ដោយ តាំង សារ៉ាដា
2015-11-03
RFA

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (ឆ្វេង) ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាវិមានព្រឹទ្ធសភា ក្រោយជំនួបចរចាកំពូលនៅថ្ងៃទី២២ កក្កដា ២០១៤។ RFA/Tin Zakariya
កម្ដៅនយោបាយក្នុងប្រទេសកម្ពុជា ដែលកំពុងតែពុះកញ្ជ្រោលនេះ គឺផ្ទុះឡើងបន្ទាប់ពីសម្ដី ឬសារសំខាន់ដែលតួអង្គនយោបាយសំខាន់ៗនៅកម្ពុជា បានបាញ់ដាក់គ្នាទៅវិញទៅមករហូតកើតមានអំពើហិង្សាទៅលើក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង និងការគំរាមថា នឹងមានសង្គ្រាមនៅកម្ពុជា ជាដើម។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ចាត់ទុកស្ថានភាព និងសារនយោបាយរបស់មេដឹកនាំប្រទេសបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋមានការភិតភ័យ និងជាការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ស្ថានភាពតានតឹងផ្នែកនយោបាយក្នុងប្រទេសកម្ពុជា នៅដំណាក់កាលចុងក្រោយនេះ អាចឡើងកម្ដៅទៅបានគឺដោយសារឈុតឆាកថ្មីៗ ដែលតួអង្គនយោបាយទាំងឡាយបានបង្កើតឡើង និងបានសម្ដែងយ៉ាងស្ទាត់ជំនាញ។ ក្នុងនោះគឺចាប់ផ្ដើមពីសារនយោបាយឌឺដងដាក់គ្នាដែលអ្នកខ្លះប្រើពាក្យសម្ដីជាអាវុធ ហើយខ្លះទៀតប្រើសកម្មភាពហិង្សា ដើម្បីតបតយកឈ្នះគូប្រកួតនយោបាយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ វេស្ទឺន (Western) កាលព្រឹកថ្ងៃទី១៩ ខែតុលា ថ្លែងថា លោកចង់ឱ្យប្រធានគណបក្សសង្គ្រោះជាតិ គោរពពាក្យសច្ចៈ ដែលថាគណបក្សមួយនេះនឹងរក្សាទុកនូវតំណែងរបស់មន្ត្រីរាជការនៃរបបចាស់ បើសិនជាគណបក្សឈ្នះការបោះឆ្នោតនៅពេលខាងមុខ។
លោក ហ៊ុន សែន ថ្លែងទាំងក្តីជឿជាក់ថា មន្ត្រីនៃរបបចាស់នឹងមិនសុខចិត្តទេ បើសិនជាមានការដកតួនាទីរបស់ពួកគេនោះ៖ «ហ៊ានប៉ះ ប៉ុល សារឿន ប៉ះ នេត សាវឿន ពួកនេះទាញកម្លាំងដាក់ភឹង។ ឯងសន្យា ឯងថា អត់ដកអញ ឥឡូវឯងដកម៉េច? ចៅហ្វាយខេត្តនានា ទាញកម្លាំងដាក់ភឹង។ ឯងសន្យាមិនគោរពយ៉ាងម៉េច។ ដល់ធ្វើអត់បាន ក្រុមអ្នកគាំទ្រវិញម្ដង។ ទេ! លោកឯងសន្យាឲ្យអញធ្វើចៅហ្វាយស្រុក ម៉េចក៏មិនឲ្យអញទុកអាពួកហ្នឹងដដែល។ លោកប្រធានដោះស្រាយទៅ!»។
បន្ទាប់មកក្នុងសម័យប្រជុំនីតិកាលទី៥ កាលពីថ្ងៃទី២០ ខែតុលា លោក ហ៊ុន សែន បានគំរាមគណបក្សប្រឆាំងថា លោកចាំកំដរលេងនយោបាយជាមួយបក្សសង្គ្រោះតាមគ្រប់ទម្រង់ទាំងអស់ មិនថា ក្ដៅ ឬ ត្រជាក់ នោះឡើយ៖ «បើអស់លោកចង់បន្ត ខ្ញុំកំដរលេង ខ្ញុំបានប្រាប់ រង្ស៊ី ហើយ ខ្ញុំកំដរលេងគ្រប់ទម្រង់លេង គ្រប់រដូវកាល និងគ្រប់រសជាតិ។ ក្ដៅ ត្រជាក់ ផ្អែម ល្វីង ជូរ ចត់ ខ្ញុំលេងបានទាំងអស់»។
ចំណែកលោក កឹម សុខា វិញឆ្លើយតបថា លោកគ្មានអ្វីនឹងត្រូវលេងជាមួយលោក ហ៊ុន សែន នោះឡើយ ហើយថា សម្ដីគំរាមរបស់លោក ហ៊ុន សែន ដែលតែងគំរាមថា មានសង្គ្រាមគឺដោយសារលោក ហ៊ុន សែន ដឹងខ្លួនជាមុនថា គណបក្សកាន់អំណាចនឹងចាញ់ការបោះឆ្នោតខាងមុខ៖ «យើងអត់លេងទេ យើងទៅលេង ទៅឈ្លោះគ្នាធ្វើស្អីទៀត។ យើងត្រូវធ្វើការដោះស្រាយ សំខាន់ឲ្យមានឯកភាពជាតិ ឲ្យមានស្ថិរភាពនយោបាយ និងរៀបចំការអភិវឌ្ឍឲ្យមានទាំងអស់គ្នា។ រឿងនេះ មិនមែនជារឿងថ្មីទេ រាប់សិបឆ្នាំមកហើយ។ សម្រាប់ខ្ញុំគ្មានអ្វីថ្មីទេ ចំពោះសម្ភីរបស់គាត់។ នេះប្រហែលមកពីគាត់ដឹងខ្លួនច្បាស់ថា គាត់ចាញ់»។
លោក អ៊ូ វីរៈ អ្នកក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ កាលពីថ្ងៃទី២២ ខែតុលា និយាយថា សារគំរាមរបស់លោកនាយករដ្ឋមន្ត្រីនៅពេលនេះ គឺជាការប្រកាសដោយចំហត្រៀមធ្វើរដ្ឋប្រហារទៅលើបក្សថ្មី ប្រសិនបើបក្សនោះជាប់ឆ្នោត៖ «ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការព្រួយបារម្ភ។ ទីមួយយើងមិនដឹងថា តើសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានព័ត៌មានអ្វីមួយដែលយើងអត់ដឹង ឬមួយសម្ដេចមានព័ត៌មានថា លោកទាំងពីរមានឆន្ទៈ ឬបំណងធ្វើរដ្ឋប្រហារមែន ប្រសិនបើគេដកតួនាទីរបស់ពួកគាត់។ ប្រសិនបើជាមានព័ត៌មាន និងភស្តុតាងពិតប្រាកដមែន នោះខ្ញុំស្នើឲ្យមានការស៊ើបអង្កេត»។
ចាប់ពីនោះមក នយោបាយនៅកម្ពុជា កាន់តែបន្តឡើងកម្ដៅ ខណៈមានការរិះគន់ជាច្រើនបាញ់ឆ្ពោះទៅរករដ្ឋាភិបាលថា មិនបានអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យពេញលេញ ដែលជាហេតុនាំឲ្យមានការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ និងការរំលោភដែនអធិបតេយ្យរបស់កម្ពុជា ពីសំណាក់ប្រទេសជិតខាង។
នៅថ្ងៃទី២៣ ខែតុលា ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ បានថ្លែងនៅចំពោះមុខក្រុមអ្នកគាំទ្របក្សប្រឆាំងថា កិច្ចព្រមព្រៀងក្រុងប៉ារីស នេះហើយដែលជាឱសថដ៏ស័ក្ដិសិទ្ធិក្នុងការបណ្ដេញយោធាវៀតណាម ចេញពីកម្ពុជា៖ «នៅទសវត្សទី៨០ មានអ្នកណា? គឺមានវៀតណាម និងថ្លើមថ្លៃរបស់ហ្នឹងហើយ។ វៀតណាម និងថ្លើមថ្លៃហ្នឹង គេធ្វើសន្ធិសញ្ញាកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ថា ភ្នំធឿងសឺន សមុទ្រ អាចរីង ប៉ុន្តែកម្ពុជា-វៀតណាម អមតៈ។ លេបហើយមិនខ្ចីខ្ជាក់ទេ មើលទៅដាក់ថ្នាំខ្លាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានដោះស្រាយបញ្ហាកម្ពុជា»។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ប្រសិនបើគ្មានសង្គ្រាមស៊ីវិលនៅកម្ពុជា នោះវាគ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នោះដែរ។ លោកថា ប្រសិនបើគេជាមនុស្សពិតប្រាកដគេត្រូវហ៊ាននិយាយអំពីប្រវត្តិច្បាស់លាស់អំពីឫសគល់នៃការកកើតកិច្ចព្រមព្រៀងនេះ៖ «ហេតុអ្វីចាំបាច់មានកិច្ចព្រមព្រៀងក្រុងប៉ារីស? អាហ្នឹងវាមានដើមចមរបស់វា។ បើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ ទេ វាក៏គ្មានរបប ប៉ុល ពត ដែរ ហើយបើគ្មានរបប ប៉ុល ពត ទេ វាក៏គ្មានពួកយើងទៅវ៉ៃរំដោះរបប ប៉ុល ពត ដែរ ហើយវាក៏អត់មានសង្គ្រាមស៊ីវិលដែលតម្រូវឲ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីសដែរ។ ដូច្នេះត្រូវរកឫសគល់ បើសិនគេជាមនុស្សពិតប្រាកដ កុំលាក់ កុំលៀម តើហេតុអ្វីត្រូវមានកិច្ចព្រមព្រៀងក្រុងប៉ារីស?»។
ទោះបីជាយ៉ាងណាក្តី អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី២១ ខែតុលា ថ្លែងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានគ្រឹះដែលនាំឲ្យមានសន្តិភាព សេរីភាព និងលទ្ធិប្រជាធិបតេយ្យ៖ «បើសិននាំគ្នាអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស យើងយកស្មារតីនេះមកចងចាំជានិច្ច អនុវត្តឲ្យបានត្រឹមត្រូវ ខ្ញុំជឿថា នឹងមិនមានសង្គ្រាមទេ ទោះបីគណបក្សណាឈ្នះឆ្នោតក៏ដោយ។ ទីពីរយើងឃើញកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ក្រៅពីការបញ្ចប់សង្គ្រាមហ្នឹង គឺគេឲ្យកសាងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ កសាងនីតិរដ្ឋ»។
ក្នុងដំណើរទស្សនកិច្ចមួយរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសបារាំង លោកបានខឹងសម្បាបក្សប្រឆាំងយ៉ាងខ្លាំងដែលលោកចោទថា បានរៀបចំឲ្យមានបាតុកម្មស្វាគមន៍រូបលោកនៅទីក្រុងប៉ារីស ក្នុងការទាមទារឲ្យលោកចុះចេញពីអំណាច ឬចោទថា លោកជាមេដឹកនាំផ្ដាច់ការ។ ភាពខឹងសម្បានេះ អាចដោយសារលោកមិនទាន់រំសាយចិត្តចំពោះបាតុកម្មដែលមានមនុស្សប្រមាណ ៦០០នាក់ ប្រឆាំងរូបលោកកាលពីខែកញ្ញា នៅបុរីញីវយ៉ក សហរដ្ឋអាមេរិក។
លោក ហ៊ុន សែន ថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកក្នុងប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ថា បាតុកម្មប្រឆាំងនឹងរូបលោកនៅបារាំង គឺជាសិទ្ធិប្រជាពលរដ្ឋ ចំណែកបាតុកម្មប្រឆាំងលោក កឹម សុខា ក៏ជាសិទ្ធិរបស់ពលរដ្ឋដូចគ្នា ហើយថា “បើលេងកុំខឹង បើខឹងកុំលេង”៖ «ឯកឧត្ដម កឹម សុខា បើលេងកុំខឹង បើខឹងកុំលេង។ បើស្អែកគេលេងនៅភ្នំពេញ វិញកុំខឹងគេ ហើយលេងហ្នឹងប្រហែលជាអស់តំណែងអនុប្រធានរដ្ឋសភាទៀត»។
«ឯកឧត្ដម កឹម សុខា បើលេងកុំខឹង បើខឹងកុំលេង។ បើស្អែកគេលេងនៅភ្នំពេញ វិញកុំខឹងគេ ហើយលេងហ្នឹងប្រហែលជាអស់តំណែងអនុប្រធានរដ្ឋសភាទៀត»។
មជ្ឈដ្ឋានសាធារណៈជាតិ និងអន្តរជាតិ ចាត់ទុកសម្ដីរបស់លោក ហ៊ុន សែន ថា អាចជាការបញ្ឆេះកំហឹង ញុះញង់អោយប្រព្រឹត្តិហិង្សា។
មួយថ្ងៃក្រោយមក កកើតមានបាតុកម្មដោយមនុស្សរាប់ពាន់នាក់ ទាមទារឱ្យលោក កឹម សុខា ចុះចេញពីតំណែងអនុប្រធានរដ្ឋសភា។ នៅពេលនោះ ក្រុមបាតុករមួយចំនួនដែលគាំទ្របក្សកាន់អំណាចបានចាប់អូសតំណាងរាស្ត្របក្សសង្គ្រោះជាតិពីររូប គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ចេញពីរថយន្ត ហើយព្រួតគ្នាចោមរោមវ៉ៃទាត់ធាក់យ៉ាងសាហាវ បណ្ដាលឱ្យរងរបួសជាទម្ងន់។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែងថា បាតុកម្មហិង្សានោះគឺជាផែនការរៀបចំទុកជាមុនរបស់បក្សកាន់អំណាច ហើយមានរូបភាពដូចគ្នាទៅនឹងបាតុកម្មប្រឆាំងទូតថៃ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣ ហើយនិងព្រឹត្តិការណ៍បង្ហូរឈាមដោយគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧។
លោក ប្រ៊ែដ អាដាម គូសបញ្ជាក់ថា មនុស្សមួយចំនួនដែលចូលរួមធ្វើបាតុកម្មទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា គឺជាមនុស្សដែលបានចូលរួមបង្ក្រាបបាតុកម្មរបស់បក្សសង្គ្រោះជាតិ នៅពេលកន្លងមក៖ «យើងបានចាប់ផ្ដើមប្រឹងប្រែងផ្ទៀងផ្ទាត់រូបថតអ្នកចូលរួមក្នុងព្រឹត្តិការណ៍បង្ក្រាបបាតុកម្មជាច្រើន រួមទាំងព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃច័ន្ទ ផងដែរ ហើយឃើញថា រូបភាពអ្នកទាំងនោះមួយចំនួនមានមុខដូចគ្នាទៅនឹងភ្នាក់ងាររបស់រដ្ឋាភិបាលដែលចូលរួមបង្ក្រាបបាតុកម្មរបស់បក្សប្រឆាំងកាលពីពេលកន្លងទៅ។ វាក៏គួរឲ្យមានការចាប់អារម្មណ៍ផងដែរដែលលោក ហ៊ុន ម៉ានី ជាកូនប្រុសរបស់លោក ហ៊ុន សែន អំពាវនាវឲ្យមានការស៊ើបអង្កេតវែកមុខជនដៃដល់នៃអំពើហិង្សានោះ។ ខ្ញុំសូមស្នើឲ្យលោកគួរទៅឆ្លុះកញ្ចក់ ហើយសួរខ្លួនឯងថា តើបាតុកម្មហិង្សានោះមានការរៀបចំបែបណាទៅវិញប្រសើរជាង។ ខ្ញុំគិតថា ប្រហែលជាគាត់ដឹងនូវចម្លើយនោះ»។
ក្រោយបាតុកម្មហិង្សាមួយថ្ងៃ គឺនៅថ្ងៃទី២៧ ខែតុលា លោក សម រង្ស៊ី សរសេរនៅក្នុងហ្វេសប៊ុក (Facebook) របស់លោកថា លោក ហ៊ុន សែន ចង់រកលេសប្រើអំពើហិង្សាកាន់តែច្រើនដើម្បីបង្កើតព្រឹត្តិការណ៍អវិជ្ជមាន និងអធម្មនុញ្ញ ចៀសវាងកុំឲ្យមានការបោះឆ្នោតខាងមុខ។
លោក សម រង្ស៊ី សរសេរថា លោក ហ៊ុន សែន ដឹងថា ការបោះឆ្នោតខាងមុខមិនឈ្នះ និងដើម្បីរក្សាអំណាចបានច្រើនឆ្នាំតទៅទៀត ហេតុនេះលោក ហ៊ុន សែន កំពុងប្រើវិធីស្រដៀងក្រុមហ្វាស៊ីស (Fascist) នៅប្រទេសអ៊ីតាលី។
ទាក់ទិនបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទាមទារឲ្យលោក សម រង្ស៊ី សុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសាធារណៈអំពីការប្រៀបធៀបរបៀបដឹកនាំនៅកម្ពុជា ស្រដៀងគ្នាទៅនឹងរបបហ្វាស៊ីស (Fascism) បើមិនដូច្នោះទេ នោះគណបក្សកាន់អំណាចនឹងទាត់ចោលវប្បធម៌សន្ទនារវាងបក្សទាំងពីរ៖ «បញ្ហានេះសម្ដេចទាមទារឲ្យលោក សម រង្ស៊ី សុំទោសជាសាធារណៈ បើមិនដូច្នោះទេ សម្ដេចនឹងគ្មានឡើយការចរចាជាមួយលោក សម រង្ស៊ី»។
មួយថ្ងៃក្រោយមក តំណាងរាស្ត្របក្សប្រជាជន បានបោះឆ្នោតដកលោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា។ សង្គមស៊ីវិលហៅការដកលោក កឹម សុខា ពីតំណែងថា ជាការបំបិទមាត់បក្សប្រឆាំង។
ក្នុងស្ថានការណ៍នយោបាយស្រុកទេសដែលកំពុងរង្គោះរង្គើនេះ ពលរដ្ឋសាមញ្ញ អាជីវករ និងក្រុមអ្នកវិនិយោគ សង្គមស៊ីវិល រួមទាំងអ្នកវិភាគមួយចំនួនសំដែងក្ដីបារម្ភចំពោះបញ្ហាអសន្តិសុខសង្គមដែលអាចនឹងកើតមានឡើង ហើយអាចជះឥទ្ធិពលដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេទៀត។
អ្នកវិភាគស្ថានការណ៍សង្គម គឺលោក កែម ឡី ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅនេះថា ពេលលោកធ្វើការវិភាគម្តងៗ លោកមិនដែលគិតថា លោកនៅមានជីវិតនោះឡើយ៖ «នៅពេលដែលខ្ញុំវិភាគម្តងៗ ខ្ញុំមិនដែលគិតថា ខ្លួនខ្ញុំហ្នឹងមានជីវិតទេ ពីព្រោះស្ថិតក្នុងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន ដែលមានឆ្លាមច្រើន។ ប៉ុន្តែប្រសិនបើយើងនាំគ្នាខ្លាចទាំងអស់គ្នា យើងអត់អាចមានលទ្ធភាពផ្ដល់គំរូដល់យុវជនទេ យើងអត់មានលទ្ធភាពកែប្រែប្រទេសយើងទេ»។
ទន្ទឹមនឹងការព្រួយបារម្ភនេះ ឧត្ដមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ចេញសេចក្ដីថ្លែងការណ៍ចាត់ទុកបរិយាកាសនយោបាយនៅកម្ពុជា ថាធ្លាក់ដុនដាបសម្រាប់អ្នកនយោបាយ និងសកម្មជនគណបក្សប្រឆាំង។
ស្ថានការណ៍នយោបាយថ្មីមួយទៀតនៅកម្ពុជា គឺប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ប្រកាសចូលនិវត្តន៍ និងដកឃ្លាផ្នែកនយោបាយដោយសារសុខភាពមិនបរិបូរណ៍ និងស្ថិតក្នុងភាពជរាព្យាធិជាប្រចាំ។
ការប្រកាសលាលែងរបស់លោក គង់ គាំ ដែលជាប្រធានក្រុមសមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី ធ្វើឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា បន្ទាប់ពីមានអំពើហិង្សារបស់ក្រុមបាតុករដែលគាំទ្របក្សកាន់អំណាចទៅលើកូនប្រុសរបស់លោកកាលពីថ្ងៃទី២៦ ខែតុលា បណ្ដាលឲ្យរងរបួសជាទម្ងន់។
លោក គង់ គាំ វ័យ ៧៥ឆ្នាំរូបនេះ ធ្លាប់ជាមន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សប្រជាជនកម្ពុជា។ លោកធ្លាប់បម្រើការងារនៅក្រសួងការបរទេសជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅឆ្នាំ១៩៨១ លោកបានធ្វើជាឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំប្រទេសវៀតណាម។ លោកបានឡើងតំណែងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសរដ្ឋកម្ពុជា និងជាសមាជិកការិយាល័យមជ្ឈិមបក្សនៃគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ១៩៨៥។
លោក គង់ លោកបានចូលប្រឡូកនយោបាយអស់រយៈពេល ២០ឆ្នាំជាមួយគណបក្សជាតិខ្មែរ រហូតដល់គណបក្ស សម រង្ស៊ី នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការសហប្រជាជាតិបារម្ភពីបរិយាកាសនយោបាយធ្លាក់ចុះនៅកម្ពុជាបច្ចុប្បន្ន
- លោក សម រង្ស៊ី អះអាងថាភាពចាំបាច់នៃការត្រឡប់មកកម្ពុជាវិញលើកនេះគឺវប្បធម៌សន្ទនា
- គ.ជ.ប គ្រោងជួបក្រសួងមហាផ្ទៃដើម្បីពិភាក្សាលើបញ្ហាចុះឈ្មោះបោះឆ្នោត
- តុលាការកោះហៅអនុប្រធានបក្សរបស់លោក ម៉ម សូណង់ដូ ឲ្យបំភ្លឺបណ្ដឹងសុំរំលាយបក្ស
- ពលរដ្ឋមួយចំនួនថាការផ្អាកព្រះរាជពិធីបុណ្យអុំទូកគឺខ្លាចមានបាតុកម្មប្រឆាំងរដ្ឋាភិបាល
- គណបក្សសង្គ្រោះជាតិអំពាវនាវរដ្ឋាភិបាលឲ្យស៊ើបអង្កេតរកអ្នកវាយតំណាងរាស្ត្រឲ្យបានឆាប់
- គ.ជ.ប ចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់សាកល្បងតាមប្រព័ន្ធកុំព្យូទ័រ
- បក្សប្រជាជនទុកចំហតំណែងអនុប្រធានទី១សភារហូតដល់ការបោះឆ្នោតអាណត្តិថ្មី
- “ការវាយប្រហារលើតំណាងរាស្ត្របក្សប្រឆាំងរំឭកដល់ព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ១៩៩៧”
សម្តេចអើយកុំល្ងង់ខ្លៅពេក បើលោកប៉ុលសារឿននិងនេតសាវឿននៅតែបន្តគាំទ្រសម្តេចក្នុងពេលបក្សCNPRកាន់អំណាច នោះំេត្រូវតែដកបញ្ឈរជើងលោកទាំងពីរចោលហើយ គ្នាននរណាទុកនោះទេ បើបុគ្គលជាមេទ័ពតែបែជាមិនគាំទ្ររដ្ឋាភិបាលនោះ។
ហុនសែនបង្កើតព្រឹត្តការណ៌នៅស្ពាននាគ រួចចោទទំុលាក់កំហុសទៅលើតំណាងរាស្តសង្រ្គោៈជាតិហើយចាប់ដាក់គុក ឣីឡូវហុនសែននឹងហុនមានីនៅពីក្រោយកុប្បកម្មបញ្ជារឣង្គរក្សនឹងសេនានាគឣោយប្រព្រិត្តហិងស្សារលើតំណាងរាស្ត មានភស្តុតាងគ្រប់គ្រាន់ នេះជាឪកាសហើយ កំុឣោយជនពាលនេះគេចរួចពីសំណាញ់ច្បាប់ឣោយសោៈ តុលាកាខ្មែរមិនចាត់កាវាទេ តែជាករណីសំរាប់តុលាកាឣន្តរជាតិ គេកាត់ក្តីណាដែលតុលាកាក្នុងស្រុកមិនឣាចធ្វើបាន