សម្ដេចក្រុមព្រះចោទក្រុមលោក ញឹក ប៊ុនឆៃ ថារំលោភច្បាប់ស្ដីពីគណបក្សនយោបាយ​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016
http://vodhotnews.com

ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យចាត់វិធានការលើក្រុមមន្ត្រីជាន់ខ្ពស់នៃគណបក្សហ្វ៊ុនស៊ិនប៉ិចដែលគ្រោងនឹងបង្កើតគណបក្សថ្មី ដោយចោទថាបានរំលោភច្បាប់ស្ដីពីគណបក្សនយោបាយ។

ការស្នើនេះធ្វើឡើងតាមរយៈលិខិតមួយច្បាប់របស់ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ចុះថ្ងៃទី៣ ខែកុម្ភៈ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បន្ទាប់ពីអនុប្រធានទី២របស់គណបក្សហ្វ៊ុនស៊ិនប៉ិចលោក  ញឹក ប៊ុនឆៃ បានប្រកាសថា លោកនឹងដាក់ពាក្យទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំបង្កើតគណបក្សថ្មីមួយដែលមានឈ្មោះថា គណបក្សរួបរួមជាតិ។

នៅក្នុងលិខិតផ្ញើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង សម្ដេចក្រុមព្រះលើកឡើងថា មានសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិចមួយក្រុមបានរៀបចំបង្កើតគណបក្សនយោបាយថ្មីមួយ ដោលយកលំនាំឈ្មោះហ្វ៊ុនស៊ិនប៉ិច និងស្លាកសញ្ញាគណបក្សហ្វ៊ុនស៊ិនប៉ិចធ្លាប់បានប្រើពីមុន និងរៀបចំសមាជតាមក្រោយ។ សម្ដេចក្រុមព្រះបន្តថា “ក្នុងឋានៈខ្ញុំជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ខ្ញុំមិនបានអនុញ្ញាតឲ្យបុគ្គលណា ឬក្រុមណា រៀបចំសមាជបង្កើតគណបក្សមួយថ្មីជំនួសគណបក្សហ្វ៊ុនស៊ិនប៉ិចបច្ចុប្បន្នឡើយ”

សម្ដេចក្រុមព្រះក៏បានជំទាស់ទុកជាមុនចំពោះឈ្មោះ និងស្លាកសញ្ញាគណបក្ស ដោយអះអាងថាអនុវត្តតាមមាត្រា១១នៃច្បាប់គណបក្សនយោបាយ មិនអនុញ្ញាតឲ្យគណបក្សណាយកឈ្មោះ និងសញ្ញាគណបក្សដែលមានកន្លងមក ដោយចម្លង ឬកែសម្រួល យកទៅប្រើប្រាស់សម្គាល់គណបក្សខ្លួនឡើយ។

សម្ដេចក្រុមព្រះបញ្ជាក់ថា រូបសញ្ញាវិមានឯករាជ្យ រួមទាំងអក្សរកាត់ រ.រ.ជ.ក.ឯ.អ.ស.ស មានន័យថា រណស្សិ រួបរួមជាតិ ដើម្បីកម្ពុជា ឯករាជ្យ អព្យាក្រិត សន្តិ និងសហប្រតិបត្តិ គឺជានិមិត្តសញ្ញាទាំងមូលរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ហើយមិនអនុញ្ញាតឲ្យក្រុមណា ឬគណបក្សណាយកទៅកែសម្រួល ឬប្រើប្រាស់បានទេ។ សម្ដេចក្រុមព្រះបន្ថែមថា ចំណុចនេះត្រូវបានបញ្ចូលទៅក្នុងសេចក្ដីសម្រេចចិត្ត និងកំណត់ហេតុនៃសមាជវិសាមញរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ ហើយក្រសួងមហាផ្ទៃក៏បានយល់ព្រមទទួលស្គាល់ផងដែរ។

នៅក្នុងលិខិតដដែល សម្ដេចក្រុមព្រះក៏បានស្នើឲ្យក្រសួងមហាផ្ទៃ តម្រូវឲ្យសមាជិករបស់ខ្លួនត្រូវលាឈប់ពីតួនាទីក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិចជាមុនសិន មុនក្រសួងនឹងអនុញ្ញាតឲ្យពួកគេបង្កើតគណបក្សនយោបាយថ្មី។

អនុប្រធានទី២គណបក្សហ្វ៊ុនស៊ិនប៉ិចលោក ញឹក ប៊ុនឆៃ មានប្រសាសន៍ថា លោកបានដាក់ពាក្យទៅក្រសួងមហាផ្ទៃស្នើសុំបង្កើតគណបក្សថ្មី ដោយប្រើស្លាកសញ្ញាចាស់របស់គណបក្សហ្វ៊ុនស៊ិនប៉ិច។ លោកបន្តថា លោកក៏បានដាក់លិខិតទៅក្រសួងមហាផ្ទៃស្នើសុំឲ្យមោឃភាពសមាជរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ដែលបានជ្រើសតាំងសម្ដេចក្រុមព្រះជាប្រធានថ្មីរបស់គណបក្ស ដោយលោកអះអាងថា សមាជនោះធ្វើឡើងដោយខុសលក្ខន្តិកៈរបស់បក្ស។

លោក ញឹក ប៊ុនឆៃ បន្ថែមថា៖ “ព្រោះសមាជហ្នឹងធ្វើដោយខុសលក្ខន្តិកៈគណបក្សហ្វ៊ុនស៊ិនប៉ិចមុននឹងការបង្រួបបង្រួមគ្នាហ្នឹងដែលនៅជាធរមាន។ ទី១គឹគណៈកម្មការ និងអនុគណៈកម្មការរៀបចំសមាជ គឺគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ មិនមែនគណបក្សហ្វ៊ុនស៊ិនប៉ិចទេ។ មិនមានគណបក្សហ្វ៊ុនស៊ិនប៉ិចរៀបចំចាត់ចែងទេ។ ទី២ សមាជិកមកចូលរួមសមាជពេលនោះគឺ៩៥ភាគរយជាសមាជិកគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ អ៊ីចឹង វាខុសនឹងលក្ខន្តិកៈ មិនអាចយកសមាជិកអ្នកផ្សេងហ្នឹង មកធ្វើការអនុម័តក្នុងនាមគណបក្សហ្វ៊ុនស៊ិនប៉ិចជ្រើសរើសប្រធាន និងអនុប្រធានគណបក្ស[ទេ]”

លោក ញឹក ប៊ុនឆៃ បន្តទៀតថា កាលណាសមាជរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥នោះ ត្រូវបានចាត់ទុកជាមោឃៈ នោះលទ្ធផលនៃសមាជវិសាមញ្ញកាលពីថ្ងៃទី១២ មីនា ឆ្នាំ២០១៥នោះក៏មិនអាចជាផ្លូវការបានផងដែរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងបានទទួលពាក្យស្នើសុំបង្កើតគណបក្សថ្មីរបស់លោក ញឹក ប៊ុនឆៃ រួចហើយ តែថា លោកពុំទាន់បានឃើញលិខិតរបស់សម្ដេចក្រុមព្រះនៅឡើយទេ។ ទោះយ៉ាងណា លោកថា ក្រុមការងាររបស់ក្រសួងមហាផ្ទៃនឹងពិនិត្យមើលសំណើរបស់ទាំងភាគីពីរ តែពុំទាន់មានការសម្រេចចិត្តយ៉ាងណានៅឡើយទេ៕

សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

 

What Next?

Recent Articles

One Response to "សម្ដេចក្រុមព្រះចោទក្រុមលោក ញឹក ប៊ុនឆៃ ថារំលោភច្បាប់ស្ដីពីគណបក្សនយោបាយ​"

  1. អាណាចក្រមហាចំឡែកខុសគេ says:

    មេនិងកូនខូចដូចគ្នា!!!!
    បានសមឆ្នាំងណាគ្រោបហ្នឹង!!!!