ដោយ៖ លី បេឡា | ថ្ងៃអាទិត្យ ទី10 មករា 2016, 03:05 PM
http://vodhotnews.com
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាបក្សទើបបង្កើតឡើងថ្មីលើកឡើងថា មូលហេតុចម្បងនាំឲ្យបរាជ័យក្នុងអនុវត្តច្បាប់ចរាចរណ៍ដោយសារ ខ្វះការចូលរួមពីភាគីពាក់ព័ន្ធក្នុងការអប់រំឲ្យបានទូលំទូលាយដល់សាធារណជន។
សេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ម្សិលមិញរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកឡើងថា ខ្វះការចូលរួមពីភាគីពាក់ព័ន្ធក្នុងការតាក់តែងច្បាប់ និងមិនបានផ្សព្វផ្សាយឲ្យទូលាយ ជាមូលហេតុធ្វើឲ្យការអនុវត្តច្បាប់ចរាចរណ៍ថ្មីបរាជ័យ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល ក៏បានបង្ហាញអនុសាសន៍មួយចំនួន ដើម្បីជំរុញឲ្យមានការ អនុវត្តច្បាប់បានល្អ និង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ អនុសាសន៍ទាំងនោះរួមមាន ការអនុវត្តច្បាប់ ជាដំណាក់កាល ដោយមិនត្រូវអនុវត្តទាំងស្រុង និង គំហុកឡើយ ការអប់រំប្រជាពលរដ្ឋឲ្យបានទូលំទូលាយមុនចាប់ផ្ដើមអនុវត្ត បញ្ចូលច្បាប់ចរាចរណ៍ក្នុងគ្រឹះស្ថានអប់រំនានា ប្រាក់ប្រមូលបានពីការផាកពិន័យដាក់ចូលក្នុងថវិកាជាតិទាំងអស់ និងផ្ដល់ប្រាក់ឧបត្ថមនិងប្រាក់ខែសមរម្យសម្រាប់ នគរបាល ចរាចរណ៍បញ្ឈប់ការឃាត់រថយន្តដឹកទំនិញយកលុយជាដើម។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកឡើងបែបនេះបន្ទាប់ពីរដ្ឋាភិបាលធ្វើការរឹតបន្ដឹងខ្លាំងចំពោះច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅដើមឆ្នាំ២០១៦ រហូតដល់មានការរិះគន់ច្រើនពីប្រជាពលរដ្ឋហើយ មានការបញ្ជាឲ្យមានកែតម្រូវនូវចំណុចមួយចំនួនជាបន្តបន្ទាប់៕
សូមសរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com
ការបង្កើតគណបក្សថ្មីនៅពេលនេះហាក់ដូចជា…