ដោយ ខែ សុណង
2016-01-08
RFA

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយជំនួបរវាងក្រុមមន្រ្តីក្រសួងសេដ្ឋកិច្ច និងអន្តរគណៈកម្មការរបស់សភា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២១០៥។ RFA/Brach Chev
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងមួយ ប្រកាសឲ្យប្រជាពលរដ្ឋដែលបានធ្វើប័ណ្ណបើកបរម៉ូតូប្រភេទក១ គឺម៉ូតូកម្លាំងម៉ាស៊ីន ១២៥ សេសេ (CC) ចុះក្រោម ឲ្យទៅបំពេញនីតិវិធីដើម្បីទទួលយកថវិកាវិញ។ ការចេញសេចក្ដីជូនដំណឹងនេះ នៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈថា លុបចោលមិនចាំបាច់មានប័ណ្ណបើកបរទៀតទេ ដើម្បីជួយកាត់បន្ថយការចំណាយថវិកា និងការលំបាករបស់ប្រជាពលរដ្ឋ។
ក្រសួងសេដ្ឋកិច្ចប្រើរយៈពេល៣ខែ ឲ្យពលរដ្ឋដែលមានប័ណ្ណបើកបរម៉ូតូប្រភេទក១ ឲ្យចូលទៅបំពេញនីតិវិធីទទួលថវិកាវិញ នៅតាមបណ្ដាមន្ទីរសាធារណការនិងដឹកជញ្ជូន។
នៅក្នុងសេចក្ដីជូនដំណឹងស្ដីពី ការបង្វិលសងថ្លៃប័ណ្ណបើកបរទោចក្រយានយន្តប្រភេទក១ ដែលចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក បានបង្ហាញនូវលក្ខខណ្ឌមួយចំនួនដើម្បីឲ្យពលរដ្ឋបំពេញនិងទទួលយកលុយវិញ។
សេចក្ដីជូនដំណឹងឲ្យដឹងថា ការបង្វិលសងថ្លៃប័ណ្ណបើកបរទោចក្រយានយន្តប្រភេទក១ ត្រូវអនុវត្តចាប់ពីថ្ងៃទី១១ មករា រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្ដាមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ខេត្តរៀងរាល់ថ្ងៃនិងម៉ោងធ្វើការ។ ចំពោះអ្នកដែលបានកក់ប្រាក់ធ្វើប័ណ្ណបើកបរត្រូវយកបង្កាន់ដៃទទួលប្រាក់កក់ ច្បាប់ដើម ទៅប្រគល់ជូនមន្ទីរសាធារណការ ដើម្បីទទួលបានថវិកាសងវិញ។
ទាក់ទងទៅនឹងសេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ម្ចាស់ប័ណ្ណត្រូវយកប័ណ្ណច្បាប់ដើម ដែលមានសុពលភាពទៅប្រគល់ជូនមន្ទីរសាធារណការវិញនេះ។ មានចំណុចសំខាន់ពីរ គឺអ្នកដែលមានប័ណ្ណបើកបរមុនការអនុវត្តប្រកាសរួមចុះថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៤ ចំនួនទឹកប្រាក់ដែលត្រូវបង្វិលសងវិញ សរុបមានចំនួន៨ម៉ឺន៩ពាន់រៀល (៨៩០០០) ក្នុងនោះការប្រឡងយកប័ណ្ណចំនួន៧ម៉ឺន៥ពាន់ និងថ្លៃពិនិត្យសុខភាពចំនួន១ម៉ឺន៤ពាន់រៀល (១៤០០០)។ ចំណែកអ្នកដែលមានប័ណ្ណបើកបរក្រោយការអនុវត្តប្រកាសរួមចុះថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៤ ត្រូវបង្វិលទឹកប្រាក់សងវិញសរុបមានចំនួន៧ម៉ឺន៤ពាន់រៀល (៧៤០០០) ក្នុងនោះការប្រឡងយកប័ណ្ណចំនួន៦ម៉ឺនរៀល(៦០០០០) និងថ្លៃពិនិត្យសុខភាពចំនួន១ម៉ឺន៤ពាន់រៀល។
ថ្វីត្បិតតែក្រសួងប្រកាសនីតិវិធីនេះ ប៉ុន្តែមន្ត្រីអង្គការដែលធ្វើការគាំពារគ្រោះថ្នាក់ចរាចរណ៍ហាក់មិនចាប់អារម្មណ៍នោះទេ។
នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា មានប្រសាសន៍ថា នេះគ្រាន់តែជានីតិវិធីដែលតម្រូវឲ្យពលរដ្ឋទទួលយកថវិកាវិញប៉ុណ្ណោះ ប៉ុន្តែលោកនៅតែយល់ថា ការលុបចោលការប្រឡងយកប័ណ្ណបើកបរម៉ូតូគឺជាបញ្ហាខ្ទាស់ដល់វិធានការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍។ លោក អ៊ា ចរិយា បញ្ជាក់ថា ការខាតបង់ពីការលុបកុំឲ្យមានប័ណ្ណបើកបរគឺជាការខាតបង់នូវយន្តការមួយក្នុងការទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងគ្រាដែលអ្នកបង្ក អ្នកស្លាប់ និងអ្នករបួស ជាង៧០ភាគរយគឺជាអ្នកបើកបរម៉ូតូ៖ «អ្នកបើកបរម៉ូតូហ្នឹងខ្ទង់៩០% គឺជាអ្នកបើកបរម៉ូតូតូចក្រោមកម្លាំង១២៥CC ។ មានន័យថា នៅលើដងផ្លូវយើងសព្វថ្ងៃគឺ សឹងតែ៨០ទៅ៨៥% ហើយគឺជាអ្នកប្រើប្រាស់ម៉ូតូ ហើយចំនួនយានយន្តដែលចុះបញ្ជីម៉ូតូនោះគឺមាន ៨៥%ក្នុងប្រទេសកម្ពុជាយើង។ បើយើងធ្វើឲ្យបាត់យន្តការទប់ស្កាត់ពួកគាត់ដែលជា អ្នកដែលរងគ្រោះច្រើនជាងគេនោះយើងពិបាកក្នុងការទប់ស្កាត់កាត់បន្ថយអ្នកស្លាប់ អ្នករបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសយើងដែលមានការកើនឡើងជារៀងរាល់ឆ្នាំ»។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រសួងមហាផ្ទៃបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥មានចំនួនជាង៤ពាន់ ៥រយលើក( ៤,៥៩៥ ) បណ្ដាលអោយមនុស្សស្លាប់ជាង២ពាន់នាក់ (២,២៦៥) កើនឡើង៥ភាគរយ បើធៀបនិងឆ្នាំ២០១៤។
មន្ត្រីដដែលបន្តថា ប្រជាពលរដ្ឋជាង៧០ភាគរយ ពុំទាន់យល់ដឹងពីច្បាប់ និងស្លាកសញ្ញាចរាចរណ៍នៅឡើយ ដែលទាមទារឲ្យក្រសួងពាក់ព័ន្ធ ត្រូវមានយន្តការអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ និងជំរុញឲ្យមន្ត្រីនគរបាលចរាចរណ៍ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយឲ្យអ្នកបើកបរគ្រប់រូបមានចំណេះដឹង និងជំនាញច្បាស់លាស់ស្ដីពីសុវត្ថិភាពចរាចរណ៍នៅថ្នាក់មូលដ្ឋាន ដើម្បីទប់ស្កាត់ការរបួសនិងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។
ទោះយ៉ាងណា ការអំពាវនាវរបស់ក្រសួងពាក់ព័ន្ធដែលតម្រូវឲ្យពលរដ្ឋបំពេញនីតិវិធីដើម្បីយកថវិកាធ្វើប័ណ្ណបើកបរវិញនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតាម ហ្វេសបុក (Facebook) ថា អ្នកប្រើប្រាស់ម៉ូតូដែលមានកម្លាំងក្រោម១២៥ ចុះក្រោម មិនចាំបាច់មានប័ណ្ណបើកបរទៀតនោះទេ ធ្វើនេះដើម្បីជួយកាត់បន្ថយការចំណាយថវិកា និងការលំបាករបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ធនាគារពិភពលោកព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជាមានជិត៧ភាគរយសម្រាប់៣ឆ្នាំទៅមុខ
- លោក ហ៊ុន សែន ប្រកាសថាម្ចាស់រថយន្តនៅអមផ្លូវជាតិលេខ៤មិនត្រូវបង់ថ្លៃទៀតទេ
- រដ្ឋាភិបាលសម្រេចបន្តឲ្យប្រើប្រាស់រថយន្តចង្កូតស្ដាំតែហាមនាំចូល
- ស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៥និងការប្រមើលមើលទៅឆ្នាំ២០១៦
- ពលរដ្ឋនិងសង្គមស៊ីវិលសាទរនឹងការប្រកាសពន្យារពេលធ្វើប័ណ្ណបើកបរ
- រដ្ឋមន្ត្រីក្រសួងអប់រំសម្ពោធសៀវភៅមួយក្បាលដែលលោកសរសេរស្ដីពីសេដ្ឋកិច្ចកម្ពុជា
- សហជីពស្នើឲ្យអាស៊ានបង្កើតបទដ្ឋានការងារសម្រាប់កម្មករក្នុងតំបន់ទាំងមូល
- លោក ហ៊ុន សែន ប្រកាសបញ្ឈប់ក្រុមហ៊ុនយកប្រាក់ពីពលរដ្ឋជិះឆ្លងកាត់ផ្លូវវ៉េងស្រេង
- ចិននឹងផ្ដល់សម្ភារៈការិយាល័យមួយចំនួនដល់អាជ្ញាធរមីនកម្ពុជា
It is ridiculous. In my life I never thought such a thing would happen in today civilize societies. What they have done is proof of incapable Govt. It seems like these high ranking Govt. officials never really care with what they are doing. Everything seems to narrow to only political gain. They don’t care if it could demage the interest of the ordinary people. They just play with people and the country. Only a colonial Govt. could create such miserable action. It is really sad.