ដោយ ម៉ែន សុធីរ
2015-12-27
RFA

ក្រសួងមហាផ្ទៃ ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលថ្មីនៃខេត្តស្ទឹងត្រែង នៅចុងឆ្នាំ២០១៥ នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ការផ្ទេរមុខតំណែងអភិបាលខេត្តស្ទឹងត្រែង នឹងធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង ថ្ងៃទី២៩ ធ្នូ ខាងមុខ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។ ចំណែកអ្នកវិភាគផ្នែកអភិវឌ្ឍន៍ផ្តល់ទស្សនៈថា រដ្ឋាភិបាលផ្ទេរតួនាទីអភិបាលខេត្តញឹកញាប់ជាការល្អ ប៉ុន្តែគួរមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី នឹងកាន់តែប្រសើរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងនៅថ្ងៃទី២៧ ធ្នូ ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នឹងប្រកាសតែងតាំងអភិបាលថ្មីនៃខេត្តស្ទឹងត្រែង នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ដោយអភិបាលរង លោក មុំ សារឿន នឹងត្រូវធ្វើជាអភិបាលខេត្តជំនួសអភិបាលខេត្តបច្ចុប្បន្ន។
លោក ខៀវ សុភ័គ បញ្ជាក់ថា មូលហេតុដែលក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ចនេះ ព្រោះអភិបាលខេត្តស្ទឹងត្រែង សព្វថ្ងៃ លោក កុល សំអុល គ្រប់អាយុចូលនិវត្តន៍៖ «ការផ្លាស់ប្ដូរមន្ត្រីរាជការជារឿងធម្មតាហើយ។ អភិបាលខេត្តចាស់លោកក៏ចូលនិវត្តន៍ផងដែរ»។
លិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ឲ្យដឹងថា ក្រសួងមហាផ្ទៃ នឹងរៀបចំផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅចុងខែធ្នូ ខាងមុខ។
សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង មកពីគណបក្សសង្គ្រោះជាតិ លោក ពុយ ចាន់ថាឡា កត់សម្គាល់ថា ការដឹកនាំរបស់អភិបាលខេត្តស្ទឹងត្រែង លោក កុល សំអុល មានចំណុចអវិជ្ជមានខ្លះ ដូចជា សម្រេចអភិវឌ្ឍក្នុងខេត្តមិនបានឆ្លងយោបល់ពីក្រុមប្រឹក្សាខេត្ត ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍សាធារណៈ។ លោកមានជំនឿថា អភិបាលខេត្តថ្មី នឹងបន្តដឹកនាំខេត្តស្ទឹងត្រែង ឲ្យរីកចម្រើន និងមានឆន្ទៈដោះស្រាយរាល់ក្តីកង្វល់របស់ពលរដ្ឋ និងមានទំនួលខុសត្រូវខ្ពស់៖ «អភិបាលខេត្តថ្មីដែលគ្រោងឡើងជំនួសអភិបាលខេត្តចាស់ហ្នឹង គាត់នឹងប្ដូរឥរិយាបថ កុំដូចអភិបាលខេត្តចាស់។ សង្ឃឹមថា អភិបាលខេត្តថ្មីហ្នឹង ធ្វើអ្វីទៅតាមគោលការណ៍ច្បាប់»។
អ្នកវិភាគផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី យល់ថា ប្រសិនបើរដ្ឋាភិបាលជ្រើសរើសអ្នកមានសមត្ថភាពកាន់តំណែងអភិបាលខេត្តថ្មីជាការល្អ ប៉ុន្តែដើម្បីឲ្យប្រសើរជាងនេះទៀត រដ្ឋាភិបាលគួរជំរុញឲ្យអនុវត្តស្វ័យភាព។ លោកថា បើរដ្ឋាភិបាលជ្រើសរើសអ្នកមានសមត្ថភាព និងមានប្រជាប្រិយភាព តែខ្វះស្វ័យភាពធ្វើសេចក្តីសម្រេចចិត្តជូនពលរដ្ឋ ការផ្លាស់ប្ដូរហាក់ពុំមានន័យ គឺគ្រាន់តែជាយន្តការមនុស្សយន្តប៉ុណ្ណោះ៖ «ប្រសិនជាយើងបានប្ដូររដ្ឋមន្ត្រីចាស់ៗ ឬមួយជានាយករដ្ឋមន្ត្រីញឹកញាប់ដូចចៅហ្វាយខេត្ត រឹតតែល្អ»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ រំពឹងថា អភិបាលខេត្តថ្មីនឹងមានយុទ្ធសាស្ត្រដឹកនាំថ្មី និងមានរបៀបធ្វើការងារមួយថ្មី ធ្វើយ៉ាងណាដោះស្រាយបញ្ហាជូនពលរដ្ឋ ដូចជា ដីធ្លី និងបញ្ហាសេដ្ឋកិច្ច ជាដើម ដើម្បីឲ្យពលរដ្ឋមានជីវភាពប្រសើរជាងមុន៖ «ចៅហ្វាយខេត្តថ្មីគួរតែព្យាយាមដោះស្រាយបញ្ហាទាំងឡាយណាដែលចៅហ្វាយខេត្តចាស់មិនបានធ្វើ។ ធ្វើម៉េចឲ្យធានាថា ប្រជាពលរដ្ឋមានក្តីសង្ឃឹមសម្រាប់ការមកកាន់តំណែងជាអភិបាលខេត្តថ្មីហ្នឹង»។
មេឃុំស្រែគរ លោក សៀក មេគង្គ សម្ដែងការមិនពេញចិត្តចំពោះការផ្លាស់ប្ដូរអភិបាលខេត្តស្ទឹងត្រែង។ លោកកត់សម្គាល់ថា អភិបាលខេត្តស្ទឹងត្រែង លោក កុល សំអុល បានយកចិត្តទុកដាក់សម្របសម្រួលស្វែងរកដំណោះស្រាយជូនអ្នកភូមិនៅឃុំស្រែគរ ដែលរងផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។ លោកបារម្ភថា តើអភិបាលខេត្តថ្មី នឹងមានឆន្ទៈដោះស្រាយបញ្ហាជូនពលរដ្ឋនៅឃុំស្រែគរ កម្រិតណានោះទេ?៖ «គាត់ធ្វើអ្វីតាមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត គាត់មានការផ្សះផ្សាច្រើន។ ចំណែកទាក់ទងផលប៉ះពាល់ធ្វើម៉េចឲ្យក្រុមហ៊ុនសងជូនពលរដ្ឋដែលរងផលប៉ះពាល់ពីរឃុំនេះ ឲ្យក្រុមហ៊ុនមានការខ្នះខ្នែងប្រជាពលរដ្ឋ»។
លោក កុល សំអុល បានបំពេញតួនាទីជាអភិបាលខេត្តស្ទឹងត្រែង រយៈពេល ៣ឆ្នាំកន្លងមក ចាប់តាំងពីឆ្នាំ២០១៣ ដល់ចុងឆ្នាំ២០១៥ ហើយលោកអាចនឹងទៅបម្រើការងារនៅក្រសួងមហាផ្ទៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ.ជ.ប នឹងប្រកាសពីនីតិវិធីជ្រើសរើសអគ្គលេខាធិការក្រោយបិទទទួលពាក្យ
- តុលាការកោះហៅតំណាងរាស្ត្របក្សប្រឆាំងចូលបំភ្លឺរឿងហិង្សានៅមុខរដ្ឋសភា
- សមាជិករដ្ឋសភាទទួលគ្រឿងឥស្សរិយយសពីព្រះមហាក្សត្រ
- យុវជនមួយក្រុមបង្កើតគណបក្សនយោបាយថ្មីសម្រាប់ជួយយុវជនខ្លួនឯង
- បក្សប្រឆាំងនិងអ្នកវិភាគរិះគន់លោក ហ៊ុន សែន ដែលថាកម្ពុជាមានសន្តិភាពពេញលេញ
- មេដឹកនាំបាតុកម្មទម្លាក់លោក កឹម សុខា ត្រូវបាននាយករដ្ឋមន្ត្រីតែងតាំងជាជំនួយការ
- រដ្ឋសភានឹងផ្ដល់គ្រឿងឥស្សរិយយសដល់សមាជិកសភាទាំងអស់រួមទាំងលោក សម រង្ស៊ី ផង
- បក្សប្រឆាំងចាត់តាំងក្រុមការងារចូលរួមគណៈកម្មការចម្រុះជាមួយបក្សប្រជាជន
- លោក សួន សេរីរដ្ឋា ប្ដឹងលោក ហោ ណាំហុងទៅតុលាការបន្ទាប់ពីគ្មានការសុំទោស
បើអ្នកផ្សេងចេះដាក់គេឱ្យចូលនិវត្ត ចុះខ្លួនឯងវាសំខាន់ វាមិនអាចខ្វះបាន វាអស្ចារ្យ វាមហាលោផ្លោះ … អីតែឯង ម៉េចមិនផ្តល់ឱកាសឱ្យមនុស្សថ្មី ខួរក្បាលថ្មីគេសាងភាពរីកចំរើនឱ្យប្រទេសជាតិផង ឬមួយចេះតែមានគំនិតថាក្រៅពីអញ អ្នកផ្សេងគ្មានសមត្ថភាព អ្នកផ្សេងនឹងនាំប្រទេសជាតិទៅរកភាពហិនហោច បែបនេះគេហៅថាជំងឺតួឯកនោះអី! អាចបន្តិចទៀតនិម្មិតខ្លួនឯងថាជា “ព្រះស្តេចកន” មកចាប់ជាតិអីទៅ ព្រោះធ្លាប់ឮចំរៀងលើកជើងមួយបទនោះដូចជានិយាយអំពារៗថាជាទេពច្យុតមកចាប់ជាតិអីផង ហើយឧស្សាហ៍ឃើញចាក់ឡង់សេតាមទូរទស្សន៍ពីដំណើរគគ្រឹកគគ្រេងទៅធ្វើបុណ្យក្នុងវត្តមួយនៅបន្ទាយលង្វែក អុញ! អុញ! ពេលនោះកាន់តែយ៉ាប់ហើយ ព្រះស្តេចកន!