នាយករដ្ឋមន្រ្តីព្រមានមន្រ្តី​ពាក់ព័ន្ធ​ រឿងមិន​បង្រ្កាប​ការដឹកឈើតាមរថយន្តធំៗ

ដោយ លោក ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 3:54 PM

http://vodhotnews.com

បរិស្ថាន​​ | អំពើពុករលួយ | អភិបាលកិច្ចល្អ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់អគារក្រសួងបរិស្ថាន​ ដែលមានឈ្មោះថាអគារមរតកតេជោ (រូបថតដោយ ណាត សុភាព)


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជា​ជាថ្មី​ឲ្យ​​មន្រ្តី​ពាក់​ព័ន្ធ​ដែលចូលរួមបង្រ្កាបការ​កាប់បំផ្លាញព្រៃឈើឲ្យ​ធ្វើការងាររបស់ខ្លួន​ដោយ​លោក​ដាក់ការសង្ស័យ​ថា​ការមិន​បង្រ្កាប​អាចមកពីមន្រ្តី​ទាំងនោះចូលដៃជាមួយ​ឈ្មួញដឹកឈើ។​

ក្នុងពិធីសម្ពោធ​អគារថ្មីរបស់ក្រសួង​បរិស្ថានលោក ហ៊ុន សែន បាន​ថ្លែង​បន្ទោសទៅភាគីពាក់ព័ន្ធដោយ​ថា​មិនបានយកភ្នែកមើល​ករណីដឹកឈើតាមរថយន្ត។ លោក​មានប្រសាសន៍ថា​៖ “ប៉ុន្តែរឿងដឹកឈឺនេះអាហ្នឹង​វាដឹកហ្នឹងឡានហើយធំៗណាស់ ហើយចុះ​ភ្នែកទៅណាអស់ទាំងភ្នែកទាហាន ទាំងភ្នែកប៉ូលិស ទាំងភ្នែក​ប៉េ​​អឹម ទាំងភ្នែករដ្ឋបាលព្រៃឈើ ទាំងភ្នែក​បរិស្ថាន ភ្នែកទៅណាអស់ទៅឬក៏អាហ្នឹងនឹងគេដែរវាណា​ស់តែ​អ៊ីចឹង”។​

នៅថ្ងៃ​នេះលោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​មាន​ការ​ដាក់ទោស​ទណ្ឌ​អ្នកកាប់បំផ្លាញព្រៃឈើនិង​បញ្ជាឲ្យ​លោក សៅ សុខា មេ​បញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការបង្រ្កាប​ការ​កាប់បំផ្លាញព្រៃឈើចាត់វិធានការ​ដោយ​មិន​​លើក​លែង។​ លោក​មានប្រសាសន៍ថា៖ “ខ្ញុំឲ្យ​ឧទ្ធម្ភាគចក្រពីរគ្រឿង សៅ សុខា ដូចមិនទាន់បាញ់មួយគ្រាប់ផងទេ ខ្ញុំឲ្យ​បាញ់ណា បើថា​វាព្រហើនរ៉ូកែតដាក់ពីលើតែម្តងអត់មានរញ៉េរញ៉ៃទេ”។

អ្នកឃ្លាំមើល​ព្រៃឈើ​និងជាប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោក អ៊ូច ទ្បេង មានប្រសាសន៍ថាលោកមិនមានជំនឿលើលោកនាយករដ្ឋមន្ត្រីដែលព្រមានចាត់វិធានការ​លើអ្នក​ប្រព្រឹត្តបទល្មើសព្រៃឈើដដែល​ៗ​នោះទេដោយលោក​ថាអ្នកប្រព្រឹត្តបទល្មើសព្រៃឈើជាមន្ត្រីរបស់រដ្ឋាភិបាល។ លោកបន្តថា៖ “មិនជឿទេ អត់សង្ឃឹមគាត់ចាត់វិធានការបាននេះមកពីឆន្ទៈគាត់មិនមែនតែពេលនេះទេគឺគាត់កាន់អំណាចប្រហែលជាង៣០ឆ្នាំហើយគឺមិនមានប្រសិទ្ធិភាពអ្វីទំាង​អស់​ក្នុងបទល្មើសព្រៃឈើគឺថាមន្ត្រីរដ្ឋាភិបាលទំាងអស់សុទ្ធតែមានការពាក់ព័ន្ធជាមួយនឹងបទល្មើសព្រៃឈើជាពិសេសកងប្រដាប់អាវុធ”។

គួរបញ្ជាក់ថា​កាលពីខែមករា ឆ្នាំ​២០១៥ លោក ​ហ៊ុន សែន ​បាន​សម្រេច​បង្កើតគណៈកម្មការ​មួយ​​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​សកម្មភាព​អនា​ធិបតេយ្យ​កាប់​ព្រៃ​ឈើ ការនាំ​ចេញ​ឈើ​ខុសច្បាប់ និង​បទល្មើស​ព្រៃឈើ​នានា ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ ចាប់​ជនល្មើស និង​វត្ថុតាង​នៃ​បទល្មើស សហការ​ជាមួយ​ភាគី​វៀតណាម​និងឡាវ។ ​​តាម​រយៈសេចក្តី​សម្រេច​នោះរដ្ឋា​ភិបាល​ក៏​បាន​អនុញ្ញាត​ឲ្យគណៈកម្មការមួយ​នេះ​ប្រើ​ឧទ្ធម្ភាគចក្រ​យោធា​ពីរ​គ្រឿង​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​ផងដែរ។

យ៉ាងណាក៏ដោយរហូត​មក​ដល់ពេល​គណៈកម្មការ​ចុះទប់ស្កាត់និង​បង្ក្រាបបទល្មើសព្រៃឈើនោះមិនទាន់បង្ហាញរបាយការណ៍បង្ក្រា​បជូន​សាធារណៈជន​បានដឹង​នៅឡើយ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

3 Responses to "នាយករដ្ឋមន្រ្តីព្រមានមន្រ្តី​ពាក់ព័ន្ធ​ រឿងមិន​បង្រ្កាប​ការដឹកឈើតាមរថយន្តធំៗ"

  1. namrequire says:

    Thai soldiers shot to kill Cambodians who snitched across the border to cut red rose timber in Thailand. Now Hun Sen orders to kill Cambodians who encroached the timber land for woods.
    Wow what a violent leader, why don’t just arrest them and punish to he full extend of laws allowed. Did Cambodia has law to kill people, even they are criminals?

  2. ៨មិនា says:

    អារឿងការពារអាយុជិវិតប្រជារាស្រ្តគឺលំបាក តែបើអារឿងបញ្ជារឲ្យសម្លាប់គឺវាងាយស្រួលដូចបកចេក! នេះជារឿងដែលរដ្ឋាភិបាលកំពុងតែអនុវត្តន៏

  3. xxx says:

    គ្រាន់តែស្រែកអោយប្រជាពលរដ្ឋឮ តែប៉ុណ្ណោះ ដើម្បីលើកស្ទួយប្រជាប្រិយភាពឡើងវិញ ការពិតមិនអាចទៅរួចទេ
    ហួសពេលហើយ។ កាលពីដំបូងរាប់ឆ្នាំមកហើយ ពត៏មានផ្សពផ្សាយតាមរយៈប្រព័ន្ធទូរទស្សន៏, វិទ្យុ ។ល។ ករណីកាប់បំផ្លាញឈើ, ករណីដឹកជញ្ជូនឈើចេញ មួយថ្ងៃៗសឹងតែ២៤ម៉ោងលើ២៤ម៉ោង តែធ្វើមិនដឹង មិនឮ អត់មានព្រមាន
    អត់មានបញ្ជារសោះ ចាំតែឈើចង់រលាយអស់ពីព្រៃ ចាំតែជិតដល់រដូវបោះឆ្នោតទើបស្រែកក្ដែងៗ អោយគេឮ។
    ឈ្មួញកាប់បំផ្លាញព្រៃឈើ ឈ្មួញដឹកឈើនាំចេញ មិនមែនជាប្រជាពលរដ្ឋសាម័ញ្ញក្រីក្រនោះទេ។