សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​ចាប់​ជន​វ៉ៃ​តំណាងរាស្ត្រ

លោក កឹម សុខា និង​មន្ត្រី​មួយ​ចំនួន​ទៀត​​កំពុង​សួរ​សុខទុក្ខ​លោក គង់ សភា​។ រូបថត ហ្វេសប៊ុក

លោក កឹម សុខា និង​មន្ត្រី​មួយ​ចំនួន​ទៀត​​កំពុង​សួរ​សុខទុក្ខ​លោក គង់ សភា​។ រូបថត ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​មក​​ដល់​កម្ពុជា​វិញ​នៅ​យប់​នេះ​បន្ទាប់ពី​ឆៀង​ចូល​សួរ​សុខទុក្ខ​​តំណាង​រាស្ត្រ​​ពីរ​រូប​ដែល​​ស្ថានភាព​របួស​នៅ​តែ​ធ្ងន់ធ្ងរ​ហើយ​កំពុង​បន្ត​សម្រាក​ព្យាបាល​​នៅ​ទីក្រុង​បាងកក​ខណៈ​ដែល​គណៈកម្មការ​ស៊ើបអង្កេត​មួយ​បង្កើត​ឡើង​ដោយ​ក្រសួង​មហាផ្ទៃ​នៅ​តែ​ពុំ​ទាន់​អាច​ចាប់​ខ្លួន​ជន​សង្ស័យ​ណា​ម្នាក់​​ដែល​វ៉ៃ​ដំ​ទៅ​លើ​អ្នក​តំណាងរាស្ត្រ​ទាំង​ពីរ​រូប​​​នេះ​នៅ​ឡើយ​។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​ថា​លោក សម រង្ស៊ី ប្រធាន​គណបក្ស​នឹង​ជិះ​យន្តហោះ​ពី​បារាំង​ទៅ​សួរ​សុខទុក្ខ​លោក ញ៉យ ចំរើន និង​លោក គង់ សភា នៅ​ថៃ​មុន​ពេល​​​ត្រឡប់​មក​​​កម្ពុជា​វិញ​នៅ​ថ្ងៃ​នេះ​នៅ​​ម៉ោង ៧ នឹង ៣០ នាទី​យប់​។ លោក​​បាន​ឲ្យ​ដឹង​ថា​តំណាង​​រាស្រ្ត​ទាំងនេះ​នៅ​តែ​ស្ថិត​ក្នុង​ស្ថានការណ៍​ធ្ងន់ធ្ងរ​បន្ទាប់ពី​ការ​វះកាត់​។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ទើប​តែ​ត្រូវ​បាន​​តំណាងរាស្ត្រ​ឯក​បក្ស​បោះឆ្នោត​ដក​ចេញ​ពី​​អនុប្រធាន​ទី ១ រដ្ឋសភា​ក៏​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ​ថា​បើ​​ទោះ​បី​ជា​​តំណាងរាស្រ្ត​ទាំង​ពីរ​រូប​បាន​វះកាត់​រួច​ហើយ​ក៏ដោយ​ប៉ុន្តែ​ជំងឺ​នៅ​តែ​ធ្ងន់ធ្ងរ​។ លោក​បន្ត​ថា៖ «​តំណាង​រាស្រ្ត​ទាំង​ពីរ​ត្រូវ​តែ​បន្ត​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ទៀត»។

ទាក់ទង​នឹង​ការ​ស៊ើបអង្កេត​រក​ជន​ដៃដល់ និង​អ្នក​នៅ​ពី​ក្រោយ​ការ​វ៉ៃ​អ្នក​តំណាង​រាស្ត្រ​ទាំង​នេះ​វិញ​លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ខណៈ​​ដែល​​នគរបាល​កំពុង​ទទួល​បាន​តម្រុយ​ជាច្រើន​ដើម្បី​ចាប់​​ខ្លួន​អ្នក​វាយប្រហារ​គណៈកម្មការ​នេះ​ក៏​បាន​កោះ​អ្នក​បើកបរ​រថយន្ត​ឲ្យ​លោក គង់ សភា មក​ធ្វើការ​សាកសួរ​ម្តង​ទៀត​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​ករណី​អំពើ​ហិង្សា​នេះ​។

លោក​បន្ត​ថា​ នគរបាល​បាន​ទៅ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​នៅ​កន្លែង​កើត​ហេតុ​នៅ​រដ្ឋសភា​តាម​បច្ចេកទេស​។

លោក​ថ្លែង​ថា៖ «​យើង​ត្រូវការ​កិច្ចសហការ​។ យើង​ក៏​បាន​​ទទួល​រូប​ថត​ពី​ហ្វេសប៊ុក​ហើយ​​យើង​មាន​រូប​ថត​ខ្លះ​ផង​ដែរ។ យើង​​មាន​​តម្រុយ​មួយ​ចំនួន​រួច​ហើយ​ប៉ុន្តែ​យើង​ត្រូវ​ប្រមូល​ភ័ស្តុតាង​បន្ថែម​ទៀត​»។

ទាក់ទង​នឹង​រូបថត​នៃ​ការ​វាយប្រហារ​​ត្រូវ​បាន​គេ​បង្ហោះ​តាម​​ហ្វេសប៊ុក​លោក​ ច័ន្ទថារិទ្ធ បាន​​​បញ្ជាក់​​ថា​រូបថត​ទាំងនោះ​មិនមែន​ជា​រូបថត​ស្រប​​ច្បាប់​ទេ​ដូច្នេះ​នគរបាល​មាន​​ការ​ពិបាក​ក្នុង​ការ​យក​រូបថត​ទាំង​នោះ​មក​ធ្វើ​ជា​ភ័ស្តុតាង​ប៉ុន្តែ​លោក​អះអាង​ថា​ប្រសិន​​បើ​ម្ចាស់​រូប​សហការ​ផ្តល់​រូបថត​ទាំង​នោះ​ទៅ​ឲ្យ​នគរបាល​វា​ងាយស្រួល​សម្រាប់​នគរបាល​ក្នុង​ការ​យក​រូបថត​ទាំងនោះ​ធ្វើ​ជា​ភ័ស្តុតាង​ដើម្បី​ចាប់​ខ្លួន​អ្នក​វាយប្រហារ។

លោក​​បន្ថែម​ថា៖ «​យើង​សូម​​ស្នើ​ថា​បើ​អ្នក​មាន​រូបថត​មក​សហការ​នឹង​យើង យើង​អាច​រក​ឃើញ​ជនល្មើស​ឆាប់ៗ។ សរុប​មក​យើង​មាន​​​តម្រុយ​មួយ​ជំហាន​​រួច​ហើយ»។

នៅពេល​សួរ​ថា​តើ​គណៈកម្មការ​សង្ឃឹម​ថា​រកឃើញ​ជនល្មើស​ឬ​អត់​? នៅពេល​មាន​រូបថត​ជាច្រើន​បង្ហោះ​លើ​ហ្វេសប៊ុក​លោក ច័ន្ធថារិទ្ធ មិន​បាន​​បញ្ជាក់​ពី​លទ្ធភាព​នៃ​ការ​រកឃើញ​ជនល្មើស​ទេ​ដោយ​លោក​លើក​ឡើង​ថា​ក្រៅពី​រូបថត​ជាច្រើន​ដែល​បង្ហោះ​នៅលើ​ហ្វេសប៊ុក​ក្រុម​ស៊ើប​អង្កត​ក៏​មាន​ឯកសារ​ដទៃ​ទៀត​ផង​ដែរ។

កាលពី​ម្សិលមិញ​លោក ផល ភក្តី អ្នក​បើកបរ​ឲ្យ​លោក គង់ សភា បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​។ ប៉ុន្តែ​លោក បុញ្ញឫទិ្ធ បាន​ថ្លែង​ថា​អ្នក​បើកបរ​ឲ្យ​លោក គង់ សភា ត្រូវ​បាន​កោះ​ឲ្យ​ទៅ​បំភ្លឺ​ម្តង​រួច​ហើយ​ដូច្នេះ​​មិន​មាន​អ្វី​​ត្រូវ​បំភ្លឺ​បន្ថែម​ទៀត​ទេ។ ​

ទោះ​ជា​យ៉ាង​ណា​ លោក បុញ្ញឫទ្ធិ មិន​​បាន​អត្ថាធិប្បាយ​ច្រើន​អំពី​ការងារ និង​តួនាទី​របស់​គណៈកម្មការ​​នេះ​ទេ​ដោយ​​លើក​ឡើង​ថា​ បើ​មាន​តម្រុយ​ជាច្រើន​គណៈកម្មការ​អាច​នឹង​​រកឃើញ​ជនល្មើស​ឆាប់ៗ។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​​កាលពី​ថ្ងៃ​សុក្រ​ថា​អ្នក​បើកបរ​ម្នាក់​របស់​លោក​ គង់ សភា ត្រូវ​បាន​គណៈកម្មាការ​ហៅ​មក​សាកសួរ​លើក​ទី​មួយ​កាលពី​ថ្ងៃ​ទី ២៩ ខែ​តុលា។

អ្នក​បើកបរ​បាន​​ប្រាប់​ថា​ នៅ​ថ្ងៃ​ទី​ ២៦ តុលា លោក​តំណាងរាស្ត្រ គង់ សភា បាន​ចាកចេញ​ពី​កិច្ច​ប្រជុំ​​រដ្ឋសភា​នៅ​ម៉ោង​ ១២ និង​ ៣០ នាទី​ដែល​ឲ្យ​លោក​​មក​ទទួល​នៅ​ច្រក​ទ្វារ​សភា​ផ្នែក​ខាង​ត្បូង​។ នៅ​ពេល​ចាកចេញ​បាន​ប្រមាណ​ ២០ ម៉ែត្រ​ពី​របង​សភា​ក៏​មាន​មនុស្ស​ប្រុស​ម្នាក់​បាន​មក​​ឈរ​កាក់​រថយន្ត និង​​បាន​បើក​ទ្វារ​ខាង​ស្តាំ​ដោយសារ​មិន​​បាន​ចាក់​សោ​ចាប់​អូសក​អាវ​លោក សភា ចេញ​ពី​រថយន្ត​។ ក្រោយ​មក​ក៏​មាន​មនុស្ស​ប្រមាណ​ ១០ នាក់​ផ្សេង​ទៀត​មក​វ៉ៃ​ទាត់​ធាក់​តំណាងរាស្ត្រ​ហើយ​លោក​​ក៏​បាន​លើក​លោក សភា ដាក់​ចូល​ក្នុង​រថយន្ត​វិញ។

លោក​​ សុភ័គ ​បញ្ជាក់​ថា៖ «អ្នក​បើកបរ​មិន​បាន​ចាំ​មុខ​អ្នក​វ៉ៃ​នោះ​ទេ​។ ​សម្តេច​ក្រឡា​ហោម ស ខេង បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ឲ្យ​លឿន​ដើម្បី​វែក​មុខ​ជន​ប្រព្រឹត្ត​ព្រោះ​នេះ​ជា​អំពើ​ហិង្សា​ដែល​បាន​ថ្កោលទោស​ដោយ​​រដ្ឋាភិបាល​ប្រជាជន និង​ជា​ភាព​អាម៉ាស់​មួយ​របស់​ជាតិ»៕ TK​

រាយការណ៍​បន្ថែម​ដោយ ឆាយ ច័ន្ទនីដា

What Next?

Recent Articles

One Response to "សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​ចាប់​ជន​វ៉ៃ​តំណាងរាស្ត្រ"

  1. Prey Nokor says:

    The probe into the violence is testing the capability of the police. I wonder why the investigation committee does’t start the investigation with suspects in public facebook.