​នាយករដ្ឋមន្ត្រី​ប្រកាស​ថា ពលរដ្ឋ​អាចធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​បាន​ដោយ​ពុំ​ចាំបាច់​រៀន​បើកបរ​នោះទេ​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃអង្គារ ទី5 មករា 2016
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ប្រកាស​ថា ប្រជាពលរដ្ឋ​អាច​ទៅ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​បាន​ដោយ​ពុំ​ចាំបាច់​រៀន​បើកបរ​ម៉ូតូ​មុន​ទេ ដោយ​លោក​អះអាងថា គ្រប់​គ្នា​ចេះ​បើក​ម៉ូតូ​ស្រាប់​ហើយ តែ​ក្រសួង​សាធារណការ​ត្រូវ​ផ្សព្វផ្សាយ​អប់រំ​សាធារណជន​ឲ្យ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​។​

​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​អាកាស​តិច​ណូដែល​ត្រូវបាន​ដាក់ឈ្មោះថា “​ស្ពាន​អាកាស​៥​មករា​”​។​

​លោក ហ៊ុន សែន ថ្លែងថា ក្រសួង​សាធារណកា​រពុំ​ចាំបាច់​បង្រៀន​ពលរ​ដ្ឋ​ឲ្យ​បើ​កបរម៉ូតូ​ដែល​លោក​ថា​នាំឲ្យ​មាន​ការ​ស្មុគ្រស្មាញ​ច្រើន​នោះ​ទេ ដោយ​លោក​ថា ពលរដ្ឋ​ចេះ​បើកបរ​គ្រប់គ្នា​ហើយ តែ​អ្វី​ដែល​សំខាន់​គឺ​ក្រសួង​ត្រូវ​បង្រៀន​ប្រជាពលរដ្ឋ​បើកបរ​ឲ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់​ចរា​ច​រណ៍​។ លោក​បាន​បញ្ជា​ឲ្យ​សាខា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​គ្រប់​ទីកន្លែង បង្រៀន​ប្រជាពលរដ្ឋ ដោយ​ធ្វើ​ការផ្សព្វផ្សាយ​ច្បាប់​ចរាច​រណ៍​ឲ្យបាន​ទូលំទូលាយ​។ លោក​ថា រដ្ឋាភិបាល​គ្រោង​សហការ​ជាមួយ​ទូរទស្សន៍​ខ្សែកាប​ក្នុង​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផងដែរ​។

​លោក​មានប្រសាសន៍ថា​៖ “​ហើយក៏​មិន​ចាំបាច់​ទៅ​រៀន​បើកបរ​ម៉ូតូ​ទេ ត្រឹម​តែ​អា​ម៉ូតូ​! … ទៅ​បើក​ស្អី ធ្វើឲ្យ​តែម្ដងទៅ​… តែ​យើង​ត្រូវ​ធ្វើ​អី​? ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​មាន​នៅ​គ្រប់​ទីកន្លែង ត្រូវខិតខំ​បង្រៀន​បងប្អូន​ពី​ច្បាប់​ចរាច​រណ៍​។ មិនមែន​បង្រៀន​បើកបរ​ទេ បង្រៀន​ពី​ច្បាប់​ចរាចរណ៍​វិញ ដើម្បី​ឲ្យដឹងថា​មុន​ពេលប​ត់​គេ​ត្រូវធ្វើ​ម៉េច អា​ផ្លូវ​ណា​ទៅ​យ៉ាងម៉េច ផ្លូវ​ណា​ទៅ​យ៉ាងម៉េច ហើយ​បើ​អាចធ្វើ​បាន​ផលិត​ស្ព​តទៅ ចាក់​តាម​ទូរទស្សន៍ បង្រៀន​តាម​ទូរទស្សន៍​”​។​

​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​បញ្ចុះតម្លៃ​ក្នុងការ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ផងដែរ​។ លោក​ថ្លែងថា ម៉ូតូ​ត្រូវបាន​បែងចែក​ជា​ពីរ​ប្រភេទ​គឺ​កម្លាំង​ចាប់ពី​៤៩​សេ​សេដ​ល់​១២៥​សេ​សេ ដែល​លោក​ថា​មាន​ប្រមាណ​៩៥%​នៃ​ម៉ូតូ​សរុប​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រភេទ​កម្លាំង​ចាប់ពី​១២៦​សេ​សេ​ឡើង​ទៅ​ដែល​លោក​ថា​មាន​ប្រមាណ​៥%​។ លោក​បន្តថា តម្លៃ​សម្រាប់​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ប្រភេទ​ទី​១​ត្រូវបាន​កាត់បន្ថយ​ពី​៦០០០០​រៀល​មក​២៥០០០​រៀល និង​ពុំ​ចាំបាច់​មាន​ការពិនិត្យ​សុខភាព​នោះទេ​។ ចំណែក​ប័ណ្ណបើកបរ​ម៉ូតូ​ដែល​មាន​កម្លាំង​ចាប់ពី​១២៦​សេ​សេ​ឡើងទៅ​ត្រូវ​បន្ថយ​ពី​តម្លៃ​៦០០០០​រៀល​មក​នៅ​៤០០០០​រៀល និង​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព​ដែល​ត្រូវ​បង់ថ្លៃ​សេវា​១០០០០​រៀល​។​

​លោក ហ៊ុន សែន ឲ្យដឹងទៀតថា ការប្រឡង​ឡើងវិញ​គឺ​មិន​តម្រូវឲ្យ​បង់​ថ្លៃ​សេវា​នោះទេ​។ សម្រាប់​ប័ណ្ណ​បើកបរ​រថយន្ត លោក​ថា​នឹង​ត្រូវ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។​
​អ្នក​ប្រឹក្សា​ឯករាជ្យ​ពី​សុវត្ថិភាព​ចរាចរណ៍​លោក អ៊ា ចរិយា ស្វាគមន៍​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុងការ​បញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណ និង​ការលុបបំបាត់​ការត្រួតពិនិត្យ​សុខភាព​សម្រាប់ធ្វើ​ប័ណ្ណបើកបរ ដោយ​លោក​ថា តាម​ការសង្កេត​ក្នុង​ការអនុវត្ត​ជាក់ស្ដែង​កន្លងមក ការពិនិត្យ​សុខភាព​នេះ​គឺ​គ្រាន់តែ​ធ្វើ​ទៅ​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​។ លោក​បន្ថែមថា ការបញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណបើកបរ​អាចជួយ​សម្រួល​បញ្ហា​មួយចំនួន​ដល់​ប្រជាពលរដ្ឋ តែ​រដ្ឋាភិបាល​ក៏​ត្រូវ​ដោះស្រាយ​បញ្ហា​មួយចំនួន​ទៀត​ផង​ដែរ ដូចជា​ពង្រីក​សេវា​ធ្វើ​ប័ណ្ណបើកបរ ឲ្យដល់​ថ្នាក់ស្រុក ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​ជម្រុញ​ឲ្យ​ពលរ​ដ្ឋ​ទៅ​ធ្វើ​ប័ណ្ណបើកបរ​ឲ្យបាន​គ្រប់​គ្នា​។​

​ពាក់ព័ន្ធ​នឹង​ការ​មិន​តម្រូវឲ្យ​មាន​ការរៀន​បើកបរ​ម៉ូតូមុន​នឹង​ធ្វើ​ប័ណ្ណបើកបរ លោក អ៊ា ចរិយា ចាត់ទុកថា​ជា​ការសម្រេចចិត្ត​ខុស​មួយ​របស់​រដ្ឋាភិបាល ដោយ​លោក​ថា មាន​ពលរដ្ឋ​មួយចំនួន​ធំ​នៅ​ពុំ​ទាន់​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ឲ្យបាន​ច្បាស់ ហើយ​ហេតុផល​ចម្បង​នៃ​ការធ្វើ​ប័ណ្ណបើកបរ​នេះ​គឺ​ចង់ឲ្យ​ពលរដ្ឋ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​មុននឹង​បើកបរ​លើ​ផ្លូវ​សាធារណៈ​។  លោក​ថា​៖ “​ហ្នឹង​ខ្ញុំ​គិតថា​វា​ជា​កំហុស​មួយ​លើ​ការសម្រេចចិត្ត​ដែល​មិន​តម្រូវឲ្យ​ អ្នកបើកបរ​ត្រូវ​ទៅ​រៀន​ច្បាប់​ចរាចរណ៍​ពី​សាលារៀន​ហ្នឹង​មុននឹង​គាត់​អាច​ មាន​ប័ណ្ណបើកបរ​។ យើង​ត្រូវ​សិក្សា​ស្វែងយល់ថា ហេតុ​អី​គេ​ទាមទារ​ឲ្យមាន​ប័ណ្ណបើកបរ​? ការទាមទារ​ឲ្យមាន​ប័ណ្ណបើកបរ​ហ្នឹង​តម្រូវឲ្យ​អ្នកបើកបរ​ត្រូវ​យល់​ដឹង​ពី​ ច្បាប់ ហើយ​និង​ចេះ​បើកបរ​ឲ្យបាន​ត្រឹមត្រូវ​មុននឹង​បើកបរ​នៅលើ​ផ្លូវថ្នល់​។ ចឹង​បើ​យើង អ្នកណា​ដែល​មាន​លទ្ធភាព​ទិញ​ម៉ូតូ​គាត់​ទៅ​ធ្វើ​ប័ណ្ណ​តែម្ដង​ចឹង​មានន័យ​ថា ប្រជាជន​ខ្មែរ​ដែល​កំពុង​អត់​ចេះ​ពី​ច្បាប់​ហ្នឹង​នៅតែ​អត់​យល់​អត់​ដឹង​ពី​ ច្បាប់​ហ្នឹង​”​។​

​បើតាម​លោកនាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន កម្ពុជា​មាន​ម៉ូតូ​ចំនួន​២ ៧១៤ ១៩៣ គ្រឿង តែ​អ្នក​ដែលមាន​ប័ណ្ណបើកបរ​មានតែ​១៥៧៣៥១​នាក់​ប៉ុណ្ណោះ គឺ​ស្មើនឹង​៥,៨​ភាគរយ​៕

សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com


រដ្ឋាភិបាលបញ្ចុះតម្លៃលើការធ្វើប័ណ្ណបើកបរ និងបន្ធូរបន្ថយលើការប្រឡងបើកបរមួយចំនួន (វីដេអូ)​

ដោយ៖​ សីហា​ | ថ្ងៃអង្គារ ទី5 មករា 2016
http://vodhotnews.com

រដ្ឋាភិបាលបញ្ចុះតម្លៃលើការធ្វើប័ណ្ណបើកបរ និងបន្ធូរបន្ថយលើការប្រឡងបើកបរមួយចំនួន (វីដេអូ)

What Next?

Recent Articles

3 Responses to "​នាយករដ្ឋមន្ត្រី​ប្រកាស​ថា ពលរដ្ឋ​អាចធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​បាន​ដោយ​ពុំ​ចាំបាច់​រៀន​បើកបរ​នោះទេ​​"

  1. Anonymous says:

    តាចាស់ ហ៊ុន សែន នេះ និយាយ ឆ្កួត មែន !

    = គ្រោះថ្នាក់ ចរាចរ សព្វថ្ងៃ មិនមែនមក ពីគ្មាន ក្រដាសប័ណ្ណបើកបរ តូចមួយនឹងទេ !

    = គ្រោះថ្នាក់មកពីគាត់រៀនបើក ត តគ្នា នៅលើផ្លូវ មានតែអែងបើកបរ គ្មានអ្នកដទៃបើកបរ !

    = បើ គាត់រៀនច្បាប់ចរាចរ ពី របៀប បើកបរ មានគេ មានអែងនៅលើផ្លូវ តើ ត្រូវធ្វើម៉េច

    ក្នុងច្បាប់ចរាចរមានចែងអស់ហើយ នោះទើបគាត់ចេះ ពិតប្រាកដ !

    = គ្រោះថ្នាក់ ចរាចរ រាល់ថ្ងៃ ដោយសារ ប្រជាពលរដ្ឋ គាត់អត់ចេះច្បាប់ សោះ !

  2. មិត្តថ្លើមថ្លៃ says:

    ខ្ញុំគិតថាការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា មិនចាំបាច់ឲ្យប្រជាពលរដ្ឋរៀនបើកបរម៉ូតូនោះ

    មិនត្រឹមត្រូវទេ ពីព្រោះនៅប្រទេសណាក៏តម្រូវឲ្យប្រជាពលរដ្ឋរៀនបើកបរដែរដើម្បីឲ្យពួកគេបានយល់

    ពីរបៀបបើកបរផង និងច្បាប់ចរាចរផង ហើយនិងដើម្បីសុវត្ថិភាពក្នុងការបើកបរ។ ការសម្រេចចិត្តប្រកាស

    បែបនោះ មិនមែនជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរទេ តែគ្រាន់ជាការមានប័ណ្ណបើកបរ គ្មានទំនុកចិត្តក្នុងការ

    បើកបរទៅវិញទេ៕

  3. pingpong says:

    ១. មិនគួរតម្រូវអោយមានប័ណ្ណបើកបរម៉ូតូចំពោះម៉ូតូក្រោម ១២៥CC នោះទេ!!
    ២. បក្ខពួកនិងគ្រួសារហ៊ុនសែនប្លន់លុយរាស្រ្ត តាមរយៈច្បាប់ចរាចរ​ ។ បក្ខពួកហ៊ុនសែនផាកលុយបាន មិនបានបង់ចូលថវិការដ្ឋនោះទេ គឺយកទៅចែកគ្នាចាយ!! ពួកជញ្ជាក់ឈាមប្រជារាស្រ្ត ស្រស់ៗ
    ៣. គេឃាត់ឡាន ឬម៉ូតូរកប័ណ្ណបើកបរ តែនៅពេលមានរឿងរាវកើតឡើងប៉ុណ្ណោះ ប៉ុន្តែក្រុមបិសាចជញ្ជាក់ឈាមរាស្រ្ត ហ៊ុនសែន ឃាត់ឡានឬម៉ូតូ គ្រប់ច្រកល្ហក ដើម្បីប្លន់លុយប្រជារាស្រ្ត ដោយផ្អែកលើច្បាប់ចរាចរឆ្កួតលេលារបស់ពួកគេ!!