ដោយ៖ ឃុត សុគន្ធនិងស៊ុន ណារិន | ថ្ងៃសុក្រ ទី25 ធ្នូ 2015, 02:57 PM
http://vodhotnews.com
អ្នកបើករថយន្តឲ្យកម្មករ ចំនួន៦នាក់ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃពុធ ត្រូវបានតុលាការចោទប្រកាន់ពីបទដឹកនាំបាតុកម្ម នាំឲ្យមានហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន។
មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន ប្រាប់វីអូឌីនៅព្រឹកថ្ងៃនេះ តុលាការបានសាកសួរអ្នកបើករថយន្តទាំង៦នាក់នោះហើយសម្រេចចោទប្រកាន់ហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន ហើយសម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ លោកបន្តថាការចាប់ខ្លួននិងការចោទប្រកាន់នេះអាចនាំឲ្យការតវ៉ារបស់កម្មករកាន់តែមានភាពតានតឹង។ លោកបន្ថែមថាលោកនឹងហៅក្រុមគ្រួសារ ដើម្បីពិភាក្សារកមេធាវីជួយការពាររឿងនេះ។
លោកមានប្រសាសន៍ថា៖ "មានការចរចាជាមួយតំណាងមន្ទីរ តំណាងខេត្ត តំណាងសហជីពអីអស់ហើយ ស្រាប់តែមានការចាប់ខ្លួនបន្តទៀត អញ្ចឹងវាហាក់ដូចជាផ្ទុយទៅនឹងការចរចា អញ្ចឹងអាកម្តៅនឹងវាអាចនឹងឡើងវិញ"។
អ្នកនាង ស្រី មករា ដែលមានប្តីឈ្មោះ ពេន សម្បត្តិ អាយុ២៨ឆ្នាំ មានប្រសាសន៍ថាប្តីត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម៉ោង១២ថ្ងៃ ថ្ងៃពុធ។ អ្នកនាងនិយាយថាអ្នកបើករថយន្តម្នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន បានចោទថាប្តីរបស់អ្នកនាងជាប់ពាក់ព័ន្ធនឹងការគប់រថយន្តរបស់សមត្ថកិច្ច។ អ្នកនាងចាត់ទុកករណីនេះជារឿងអយុត្តិធម៌។ អ្នកនាងមានប្រសាសន៍ថា៖ "ការចោទប្រកាន់នឹងអយុត្តិធម៌ណាស់ ប្តីខ្ញុំមិនដឹងអីផង ព្រោះប្តីខ្ញុំនៅផ្ទះនិងពេលគេកូដកម្ម គេមិនឲ្យឡានទៅផង ហើយប្តីខ្ញុំនៅផ្ទះ…"។
អ្នកនាង ឡឹក ពុទ្ធី ត្រូវជាក្រុមគ្រួសាររបស់អ្នកបើករថយន្តម្នាក់ ប្រាប់វីអូឌីថាបងជីដូនមួយរបស់អ្នកនាង ឈ្មោះ ឡឹក វិចិត្រ អាយុ២៩ឆ្នាំ ត្រូវបានសមត្ថកិច្ចហៅទៅសាកសួរនៅម៉ោងប្រមាណ១១ព្រឹក កាលពីថ្ងៃពុធ។ អ្នកនាងបន្តថាការចោទប្រកាន់របស់តុលាការជារឿងអយុត្តិធម៌ចំពោះបងប្អូនជីដូនមួយរបស់អ្នកនាង។
មាត្រា៤១០នៃក្រមព្រហ្មទណ្ឌចែងថាបទល្មើសធ្វើឲ្យខូចខាតដោយចេតនា បំផ្លិចបំផ្លាញធ្វើឲ្យទ្រុឌទ្រោមឬធ្វើឲ្យខូចខាតទ្រព្យរបស់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ចន្លោះពី១លានទៅ៤លានរៀល។
ហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឲ្យដឹងថានៅព្រឹកថ្ងៃសុក្រនេះ កម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតបានចូលធ្វើការធម្មតាវិញ។ ហ្វេសប៊ុកបន្តថាកម្លាំងអន្តរាគមន៍ការពារបាតុកម្មរបស់ស្នងការដ្ឋាននគរបាលខេត្តបានត្រៀមទប់ទល់និងបង្ក្រាប ប្រសិនបើមានការតវ៉ាបន្តទៀត។
ប្រធានមន្ទីរការងារខេត្តស្វាយរៀងលោក ហាស ប៊ុនធី បានហៅក្រុមអ្នកតវ៉ាជាកម្មករទាំងនោះថាជាកុបករ ដោយលោកថាពួកគេបានគប់ដុំថ្មទៅលើអគាររោងចក្រដែលគេកំពុងតែធ្វើការនិងមានការប្រើហិង្សាគប់ដុំថ្មធ្វើឲ្យបែកកញ្ចក់រថយន្តបាញ់ទឹករបស់អាជ្ញាធរផងដែរ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសចំពោះហិង្សានេះនិងអំពាវនាវឲ្យរដ្ឋាភិបាលប្រើវិធានការច្បាប់ ដោយមិនមានការសម្របសម្រួល។
កាលពីថ្ងៃអង្គារ សហជីពចំនួន៤ដែលមានមូលដ្ឋានប្រចាំខេត្តស្វាយរៀងបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឲ្យកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតដែលបានតវ៉ាតាំងពីថ្ងៃទី១៦ខែធ្នូ ចូលធ្វើការធម្មតាវិញ។ កម្មករបានបញ្ឈប់ការតវ៉ានៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍នេះ។
សហជីពក៏អំពាវនាវឲ្យតុលាការដោះលែងកម្មករ៤នាក់ដែលសមត្ថកិច្ចចាប់ខ្លួននិងតុលាការចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន។ អ្នកទាំងបួននាក់កំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ននិងមេធាវីកំពុងរៀបចំឯកសារឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។
គួរបញ្ជាក់ថាកម្មកររោងចក្របានតវ៉ាតាំងពីថ្ងៃទី១៦ខែធ្នូ ដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលបន្ថែមលើសពី១៤០ដុល្លារ ដែលរដ្ឋាភិបាលបានប្រកាសកាលពីខែតុលា៕
សរសេរមកកាន់លោក ឃុត សុគន្ធ តាមរយៈsokun@vodhotnews.comនិងលោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
What is about drivers who drove trucks for Hun Sen and Hun many’s body guards to demonstrate against Mr. Kem Sokha at the parliament? The violent protesters beaten up the congress for CNRP. Will they be sent to jail? Mr. poor blind man, how many standards do you have?
Correction
———————————
The violent protesters had beaten up the congress from CNRP.
What is about drivers who drove trucks for Hun Sen and Hun many’s body guards to demonstrate against Mr. Kem Sokha at the parliament? The violent protesters beaten up the congress from CNRP. Will they be sent to jail too? Mr. poor blind man, how many standards do you have?
តុលាការបក្សគឺបែបនេះ កាលបាតុកម្មហឹង្សវាយតំណាងរាស្ត្រ ចាប់បានតែ២នាក់