អង្គការ​មួយ​រកឃើញ​ថា​មន្ត្រី​បរិស្ថាន​បើក​ដៃ​ឲ្យ​ឈ្មួញ​កាប់​ឈើ

ឈើ​ត្រូវ​បាន​គេ​ដឹក​ចេញ​ពី​តំបន់​អភិរក្ស​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​កាលពី​ពេល​ថ្មីៗ​នេះ។ រូបថត អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

ឈើ​ត្រូវ​បាន​គេ​ដឹក​ចេញ​ពី​តំបន់​អភិរក្ស​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​កាលពី​ពេល​ថ្មីៗ​នេះ។ រូបថត អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ




ភ្នំពេញប៉ុស្តិ៍

កំពង់ស្ពឺៈ អង្គការ​សង្គម​ស៊ីវិល​មួយ​បាន​រកឃើញ​ឈើ​ប្រណីត​ជាង ១០ ម៉ែត្រ​គុប​នៅ​​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ហើយ​​អ្នក​អារ​ឈើ​បាន​ប្រាប់​ថា​ពួកគេ​បាន​បង់​ប្រាក់​ឲ្យ​មន្ត្រី​បរិស្ថាន​ក្នុង​មួយ​ខែៗ​ជាង ២ ពាន់​ដុល្លារ​ក្នុង​ម៉ាស៊ីន​រ៉ៃ​អារ​ច្រៀក​ឈើ​ចំនួន​ ៧ ​​គ្រឿង​។

បុគ្គលិក​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ចំនួន ៨ ​នាក់​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​រក​ទិញ​ឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ ​ភ្នំ​ឱរ៉ាល់ ​ហើយ​បាន​ចូល​ទៅ​តំបន់​ព្រំ​ប្រទល់​រវាង​ខេត្ត​កំពង់ស្ពឺ និង​​ពោធិ៍សាត់​កាលពី​ថ្ងៃ​អង្គារ​។

លោក ជា ហ៊ាន ​ប្រធាន​​អង្គការ និង​​ជា​អ្នក​ដឹកនាំ​ការ​ចុះ​ស៊ើប​អង្កេត​នេះ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​កាលពី​ម្សិលមិញ​ថា ​ក្រុម​ការងារ​​របស់​លោក​បាន​រក​ឃើញ​ឈើ​ប្រណីត និង​ប្រភេទ​លេខ ១ ​សរុប​ជាង ១០ ម៉ែត្រ​គុប និង​រោង​ម៉ាស៊ីន​រ៉ៃ​អារ​ច្រៀក​ឈើ​ចំនួន ៧ កន្លែង​នៅ​ត្រង់​ចំណុច​ច្រេសច្រងាំជ្រុំ និង​អូរ​ទឹកក្រហម។

លោក​ជឿជាក់​ថា ​មាន​ឈើ​រាប់​សិប​ម៉ែត្រ​គុប​ផ្សេង​ទៀត​នៅក្នុង​ព្រៃជ្រៅ និង​ឆ្លងកាត់​អូរ​ដែល​ពួក​លោក​មិន​ទាន់​អាច​ចូល​ទៅ​ដល់។

លោក​បញ្ជាក់​ថា៖ «ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​កាប់​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​រួច​ហើយ​គេ​អារច្រៀក​ដោយ​ម៉ាស៊ីន​រ៉ៃ​ ចំនួន ៧ និង​ដាក់​គរ​នៅ​កន្លែង​​​ផ្សេង​គ្នា​ពាសពេញ​ព្រៃ​ដែល​ប៉ាន់​ស្មាន​ទៅ​គឺ​ជាង ១០ ម៉ែត្រ​គុប។ ឈើ​ប្រណីត​គឺ​​គេ​ដឹក​ទៅ​លក់​នៅ​វៀតណាម​តែ​គេ​ដឹក​ចេញ​មិន​ទាន់​ពេល​​រដ្ឋាភិបាល​ប្រកាស​បិទ»។

លោក​ ជា ហ៊ាន បន្ត​ថា​ឈើ​ប្រណីត​នោះ​រួមមាន​ឈើ​ធ្នង់​ហើយ​ក្រៅពី​នោះ​មាន​ប្រភេទ​ឈើ សុក្រំ រាជកុល ផ្ចឹក រាំង និង​ឈើទាល​ដែល​ត្រូវ​បាន​គេ​អារច្រៀក​ជា​គ្រឿង​ផ្ទះ​ដូចជា​ក្តារបន្ទះ និង​ សសរ​សម្រាប់​លក់​ក្នុង​ស្រុក​។

លោក​ថា ​រោង​ម៉ាស៊ីន​រ៉ៃ​អារច្រៀក​ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​ដាក់​នៅ​ចម្ងាយ​ចន្លោះ​ពី​ ៣០០ ទៅ ៤០០ ម៉ែត្រ​ពី​គ្នា​ហើយ​នៅ​ទីតាំង​ទាំង​នោះ​លោក​បាន​ឃើញ​​អ្នក​អារច្រៀក​ឈើ​ចំនួន​ ៦ នាក់។

លោក​បាន​ធ្វើ​ជា​រក​ទិញ​ឈើ​ពី​ពួកគេ​ហើយ​ឈើ​មួយ​ម៉ែត្រ​គុប​គេ​លក់​ចេញ​នៅ​កន្លែង​នោះ​តម្លៃ​ចំនួន​ ៨ ​ម៉ឺន​រៀល និង​ បើ​ដឹក​ចុះ​ទៅ​ដល់​ក្រោម​វិញ​គឺ ១ លាន​រៀល។ ពួកគេ​ក៏​បាន​ប្រាប់​ផង​ដែរ​ថា​សកម្មភាព​អារ​ច្រៀក​ឈើ​របស់​ពួកគេ​បាន​សម្រាក​មួយ​រយៈ​ បន្ទាប់ពី​ក្រុម​ការងារ​ការពារ និង​អភិរក្ស​ធម្មជាតិ​របស់​ក្រសួង​បរិស្ថាន​ និង​អង្គការ​ជា​ដៃគូ​មួយ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​តំបន់​នោះ​ កាលពី​ខែ​មុន។ ក្រុម​នេះ​ថា ​ពួកគេ​អាច​ធ្វើ​សកម្មភាព​កាប់ និង​អារ​ច្រៀក​ឈើ​លក់​បែប​​នោះ​បាន​គឺ​ដោយសារ​តែ​មាន​ការ​បង់​លុយ​​ប្រចាំ​ខែ​ឲ្យ​មន្ត្រី​បរិស្ថាន​ចំនួន ៣០០ ដុល្លារ​ក្នុង​ម៉ាស៊ីន​រ៉ៃ​មួយ​គ្រឿង​។

លោក​ ជា ហ៊ាន ​ថ្លែង​ថា៖ ​«អ្នក​រកស៊ី​បទ​ល្មើស​ហ្នឹង​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​បង់​ខែ​​ឲ្យ​​ពួក​ដែន​ជម្រក​ និង​បរិស្ថាន​ ម៉ា​ខែ ៣០០ ដុល្លារ​ក្នុង​ម៉ាស៊ីន​រ៉ៃ ១ គ្រឿង។ ខ្ញុំ​ធ្វើ​ជា​សុំ​ឲ្យ​ចុះ​ថ្លៃ​ឈើ​តែ​គេ​ថា​ចុះ​មិន​បាន​ទេ​ព្រោះ​ខាង​បរិស្ថាន​យក​ច្រើន​ពេក។ មាន​បរិស្ថាន​ផង​ប៉េអឹម​ផង​អ៊ីចឹង​បើ​ចុះ​មិន​អាច​រួច​ថ្លៃ​បង់​បាន​​ទេ»​។

លោក ជា ហ៊ាន បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រៅពី​បង់​ប្រចាំ​ខែ​ថ្លៃ​ដាក់​ម៉ាស៊ីន​រ៉ៃ​នោះ​អ្នក​ដឹកឈើ​ចេញ​ក៏​ត្រូវ​បង់​ឲ្យ​មន្ត្រី​អនុរក្ស​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​កុងត្រូល​តាម​ផ្លូវ​ប្រមាណ​ជា ១០ កន្លែង​ទៀត​ផង​ដែរ​ហើយ​បើ​គ្មាន​ការ​បង់​ប្រាក់​គឺ​ដឹក​ចេញ​មិន​រួច​នោះ​ទេ​។

បទល្មើស​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន​បាន​កើត​មាន​ឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ក៏​ធ្លាប់​បាន​ស្រង់​ឈ្មោះ និង​ប្តឹង​មន្ត្រី​បរិស្ថាន​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ផង​ដែរ។

របាយការណ៍​មួយ​ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ការងារ​របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​ អភិរក្ស​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន​បាន​ដឹកនាំ​មន្ត្រី​អនុរក្ស​នៅ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ក្នុង​ខេត្ត​ ​ពោធិ៍សាត់ និង​កំពង់ស្ពឺ​ ដើម្បី​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ។ ជា​លទ្ធផល​ ក្រុម​ការងារ​បាន​ធ្វើការ​រឹបអូស​រថយន្ត​កែច្នៃ​ចំនួន ២ គ្រឿង​ ម៉ូតូ ២ គ្រឿង ឈើ​ប្រណីត​មួយ​ចំនួន​ជើង​ម៉ាស៊ីន​រ៉ៃ​ ចំនួន ៣ ពី​រោង​អារច្រៀក​ឈើ​ចំនួន​ ៣ ​កន្លែង​ផ្សេងៗ​គ្នា។

លោក​ ជា ហ៊ាន បាន​រិះគន់​ចំណាត់ការ​របស់​ក្រុម​ការងារ​របស់​ក្រសួង​បរិស្ថាន​នោះ​ថា​៖ «​គេ​ទទួល​បាន​ផលប្រយោជន៍​ពី​បទល្មើស។ គេ​ប្រាប់​មុន​ឲ្យ​រុះរើ​ចេញ។ ក្រោយ​រុះរើ​ចេញ​អស់​ពេល​កម្លាំង​ទៅ​ដល់​មាន​តែ​ម៉ាស៊ីន​ខូច និង​ឈើ​ចាស់ៗ​ដុត​កម្ទេច​ចោល​ដើម្បី​ធ្វើ​របាយការណ៍​​ជូន​រដ្ឋាភិបាល។ ក្នុង​ចំណោម ៧ រោង​ម៉ាស៊ីន​រ៉ៃ​នោះ​គេ​បង្ក្រាប​តែ ៣ កន្លែង​ទេ។ ទុក ៤ កន្លែង​ធ្វើ​ឆ្នាំង​បាយ​គេ»។

ទោះ​យ៉ាង​ណា ​លោក​ សឹង ប៊ុនហេន នាយរង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ដោយ​អះអាង​ថា​ លោក​មិន​បាន​ដឹង​ពី​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​កន្លែង​នោះ​ទេ​ហើយ​ក្រុម​អនុរក្ស​បរិស្ថាន​ក៏​មិន​បាន​ទទួល​សំណូក​ ដើម្បី​បើក​ដៃ​ឲ្យ​មាន​ការ​កាប់​ឈើ​នោះ​ដែរ។

លោក ប៊ុនហេន បាន​និយាយ​នៅ​មុន​ពេល​ផ្តាច់​ខ្សែ​ទូរស័ព្ទ​ថា៖ «រឿង​ហ្នឹង​ខ្ញុំ​អត់​ដឹង​​ច្បាស់​ដែរ។ អត់​មាន​ [បង់​លុយ បង់​កាក់] ទេ។ អត់​មាន​ទេ។ អ្នក​លួច​កាប់​ចេះ​តែ​លួច​កាប់។ អត់​មាន​ពាក់ព័ន្ធ​នឹង​កម្លាំង​សមត្ថកិច្ច​ទេ»។

ខ្សែ​វីដេអូឃ្លីប​រយៈពេល ៣៧ វិនាទី​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​លោក​ ជា ហ៊ាន​ បាន​បង្ហាញ​ពី​ទីតាំង​រោង​ម៉ាស៊ីន​រ៉ៃ​មួយ​កន្លែង​ក្នុង​ចំណោម ៧ កន្លែង​នោះ​ដែល​មាន​ឈើ​ជាច្រើន​គំនរ និង​ខ្លះ​ទៀត​នៅ​រាយប៉ាយ។ ក្រៅពី​នោះ​ក៏​ឃើញ​មាន​ម៉ាស៊ីន​រ៉ៃ​ដ៏ធំ​មួយ​ដែល​មនុស្ស​ប្រុស​ពីរ​នាក់​កំពុង​តែ​ប្រើប្រាស់​អារច្រៀក​ឈើ។

លោក​ ជា ហ៊ាន កំពុង​តែ​ធ្វើ​របាយការណ៍​ពី​លទ្ធផល​ដែល​ក្រុម​ការងារ​លោក​ចុះ​អង្កេត​នោះ​ហើយ​នឹង​ដាក់​ទៅ​ក្រសួង​បរិស្ថាន​នៅ​សប្តាហ៍​នេះ​។

លោក ហេង គួន និង​លោក​ នៅ ណាក់ ប្រធាន​ និង​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ។

ចំណែកឯ​លោក ​សៅ សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​កាលពី​ម្សិលមិញ។ ទោះ​យ៉ាង​ណា ​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​ដែល​ ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួល​បាន​បាន​ឲ្យ​ដឹង​ថា​រយៈ​កាល​កន្លង​មក​តែងតែ​មាន​ជនល្មើស​លប​លួច​ប្រព្រឹត្ត​បទល្មើស​តាម​គ្រប់​រូបភាព​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ដែន​ជម្រក​សត្វព្រៃ​ក៏​ដូចជា​នៅក្នុង​ឧទ្យាន​ជាតិ​ផ្សេងៗ​ដែរ​នៅ ​ខណៈ​ពេល​ដែល​មន្ត្រី​អគ្គនាយកដ្ឋាន នាយកដ្ឋាន​ជំនាញ មន្ទីរ​បរិស្ថាន រួម​នឹង​មន្ត្រី​ឧទ្យានុរក្ស​តែង​ខិតខំ​ប្រឹងប្រែង​ និង ​ចុះ​ធ្វើ​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​ទាំង​នោះ​ជាប់​ជា​ប្រចាំ​ហើយ​បើ​ទោះបី​ជា​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏ដោយ៕

What Next?

Recent Articles

One Response to "អង្គការ​មួយ​រកឃើញ​ថា​មន្ត្រី​បរិស្ថាន​បើក​ដៃ​ឲ្យ​ឈ្មួញ​កាប់​ឈើ"

  1. ?? says:

    why do they wonder too much just think every thing was come from ANGKA KHANG LEIR