ដោយ ម៉ម មុនីរតន៍
2016-02-10
RFA

ច្រកព្រំដែនទឹករបស់វៀតណាម នៅក្បែរបង្គោលឡាក់លេខ ២៦០ ស្ថិតនៅចំណុចព្រែក ប៉ុល សារឿន ចូលទៅតំបន់ថ្ម៣ដុំ ក្នុងខេត្តតាកែវ។ រូបថតថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ (RFA/Morm Moniroth)
ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ផ្អែកលើការសិក្សាដោយផ្ទាល់ ដីនៅចំណុចថ្ម៣ដុំ ជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តតាកែវ មិនបាត់បង់ទេ។ ផ្ទុយពីនេះវិញ អ្នកឃ្លាំមើលបញ្ហាព្រំដែនយល់ឃើញថា ការសិក្សានេះអាចរាប់បានថា ជាការសិក្សាសម្រាប់ប្រថាប់ត្រា និងបង្គ្រប់កិច្ចប៉ុណ្ណោះ។
មកដល់ពេលនេះ ដីមានជម្លោះជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅទីតាំងថ្ម៣ដុំ ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ បានក្លាយជាចំណុចខ្វែងគំនិតគ្នាក្នុងចំណោមអ្នកនយោបាយ និងអ្នកពិនិត្យកិច្ចការព្រំដែនខ្មែរ។
លោកបណ្ឌិត សុខ ទូច និងជាប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់នៅថ្ងៃទី១០ ខែកុម្ភៈ ថា តាមពិតដីនៅតំបន់ថ្ម៣ដុំ មិនបានបាត់បង់ទៅវៀតណាម ដូចការរកឃើញរបស់មនុស្សមួយចំនួនទេ។ លោកបន្ថែមថា បច្ចុប្បន្ននេះ ទីតាំងនៅថ្ម៣ដុំ គឺស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ ពលរដ្ឋខ្មែរគ្រប់រូបនៅតែអាចចេញចូល និងពិនិត្យព្រំដែនត្រង់ទីតាំងនេះបានដោយសេរី៖ «»។
ផ្ទុយពីការថ្លែងនេះ លោក សុខ រឿន មេឃុំកំពង់ក្រសាំង របស់គណបក្សប្រជាជនកម្ពុជា ទទួលស្គាល់ថា ដីនៅថ្ម៣ដុំ ពិតជាបានបាត់មែន។ លោកបញ្ជាក់ប្រាប់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីថ្ងៃទី២៨ ខែមករា ថា តាមពិតដីនៅបរិវេណថ្ម៣ដុំ ត្រូវបានវៀតណាម គ្រប់គ្រងបានដីក្នុងចំណែកថ្ម២ដុំ រួចទៅហើយនៅពេលនេះ។
ស្របពេលនៃការថ្លែងនេះ លោក សុខ ទូច ទទួលស្គាល់ថា បើពិនិត្យលើទីតាំងថ្ម៣ដុំ រកឃើញថា ខ្សែបន្ទាត់ព្រំដែន បានរត់កាត់ចំណែកដី ថ្ម២ដុំ ចូលទៅក្នុងអធិបតេយ្យរបស់វៀតណាមមែន។យ៉ាងនេះក្ដី លោក សុខ ទូច បញ្ជាក់ថា ថ្វីបើមើលឃើញដូចនេះមែន ក៏ប៉ុន្តែដីនៅចំណុចថ្ម៣ដុំ នៅតែជារបស់កម្ពុជា ព្រោះមានភស្តុតាងជាច្រើន ដូចជាឈ្មោះភូមិ ឬ ឃុំ ផ្សារ និង ច្រកជាដើម ដែលបញ្ជាក់ថា ជារបស់កម្ពុជា។
បើទោះបីជាមានការអះអាងដូចនេះរបស់លោកបណ្ឌិត សុខ ទូច ក្ដី ក៏ប៉ុន្តែសម្រាប់អ្នកឃ្លាំមើលព្រំដែនវិញយល់ឃើញថា ធាតុពិតនៅទីតាំងថ្ម៣ដុំនេះ គឺសមត្ថកិច្ចរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង ដូចជាមិនអនុញ្ញាតឲ្យរូបលោកទៅក្នុងបរិវេណថ្ម៣ដុំ កុំថាឡើយចូលទៅដល់ថ្ម៣ដុំ ដោយផ្ទាល់។
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកចុះសិក្សាដោយផ្ទាល់លើទីតាំងចំណុចថ្ម៣ដុំ ចាត់ទុកថា មូលហេតុដែលក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភា អាចចេញចូលដោយសេរី រហូតបានឈរលើថ្ម៣ដុំ បានថែមទៀតនោះ វាពុំមែនជាអ្វីដែលចម្លែកនោះឡើយ។ លោកថ្លែងថា ការចុះសិក្សានេះ អាចរាប់បានថា មានការសម្របសម្រួលរួចទៅហើយ ហេតុនេះទោះចង់មិនចង់ គឺសន្តិសុខ និងលទ្ធភាពក្នុងការត្រួតពិនិត្យមានភាពងាយស្រួលបែបនេះ។ ម្យ៉ាងវិញទៀត លោក កែម ឡី អះអាងថា ថ្វីបើការរកឃើញរបស់ក្រុមស្រាវជ្រាវកិច្ចការព្រំដែនរបស់រាជបណ្ឌិត្យសភា ថាមិនមានការបាត់បង់ ក៏ប៉ុន្តែទីតាំងថ្ម៣ដុំនេះ ហាក់បានបាត់រួចទៅហើយ ព្រោះតំបន់នោះ ពុំមានពលរដ្ឋណាម្នាក់អាចចេញចូលបានដោយងាយឡើយ។ បន្ថែមពីលើនេះទៀត លោក កែម ឡី រិះគន់ថា ការចុះសិក្សាស្រាវជ្រាវនេះ គឺជាការបង្គ្រប់កិច្ច និងប៉ះប៉ូវភាពខុសឆ្គងក្នុងរឿងព្រំដែនរបស់រដ្ឋាភិបាលប៉ុណ្ណោះ៖ «»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ កុម្ភៈ ពុំទាន់អាចសុំការបំភ្លឺបន្ថែមជុំវិញជម្លោះព្រំដែន ត្រង់ចំណុចដីថ្ម៣ដុំ ពីលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន បានទេ ដោយសារទូរស័ព្ទលោកពុំអាចហៅចូលបាន។
កាលពីចុងខែមករា កន្លងទៅនេះ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានព្រមានវ៉ៃខ្នោះដៃ និងរហូតព្រមានចាប់ដាក់គុកថែមទៀងផង ចំពោះអ្នកណាដែលចូលទឹកដីខេត្តតាកែវ ហើយនិយាយថា ដីនៅថ្ម៣ដុំ ត្រូវធ្លាក់ទៅលើវៀតណាម គ្រប់គ្រងវិញ។ ដីនៅចំណុចថ្ម៣ដុំ ដែលជាប់នឹងខេត្តអានយ៉ាង (An Dang) ប្រទេសវៀតណាម នេះ គឺស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ២៦៦ និង ២៦៧។
លោក សុខ ទូច មានប្រសាសន៍ថា ពលរដ្ឋនៅតែអាចចេញចូល និងត្រួតពិនិត្យព្រំដែនដោយពុំមានការហាមប្រាម ជាពិសេសនៅចំណុចថ្ម៣ដុំ។ លើសពីនេះទៀត លោក សុខ ទូច ចាត់ទុកថា រឿងព្រំដែនគឺជារឿងអាយុជីវិតរបស់ជាតិ ពោលគឺពុំមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់បក្សនយោបាយណាមួយឡើយ។ ម្យ៉ាងទៀត ការរឹតបន្តឹងក្រុមណាមួយដែលពិនិត្យព្រំដែនក្រៅពីមន្ត្រីរដ្ឋាភិបាល គឺជារឿងដែលចម្លែក ព្រោះបង្គោលព្រំដែនស្ថិតក្នុងអធិបតេយ្យភាពរបស់កម្ពុជា។
បើទោះជាបែបនេះក៏ដោយចុះ សម្រាប់លោក កែម ឡី វិញ អះអាងថា ដីនៅចំណុចថ្ម៣ដុំ កម្ពុជានៅតែពុំអាចមានសិទ្ធិគ្រប់គ្រងបានដដែល ព្រោះនៅជុំវិញបរិវេណដីថ្ម៣ដុំនេះ ត្រូវគេចាត់ទុកថា ជាតំបន់សរួចទៅហើយ។ ហេតុនេះ កម្ពុជានៅតែបាត់បង់សិទ្ធិក្នុងការគ្រប់គ្រងដីនៅបរិវេណថ្ម៣ដុំនេះ។ ម្យ៉ាងវិញទៀត អ្វីដែលមើលឃើញថា ជារបស់កម្ពុជា នៅពេលនេះ នោះគ្រាន់តែជារូបភាពខាងក្រៅប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ទាហានថៃហាមឃាត់ពលរដ្ឋខ្មែរមិនឲ្យដាំដុះលើដីនៅជាយដែននាខេត្តប៉ៃលិន
- លោក អ៊ុំ សំអាន ថានឹងត្រឡប់មកកម្ពុជាវិញនៅខែមេសាទោះបីប្រឈមការចាប់ខ្លួន
- មន្ត្រីស្ថានទូតកម្ពុជានៅបាងកកសម្រេចប្ដឹងឧទ្ធរណ៍រឿងអាជីវករខ្មែរ២រូប
- លោក សុខ ទូច៖ វៀតណាមមិនដែលគោរពកិច្ចព្រមព្រៀងព្រំដែនជាមួយកម្ពុជា
- លោក សុខ ទូច ថាមិនខ្វល់នឹងការបដិសេធរបស់លោក វ៉ា គឹមហុង ទាក់ទងរឿងព្រំដែន
- មន្ត្រីរដ្ឋាភិបាលបដិសេធថាកម្ពុជាមិនបានបាត់បង់ព្រំដែនទឹកដូចការចោទ
- បក្សប្រឆាំងប្រតិកម្មនឹងសារព្រមានរបស់ចៅហ្វាយខេត្តតាកែវរឿងដីព្រំដែនតំបន់ថ្ម៣ដុំ
- ពលរដ្ឋខេត្តត្បូងឃ្មុំនៅតែបារម្ភចំពោះករណីក្រុមហ៊ុនជួលដីឲ្យពលរដ្ឋវៀតណាមដាំដំណាំ
- អ្នកស្រាវជ្រាវសង្គមបារម្ភអំពីការបាត់កោះខ្មែរដោយសារប្ដូរទៅជាឈ្មោះបរទេស
ហេតុអីមិនថតរូប videoប៉ុស្តិ៍ខ្មែរនិងប៉ុស្តិ៍យួនដាក់អោយប្រជាជនបានឃើញផង
យកតែពាក្យចេញពីប្រហោងមាត់បណ្ឌិតឯងមកនិយាយវាមិនគ្រប់គ្រាន់ទេ ក្រែងថាទៅសាវជ្រាវ
សួរប្រជាជនរស់នៅទីនោះដែលដឹងការពិតអី ឥឡូវមិនទាន់សួរនាំប្រជាជនផងប្រញាប់មកតែវ៉ែ
អះអាងតែម្នាក់ឯងស្អី? គ្មានសាក្សី គ្មានភស្តុតាងច្បាស់លាស់អ្នកណាជឿគាត់ឯងបាន។
ឬមួយប្រញាប់មកឡើងឋានៈមួយថ្នាក់ទៀតពីរដ្ឋាភិបាលហ៊ុនសែន???
បណ្ឌិត សុខ ទូច កំពុងចាញ់បោកល្បិចកល់របស់យួនហើយ
ដូចចាស់ៗគាត់និយាយថា កាលជំនាន់ ប៉ុល ពត ពេលមានបរទេសគេមកមើល
ការរស់នៅរបស់ប្រជាជនខ្មែរ ពួកអាពតវាអោយប្រជាជនកាប់មាន់កាប់ទា សម្លាប់ជ្រូក
បង្អួតបោកប្រាស់ភ្នែកអន្តរជាតិមួយពេលទៅ ដល់ពួកបរទេសគេចេញទៅបាត់
បង្អត់ប្រជាជនលើសដើម ។