ដោយ៖ អុិត សូធឿត | ថ្ងៃចន្ទ ទី4 មករា 2016, 05:26 PM
http://vodhotnews.com
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកោះហៅប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា ឲ្យចូលទៅកាន់តុលាការ ដើម្បីសាកសួរពីដំណើររឿងបណ្ដឹងរបស់មេបក្សរូបនេះដែលបានប្ដឹងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិត្តិការអន្តរជាតិលោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍។
នៅរសៀលថ្ងៃចន្ទនេះ លោក សួន សេរីរដ្ឋា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកដោយភ្ជាប់ជាមួយដីកាកោះរបស់ព្រះរាជ្ញារងរងអមសាលាដំបូងរាជធានីភ្នំពេញលោក មាស ច័ន្ទពិសិដ្ឋ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ថា លោកទទួលបានលិខិតកោះហៅឲ្យចូលបំភ្លឺនៅតុលាការសាលាដំបូងករណីលោកប្តឹងលោក ហោ ណាំហុង។
បើតាមដីកាកោះដែលលោកបានភ្ជាប់ជាមួយ លោក សួន សេរីរដ្ឋា ត្រូវចូលទៅបំភ្លឺនៅតុលាការនៅថ្ងៃទី១៣ ខែ មករា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក តែនៅក្នុងដីកាកោះនោះបានចុះកាលបរិច្ឆេទថ្ងៃទី១៣ ខែមករា ២០១៥។
VOD មិនអាចសុំការបញ្ជាក់បន្ថែមពីលោក មាស ច័ន្ទពិសិដ្ឋ បាននៅឡើយទេនៅរសៀលថ្ងៃចន្ទនេះ ដោយទូរស័ព្ទចូល តែត្រូវលោកចុចបិទ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ លោក សួន សេរីរដ្ឋា បានដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងលោក ហោ ណាំហុង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។ បើតាមពាក្យបណ្ដឹង លោក សួន សេរីរដ្ឋា ទាមទារជំងឺចិត្តចំនួន៥០០លានរៀល(ប្រហែល១២៥០០០ដុល្លារ) ដោយថានឹងយកថវិកាទាំងនេះជួយមន្ទីរពេទ្យគន្ធបុប្ផា។
លោក សួន សេរីរដ្ឋា បានប្រាប់អ្នកសារព័ត៌មានក្រោយពីការដាក់ពាក្យបណ្តឹងថា លោកបានដាក់ភស្តុតាងទៅតុលាការជាសំឡេងរបស់លោក ហោ ណាំហុង ដែលបានថ្លែងថា គណបក្សរបស់លោក កន្លងមកមានសមាជិកធ្វើភេរវកម្មនៅកម្ពុជា។
ទោះយ៉ាងណា មេធាវីរបស់លោក ហោ ណាំហុង គឺលោក ការ សាវុត្ថ កន្លងទៅបានចេញលិខិតមួយច្បាប់ដោយលើកឡើងថាលោក ហោ ណាំហុង មិនបានបរិហាកេរ្តិ៍លោក សួន សេរីរដ្ឋា នោះទេ។ លោកថា កូនក្តីរបស់លោកគ្រាន់តែនិយាយអ្វីដែលតុលាការបានសម្រេចកាលពីកន្លងមកប៉ុណ្ណោះ ដោយលើកឡើងថា សាលាឧទ្ធរណ៍បានតម្កល់ទុកជាបានការនូវសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ដែលបានផ្តន្ទាទោសលោក សួន សេរីរដ្ឋា ដាក់ពន្ធនាគារ៧ឆ្នាំ និងពិន័យជាប្រាក់២៥លានរៀលពីបទញុះញង់ប្រព្រឹត្តបទ ក្រិដ្ឋជាអាទិ៍ រួមគំនិតក្បត់ និងអំពើរារាំងប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត និងបង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន។ ករណីនេះ លោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រលើកលែងទោស កាលពីខែកក្កដា ឆ្នាំ២០១៥៕
សរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
ល្អម្យ៉ាងដែរ ថាតើអ្នកនយោបាយថ្មី អាចល្បីជាងជើងចាស់ដែរឬយ៉ាងណា????។
កម្ពុជាឥឡូវ គ្មានអ្វី ឬករណី សំខាន់ជាង បទបរិហារកេរ្ត( ប្រហារកេរ្តិ) ព្រោះ សម្បូរទៅដោយ អ្នកស៊ីកេរ្តិ ឬ លួចកេរ្តិ ដែលគួរអោយ អាមាសដល់ជាតិដទៃ។
ល្បែងយក រដ្ឋប្បវេណី បង្ក្លាយ ទៅជាព្រហ្មទណ្ឌ សំរាប់អ្នកនយោបាយ ដើម្បីឈ្នះ និង ចាញ់ នេះ ហាក់បីដូចជា ក្លាយ ទៅជា ល្បែងក្មេង។
សំនៀង