វិភាគ៖ តើការបង្កើនផាកពិន័យអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានទេ?​

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃសុក្រ ទី25 ធ្នូ 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

កាលពីដើមធ្នូនេះអគ្គស្នងការ​ដ្ឋាន​នគរបាលជាតិបានប្រកាសថាខ្លួន​នឹង​អនុវត្តការ​​ផាកពិន័យ​​យ៉ាងម៉ឹង​ម៉ាត់​លើបទល្មើស​ ចរាចរណ៍ផ្លូវគោក​​ចាប់ពីដើមឆ្នាំ​២០១៦នេះតទៅ។​

ច្បាប់ចរាចរណ៍ថ្មីនេះបានបង្ហាញថាការផាកពិន័យលើអ្នក​​បើក​បរ​ល្មើស​ច្បាប់​ត្រូវបានបង្កើន​ឡើង​មួយទ្វេជា៥ដងនិងត្រូវជាប់ពន្ធនាគារទៀតផង។​

ការបង្កើនផាកពិន័យដូចនេះអ្នកជំនាញរបស់រដ្ឋាភិបាលអះអាងថាដើម្បីឲ្យអ្នក​ល្មើសច្បាប់រាងចាលនិង​កាត់​បន្ថយ​អាត្រាគ្រោះ​ថ្នាក់​ចរាចរណ៍។

​តើការបង្កើនផាកពិន័យចំពោះអ្នក​ល្មើស​ច្បាប់​ចរាចរណ៍នេះអាចនឹងកាត់បន្ថយគ្រោះ​ថ្នាក់​ចរាចរណ៍បានទេ?

ទីប្រឹក្សាឯករាជ្យ​ផ្នែក​សុវត្ថិភាពចរាចរណ៍លោក អ៊ា ចរិយា បាន​គាំ​ទ្រ​ចំពោះ​ការបង្កើនផាកពិន័យលើអ្នកល្មើសច្បាប់ចរាចរណ៍​។​ ​​លោក​បន្ត​ថា​បើ​ទោះបីជាច្បាប់នេះមានការផាកពិន័យខ្ពស់រងការរិះគន់ពីប្រជាពលរដ្ឋមួយចំនួនក៏ដោយប៉ុន្តែលោកថា​វា​អាចជួយឲ្យ​ការអនុវត្តច្បាប់នេះមានប្រសិទ្ធភាពជាងមុន។ លោកមានប្រសាសន៍ថា៖ ចឹងការចាប់រឹតបន្តឹងច្បាប់ ការជំរុញឲ្យប្រជាជនមានប័ណ្ណបើកបរគឺជាទិសដៅ​ដើម្បី​ជំរុញឲ្យគ្រោះ​ថ្នាក់ចរាចរណ៍នៅស្រុក​ខ្មែរ​យើង​មានការ​កាត់​បន្ថយ ហើយអ្នកទាំងអស់គ្នា​អាច​​ធ្វើ​ដំណើ​រដោយ​សុវត្ថិភាពលើ​ផ្លូវ​ថ្នល់

អនុក្រឹត្យថ្មីមួយ​បន្ថែម​លើ​ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានផ្តល់អំណាចឲ្យសមត្ថកិច្ច​អាច​ពិន័យ​អ្នក​បើក​បរ​យាន​យន្ត​ដែល​​មិន​បាន​ភ្ជាប់​តា​ម​ខ្លួន​នូ​វ​ឯក​​សារ​ដើម​រួមមាន​ប័ណ្ណ​បើក​បរ​យាន​យន្ត ប័ណ្ណ​សម្គាល់យានយន្ត​ វិញ្ញា​បន​បត្រ​ត្រួតពិនិត្យ​​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​ឬ​លិខិត​អនុញ្ញា​ត​ធ្វើ​អាជីវកម្ម​ចំពោះ​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​​ដឹក​ជញ្ជូន។

បើ​តាម​អនុក្រឹត្យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ការ​ផាក​​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នក​បើក​បរទោចក្រយាន​​យន្ត​ឬ​ទោចក្រ​យាន​យន្ត​សណ្តោង​​រ៉ឺ​ម៉ក​​ឬ​ត្រី​ចក្រ​យានយន្តមាន​​ចំនួន​ទឹក​ប្រាក់​១៥០០០រៀល​ អ្នក​បើក​បរ​យាន​យន្ត​ធុន​ស្រាល​ចំនួន​ទឹក​ប្រាក់​២៥០០០រៀល​ និង​អ្នក​បើក​បរយានយន្ត​ធុនធ្ងន់​ចំនួន​ទឹក​ប្រាក់​៥០០០០​រៀល​។​

ការផាកពិន័យនោះ​មាន​លើករណី​បើក​បរ​​ដោ​យគ្មាន​ប័ណ្ណ​បើក​បរ បើក​បរ​លើសល្បឿនកំណត់ មិនគោរពផ្លាកសញ្ញា​ចរាចរណ៍​ បើក​បរ​ក្រោម​ឥទ្ធិ​ពល​គ្រឿងស្រវឹង​ មិន​ពាក់​មួកខ្សែក្រវ៉ាត់​ ការផ្ទុកទំនិញ​សំពីងសំពោង​និងយានយន្ត​មិនគ្រប់លក្ខណៈ​បច្ចេកទេសជាដើម។​

តើច្បាប់ចរាចរណ៍ថ្មីនេះអាចអនុវត្តបានស្មើភាពគ្នាដែរទេ?

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បី​អភិវឌ្ឍនិង​សន្តិភាពលោក យង់ គិមអេង បារម្ភថាច្បាប់នេះអាចអនុវត្តបានតែលើពលរដ្ឋសាមញ្ញចំណែកអ្នកមានអំណាចមិនត្រូវបានអនុវត្ត។

លោកទទួចថា៖ កុំយកអំណាចមកលូកលំនឹងគ្រោះថ្នាក់​ចរាចរណ៍កុំឲ្យមានអន្តរាគមន៍​ឆ្វេចឆ្វាច។ ​បើ​មានអ្នកខុសគឺផាក ហើយអ្នកផាកត្រូវធ្វើឲ្យ​ត្រឹមត្រូវកុំផាកនៅអង្អែលចង់គោះរកលុយវាជាបញ្ហាមួយ​ដែល​ធ្វើ​ឲ្យ​ការអនុវត្តអត់មានប្រសិទ្ធិភាពទេ…

ទោះជាយ៉ាងណាលោកឧបនាយករដ្ឋមន្រ្តី ស ខេង នៅក្នុងសប្តាហ៍នេះបាន​ថ្លែងថាដើម្បីឲ្យការអនុវត្តច្បាប់​ចរាចរណ៍បានស្មើ​ភាពគ្នាលោកថាចាប់ពីឋានៈឧបនាយករដ្ឋមន្រ្តីចុះក្រោម​ត្រូវបកស័ក្តនិងបកតួនាទីរបស់ខ្លួនចេញនៅពេលធ្វើដំណើរតាមដងផ្លូវសាធារណៈដើម្បី​ឲ្យនគរបាល​ចរា​ចរណ៍​​ហ៊ានផាកពិន័យនៅពេលអ្នកមានអំណាចទាំងនោះល្មើសច្បាប់។ លោកថ្លែងថា៖ ពីព្រោះអី? អស់លោក​ស្នងការខ្លះជាឧត្តម​សេនីយត្រី ខ្លះជាវរសេនីយឯក ប៉ុន្តែមន្រ្តីនគរបាលខ្លះស័ក្តមួយ ស័ក្តពីរទេ…។ សួរថាហ៊ានផាកទេ ហ៊ាន​ពិន័យទេ បើឃើញឧត្តមសេនីយត្រីនោះធ្វើ​ចរាចរណ៍មិនគោរពច្បាប់? ឬហ៊ានទេទៅចាប់ឡាន​រដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី…? គ្នាអត់ហ៊ានទេហើយបើមានអន្តរាគមន៍ផ្សេងទៀតកាន់តែមានបញ្ហាទៀត

សម្រាប់លោក យង់ គិមអេង យល់ថាប្រសិនបើការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះធ្វើឡើងមិនស្មើភាពទេនោះនឹងនាំឲ្យមានបន្ទុកធ្ងន់ធ្ងរដល់ពលរដ្ឋក្រីក្រហើយផ្តល់ឱកាសសម្រាប់អ្នកមានអំណាច។

លោកលើកឡើងថា៖ ហ្នឹងជាការព្រួយបារម្ភដែលខ្ញុំសង្ស័យថាការអនុវត្តមិនទាន់មានតម្លាភាពស្មើគ្នាទៅបានដោយសារការ​ប្រើ​អំណាច[ខុស]នៅកម្ពុជាមិនត្រូវបានគេដាក់ទោសទណ្ឌដរាបអ្នក​ប្រ​ព្រឹត្តល្មើសជាមន្រ្តីធំៗ…

តាមគេហទំព័របស់​អគ្គស្នងការដ្ឋាននគរបាលជាតិដែល​បាន​ដកស្រង់សម្តីលោក មាស ចន្ថា ប្រធានអង្គភាពផ្តល់បណ្ណបើកបរនិងសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឲ្យដឹងថាគិតចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥អ្នកមានប័ណ្ណ​បើកបរម៉ូតូមានចំនួន៦៩ ០២០នាក់ ខណៈម៉ូតូមានជាង១លាន៥សែនគ្រឿងនិងអ្នកមានប័ណ្ណបើកបររថយន្តមានចំនួន១១២ ០៨៤នាក់ខណៈរថយន្តមានជាង៣សែនគ្រឿង។

ច្បាប់ចរាចរណ៍ថ្មីនេះមាត្រា៧៥មានខ្លឹមសារថាអ្នកបើកបរយានយន្តដែលអត់មានប័ណ្ណបើកបរនឹងត្រូវដាក់ពន្ធនាគារពី៦ថ្ងៃទៅមួយខែនឹងពិន័យជាប្រាក់ពី១សែនទៅ៨សែនរៀល៕

សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ thorn@vodhotnews.com

What Next?

Recent Articles

One Response to "វិភាគ៖ តើការបង្កើនផាកពិន័យអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានទេ?​"

  1. Anonymous says:

    >. ការ សំខាន់ គឺ រៀនច្បាប់ ចរាចរ ទាំងអស់គ្នា និង បើកបរ យោគយល់គ្នា អធ្យាស្រ័យ គ្នា !

    បើ មិនរៀនច្បាប់ ចរាចរ ទាំងអស់គ្នា « យកលុយទិញ ប័ណ្ណបើកបរ » ទោះជា ពិន័យ ច្រើនប៉ុណ្ណា

    គ្រោះថ្នាក់ នៅតែ មាន !