មន្ត្រី​ជំនាញ​នៅ​ក្រសួង​សាធារណកា​រថា ពលរដ្ឋ​ត្រូវ​ឆ្លងកាត់​ការប្រឡង​ដើម្បី​បាន​ប័ណ្ណបើកបរ​ម៉ូតូ​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃអង្គារ ទី5 មករា 2016, 04:59 PM
http://vodhotnews.com

​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បញ្ជាក់ថា ប្រជាពលរដ្ឋ​មិន​ត្រូវបាន​តម្រូវឲ្យ​ចូលរៀន​បើកបរ​ម៉ូតូ​នោះ​ទេ តែ​ត្រូវ​ឆ្លងកាត់​ការប្រឡង ដើម្បី​ទទួលបាន​ប័ណ្ណបើកបរ​ម៉ូតូ​។​

​អនុប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក សូ ពី​សី ​ប្រាប់​វី​អូ​ឌី​(VOD)នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា កាលពី​ព្រឹក​មិញ​នេះ ក្រុម​មន្ត្រី​ជំនាញ​របស់​ក្រសួង​បាន​ជួបប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​ពី​ការសម្រួល​ដំណើរការ​នៃ​ការផ្ដល់​ប័ណ្ណបើកបរ​ម៉ូតូ​ដល់​ប្រជាពលរដ្ឋ​។ លោក​ថា ក្រោយ​កិច្ចប្រជុំ ក្រុមការងារ​បានរៀបចំ​ជា​សេចក្ដីព្រាង​ប្រកាស​មួយ​ដែល​លោក​ថានឹង​ត្រូវ​ដាក់​ជូន​រដ្ឋ​មន្ត្រី​ចុះហត្ថលេខា​ក្នុង​ពេល​ឆាប់ៗ​។​

​លោក សូ ពី​សី ឲ្យ​ថា បើ​តាម​សេចក្ដី​ព្រាង​នោះ ក្រសួងនិង​មន្ទីរ​សាធារណការ ស្ថាប័នពាក់ព័ន្ធ​មួយចំនួ​ននឹង​បើក​វគ្គ​បង្រៀនច្បាប់និង​ផ្លាកសញ្ញា​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ តែ​ពុំ​មាន​បង្រៀន​កាន់​ដៃចង្កូត​នោះទេ ហើយ​រៀបចំ​ការប្រឡង​នៅ​រសៀល​ថ្ងៃ​ដដែល​។ ទោះយ៉ាងណា លោក​ថាប្រជាពលរដ្ឋ​ក៏​អាច​រៀន​ច្បាប់ និង​ផ្លាក​ចរាចរណ៍​ដោយ​ខ្លួនឯង​បាន តែ​ត្រូវ​ទៅ​ប្រឡង​ដើម្បី​បាន​ប័ណ្ណបើកបរ​សម្រាប់​ម៉ូតូ​តូច​ដែល​មាន​កម្លាំង​១២៥​សេ​សេ​ចុះ​។ ចំណែក​ប័ណ្ណបើកបរ​ម៉ូតូ​ធំ​ដែល​មាន​កម្លាំង​លើសពី​១២៥​សេ​សេ គឺ​ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ពី​សាលា​ពី​ការរៀន​បើកបរ និង​ឆ្លងកាត់​ការប្រឡង​។

​លោក​មាន ប្រសាសន៍​៖ “​ប្រកាស​មួយ​ដាច់​ដោយឡែក​សម្រាប់​ការប្រឡង​យក​ប័ណ្ណបើកបរ​ម៉ូតូ​ហ្នឹង​ណា គឺ​មាន​ការរៀន រៀន​ទ្រឹស្ដី និង​ប្រឡង​ដៃចង្កូត​អី​ធម្មតា ក៏​ប៉ុន្តែ​ប្រសិនបើ​គាត់​រៀន​ម៉ូតូ​ប្រភេទ ក​១ ក្រោម​១២៥​សេ​សេ​ចុះ​ហ្នឹង​គឺ​មិនបាច់​ចូល​សាលា​ទេ ហើយ​មក​ប្រឡង​តែម្ដង​… បើ​គាត់​រៀន​ដោយ​ខ្លួនឯង​ក៏​បាន​ដែរ ឲ្យតែ​ប្រឡង​ជាប់​… ហើយ​យើង​បាន​បន្ធូ​រដែរ ក្នុង​ប្រកាស​ហ្នឹង សេចក្ដីព្រាង​ប្រកាស​ព្រោះ​អី​ឯកឧត្ដម​រដ្ឋមន្ត្រី​គាត់​អត់​ទាន់​ស៊ីញ៉េ​ទេប្រកាស​ហ្នឹង យើង​ព្រាង​ទេ​ណា គឺ​ពី​មុន​យើង​ប្រឡង​ម៉ូតូ​ទ្រឹស្ដី យើង​[​មាន​] ៤០​សំណួរ ឥឡូវ​យើង​បាន​បន្ថយ​ត្រឹម​១៥​សំណួរ​ទេ​”​។​

លោក សូ ពីសី អះអាង​ដែរ​ថា ក្រសួង​ និង​មន្ទីរ​សាធារណការ​នឹង​ចុះ​ទៅរៀបចំ​វគ្គបណ្ដុះបណ្ដាល និង​ការ​ប្រឡង​យក​ប័ណ្ណបើកបរ​ដល់​មូលដ្ឋានផងដែរ​។

​ការលើកឡើង​នេះ​ស្របពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​អាកាស​តិច​ណូ ឬ “​ស្ពាន​អាកាស​៥​មករា​” នៅ​ព្រឹក​នេះ​ថា ប្រជាពលរដ្ឋ​អាច​ទៅ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​បាន​ដោយ​ពុំ​ចាំបាច់​រៀន​បើកបរ​ម៉ូតូ​នោះ​ទេ ដោយ​លោក​អះអាងថា គ្រប់​គ្នា​ចេះ​បើក​ម៉ូតូ​ស្រាប់​ហើយ​។ ទោះយ៉ាងណា លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​សាខា​របស់​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន​នៅ​គ្រប់​ទីកន្លែង​បង្រៀន​ប្រជាពលរដ្ឋ​ពី​ច្បាប់​ចរាចរណ៍​ដោយ​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​។​

​លោក​មានប្រសាសន៍ថា​៖ “​ហើយក៏​មិន​ចាំបាច់​ទៅ​រៀន​បើកបរ​ម៉ូតូ​ទេ ត្រឹម​តែ​អា​ម៉ូតូ​! … ទៅ​បើក​ស្អី ធ្វើឲ្យ​តែម្ដងទៅ​! តែ​យើង​ត្រូវ​ធ្វើ​អី​? ក្រសួង​សាធារណការនិង​ដឹកជញ្ជូន ដែល​មាន​នៅ​គ្រប់​ទីកន្លែង ត្រូវខិតខំ​បង្រៀន​បងប្អូន​ពី​ច្បាប់​ចរាច​រណ៍​។ មិនមែន​បង្រៀន​បើកបរ​ទេ បង្រៀន​ពី​ច្បាប់​ចរាចរណ៍​វិញ ដើម្បី​ឲ្យដឹងថា​មុន​ពេលប​ត់​គេ​ត្រូវធ្វើ​ម៉េច អា​ផ្លូវ​ណា​ទៅ​យ៉ាងម៉េច ផ្លូវ​ណា​ទៅ​យ៉ាងម៉េច ហើយ​បើ​អាចធ្វើ​បាន​ផលិត​ស្ព​តទៅ ចាក់​តាម​ទូរទស្សន៍ បង្រៀន​តាម​ទូរទស្សន៍​”​។​

​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​បញ្ចុះតម្លៃ​ក្នុងការ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ផងដែរ​។ លោក​ថ្លែងថា ម៉ូតូ​ត្រូវបាន​បែងចែក​ជា​ពីរ​ប្រភេទ​គឺ​កម្លាំង​ចាប់ពី​៤៩​សេ​សេដ​ល់​១២៥​សេ​សេ ដែល​លោក​ថា​មាន​ប្រមាណ​៩៥%​នៃ​ម៉ូតូ​សរុប​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រភេទ​កម្លាំង​ចាប់ពី​១២៦​សេ​សេ​ឡើង​ទៅ​ដែល​លោក​ថា​មាន​ប្រមាណ​៥%​។ លោក​បន្តថាតម្លៃ​សម្រាប់​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ប្រភេទ​ទី​១​ត្រូវបាន​កាត់បន្ថយ​ពី​៦០០០០​រៀល​មក​២៥០០០​រៀល និង​ពុំ​ចាំបាច់​មាន​ការពិនិត្យ​សុខភាព​នោះទេ​។​

​លោក ហ៊ុន សែន បន្តទៀតថា ចំណែក​ប័ណ្ណបើកបរ​ម៉ូតូ​ធំ​ដែល​មាន​កម្លាំង​លើសពី​១២៦​សេ​សេ​ត្រូវ​បន្ថយ​ពី​តម្លៃ​៦០០០០​រៀល​មក​នៅ​៤០០០០​រៀលនិង​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព​ដែល​ត្រូវ​បង់ថ្លៃ​សេវា​១០០០០​រៀល​។ លោក ហ៊ុន សែន ឲ្យដឹងទៀតថា ការប្រឡង​ឡើងវិញ​គឺ​មិន​តម្រូវឲ្យ​បង់​ថ្លៃ​សេវា​នោះទេ​។​
​បើតាម​លោកនាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន កម្ពុជា​មាន​ម៉ូតូ​ចំនួន​២ ៧១៤ ១៩៣ គ្រឿង តែ​អ្នក​ដែលមាន​ប័ណ្ណបើកបរ​មានតែ​១៥៧៣៥១​នាក់​ប៉ុណ្ណោះ គឺ​ស្មើនឹង​៥,៨​ភាគរយ​៕

អាន​អត្ថបទ​៖  ​នាយករដ្ឋមន្ត្រី​ប្រកាស​ថា ពលរដ្ឋ​អាចធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​បាន​ដោយ​ពុំ​ចាំបាច់​រៀន​បើកបរ​នោះទេ​ 

សរសេរ​មក​លោក អុិត សូធឿត តាម​រយៈ sothoeuth@vodhotnews.com

What Next?

Recent Articles

2 Responses to "មន្ត្រី​ជំនាញ​នៅ​ក្រសួង​សាធារណកា​រថា ពលរដ្ឋ​ត្រូវ​ឆ្លងកាត់​ការប្រឡង​ដើម្បី​បាន​ប័ណ្ណបើកបរ​ម៉ូតូ​​"

  1. Judge says:

    សូមគាំទ្រទាំងស្រុងនូវវិធានការណ៏នេះ។
    ពត៌មាននិងច្បាប់ស្តីពីការបើកបរ និងការរៀនបើកបរត្រូវផ្តល់ជាមុនៗនឹងពង្រឹងច្បាប់បើកបរ ពិសេសទៅទៀត មន្ត្រីៗត្រូវអនុវត្តិច្បាប់មុនគេ ចៀសវាង “អំណាចនៅលើច្បាប់” និងផ្តល់នូវប្រសិទ្ធិភាពនៃអនុវត្តិច្បាប់។

  2. Anonymous says:

    >. រៀន រៀនៗៗៗៗៗ រៀន ច្បាប់ ចរាចរ ទាំងអស់គ្នា អោយចេះ និង គោរពច្បាប់ ចរាចរទាំងអស់គ្នា !

    >> . បើ មានក្រដាស់ ប័ណ្ណបើកបរ មិន យល់ដឹង ចេះច្បាប់ ចរាចរ គ្រោះថ្នាក់នៅតែមាន

    ស្លាប់ របួស ដដែល !