ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃចន្ទ ទី4 មករា 2016, 09:27 AM
http://vodhotnews.com
បើទោះជាប្រឹងវិចខ្ចប់ឡើងជិតពីក្រុមផលិតករនិងតួសម្ដែងដែលបានជាប់ក្នុងរឿង«ព្រះស្ដេចកន» ក៏តួអង្គស្ដេចកនដែលត្រូវសង្គមសិល្បៈនិងមហាជនចង់ដឹងនោះត្រូវបានទម្លាយចេញ។ កីឡាករផ្នែកកាយវប្បកម្មដែលត្រូវគេស្គាល់ថាធ្លាប់បានសម្ដែងជាតួអង្គព្រះបាទជ័យវរ្មន៍ទី៧ក្នុងឈុតខ្លីជាមួយអ្នកនាងចន ច័ន្ទលក្ខិណានោះ គឺជាតួអង្គដែលបានជម្រើសជាប់សម្រាប់តំណែងនេះ។
ក្នុងបទសម្ភាសស៍តាមទូរស័ព្ទជាមួយភ្នាក់ងារVOD កីឡាករកាយវប្បកម្មលោក រស់ សុភ័ណ្ឌ បានទទួលស្គាល់ថាលោកពិតជាបានជាប់តំណែងជាតួស្ដេចកនមែន ហើយការទម្លាយចេញនេះក៏មានន័យថាព័ត៌មានដែលធ្លាប់ព្រលយថាតំណែងស្ដេចកនបានទៅលើតារាល្បីឈ្មោះរូបនេះល្បីឈ្មោះរូបនោះនិងចុងក្រោយថាបានលើលោកអ៊ុន សុធានោះ នឹងត្រូវបន្សាប។ តារាដែលត្រូវបានគេស្គាល់ក្នុងឈុតខ្លីនិយាយពីព្រះបាទជ័យវរ្ម័នទី៧ ជាមួយអ្នកនាងចន ច័ន្ទលក្ខិណា រូបនេះ បានថ្លែងប្រាប់ថាលោកទើបតែត្រូវបានក្រុមហ៊ុនLYP របស់លោកលី យ៉ុងផាត់ និងលោក ម៉ៅ អាយុទ្ធ អនុរដ្ឋាលេខាធិការក្រសួងព័ត៌មាន ដែលជាអ្នកដំឡើងរឿង«ព្រះស្ដេចកន» ឲ្យចុះកុងត្រាផ្លូវការប៉ុណ្ណោះ។ លោកមានប្រសាសន៍៖ “ខ្ញុំបានសម្ដែងរឿងមែន ប៉ុន្តែអត់ដឹងថាហេតុអ្វីទើបគេជ្រើសយកខ្ញុំទេ ព្រោះរឿងហ្នឹងឃើញតារាល្បីៗច្រើនមែនទែនទៅធ្វើតេស្ដ!”។ លោកត្រូវបានគេហៅឲ្យទៅរៀនជិះសេះនិងហាត់កាន់អាវុធកាលពីចុងខែធ្នូ ឆ្នាំ២០១៥ ដោយការហ្វឹកហាត់លោកថាមានភាពពិបាក។ លោកថារូបលោកមិនមែនជាតារាសិល្បៈទេ គឺគ្រាន់តែជាកីឡាករផ្នែកកាយវប្បកម្មដែលស្រឡាញ់ការហ្វឹកហាត់សាច់ដុំនិងជាគ្រូបង្ហាត់កីឡានៅក្នុងក្លិបរបស់សណ្ឋាគារមួយប៉ុណ្ណោះ ប៉ុន្តែមកពីមានមិត្តភ័ក្ត្រជួយយករូបថតទៅដាក់ពាក្យឲ្យ ទើបត្រូវបានផលិតករកូរ៉េ ដែលចុះមកផលិតរឿងខ្លីនិយាយពីព្រះបាទជ័យវរ្ម័នទី៧ជ្រើសឲ្យសម្ដែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧និងចុងក្រោយបានសម្ដែងជាតួអង្គស្ដេចកនដែលទើបនឹងកុងត្រានេះទៀត។
លោក រស់ សុភ័ណ្ឌ ថ្លែងថា៖ “ការពិតជាខ្ញុំជាកីឡាករ(កាយវប្បកម្ម)និងជាគ្រូកីឡាករទេ អញ្ចឹងហើយទើបក្រោយពេលដឹងថាគាត់ជ្រើសយកខ្ញុំឲ្យសម្ដែងរឿងហ្នឹងខ្ញុំភ័យ អត់ដឹងថាបានសម្ដែងកើតប៉ុណ្ណាទេ ព្រោះកាលខ្ញុំសម្ដែងឈុតជ័យវរ្ម័នទី៧គឺអត់សូវលេងអីច្រើនទេ ប៉ុន្តែខ្ញុំមើលរឿងស្ដេចកុនហ្នឹងគឺខុសគ្នា!”។ លោកថាក្នុងមួយជីវិតរបស់លោក លោកធ្លាប់ទៅប្រកួតផ្នែកកាយវប្បកម្មនៅក្នុងប្រទេសថៃច្រើនលើកមកហើយ ប៉ុន្តែរឿងសម្ដែងគឺទើបតែមានបទពិសោធន៍សម្ដែងឈុតខ្លីក្នុងរឿងព្រះបាទជ័យវរ្ម័នទី៧និងបានសម្ដែងជាតួរាយរងក្នុងរឿង«ម្ដាយក្មេកចិត្តឫស្យា»ប៉ុណ្ណោះ។
លោក ម៉ៅ អាយុទ្ធ ជាអ្នកដំឡើងរឿង«ព្រះស្ដេចកន» បានបង្ហាញការភ្ញាក់ផ្អើលពាក់ព័ន្ធការជជីកសួរថាហេតុអ្វីបានជាជ្រើសលោករស់ សុភ័ណ្ឌ ឲ្យសម្ដែងជាតួអង្គស្ដេចកន។ យ៉ាងណាមិញ លោកបានថ្លែងថាហេតុផលដែលនាំឲ្យបុរសរូបនេះបានក្លាយជាតួអង្គសំខាន់ជាងគេនៅក្នុងរឿងនេះគឺដោយសារតែត្រេមុខ មាឌ និងសាច់ដុំរាងកាយរបស់តែម្ដង ដោយការជ្រើសយកមិនមែនរូបលោកជាអ្នកសម្រេចតែឯងនោះទេ គឺជាការកំណត់របស់ក្រុមហ៊ុនLYP របស់លោកលី យ៉ុងផាត់ទាំងមូល។ លោកមានប្រសាសន៍ថា៖ “តួគាត់ជាប់មិនមែនខ្ញុំទេ ក្រុមការងារទាំងអស់តើ ប៉ុន្តែសម្រាប់ខ្ញុំ ភ័ណ្ឌ (រស់ សុភ័ណ្ឌ) គឺត្រូវនឹងក្ដីស្រម៉ៃរបស់ខ្ញុំតែម្ដង ព្រោះតួអង្គស្ដេចកន មាឌគាត់គឺសាច់ដុំល្អអញ្ចឹង ព្រោះស្ដេចកនជាអ្នកចម្បំាង គឺមាឌអញ្ចឹង អញ្ចឹងហើយទើបតារាល្បីៗដែលមកសម្ភាសន៍គាត់អត់បានជាប់ នៅពេលដែលខ្ញុំបានឃើញត្រេមុខ និងមាឌ របស់ភ័ណ្ឌ!”។

អ្នកនាងចន ច័ន្ទលក្ខិណា(ធ្វេង)និងលោក រស់ សុភ័ណ្ឌ(រូបថតពីហ្វេសប៊ុក)
លោក ម៉ៅ អាយុទ្ធ បន្តថាលោករស់ សុភ័ណ្ឌ មិនពិបាកក្នុងរឿងសម្ដែងឬលេងទឹកមុខឲ្យល្អនោះទេ ដោយសារតែលោកមានបទពិសោធន៍គ្រប់គ្រាន់ ដើម្បីឲ្យតួទាំងអស់លេងដល់។ លោកថាការសម្ដែងរបស់តួអង្គក្នុងរឿង«ព្រះស្ដេចកុន» នឹងបើកឆាកនៅពាក់កណ្ដាលខែមករានេះ គឺទន្ទឹមនឹងកាមេរ៉ាទំនើបចុងក្រោយ២គ្រឿងដែលបានកុម្ម៉ង់ដោយក្រុមហ៊ុន LYP ក្នុងតម្លៃច្រើនសែនដុល្លារធ្លាក់មកដល់។ លោកថារឿងនេះបានធ្វើបន្ទាយរួចហើយនៅភ្នំតាម៉ៅដោយគ្រោងផ្ដើមថតនៅទៅនោះ និងបន្តបន្ទាប់មកទៅថតនៅខេត្តសៀមរាប កំពង់ចាមនិងនៅស្រុកគគីរម្ដុំកៀនស្វាយ។ ដោយឡែកសម្រាប់តួអង្គវិញលោកថាមានចំនួនដល់រាប់រយតួឯណោះ ដោយគ្រាន់តែកាត់សម្លៀកបំពាក់និងធ្វើអាវុធគឺអស់រាប់ម៉ឺនដុល្លារទៅហើយ។ ក្នុងនោះសូម្បីតែសេះធំៗចំនួន១៦ក្បាលក៏ត្រូវបង្វឹកយ៉ាងពិសេស ឲ្យក្លាយជាសេះថតកុននោះផងដែរ ដោយមិនទាន់រាប់បញ្ចូលសេះរាយរយនៅឡើយ។ លោកម៉ៅ អាយុទ្ធ បានទទួលស្គាល់ តួអង្គព្រះស្រីសុគន្ធបទ គឺសម្ដែងដោយលោកទេព រិន្ទដារ៉ូ និងតួអង្គស្ដេចកនគឺសម្ដែងដោយលោករស់ សុភ័ណ្ឌ ដែលជាកីឡាករកាយវប្បកម្ម។
លោក ម៉ៅ អាយុទ្ធ បញ្ជាក់ថា ក្នុងរឿង«ព្រះស្ដេចកន» និយាយត្រឹមតែប្រវត្តិរបស់ស្ដេចកននិងសង្គ្រាមរបស់ស្ដេចកនដែលឈ្នះព្រះស្រីសុគន្ធបទហើយបានក្លាយជាមហាក្សត្រប៉ុណ្ណោះ គឺអត់តដល់សង្គ្រាមរវាងស្ដេចកន និងព្រះបាទច័ន្ទរាជានោះទេ៕
សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com
១. ខ្ញុំក៍ចូលរួមអបអរសាទរដែរ ចំពោះភាពយន្តរបស់ស្តេចកន។ ខ្មែរត្រូវតែថតកុនប្រវត្តិសាស្រ្តឡើងវិញ ដើម្បីអោយពិភពលោក យល់ដឹងអំពីខ្មែរ!!!
២. ប៉ុន្តែ ស្តេចកនមិនមែនជាស្តេចត្រឹមត្រូវទេ បើនិយាយពីភាពត្រឹមត្រូវនៃសន្តតិវង្សរបស់ស្តេចខ្មែរ ឬអាចនិយាយថា៖ ស្តេចកនគឺជាស្តេចជ្រែករាជ្យ!!!
៣. សន្តតិវង្សនៃស្តេចខ្មែរ គឺខ្សែស្រឡាយ វរ្ម័ន!!! ទោះស្តេចត្រសក់ផ្អែមក៍ជាជ័យវរ្ម័នទី៩ដែរ ដែលស្ថិតក្នុងគ្រួសារវរ្ម័ន។ ស្តេចក្រោយៗមក ទោះជាបានកាន់សាសនាព្រះពុទ្ធទាំងស្រុង និងឈប់ប្រើឈ្មោះជា វរ្ម័ន ប៉ុន្តែពួកគេមានឈាមជ័រតពីគ្រួសារវរ្ម័ន រហូតដល់បច្ចុប្បន្ន លើកលែងតែស្តេចកន តែមួយគត់ដែលមិនមែនស្ថិតក្នុងរាជ្យវង្សានុវង្សដូចពោលខាងលើ។