សមាគម​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ចាត់​ទុក​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​៣៤​ស្ថាប័ន​ថា​គ្មាន​តម្លាភាព

ដោយ ថា កិត្យា
2016-02-10
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ឯ សុភាស់ ២០១៦ ៨៥៥

ប្រធាន​សមាគម​រួប​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CCDA) លោក ឯ សុភាស់ (កណ្ដាល) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​អំពី​ប្រតិកម្ម​ចំពោះ​សេចក្តី​ថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល​ចំនួន ៣៤​ស្ថាប័ន ទាក់ទង​អំពើ​ហិង្សា​រវាង​សមាជិក​អ្នក​រត់​រ៉ឺម៉ក​កង់​បី និង​អតីត​អ្នក​បើកបរ​ឡាន​កាពីតូល (CAPITOL) នា​ក្រុមហ៊ុន​កាពីតូល កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Rann Samnang


សមាគម​រួប​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.ឌី.អេ (CCDA) របស់ លោក ឯ សុភាស់ ធ្វើ​សន្និសីទ​សារព័ត៌មាន​ច្រាន​ចោល​សេចក្តី​ថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល​ចំនួន ៣៤​ស្ថាប័ន ដែល​ចោទ​ប្រកាន់​ថា សមាជិក​អ្នក​រត់​រ៉ឺម៉ក​កង់​បី​របស់​លោក ជា​អ្នក​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​អតីត​អ្នក​បើកបរ​ឡាន​ក្រុង​កាពីតូល (CAPITOL) ដែល​ឈរ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ឋិត​នៅ​ម្តុំ​ផ្សារ​អូរឫស្សី កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ។ ទោះ​ជា​យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ដាន​រឿង​នេះ ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ បើក​ការ​ស៊ើប​អង្កេត​មួយ ដើម្បី​លាតត្រដាង​រឿង​ពិត និង​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ហិង្សា​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​រង​របួស​នេះ។

ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​អតីត​បុគ្គលិក​បើកបរ​ឡាន​ក្រុង​កាពីតូល និង​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប និង​រ៉ឺម៉ក​កង់​បី ដែល​ជា​សមាជិក​នៃ​សមាគម​រួប​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ នៅ​ខាង​មុខ​ផ្សារ​អូរឫស្សី នោះ បាន​វិវឌ្ឍន៍​ទៅ​ដល់​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក រក​អ្នក​បង្ក​រឿង​មិន​ទាន់​ឃើញ​ពិត​ប្រាកដ​មក​ទល់​ពេល​នេះ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​នៅ​មុខ​ក្រុមហ៊ុន​ទេសចរណ៍​កាពីតូល នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ប្រធាន​សមាគម​រួប​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា លោក ឯ សុភាស់ បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​សេចក្តី​ថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល​ចំនួន ៣៤​ស្ថាប័ន ដែល​លោក​ថា​បាន​ចោទ​ប្រកាន់​យ៉ាង​គឃ្លើន​ទៅ​លើ​សមាជិក​អ្នក​រត់​រ៉ឺម៉ក​កង់​បី​របស់​លោក ថា​ជា​អ្នក​បង្ក​ហិង្សា​នោះ។

លោក ឯ សុភាស់ ចាត់​ទុក​សេចក្តី​ថ្លែងការណ៍​រួម​នោះ​ថា គ្មាន​តម្លាភាព គ្មាន​ការ​ពិត និង​ការពារ​តែ​ក្រុម​បក្ខពួក​ខ្លួន ដោយ​មិន​បាន​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ទាំង​សង​ខាង ហើយ​សំអាង​លើ​ភស្តុតាង​តែ​ម្ខាង៖ «គាត់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​មិន​បាន​ស្រាវជ្រាវ​គ្រប់​ជ្រុងជ្រោយ ដែល​តាំង​ខ្លួន​ជា​អង្គការ​មួយ​បង្ក​ឲ្យ​គេ​មាន​បញ្ហា។ គាត់​អាច​ក្លាយ​ជា​អ្នក​គាំពារ​សកម្មភាព​ទាំងអស់​នេះ ដើម្បី​ឲ្យ​ហិង្សា​ដោយ​ប្រយោល​ណា​មួយ»

ទន្ទឹម​គ្នា​នេះ លោក ឯ សុភាស់ ចោទ​ប្រកាន់​បក​ទៅ​ប្រធាន​សហភាព​សហជីព​ការងារ​កម្ពុជា លោក អាត់ ធន់ ថា​ជា​អ្នក​ញុះញង់​ឲ្យ​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល ៤៥​នាក់ ទាមទារ​ចូល​ធ្វើ​ការ​វិញ​ទាំង​ខុស​ច្បាប់ បន្ទាប់​ពី​ក្រុមហ៊ុន​បញ្ឈប់​ដោយ​ផ្អែក​តាម​នីតិវិធី​ច្បាប់​រួច​ហើយ។ លោក ឯ សុភាស់ និយាយ​ថា ក្រុម​អ្នក​តវ៉ា​បាន​រំលោភ​លើ​ក្រុមហ៊ុន ដើម្បី​វាយ​បំបែក​ឆ្នាំង​បាយ​របស់​ពួក​លោក ក្រោម​រូបភាព​រារាំង​មិន​ឲ្យ​អតិថិជន​ប្រើប្រាស់​សេវា​រថយន្ត​ក្រុង​ក្រុមហ៊ុន​កាពីតូល និង​បញ្ជា​ឲ្យ​អ្នក​តវ៉ា​រារាំង​រថយន្ត​ក្រុង​ជាច្រើន​ដង ហើយ​បង្ក​របួស​ស្នាម​ដល់​ក្រុម​លោក​ចំនួន ២០​នាក់​ទៀត​ផង៖ «លោក អាត់ ធន់ បាន​មក​ស្រែក​ទីនេះ​ផ្ទាល់ ដង្ហែ​ដល់​សាលា​ខណ្ឌ តើ​អាណា? តើ​ជា អាត់ ធន់ ឬ​មិន​មែន អាត់ ធន់? វា​មិន​ដែល អាត់ ធន់ ជា​មេ​សហជីព​មួយ មិន​អាច​បញ្ជា គង់ អាទិត្យ បាន​ទេ? ព្រោះ​ពួក​ហ្នឹង​នៅ​ក្រោម​ចំណុះ​ឲ្យ​គាត់ ហើយ​អ្នក​ដែល​ពឹង​នោះ ក៏​ត្រូវ​ស្តាប់​គាត់​ដែរ។ បើ​ខ្ញុំ​បង្ក​ឲ្យ​មាន​ហិង្សា ខ្ញុំ​ទទួល​ខុស​ត្រូវ»

តវ៉ា កាពីតូល ៨៥៥ ២០១៦
អតីត​អ្នក​បើក​បរ​រថយន្ត​របស់​ក្រុមហ៊ុន​កាពីតូល ម្នាក់​ដែល​រង​របួស​ក្នុង​ពេល​តវ៉ា ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ​២០១៦។ RFA/Sorn Chanratha


តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​សហភាព​សហជីព​ការងារ​កម្ពុជា លោក អាត់ ធន់ លើក​ឡើង​ថា លោក ឯ សុភាស់ មិន​អាច​បំភ្លៃ​ព័ត៌មាន​ពិត ហើយ​ដើរ​ចោទ​គេ​នោះ​ទេ ព្រោះ​រូបភាព​អ្នក​បង្ក​ហិង្សា​ត្រូវ​បាន​គេ​បង្ហោះ​ចែក​ចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ព្រោងព្រាត​រួច​ទៅ​ហើយ។ លោក អាត់ ធន់ បញ្ជាក់​ថា សហភាព​សហជីព​របស់​លោក​មាន​បញ្ជិកា​ច្បាស់លាស់ ហើយ​ក៏​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​អ្នក​តវ៉ា​ដែល​ជា​សមាជិក​ទៀត​ផង។ ដូច្នេះ សហភាព​សហជីព​ការងារ​កម្ពុជា របស់​លោក មាន​សិទ្ធិ​ចូលរួម​តស៊ូ​មតិ និង​ផ្នែក​ច្បាប់ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​សន្តិវិធី។ ជាង​នេះ​ទៀត លោក អាត់ ធន់ សំណូមពរ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ឲ្យ​មាន​តម្លាភាព៖ «យើង​អត់​បាន​ពន្យល់ ឬ​ណែនាំ​ឲ្យ​គេ​ប្រើ​ហិង្សា​ទេ ព្រោះ​យើង​ជឿ​ថា បើ​វាយ​គ្នា​ឯង​មាន​គ្រោះ​ដូច​គ្នា ហើយ​សុទ្ធតែ​ជា​កម្មករ​ដូច​គ្នា ហើយ​បើ​វាយ​ទៅ​លើ​គេ​ផ្សេង ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ហើយ​មាន​បញ្ហា ដូច្នេះ​យើង​ដឹង​ហើយ យើង​មិន​អាច​បង្ក​ហិង្សា​ទេ ព្រោះ​យើង​ធ្វើ​ការ​ជាង ១០​ឆ្នាំ​ហើយ»

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ក្រុម​សង្គម​ស៊ីវិល​ចំនួន ៣៤​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ភ្លាមៗ​នៅ​បន្ទាប់​ពី​អំពើ​ហិង្សា​ផ្ទុះ​ឡើង ហើយ​បាន​ធ្វើ​ការ​ថ្កោលទោស​ថា អំពើ​ហិង្សា​នោះ​ផ្ដើម​ចេញ​ពី​សមាជិក​សមាគម​រួប​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​ភាគ​ច្រើន​ស្លៀក​ពាក់​ពណ៌​ខ្មៅ និង​ពាក់​មួក​សុវត្ថិភាព។ ពួក​គេ​បាន​ដើរ​ទៅ​ការពារ​រថយន្ត​ក្រុង ដោយ​កាន់​ញញួរ និង​ដំបង​ដែក​វាយ​ទាត់​ធាក់​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​តវ៉ា និង​អ្នក​គាំទ្រ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ទាំងអស់​នោះ។

ប្រធាន​សមាគម​រួប​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា លោក ឯ សុភាស់ បាន​ប្រកាស​ឲ្យ​សង្គម​ស៊ីវិល​ទាំង​នោះ កែ​តម្រូវ​សេចក្តី​ថ្លែងការណ៍​នេះ​វិញ ហើយ​បើ​នៅ​តែ​ចចេស លោក​ព្រមាន​ដាក់​លិខិត​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការ​បរទេស ត្រួត​ពិនិត្យ​មើល​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ដែល​ធ្វើ​មិន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​របស់​ខ្លួន«បើ​គាត់​មិន​មាន​ការ​កែ​ទេ ខ្ញុំ​នឹង​ដាក់​លិខិត​មួយ​ទៅ​ក្រសួង​មហាផ្ទៃ ទៅ​លើ​ចំៗ​ឈ្មោះ​នៃ​សមាគម និង​អង្គការ​ទាំងអស់ ហើយ​បើ​ជា​អង្គការ​អន្តរជាតិ ខ្ញុំ​ដាក់​ទៅ​ក្រសួង​ការ​បរទេស ដើម្បី​ឲ្យ​ចាត់​វិធានការ​ទៅ​ធនាគារ​កណ្ដាល ធនាគារ​ជាតិ ដើម្បី​ត្រួត​ពិនិត្យ​លើ​ម្ចាស់​ជំនួយ ថា​តើ​លុយ​ហ្នឹង​យក​ឲ្យ​ខ្មែរ​ឈ្លោះ​គ្នា​ដែរ​អត់? ជា​បណ្ដឹង​ពួក​ខ្ញុំ ព្រោះ​ពួក​ខ្ញុំ​រស់នៅ​តាម​បែប​សមាគម ចិញ្ចឹម​សមាគម ស្ករ​ត្នោត​ខ្ចប់​ដោយ​ស្លឹក​ត្នោត មិន​បាច់​ទៅ​ពឹង​អ្នក​ណា​ទេ»

អតីត​អ្នក​បើក​រថ​យន្ត​ក្រុម​ហ៊ុន​កា​ពី​តូល របួស ៨៥៥
អតីត​អ្នក​បើក​បរ​រថយន្ត​របស់​ក្រុមហ៊ុន​កាពីតូល ម្នាក់​ដែល​រង​របួស​ក្នុង​ពេល​តវ៉ា នៅ​ក្បែរ​ក្រុមហ៊ុន កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ​២០១៦។ RFA/Sorn Chanratha


ទោះ​បី​ជា លោក ឯ សុភាស់ លើក​ឡើង​យ៉ាង​នេះ​ក្ដី ក៏ប៉ុន្តែ លោក អំ សំអាត មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លើក​ឡើង​ថា ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាក់ទង​នឹង​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ នោះ មិន​មែន​មាន​តែ​អង្គការ​លីកាដូ មួយ​ទេ គឺ​មាន​អង្គការ​ជាច្រើន​ទៀត​ដែល​បាន​ចូលរួម​សង្កេត​ព្រឹត្តិការណ៍​នោះ​ដោយ​ផ្ទាល់។ លោក អំ សំអាត ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​តុលាការ បើក​ការ​ស៊ើប​អង្កេត​រឿង​នេះ​ដោយ​តម្លាភាព ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា តើ​រឿង​ពិត​នៃ​អំពើ​ហិង្សា​នោះ កើត​ចេញ​មក​ពី​ណា ហើយ​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ពិត​ប្រាកដ៖ «ប្រសិន​បើ​បុគ្គល​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា ឬ​ក៏​អ្នក​ដែល​ផ្ដើម​គំនិត អ្នក​ដែល​ផ្សំ​គំនិត ត្រូវ​តែ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់។ នេះ​គឺ​ជា​ទិសដៅ​ដែល​អង្គការ​សង្គម​ស៊ីវិល​ទាំង ៣៤ បាន​ចេញ​សេចក្តី​អំពាវនាវ និង​ថ្កោលទោស។ ចំពោះ​រឿង​ថា ត្រូវ​កែប្រែ​មិន​កែប្រែ មិន​មែន​សម្រេច​នៅ​លើ​ខ្ញុំ​ម្នាក់​ឯង ឬ​អង្គការ​លីកាដូ ទេ គឺ​អាស្រ័យ​ទៅ​លើ​អង្គការ​ទាំង ៣៤​ស្ថាប័ន​នោះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សាកសួរ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ។ ចំណែក​នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុមហ៊ុន​កាពីតូល លោក ផាន់ សុភាព ឆ្លើយ​ថា កំពុង​ជាប់​រវល់ មិន​អាច​និយាយ​បាន។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​មនុស្ស ៦​នាក់​ពាក់ព័ន្ធ​នឹង​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​នេះ។ តុលាការ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ ៣​បទល្មើស គឺ​ទី​១ បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស។ ទី​២ ប្រឆាំង​អ្នក​រាជការ មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ចោទ​ទី​៣ បង្ក​ឧបសគ្គ​រារាំង​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។

ក្រោយ​បញ្ចប់​ការ​សាកសួរ អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ម្នាក់ គឺ​លោក ណន វណ្ណា និង​សមាជិក​សមាគម​កម្មករ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ម្នាក់​ទៀត គឺ​លោក រស់ ស៊ីផៃ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ខណៈ​មន្ត្រី​សហជីព ៤​រូប​ទៀត កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ចោទ​ប្រកាន់។ មន្ត្រី​សហជីព​ទាំង ៤​រូប​នោះ​មាន លោក អាត់ ធន់ លោក គង់ អាទិត្យ លោក អៀន គឹមហ៊ុន និង​លោក សុខ ឈុនអឿង។

ចំពោះ​វិវាទ​ដ៏​ចម្រូងចម្រាស​នេះ អ្នក​វិភាគ​បញ្ហា​សង្គម លោក កែម ឡី យល់​ថា បើ​យន្តការ​តុលាការ​ពុំ​អាច​ផ្ដល់​យុត្តិធម៌​ដល់​ជង​រងគ្រោះ រីឯ​អ្នក​ប្រព្រឹត្តិ​រួច​ផុត​ពី​សំណាញ់​ច្បាប់ នោះ​ជា​ហេតុ​អាច​នាំ​ឲ្យ​មនុស្ស​រស់នៅ​ក្នុង​សង្គម​មួយ​នេះ មាន​ការ​គុំកួន​គ្នា​ត​ទៅ​ទៀត។ លោក​ថា ការ​ប្រើ​វប្បធម៌​យក​បន្លា​មក​ជោះ​បន្លា ជា​ជាង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី និង​តាម​ច្បាប់ គឺ​ជា​ហេតុ​ដែល​អាច​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​កាន់​តែ​ច្រើន​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សមាគម​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ចាត់​ទុក​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​៣៤​ស្ថាប័ន​ថា​គ្មាន​តម្លាភាព"

  1. Rayuth says:

    ពួកកាកសំណល់ពីបន ប៉ុល ពត តែងតែមានហ្សែនហឹង្សា និងឃោរឃៅនៅក្នុងខួរ ។ ពួកនេះ ជាឈ្នាន់ដាច់ថ្លៃរបស់ពួកអ្នកមាន នាយទុនទុច្ចរិត និងអ្នកមានអំណាចហុតឈាមអ្នកក្រ ។ ពួកមនុស្សគ្មានខួរ ។ ពួកនេះខ្លួនជាមនុស្ស តែខួរជាសត្វតិរច្ជានចេះតែប្រើហឹង្សាតែប៉ុណ្ណោះ ។

    នៅថ្ងៃណាមួយពួកនេះ នឹងទទួលនូវបាបកម្ម !!!!!!

  2. Anonymous says:

    មើលមុខឲចំណាំ នេះជាក្រុមអន្ធពាលបាតដៃទី៣ (កម្លាំងខ្មៅរបស់បក្ស) ១ក្រុម ដែលស៊ីឈ្នួលបង្កហឹង្សាជ្រកក្រោមផ្លាកសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា។
    មានក្រុមនេះប្រទេសកម្ពុជាមិនងាយរកឃើញពន្លឺយុត្តិធម៌សង្គមទេ។