ដោយ៖ ទូច សុខា | ថ្ងៃអង្គារ ទី5 មករា 2016, 05:47 PM
http://vodhotnews.com
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបន្តពិនិត្យលើឯកសារបេក្ខជនឈរឈ្មោះជាអគ្គលេខាធិការ និងអគ្គលេខាធិការរងបន្តទៀតនៅព្រឹកស្អែក ដើម្បីសម្រាំងយកបេក្ខជនឈរឈ្មោះជាអគ្គលេខាធិការ៣រូប និងអគ្គលេខាធិការរងចំនូន១២រូប បន្ទាប់ពីការប្រជុំនារសៀលនេះពុំទាន់មានការសម្រេចចិត្ត។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់អ្នកសារព័ត៌មាននៅក្រោយការប្រជុំពិនិត្យសម្រាំងបេក្ខជនទាំងអស់នៅរសៀលនេះថា ការពិនិត្យ និងសម្រាំងយកបេក្ខជន៣នាក់សម្រាប់ឈរជាអគ្គលេខាធិការ និង១២នាក់ឈរជាអគ្គលេខាធិការរង ត្រូវការពេលច្រើនដោយសារតែ គ.ជ.ប ត្រូវពិនិត្យឲ្យបានល្អិល្អន់ពីលក្ខណៈសម្បត្តិរបស់បេក្ខជនម្នាក់ៗ។ លោកឲ្យដឹងដែរថា បេក្ខជនដែលកំពុងត្រូវបានពិនិត្យនេះគឺ មានលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នា ដែលលោកថា ធ្វើឲ្យគ.ជ.ប ត្រូវការចំណាយពេលយូរក្នុងការវិនិច្ឆ័យ។
លោកបន្ថែមថា៖ “យើងគ្រាន់តែថាពិនិត្យឲ្យបានជាក់ច្បាស់…ទីមួយយើងផ្ទៀតផ្ទាត់នៅនឹងការពិត ទីពីរយើងមានការផ្គូរផ្គងគ្នាពិនិត្យទៅនឹងឆ្នាំ(បម្រើ)ការងារ ពិនិត្យបទពិសោធន៍(ការងារ)…មានការពិបាកដោយសារខ្លះ(បេក្ខជន)មាន(បទពិសោធន៍)ប្រហាក់ប្រហែលគ្នាពេកអ៊ីចឹងទៅ”។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា នីតិវិធីជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងនេះនឹងត្រូវបញ្ចប់នៅពាក់កណ្តាល ខែមករា ឆ្នាំ២០១៦នេះ។ លោកបន្ថែមថា ប្រធាន គ.ជ.ប មានសិទ្ធិស្នើឈ្មោះបេក្ខជនដែលឈរជាអគ្គលេខាធិការ និងអគ្គលេខាធិការរងមកកាន់សមាជិករបស់ គ.ជ.ប។ លោកបន្តថា បេក្ខជនដែលនឹងត្រូវក្លាយជាអគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវទទួលបានការឯកភាពពីសំឡេងភាគច្រើនដាច់ខាតនៃសមាជិក គ.ជ.ប ទាំង៩រូប។
លោកបន្ថែមទៀតថា បើសិនជាបេក្ខជនដែលប្រធានស្នើមកហើយ តែមិនទទួលបានការគាំទ្រពីសមាជិក គ.ជ.ប ទេនោះ គ.ជ.ប ត្រូវអនុវត្តនីតិវិធីជ្រើសរើសដំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរងបន្តទៀត ហើយក្នុងរយៈពេលនេះ អគ្គលេខាធិការចាស់នឹងនៅតែបំពេញកិច្ចការរបស់ខ្លួនដដែល។
បើតាមលោក ហង្ស ពុទ្ធា បេក្ខជនឈរឈ្មោះសម្រាប់ដំណែងអគ្គលេខាធីការមានដូចជា លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប បច្ចុប្បន្ន លោក យ៉ា ណាវុធ ប្រធានអង្គការខារ៉ាមកម្ពុជា លោក រុន សារាយ ជាមេធាវី និងជានាយកប្រតិបត្តិនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងលោក ឡុង ឡេង នាយកអង្គការសកម្មភាពដើម្បីសុខភាពជាដើម។ ចំណែកបេក្ខជនសម្រាប់ដំណែងអគ្គលេខាធិការរងមានដូចជាលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក លោក នាង សាវ៉ាត អ្នកសម្របសម្រួលរបស់សមាគមអាដហុកប្រចាំខេត្តត្បូងឃ្មុំ លោក គឹម ឈន អ្នកសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល និងលោក សុ តុលៈទីប៉ោ អគ្គលេខាធិការរង គ.ជ.ប បច្ចុប្បន្នជាដើម។
គួរបញ្ជាក់ថា សមាសភាពរបស់សមាជិក គ.ជ.ប មាន៤រូបមកពីគណបក្សសង្គ្រោះជាតិ ៤រូបមកពីគណបក្សប្រជាជនកម្ពុជា និង១រូបមកពីសង្គមស៊ីវិល៕
សូមសរសេរមកកាន់ លោក ទូច សុខា តាមេយៈ sokha@vodhotnews.com
សូមមេត្តាកុំយល់ ថា មានតែលោក ទេព នីថា ដែលមានសមត្ថភាព ក្នុងកិច្ចការងារ ក្នុងការបោះឆ្នោត។ រាស្ត្រខ្មែរ ទទូចឲយមានការកែប្រែ គណកម្មាធិការបោះឆ្នោតទាំងស្រុង។
បើយល់ថាគ្មានលោក ទេព នីថា គណកម្មការបោះឆ្នោតមិនអាចធ្វើបាន នោះបានសេចក្តីថា គណកម្មការទាំង ៩ រូប គ្មានសមត្ថភាពក្នុងកាតព្វកិច្ច ពិសេសគឺឆន្ទៈរបស់រាស្ត្រគែជាប្រធានបថនៃប្រជាធិបតេយ្យ។
សំនៀង