សិទ្ធិមនុស្ស
អង្គការសិទ្ធិមនុស្សអ.ស.ប.ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធានាសិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិ។ ប្រតិកម្មរបស់អ.ស.ប.នេះកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលមន្ត្រី និងសកម្មជនគណបក្សជំទាស់ប្រឈមនឹងបរិយាកាសដ៏អាក្រក់ផ្ទួនៗគ្នា។
លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ (UN Multimedia)
សុខ ខេមរា
03 វិច្ឆិកា 2015
វីអូអេខ្មែរ
ភ្នំពេញ—
អង្គការសិទ្ធិមនុស្ស អ.ស.ប.ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធានាសិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិ។ ប្រតិកម្មរបស់ អ.ស.ប. នេះកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលមន្ត្រី និងសកម្មជនគណបក្សជំទាស់ប្រឈមនឹងបរិយាកាសដ៏អាក្រក់ផ្ទួនៗគ្នា។
ក្រោយពេលដែលក្រុមមន្ត្រីគណបក្សជំទាស់ និងក្រុមសកម្មជននានាបានរង«បរិយាកាសដ៏អាក្រក់» ដូចជាការចាប់ដាក់គុក ដកហូតតំណែង និងការវាយប្រហារតំណាងរាស្ត្រជាដើមនោះ ឧត្តមស្នងការ អ.ស.ប. ទទួលផ្នែកសិទ្ធិមនុស្សបានទទូចថារដ្ឋាភិបាលកម្ពុជាត្រូវទទូលខុសត្រូវចំពោះការធានាសិទ្ធិប្រមូលផ្តុំគ្នា និងការបញ្ចេញមតិជូនដល់គ្រប់ភាគីទាំងអស់។
សេចក្តីប្រកាសព័ត៌មានរបស់ឧត្តមស្នងការ អ.ស.ប. ទទួលផ្នែកសិទ្ធិមនុស្សចេញនៅថ្ងៃសៅរ៍នេះ បានអះអាងថា មានសកម្មជនគណបក្សជំទាស់១១រូបត្រូវតុលាការសម្រេចឃុំឃាំងចាប់ពី៧ឆ្នាំដល់២០ឆ្នាំ ដោយសារតែការចូលរួម ឬដឹកនាំកុប្បកម្ម ហើយសមាជិកព្រឹទ្ធសភាម្នាក់កំពុងរង់ចាំការកាត់ទោសពីបទចោទថា បានក្លែងបន្លំឯកសារជាសាធារណៈ។ ជាងនេះទៀត ការវាយប្រហារកាលពីថ្ងៃច័ន្ទកន្លងទៅ ដែលទំនងជាត្រូវបានរៀបចំដោយក្រុមបាតុករគាំទ្ររដ្ឋាភិបាលក្នុងទីក្រុងភ្នំពេញនោះ បានវាយប្រហារជាពាក្យសម្តី និងវាយដំរាងកាយលើសមាជិកសភាគណបក្សជំទាស់ចំនួនពីររូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា រួមនិងការគំរាមសុវត្ថិភាពរបស់លោក កឹម សុខា អនុប្រធានទី១ រដ្ឋសភា នៅគេហដ្ឋានរបស់លោកផ្ទាល់ផង។ លោក កឹម សុខា ក្រោយមកត្រូវរដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់ពីតំណែងអនុប្រធានសភាកាលពីថ្ងៃសុក្រ ដោយសារការបញ្ចេញមតិនិងសារនយោបាយរបស់លោកដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា ធ្វើឲ្យប៉ះពាល់ដល់គណបក្សកាន់អំណាចនេះ។
លោកស្រី រ៉ាវីណា ស្សាំសាដានី (Ravina Shamsadani) អ្នកនាំពាក្យរបស់ ឧត្តមស្នងការ អ.ស.ប.ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ពីទីក្រុងហ្សឺណែវមកថា៖
«វាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការធានាថា បុគ្គលគ្រប់រូប មិនត្រូវក្លាយជាគោលដៅវាយប្រហារដោយសារការចូលរួមពាក់ព័ន្ធនឹងនយោបាយ ឬការបញ្ចេញទស្សនៈផ្ទុយគ្នានោះទេ»។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ដោយដកស្រង់របាយការណ៍នានាដែលលើកឡើងថា ប៉ូលិសនិងអាជ្ញាធរសន្តិសុខគ្រាន់តែមើល ខណៈពេលដែលមានការវាយប្រហារកើតឡើង ដែលផ្ទុយទាំងស្រុងទៅនឹងវិធានការតបតចំពោះបាតុកម្មនានាដែលបានរៀបចំដោយក្រុមអ្នករិះគន់រដ្ឋាភិបាលពេលកន្លងមកនោះ។
«យើងសូមបញ្ជាក់ថា សិទ្ធិចូលរួមធ្វើការប្រមូលផ្តុំនិងចូលរួមសម្តែងមតិត្រូវផ្តល់ជូនដល់បុគ្គលគ្រប់រូប មិនថា ពួកគេមកពីគណបក្សណា និងមានយោបល់យ៉ាងណានោះទេ»។
លោកស្រីបានទទូចឲ្យអាជ្ញាធរធ្វើការស្រាវជ្រាវចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ហើយធានាសុវត្ថិភាពជូនដល់អ្នកតំណាងរាស្ត្រ ដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ ហើយមិនត្រូវគិតពីនិន្នាការនយោបាយរបស់ពួកគេនោះទេ។
ទោះជាយ៉ាងណាក្តី នៅសប្តាហ៍នេះ រដ្ឋាភិបាលបានបង្កើតគណៈកម្មការស៊ើបអង្កេតមួយដើម្បីតាម ចាប់ខ្លួនជនសង្ស័យដែលបានប្រព្រឹត្តការវាយប្រហារអ្នកតំណាងរាស្ត្រ ទាំងពីរដែលរងរបួសធ្ងន់។ តំណាងរាស្ត្រទាំងពីររូបពេលនេះកំពុងសម្រាកព្យាបាលរបួសនៅឯក្រុងបាងកក ប្រទេសថៃ។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីមន្ត្រីរដ្ឋាភិបាល និងមន្ត្រីប៉ូលិសដែលទទួលបន្ទុកផ្នែកស៊ើបអង្កេតករណីនេះ តែមិនអាចទាក់ទងបានទេ នៅថ្ងៃនេះ។ តែមានព័ត៌មានថា អាជ្ញាធរអះអាងថា បានរកឃើញសញ្ញាណខ្លះៗហើយ។
លោក អំ សំអាត ប្រធានក្រុមបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា លោកបានឮថា មានការស៊ើបអង្កេតមែន តែគេមិនទាន់ឃើញបង្ហាញលទ្ធផលជាក់លាក់ទាក់ទងនឹងការវាយអ្នកតំណាងរាស្ត្រនោះទេ។
«ចំពោះករណីនេះ យើងគិតមកដល់ពេលនេះជិតមួយសប្តាហ៍ហើយ មិនទាន់ឃើញ សញ្ញាណាមួយក្នុងការចាប់ក្រុម ឬក៏អ្នកដែលប្រព្រឹត្តបទល្មើសនោះទេបាទ។ នេះហើយដែលយើងឃើញថា អង្គការសិទ្ធិមនុស្សអ.ស.ប.ក៏ដូចជាអង្គការអន្តជាតិនិងអង្គការជាតិ ដែលយើងអំពាវនាវសុំឲ្យមានការស៊ើបអង្កេតដោយតម្លាភាព ឯករាជ្យ និងមានឆន្ទៈពិតប្រាកដ ដើម្បីស្វែងរកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់»។
លោកអំ សំអាតបានអះអាងថា ការស៊ើបអង្កេតរឿងនេះវាខុសពីលើកមុន ដែលជនសង្ស័យគ្រាន់តែធ្វើការគំរាម និងធ្វើបាតុកម្ម ក៏ត្រូវចាប់ខ្លួនបានក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ឬភ្លាមៗក៏មាន ជាពិសេសបាតុករគាំទ្រគណបក្សសង្គ្រោះជាតិ ឬក៏ក្រុម ដែលរិះគន់រដ្ឋាភិបាលក្រោយការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិគឺជាគូប្រជែងនយោបាយដ៏សំខាន់សម្រាប់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ ជាពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្គាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨៕
អត្ថបទព័ត៌មានទាក់ទង\
- បទសម្ភាសន៍ VOA ជាមួយលោកអ៊ូ វីរៈ នាយកវេទិកាអនាគតអំពីការវិវត្តន៍នយោបាយនៅកម្ពុជា
- អ្នកជំនាញច្បាប់៖ ការដកអនុប្រធានសភា គឺជាការរំលោភរដ្ឋធម្មនុញ្ញ
- គណបក្សធំទាំងពីរនៅកម្ពុជាប្តេជ្ញារក្សាវប្បធម៌សន្ទនា
- ក្រសួងការបរទេសពន្យល់ទូតបរទេសពីការដកលោក កឹម សុខា
- សមាជិកសភាគណបក្សប្រជាជនកម្ពុជាបោះឆ្នោតទម្លាក់អនុប្រធានសភាកឹម សុខា

តាមពិតទៅ គឺយើងមិនត្រូវបណ្តែតបណ្តោយឲ្យមានករណីបែបនេះ កើតមានឡើងនៅក្នុងសង្គមទេ។ ព្រោះអ្វី? នេះជាសកម្មភាពអនាធិបតេយ្យ ដែលអាចនឹងរីករាលដាល នៅទូទាំងប្រទេស។
យើងគួរតែគិតថា ចុះថ្ងៃនេះ វាមានក្រុមមួយមករំលោភវាមនុស្សនៅកណ្តាលវាល កណ្តាលថ្ងៃត្រង់ យ៉ាងដូចនេះ។ ចុះបើអំពើនេះ វាកើតនៅគ្រប់ទីកន្លែងទៅ ? តើវាយ់ាងម៉េច? ប្រយ័ត្នដល់ទៅមែនទែន អស់លោកមហាមន្ត្រីយើង មហាសេដ្ឋីរបស់យើង ដើរទៅណាមិនកើតទៅ តើត្រូវធ្វើដូចម្តេច?
ដូចនេះ ហើយបានជាយើងតែងព្រមានកឹម សុខា សមរង្ស៊ីកុំឲ្យចូលចិត្តបង្រៀនក្រពើហែលទឹក។ មានន័យថា កុំចូលចិត្តដឹកនាំបាតុកម្ម កុំចូលចិត្ត និយាយពីរឿងអ្វីជាការលើកទឹកចិត្តប្រជាជន ឲ្យមានសកម្មភាពប្រឆាំងនឹងច្បាប់។
វាយ៉ាងដូចនេះ ហើយ គឺថា សកម្មភាពវាយប្រហារយ៉ាងនេះ វាអាចនឹងនាំឲ្យមានកើតឡើងតទៅទៀត ជាការសងសឹក បង្កើតជាការស្អប់ខ្ពើមរវាងអ្នកមាននឹងអ្នកក្រ រវាងនឹងអ្នកធំ និងអ្នកតូច។
រាជរដ្ឋាភិបាលត្រូវតែធ្វើយ៉ាងណា ចាប់ពួកក្រុមល្មើសនេះឲ្យបាន និត្រូវផ្តន្ទាទោសទៅតាមច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ទោះជាអ្នកនោះជាមេដឹកនាំក្នុងគណបក្សប្រជាជន ក៏ដោយ។ កុំឲ្យគាត់និយាយឲ្យសោះថា គាត់ធ្វើនេះ ព្រោះស្រឡាញ់សម្តេច ព្រោះស្រឡាញ់គណបក្សប្រជាជន។ មិនមែនទេ គឺគាត់កំពុងបំផ្លាញគណប្រជាជន និងសម្លាប់សម្តេចទាំងរស់ ហើយ។
មនុស្សដែលត្រូវតែដក់ចេញពីតំណែងដំបូងគឺ លោកអភិបាលរាជធានី លោកមេប៉េអឹម លោកមេប៉ូលីសរាជធានី។ គឺគាត់ទាំងបីនាក់នេះហើយដែលមានចេតនារំលំសម្តេច ឬក៏គ្មានសមត្ថភាពតែម្តង៕
ថ្ងៃនេះអាបុលនិយាយត្រូវ:”មនុស្សដែលត្រូវតែដកចេញពីតំណែងដំបូងគឺ លោកអភិបាលរាជធានី លោកមេប៉េអឹម លោកមេប៉ូលីសរាជធានី។ គឺគាត់ទាំងបីនាក់នេះហើយដែលមានចេតនារំលំសម្តេច ឬក៏គ្មានសមត្ថភាពតែម្តង”។
ថ្ងៃក្រោយពួកអាអង្គរក្សវាហ៊ានវ៉ៃអាខ្មៅមេវាឲ្យងាប់ទៀត។