ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃអាទិត្យ ទី10 មករា 2016, 11:53 AM
http://vodhotnews.com
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ កាលពីអំឡុងប្រមាណជាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ ខែមករានេះ បានបណ្ដាលឲ្យតារាចម្រៀងលោក វណ្ណ មករា ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម។ សពរបស់លោកត្រូវបានបញ្ជូនយកទៅតម្កល់នៅវត្តទួលទំពូង នៅវេលាម៉ោងប្រមាណជា១០ និង៥០នាទីក្នុងថ្ងៃដដែល ដោយក្រុមគ្រួសារបានអះអាងថា ក្នុងហេតុការណ៍ក្រឡាប់រថយន្តទាំង២លើកដែលបានកើតឡើងចំពោះជនរងគ្រោះនោះគឺមានតែលោក វណ្ណ មករា ម្នាក់ឯងគត់ដែលបាត់បង់ជីវិត។
លោក ទិត្យ វិច្ឆិកា ដែលបានរួមដំណើរ ប៉ុន្តែជិះរថយន្តផ្សេងបានថ្លែងប្រាប់វីអូឌី(VOD)ថា ហេតុការណ៍ក្រឡាប់រថយន្តរបស់លោកវណ្ណ មករា គឺបានកើតឡើងនៅម្ដុំព្រៃនប់ ត្រង់ចំណុចផ្លូវកោងខ្លាំង ដោយរថយន្តដែលជនរងគ្រោះជិះ មានគ្នា៤នាក់ ចេញពីមកពីខេត្តព្រះសីហនុ។ លោកថា ហេតុការណ៍ក្រឡាប់នោះ អត់មានប៉ះពាររថយន្តណាទេ គឺដោយសារចំណុចនោះកោងខ្លាំងតែម្ដង។ លោកបន្តថា បន្ទាប់មកលោក វណ្ណ មករា និងមិត្តភក្ដិក៏ត្រូវបានដឹកបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ ហើយត្រូវក្រឡាប់ជាលើកទី២នៅចម្ងាយប្រមាណជា១៥គីឡូម៉ែត្រពីលោកយាយម៉ៅ(ពេជ្រនិល)ឆ្ពោះមកភ្នំពេញ។
លោក ទិត្យ វិច្ឆិកា បន្ថែមថា លោក វណ្ណ មករា ទទួលមករណភាពតែម្នាក់ឯងប៉ុណ្ណោះ ខណៈដែលមិត្តរួមដំណើរក្នុងរថយន្តគឺទោះជាបានក្រឡាប់ឡានដល់ទៅ២ដងដូចគ្នាប៉ុន្តែគ្រាន់តែមានគ្រោះថ្នាក់រងរបួសប៉ុណ្ណោះ។ លោកថា លោក វណ្ណ មករា មានវ័យ៣២ឆ្នាំ មានកូន២នាក់ និងមិនទាន់ច្បាស់ថានឹងធ្វើពិធីបូជានៅថ្ងៃណាទេ។ លោកនិយាយថា៖ "សព មករា នៅល្អទាំងអស់បង អត់មានបែកខ្ញែកអីទេ ហើយខ្ញុំឆ្ងល់មែនទែន ដែលគេក្រឡាប់ឡានដូចគាត់២ដងដូចគ្នា ប៉ុន្តែគេអត់អីស្លាប់ តែគាត់[ស្លាប់]ម្នាក់[ឯង]”។

តារាចម្រៀងលោក វណ្ណ មករា កាលនៅរស់ (រូបពីហ្វេសប៊ុក)
អ្នកលើកទូរស័ព្ទដែលអះអាងថាជាសមាជិកគ្រួសារបានប្រាប់វីអូឌីឲ្យដឹងថា គ្រួសារទាំងមូលទើបតែដឹងថាលោក វណ្ណ មករា ដែលជាតារាចម្រៀងរ៉ក់ ទទួលមរណភាពកាលពីម៉ោង៦ភ្លឺនៅព្រឹកថ្ងៃទី១០ ខែមករា ប៉ុណ្ណោះ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងតាំងពីម៉ោង៤ជាងទៀបភ្លឺព្រឹកថ្ងៃដដែល។ អ្នកលើកទូរស័ព្ទរូបនេះបានអះអាងថា លោក វណ្ណ មករា ទទួលមរណភាពនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តលើកទីពីរ ហើយសពរបស់លោកត្រូវបានយកមកតម្កល់នៅវត្តទួលទំពូង គឺមិនមែននៅវត្តសន្សំកុសលដូចការប្រកាសរបស់អ្នកលេងហ្វេសប៊ុកនោះទេ។
អ្នកលើកទូរសព័្ទដដែលបន្តថា លោក វណ្ណ មករា បានជិះរថយន្តចេញពីក្លិបមួយនៅខេត្តព្រះសីហនុ ហើយក៏បានជួបហេតុការណ៍ក្រឡាប់រថយន្តនៅតាមបណ្ដោយផ្លូវជាតិលេខ៤។ យ៉ាងណាមិញនៅក្នុងហេតុការណ៍នោះ គឺ លោកគ្រាន់តែមានគ្រោះថ្នាក់ដូចគ្នានឹងអ្នករងគ្រោះទាំងឡាយប៉ុណ្ណោះ លុះដល់បញ្ជូនឡើងរថយន្តសង្គ្រោះបន្ទាន់ ហើយរថយន្តនេះបើកលឿន និងត្រូវក្រឡាប់មួយតង់ទៀត ទើបបណ្ដាលឲ្យលោកឈានដល់បាត់បង់ជីវិតតែម្ដង។ អ្នកឆ្លើយឆ្លងដែលបញ្ជាក់ដោយសំឡេងទ្រហ៊ោយំតក់ស្លុតនិយាយថា៖ “ក្នុងឡានហ្នឹងឮថាមានគ្នា៥-៦នាក់ ប៉ុន្តែគាត់ស្លាប់តែឯងទេ ហើយខ្ញុំក៏អត់ដឹងថាគ្រោះថ្នាក់យ៉ាងម៉េចដែរ ប៉ុន្តែគេប្រាប់ គាត់ទើបតែស្លាប់ក្នុងពេលឡានពេទ្យក្រឡាប់មួយតង់ទៀតប៉ុណ្ណោះ គឺកាលក្រឡាប់លើកទី១នៅធម្មតាទេ”។ បន្ទរជាមួយការបញ្ជាក់ គេឮសំឡេងទ្រហ៊ោយំយ៉ាងកងរំពង ពិសេសនៅពេលមានការអះអាងថារថយន្តដឹកសពរបស់លោក វណ្ណ មករា បានឈានមកដល់បរិវេណវត្តទួលទំពូង។
មិត្តរួមអាជីព លោក ទិត្យ វិច្ឆកា មានប្រសាសន៍ថា លោកសង្ឃឹមថាតារាសិល្បៈចូលរួមរំលែកទុក្ខរបស់ក្រុមគ្រួសារសពច្រើននៅវត្តទួលទំពូង ដោយសារលោកថា លោកវណ្ណ មករា ក្រៅពីជាតារាចម្រៀងក៏ជាតារាសម្ដែងមានតារាសិល្បៈស្រឡាញ់រាប់អានច្រើនផងដែរ៕

រថយន្តដែលលោក វណ្ណ មករា ជិះ ហើយក្រឡាប់ (រូបពីហ្វេសប៊ុក)
សរសេរមកលោក តាមរយៈ វង្ស សុម៉ាលីន vongsomalin@yahoo.com
ចឹងបានថា បើស្រវឹងកុំបើកបរ,
This is lesson learnt to others if you think asleep please sleep for a while do not take a driving at all live is short, joint sorrowful with this guy.