការ​ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ​នឹងមិនអាច​ឲ្យ​កម្ពុជា​ឈ្នះនោះទេ។ លោក​បានថ្លែងថា​៖ "សុខចិត្តឈឺចាប់ខ្លួន​ឯង ដើម្បី​ការពារទឹកដី​ ឲ្យ​គេជេរអីជេរទៅ ប៉ុន្តែឥឡូវខ្ញុំលែងទូលផែនដីនេះខ្លួនឯង លែងរួចហើយ​ បក្ស​ប្រឆាំងអ្នកបំផ្លាញ”។​

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន​ ដែល​អះអាង​ថា​កម្ពុជា​បាត់បង់ដីទៅវៀតណាម មាន​ប្រសាសន៍ថា​បើតាមផែនទី​ដែលលោកទទួលបានពីអង្គការសហប្រជាជាតិ ខ្សែបន្ទាត់ព្រំដែនខ្លះ​​ដើរតាម​ព្រែក​ដាក់​ដាំ​និង​ខ្លះទៀត​ដើរតាមព្រែកដាក់ហ៊ូត​ ប៉ុន្តែ​លោក​ថា​កម្ពុជា​អាច​ប្រើសេចក្តីសម្រេច​របស់អគ្គទេ​សាភិ​បាលឥណ្ឌូចិនឆ្នាំ​១៩១៤ មក​ដោះស្រាយជាមួយភាគីវៀតណាម ដែលសម្រេចថា​​ខ្សែបន្ទាត់ព្រំដែន​ទាំង​អស់​​ត្រូវ​​ដើ​រតាមព្រែកដាក់​ហ៊ូត​។​ លោក​បន្ត​ថា​ត្រូវតែ​មាន​ការគូសផែនទីឬកំណត់ព្រំដែន​​ឡើងវិញ ឲ្យ​ដើ​រ​​តាមព្រែក​ដាក់ហ៊ូត ​តាមសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង។

លោក​មានប្រសាសន៍ថា៖ “ដោយសារអ្នក​បច្ចេកទេសបារាំង គាត់​គូសផែនទី​ហ្នឹង​មិនបានមើលទៅតាមសេចក្តីសម្រេច​របស់​អគ្គទេសាភិបាលបារាំង​ប្រចាំនៅឥណ្ឌូចិន ដូច្នេះ​ត្រូវគូសផែនទីឬកំណត់​ព្រំដែនសាឡើងវិញ ទៅតាមព្រែកដាក់ហ៊ូត មិនមែនដើរ​ព្រែកដាក់ដាំទេ។ អញ្ចឹង​ការទាមទារ​របស់​រដ្ឋាភិបាគឺការត្រឹមត្រូ​វ​ហើយ ដែលយើងមិ​នត្រូវចែកដីហ្នឹងជាមួយ​យួនហ្នឹង​​”

លោក​ អ៊ុំ សំអាន បន្ត​ថា​តាមការចុះទៅមើលតំបន់ជាក់ស្តែង ប៉ុស្តិ៍ព្រំដែនរបស់កម្ពុជា​ស្ថិត​នៅត្រង់ព្រែក​ដាក់ដាំ មិនទាន់ទៅ​ដល់​ព្រែកដាក់ហ៊ូត​នោះទេ ប៉ុន្តែ​លោក​ថា​​វៀត​ណា​មបានស្ថាបនា​ផ្លូវជាបន្ត​បន្ទាប់​​មក​ជា​ប់​​នឹង​ព្រែ​​កដាក់ដាំហើយ។ លោក​ចាត់ទុក​ការស្ថាបនាផ្លូវនេះជា​ការ​​រំលោភកិច្ច​ព្រមព្រៀងកម្ពុជា​វៀតណាម ឆ្នាំ​១៩៩៥ ដែលមិនឲ្យ​សាង់សង់អ្វីថ្មីនៅតំបន់ដែលមិន​ទាន់​បោះបង្គោលព្រំដែន​។​

លោក អ៊ុំ សំអាន បន្ថែម​ថា​៖ “ប្រសិន​បើ​អត់មាន​ដំណោះស្រាយ លោក ហ៊ុន  សែន ​ត្រូវ​ប្តឹងករណីហ្នឹង​ទៅតុលាការយុត្តិធម៌អន្តរជាតិ​(ICJ)នៅទីក្រុងឡាអេ”។ លោក​បន្ត​ថា​ភាគីកម្ពុជា​ក៏អាច​ប្តឹងទៅប្រទេសហត្ថ​លេ​ខី​នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ​១៩៩១ផងដែរ ដោយ​សារវៀតណាម​ជាភាគីមួយនៃកិច្ចព្រមព្រៀងនេះ៕​

សរសេរមកកាន់លោក ណាត សុភាព តាមរយៈsopheap@vodhotnews.com និង​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com 

What Next?

Recent Articles

7 Responses to "លោក វ៉ា គឹមហុង ថា​ការអះអាង​របស់​វៀតណាម​ក្នុងការគ្រប់គ្រងដីតំបន់ដាក់ដាំមិនសមរម្យ​"

  1. Anonymous says:

    មិនមែន មិនសមរម្យ ទេ គឺ ឈ្លានពាន !

  2. ?? says:

    Cambodia have to be strong other wide the Viet take our land piece by piece until it over. after they used policy to murder our people now they want the whole country. we knew they took a lot of our land and a few island which is about 1/4 of our country. look the island that they having problem whit China . their people protest again Chinese burn Chinese manufacture kill some Chinese that working there. their military was fighting whit Chinese navy some time . how about our country do we want to be quite dose not matter if they take our land . friendship is not that way this friend was having a lot of question to ask. expressly to CPP is that a million years friendship of HUN SEN was always that good

  3. ភ្នំ says:

    វ៉ា គីមហុង ធ្លាប់ប្រាប់កសិករខ្មែរតាមព្រុំដែនថា៖ បើមិនឲ្យពួកបច្ចេកទេសគេបោះបង្គោលលើស្រែខ្លួន ចឹងមានតែធ្វើស្រែលើមេឃទៅ ប៉ុន្ដែឥឡូវចោរយួនឈ្លានពានយកដីនៅដាក់ដាំ ​បែបជាប្រើពាក្យដ៏ពិរោះ ដាក់ទមីឡយួនទៅវិញ ” មិនសមរម្យ”។

    ហ៊ុន សែនក៏បានអួតក្ដែងៗណាស់ដែរថា៖ មិនឲ្យបាត់ទឹកដីសូម្បីតែមួយចង្អាមក៏គ្មានផង ដល់មកឥឡូវ ទមីឡចោរយួនបានច្បាមយកចំនួន ៥១ គីឡូម៉ែត្រការ៉េ មិនហ៊ានតវ៉ាតាម ផ្លូវច្បាប់អន្ដរជាតិទេ សុខចិត្ដ ឈឺក្នុងបេះដូងខ្លួនឯង ឲ្យកូនខ្មែរជេរគ្រប់ជំនន់ចុះ។ ម្នៀលទាំងពីរក្បាលនេះចំជាកំខ្សោយម្លេះ?ខ្លាំង ណាស់ហើយកាចសហាវបំផុតជាមួយតែប្រជារាស្ដ្រខ្មែរស្លូតត្រង់ខ្លួនឯង ប្រើសុទ្ធតែកណ្ដាប់ដៃដែកឬក្រុម
    ជនបាតដៃទីបីមកកាប់សម្លាប់គ្មានត្រាប្រណីចំពោះខ្មែរគ្នាឯង។

    បើល្អម្លឹងៗដល់ចោរយួន ហើយមិនហ៊ានធ្វើការជូនជាតិទេ ល្មមប្រកាសលាឈប់ពីមុខដំណែងទៅ កុំឲ្យ ប្រជារាស្ដ្រខ្មែរធ្វើបាតុកម្មបណ្ដេញចេញពីកៅអីទាន់។ ហើយកុំប្រើពាក្យថា៖ បាតុកម្មមិនស្របច្បាប់!

  4. ភ្នំ says:

    This border issue the military general such as Kon Kim should be gathering his soldiers to protest a long the border line and show off his ability to protect the Cambodian land.

  5. ទស្សនវិទ្យា says:

    បេីទុកនៅមិនចំនេញដល់រាស្រ្តខ្មែរនិងនាំឲ្យរាស្រ្តខ្មែរក្តៅក្រហាយដដែលទុកធ្វេីអីសីុបាយខ្មែរអត់

    ប្រយាេេជន៏។ល្មមៗបានហេីយប្រជាជនមិនខ្លាចនិងល្ងង់ដូចតាចាស់អែងទេ,ប្រជាជនហ៊ានងេីបប្រឆាំង

    និងតស៊ួរជាមួយអារចាេរយួនទាេបីស្លាប់ឬមានសង្រ្គាមជាមួយយួនក៏មិនខ្លាចដែរ,ចុះតាចាស់អែងហ៊ាន

    ទេ????????????ការស៊ួរទ្រាំមានកំណត់,ទីណាមានការជិះជន់ទីនាេះតែងមានការរេីបំរាស់,ទីណាមាន

    ការរំលាេភបំពានទីនាេះតែងមានការប្រឆាំងតបត។

  6. Khmer says:

    ឡប់

  7. ឆ្មាខ្មៅ says:

    នេះជាល្បិចយួននិងCPP ដោយអោយយួនលេងស្ទីលជាចង់បានតំបន់ដាក់ដាំនិងដាក់ហ៊ូតហើយCPPធ្វើជាតវ៉ាយកតំបន់ទាំងនេះមកវិញដើម្បីបំភ័នភ្នែករាស្រ្តថាខ្លួនខំការពារទឹកដីសម្បើមណាស់ ហើយវឹលមកគាំទ្រCPPវិញ។ ល្បិច់្អតែរាក់ណាស់!