ដោយ៖ ពៅ មេត្តា | ថ្ងៃសុក្រ ទី25 ធ្នូ 2015
http://vodhotnews.com
អ្នកជំនាញខាងវិស័យកសិកម្មបង្ហាញការព្រួយបារម្ភថាចំនួនកសិករបោះបង់មុខរបររបស់ខ្លួនអាចមានការកើនឡើងដោយសារភាពរាំងស្ងួតហើយពួកគេនឹងចំណាកស្រុកស្វែងរកការងារនៅតំបន់ផ្សេងៗវិញដើម្បីចិញ្ចឹមជីវិត។
កាលពីថ្ងៃទី២៣ខែធ្នូរដ្ឋាភិបាលបានជូនដំណឹងថាឆ្នាំ២០១៦កម្ពុជានឹងទទួលរងនូវបាតុភូត EL Nino (ក្តៅ) រហូតដល់ចុងខែមិថុនា។ រដ្ឋាភិបាលឲ្យដឹងទៀតថាបាតុភូតនេះនឹងបង្កឲ្យរដូវវស្សាមកដល់យឺត បង្កឲ្យកម្តៅកើនឡើង អាកាសធាតុហួតហែង អាចនឹងធ្វើឲ្យខ្វះទឹកសម្រាប់ប្រើប្រាស់នៅតំបន់មួយចំនួនពិសេសការបង្កបង្កើនផលអាចធ្វើបានតែម្តងទោះបីជាមានទឹកតាមបណ្តាអាងនិងបឹងធម្មជាតិក៏ដោយ។
នាយកកម្មវិធីបរិស្ថាននិងសុខភាពនៃអង្គការសេដាកលោក គាម មករាឌី មានប្រសាសន៍ថាបញ្ហាចម្បងរបស់កសិករក្នុងការធ្វើកសិកម្មគឺខ្វះទឹក។ លោកបន្តថាពេលខ្វះទឹកចំនួនកសិករបោះបង់របរកសិកម្មអាចនឹងមានការកើនឡើងហើយពួកចាកចេញពីលំនៅឋានស្វែងរកការងារធ្វើនៅតំបន់ផ្សេងៗទាំងនៅក្នុងនិងក្រៅប្រទេស។ លោកបន្តថា៖ “បើសិនជាគាត់អត់មាន ទឹកធ្វើស្រែចំការគឺពួកគាត់អាចរកការងារធ្វើផ្សេងពីស្រែចំការហ្នឹងទៀតគឺមានតែចំណាកស្រុក។ រឿងប៉ះពាល់គឺប៉ះពាល់ហើយមនុស្សតែអត់ការងារគឺរកកន្លែងហូបធ្វើឲ្យស្ងាត់ស្រុកភូមិហើយគឺរកការងារធ្វើនៅទីក្រុងទីប្រជុំជនផ្សេងៗឬក៏ឆ្លងប្រទេស”។
របាយការណ៍ក្រសួងការងារថៃបង្ហាញថាពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃស្របច្បាប់៨៧ ០០០នាក់និងខុសច្បាប់ចំនួន៨៤០ ០០០នាក់។ ក្រៅពីប្រទេសថៃពលករខ្មែរក៏មានធ្វើការនៅម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុនជាដើមផងដែរ។
អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន មានប្រសាសន៍ថាតាមការសិក្សារបស់លោកគឺ កសិករកម្ពុជាយល់ដឹងពីបច្ចេកទេសដាំដុះនិងចិញ្ចឹមសត្វតិចតួចជាងប្រទេសជិតខាង។ លោកបន្តថាបច្ចុប្បន្នអាកាសធាតុប្រែប្រួលខ្លាំងជួបភាពរាំងស្ងួតធ្វើឲ្យកសិករកាន់តែជួបការលំបាក។
លោក ថេង សាវឿន លើកឡើងថាកសិករខ្មែរភាគច្រើនជំពាក់បំណុលធនាគារហើយលក់កសិផលមិនអាចសងបំណុលរួចទើបកសិករមួយចំនួនសម្រេចបោះបង់របរកសិកម្មចោលហើយរត់ទៅស៊ីឈ្មួលធ្វើជាកម្មករនៅបរទេសពិសេសប្រទេសថៃ។ លោកបន្ថែមថា៖ “ពួកគាត់ជាប់នឹងបំណុលធនាគារនៅពេលដែលគាត់ធ្វើស្រែធ្វើស្រូវគ្មានទុនគ្មានអីចឹងនៅពេលដែលផលស្រូវវាអត់អាចទទួលបានហើយលក់មានតម្លៃថោកចឹងគាត់ត្រូវបង្ខំចិត្តជំពាក់លុយគេចឹងគាត់ត្រូវបង្ខំចិត្តចាកចេញទៅរកស៊ីដើម្បីរកលុយមកសងធនាគារឬមីក្រូហិរញ្ញវត្ថុដែលគាត់បានខ្ចី”។
បាយការណ៍ធនាគារពិភពលោកនៅដើមខែកញ្ញាឆ្នាំ២០១៥បង្ហាញថាកម្ពុជាមានប្រព័ន្ធធារាសាស្ត្រតិចតួចជាងគេប្រៀបធៀបនឹងប្រទេសជិតខាង។ កម្ពុជាមានប្រព័ន្ធធារាស្ត្រ៧,៩ភាគរយនៃផ្ទៃដីកសិកម្មសរុបប្រមាណ៤លានហិកតា ថៃមាន៣២,១ភាគរយនៃផ្ទៃដីកសិកម្មជិត១៦លានហិកតា ចំណែកវៀតណាមមាន៧០,៥ភាគរយនៃផ្ទៃដីកសិកម្ម៦,៥លានហិកតា។
តាមសារាចរណែនាំរបស់រដ្ឋាភិបាលចុះថ្ងៃទី២៣ខែធ្នូនេះលោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ចូលរួមចាត់វិធានការថែរក្សាទឹកទុកសម្រាប់ពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃនិងសម្រាប់ស្រោចស្រប់ដំណាំកសិកម្ម។
តែលោក គាម មករាឌី លើកឡើងថាចំណាត់ការរបស់រដ្ឋាភិបាលក្នុងការរក្សាទឹកទុកនេះហាក់យឺតពេលព្រោះរដូវវស្សាកន្លងផុតអស់ទឹកភ្លៀងទោះធ្វើអាងឬទំនប់ក៏មានមិនទឹកសម្រាប់ស្តុកដែរ។
របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថាក្នុងចំណោមប្រជាពលរដ្ឋខ្មែរជាង១៥លាននាក់មានប្រមាណ៨៣ភាគរយជាកសិករដែលរស់នៅពឹងផ្អែកលើរបរកសិកម្ម។ កសិកម្មដែលប្រជាពលរដ្ឋធ្វើតាមបែបធម្មជាតិឬកសិកម្មមិនទាន់រីកចម្រើននោះគឺកសិករភាគច្រើនធ្វើជាលក្ខណៈគ្រួសារដូចជាដាំពោត សណ្តែក ស្រូវ ដំឡូង ចិញ្ចឹមមាន់ ទា ជ្រូក គោ ក្របីជាដើម។ កសិកម្មជាវិស័យមួយក្នុងចំណោមវិស័យអាទិភាព៤ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិរួមមានវិស័យឧស្សាហកម្ម សំណង់ សេវាកម្មទេសចរណ៍ និងកសិកម្ម។
សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ធ្វើម៉េច ស្រុកខ្មែរ បើនៅក្នុង របប បុរសខ្លាំង ល្មោភអំណាច គឹតតែពី កៅអី អំណាច មានប៊ិច 2 ដើម
ស៊ីញេ អោយគេ យក នេះ យកនោះ មិនឈប់ !
រឿងទឹក សំរាប់ ប្រើប្រាស់ ធ្វើស្រែ ធ្វើចំការ របស់ប្រជាពលរដ្ឋ មិនខ្វល់ !