កម្មវិធីទូរស័ព្ទ​របស់​លោក ហ៊ុន សែន ដាក់​ឲ្យ​មាន​ការចុះឈ្មោះគាំទ្រ​រូបលោក​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី5 មករា 2016, 12:11 PM
http://vodhotnews.com

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ឲ្យប្រើប្រាស់គេហទំព័រផ្ទាល់ខ្លួននិងកម្មវិធី​ទូរស័ព្ទដៃ​​(Appទូរស័ព្ទដៃ) ដោយបង្ហាញពីសកម្មភាព​របស់​លោក​ ប្រវត្តិរូប​និង​ការ​ចុះឈ្មោះគាំទ្រ​រូបលោកជាដើម។​

លោក ហ៊ុន សែន ដែលបច្ចុប្បន្នកំពុង​សកម្មនឹង​ការ​ប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុក បានក្លាយ​ជា​មេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោកតិចតួច​​បំផុត​ដែល​បាន​ប្រើប្រាស់បច្ចេកវិទ្យានេះ​មួយនេះ​។ កាល​ពីខែកក្កដា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានដាក់ឲ្យប្រើប្រាស់នូវAppទូរស័ព្ទរបស់លោក។ ចំណែកកាលពីខែមីនា ឆ្នាំ២០១៥ ប្រទេសចិនបានដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ប្រធានាធិបតី លោកXi Jinping។ ​ចំណែកសហរដ្ឋអាមេរិកវិញ​បានបើក​ឲ្យ​មាន​កម្មវិធីទូរស័ព្ទ​របស់ប្រធានាធិបតី តែមិនមែនសម្រាប់បុគ្គល​ប្រធានាធិបតីណាមួយនោះទេ។​

លោក ហ៊ុន សែន ដែលសកម្មនឹងហ្វេសប៊ុកមួយ​រយៈ​ពេល​ចុងក្រោយនេះ​ បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពី​យប់ថ្ងៃចន្ទថា៖ “ខ្ញុំមានសេចក្តីរីករាយសូមជូនដំណឹងដល់ជនរួមជាតិនិងសាធារណជនថា ក្រៅអំពីFacebookគឺខ្ញុំមានWeb SiteនិងAppផ្ទាល់ខ្លួនមួយបន្ថែមទៀត ដែលពេលនេះអាចទាញមកទុកក្នុងទូរស័ព្ទ​ដៃ(Download)សម្រាប់ទូរស័ព្វប្រភេទAndroid ។ សម្រាប់iOSគឺនឹងដាក់អោយ Download នៅពេលឆាប់ៗខាងមុខនេះ”

លោក ហ៊ុន សែន ក៏បានដាក់​ឲ្យ​ប្រើប្រាស់​គេហទំព័រផ្ទាល់ខ្លួន​មួយ​មាន​ឈ្មោះថាwww.sa​mde​chhunsen.gov.kh។ បើតាមគេហទំព័រនិង​កម្មវិធីទូរស័ព្ទនោះ មានការនិយាយពីប្រវត្តិរបស់នាយករដ្ឋមន្រ្តី ការវិនិយោគនៅកម្ពុជានិងមានការបំពេញព័ត៌មានដើម្បីគាំទ្រនាយករដ្ឋមន្រ្តី ដោយមានដាក់ឈ្មោះអាយុ ភេទ និងលេខទូរស័ព្ទផងដែរ។​


ក្នុងពិធីសម្ពោធស្ពានអាកាស៥មករា ដែលគេស្គាល់ថាស្ពានតិចណូ លោក ហ៊ុន សែន នៅព្រឹកថ្ងៃ​អង្គារនេះ​បានថ្លែង​ថា៖ “ហ៊ុន សែន បើមិនលេងគឺ​មិនលេងទេ បើបានតែ​ជ្រុល​លេង គឺ​ថាមាន​អ្ហែង​មទាំងពី​កប៉ាល់ហោះថតពីលើ។ …អាហ្នឹង​​ឲ្យ​ដឹង​ថាម៉េចទៅ​ហ៊ុន សែន ហ្នឹង​។ មិនលេង អញមិនខ្ចីលេង”។ លោក​បញ្ជាក់បន្ថែមថា៖ “បច្ចេកវិទ្យាទៅដល់​ណា យើង​ទៅដល់ហ្នឹង។ អាហ្នឹង​និយាយ​តាម​មួយ​បែ​បអញ្ចឹងហ្មង។ កុំឲ្យ​អ្នកខ្លះឆ្លៀតប្រើ ធ្វើអត្ថាធិប្បាយ តាំងពីយក​អាទិន្នន័យហ្វេសប៊ុកយកមកធ្វើអត្ថាធិប្បាយ ឥឡូវសូមលេងម្តងហើយ។ ចាំដល់ពេល​ដំណាក់កាលមួយ សូម​ឲ្យពួក​អ្នកធ្វើ​វិភាគ ចេញមកវិភាគឡើងវិញ​ ដើម្បីថាតើវាយ៉ាងម៉េចអារឿងហ្វេសប៊ុកហ្នឹង”។​

កាលពីថ្ងៃទី​២៨ខែធ្នូ ឆ្នាំ​២០១៥ លោក​ ហ៊ុន សែន​ បានប្រកាសថាលោកមិនមែនជា”នាយករដ្ឋមន្រ្តីហ្វេសប៊ុក”នោះទេ ដោយបញ្ជាក់ការលេងប្រព័ន្ធសង្គមររបស់លោកនាពេលបច្ចុប្បន្នេះ គឺដើម្បីទទួលព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ។ លោក​បន្តថាអំពាវនាវឲ្យប្រជាពលរដ្ឋមានសីលធម៌ក្នុងការប្រើប្រាស់។​

គួរបញ្ជាក់ថាហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីមានអ្នកចុចចូលចិត្តទៅដល់ជិត១លាន៧សែន​៥ម៉ឺននាក់​ ចាប់តាំងពី​លោកបានប្រកាសប្រើប្រាស់ហ្វេសប៊ុកជាផ្លូវការចាប់ពីថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៥។ បច្ចុប្បន្ននេះ លោក​បានប្រើប្រាស់ប្រព័ន្ធនេះជាញឹកញាប់តាមរយៈការបង្ហោះសារនយោបាយ រូបភាពនិងការផ្សាយផ្ទាល់​សកម្មភាពរបស់លោក។ អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាមានប្រមាណ៣លាននាក់៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "កម្មវិធីទូរស័ព្ទ​របស់​លោក ហ៊ុន សែន ដាក់​ឲ្យ​មាន​ការចុះឈ្មោះគាំទ្រ​រូបលោក​​"

  1. Anonymous says:

    ចុះឈ្មោះគាំទ្រ នឹងបានរង្វាន់ ជាសម្ងាត់ ! បើ ហៅ ប្រជុំ បានលុយ បានសារុង បានប៊ីចេង !

  2. Anonymous says:

    អត់ចាប់អារម្មណ៏ មនុស្សចង្រៃ ប្រទេសមួយហ្នឹង