ដោយ ថា កិត្យា
2015-12-25
RFA

តុលាការខេត្តស្វាយរៀង។ រូបថតថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ (Photo Provided)
សាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនអ្នកបើកឡានដឹកកម្មករទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) និងតាយសេង (Tai Seng) ចំនួន៦នាក់ និងកម្មការនីម្នាក់ទៀត នៅក្នុងពន្ធនាគារ នៅថ្ងៃទី២៥ ខែធ្នូ។ ការឃុំខ្លួននេះ នៅបន្ទាប់ពីតុលាការចោទប្រកាន់ពួកគេចំនួន៣បទល្មើស ទាក់ទងនឹងហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តរោងចក្រ ចាប់តាំងពីថ្ងៃទី១៦ធ្នូ។ អង្គការការពារសិទ្ធិមនុស្ស និងសហជីព រិះគន់ថា ការចោទប្រកាន់នេះ ហាក់គ្មានមូលដ្ឋានត្រឹមត្រូវ។
ស្ថានការណ៍នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងតាយសេង បានវិលត្រឡប់ទៅរកសភាពស្ងប់សុខវិញ នៅថ្ងៃទី២៥ ខែធ្នូ ខណៈអ្នកបើកឡានចំនួន៦នាក់ និងកម្មការិនីម្នាក់ទៀត ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តបណ្តោះអាសន្ន។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង លោក គង់ ច័ន្ទខេមរិទ្ធ ដែលសុំមិនចេញសំឡេង អះអាងថា ការឃុំខ្លួនអ្នកទាំង៧នាក់នោះ ធ្វើឡើងភ្លាមៗ នៅបន្ទាប់ពីចោទប្រកាន់ពីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើស។
មកទល់ពេលនេះ មានមនុស្សចំនួន១១នាក់ហើយ ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀង ក្នុងករណីកូដកម្មហិង្សា ទាមទារប្រាក់ឈ្នួលនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត។
ក្រុមគ្រួសារអ្នកដែលត្រូវឃុំខ្លួននោះ កំពុងស្វែងរកមេធាវី ខណៈដែលពួកគាត់យល់ថា ការចោទប្រកាន់របស់តុលាការ គឺជារឿងអយុត្តិធម៌។
អ្នកស្រី មករា អះអាងថា ប្តីរបស់គាត់ឈ្មោះ តេន សម្បត្តិ គឺជាអ្នកស៊ីឈ្នូលដឹកកម្មករទៅធ្វើការ នៅរោងចក្រ មិនមែនជាអ្នកតវ៉ាហើយប្រើហិង្សាបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរោងចក្រ និងប៉ះពាល់អ្នកដទៃឡើយ។ អ្នកស្រីសូមឲ្យតុលាការទម្លាក់ការចោទប្រកាន់វិញ៖ «គាត់តៃកុងឡាន គាត់មិនបានចូលបាតុកម្ម។ ប្តីខ្ញុំក៏មិនដឹងខ្លួនពេលគេមកចាប់ដល់ផ្ទះដែរ»។
បើតាមក្រុមគ្រួសារ និងមន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូ ឲ្យដឹងថា មនុស្សទាំង៧នាក់នោះ ត្រូវបាន អាជ្ញាធរឃាត់ទុក នៅព្រហ្មទណ្ឌខេត្តស្វាយរៀង ខ្លះតាំងពីថ្ងៃទី២៣ ធ្នូ មក នៅបន្ទាប់ពីអាជ្ញាធរ បានកុហកថា ឲ្យពួកគាត់ចូលរួមប្រជុំ និងរៀនវគ្គបណ្តុះបណ្តាលស្តីចរាចរណ៍ជាដើម។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់ពីអភិបាលរងខេត្តស្វាយរៀង លោក ហ៊ូ វតនៈ បាននៅឡើយទេនៅថ្ងៃទី២៥ ធ្នូ ដោយទូរស័ព្ទពុំមានអ្នកទទួល។
មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ឲ្យដឹងថា អ្នកបើកបរទាំងនោះ រួមមានឈ្មោះ ឡិក វិចិត្រ អាយុ២៩ឆ្នាំ តេន សម្បត្តិ អាយុ២៨ឆ្នាំ កែវ ប្រុស អាយុ៣៣ឆ្នាំ ឡុង ផល្លី អាយុ២០ឆ្នាំ សួស យ៉េត អាយុ៤៣ឆ្នាំ ទាវ ផល្លី អាយុ៤៧ឆ្នាំ និងកម្មការិនីម្នាក់ទៀត ឈ្មោះជៃ សាខន។
ចំពោះចោទប្រកាន់ពីហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តអ្នកដទៃនេះ លោកសង្កេតឃើញថា ហាក់មិនមានមូលដ្ឋានត្រឹមត្រូវឡើយ បើយោងទៅតាមការរៀបរាប់សាច់ញាតិអ្នកដែលត្រូវចោទ៖ «រឿងនេះយើងឃើញថា មានកង្វះការស៊ើបអង្កេត»។
ជាមួយគ្នានេះ អគ្គលេខាធិការសម្ព័ន្ធសហជីពការងារឯករាជ្យ លោក លួស សេង សង្កេតឃើញថា អ្នកខ្លះមិនបានប្រព្រឹត្តដូចការចោទឡើយ ប៉ុន្តែពួកគេ ត្រូវបានជាប់ឃុំដែរ ដោយសារការតាមដាន ស៊ើបអង្កេតរបស់អាជ្ញាធរ ហាក់មិនច្បាស់លាស់។
អង្គការការពារសិទ្ធិមនុស្ស និងសហជីព ក៏ស្នើឲ្យអាជ្ញាធរគោរពកិច្ចព្រមព្រៀង ដែលបានលាយលក្ខណ៍អក្សរកាលពីថ្ងៃទី២២ ធ្នូ ដែលថា នឹងដោះលែងកម្មករចំនួន៤នាក់ឲ្យនៅ ក្រៅឃុំយ៉ាងយូរត្រឹមថ្ងៃទី២៤ ធ្នូ នោះ ដើម្បីដោះដូរឲ្យកម្មករវិលចូលធ្វើការវិញ។ ប៉ុន្តែមកទល់ពេលនេះ កម្មករទាំង៤នាក់នោះ ក៏មិនទាន់ដោះលែង ហើយបែរជាចាប់ឃុំមនុស្ស៧នាក់បន្ថែមទៀត ដែលបណ្តាលឲ្យមានការព្រួយបារម្ភថា ចំណាត់ការណ៍នេះអាចទាញឲ្យមានភាពការណ៍ តានតឹងកើតឡើងវិញជាថ្មី ថ្វីត្បិតស្ថានភាពនៅថ្ងៃទី២៥ ស្ងប់ស្ងាត់ធម្មតាក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរខេត្តស្វាយរៀងចាប់ខ្លួនអ្នកបើកឡានដឹកកម្មករ៦នាក់បញ្ជូនទៅតុលាការ
- រោងចក្រនៅក្រុងបាវិតបិទទ្វារនិងអនុញ្ញាតឲ្យកម្មករឈប់សម្រាកចំនួនពីរថ្ងៃ
- ILO អំពាវនាវឲ្យដោះស្រាយជម្លោះនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិតដោយសន្តិវិធី
- តុលាការខេត្តរតនគិរីកោះហៅពលរដ្ឋនិងមន្ត្រីមូលដ្ឋាន១១នាក់សួររឿងកាន់កាប់ដីអ្នកដទៃ
- ភាគីពាក់ព័ន្ធបើកកិច្ចប្រជុំរកដំណោះស្រាយក្រោយមានការប៉ះទង្គិចរវាងកម្មករនិងអាជ្ញាធរ
- អាជ្ញាធរឥណ្ឌូនេស៊ីដោះលែងពលករខ្មែរ១០នាក់ឲ្យត្រឡប់មកស្រុកវិញ
- លោក សួន សេរីរដ្ឋា ប្ដឹងលោក ហោ ណាំហុងទៅតុលាការបន្ទាប់ពីគ្មានការសុំទោស
- ពលរដ្ឋមានជម្លោះដីធ្លីនឹងក្រុមហ៊ុន KDC បដិសេធរបាយការណ៍តុលាការខេត្តកំពង់ឆ្នាំង
- កម្មកររោងចក្រ៤នាក់ដែលចូលរួមក្នុងបាតុកម្មនៅក្រុងបាវិតត្រូវបានចាប់ខ្លួន
What is about drivers who drove trucks for Hun Sen and Hun many’s body guards to demonstrate against Mr. Kem Sokha at the parliament? The violent protesters beaten up the congress from CNRP. Will they be sent to jail too? Mr. poor blind man, how many standards do you have?