បន្ទាប់ពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការពិនិត្យទូទាំងប្រទេសនូវសម្បទានដីសេដ្ឋកិច្ច (ELCs) បានរកឃើញថា ដីប្រហែល១លានហិកតាបានដកហូតមកវិញពីក្រុមហ៊ុននានានោះ ក្រុមអ្នកគាំទ្រសិទ្ធិដីធ្លីកាលពីថ្ងៃសុក្របានមានមន្ទិលលើការអះអាងនេះ ដោយលើកឡើងអំពីកង្វះតម្លាភាពអំពីរបៀបដែលការពិនិត្យនេះត្រូវបានធ្វើឡើង។
កាលពីឆ្នាំ២០១២ លោក ហ៊ុន សែន បានផ្អាកការផ្ដល់សម្បទានដីសេដ្ឋកិច្ចថ្មី ដែលជារឿយៗជាប់ពាក់ព័ន្ធជាមួយការរំលោភសិទ្ធិ និងការកាប់បំផ្លាញព្រៃឈើ និងបានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងពិនិត្យឡើងវិញនូវដីទាំងអស់២លានហិកតានៃសម្បទានទាំងអស់ ដើម្បីកំណត់ថាតើដីទាំងនោះកំពុងបានប្រើដោយត្រឹមត្រូវឬយ៉ាងណា។
លោកនាយករដ្ឋមន្ត្រីបានប្រកាសលទ្ធផលនៃការពិនិត្យឡើងវិញនេះកាលពីថ្ងៃព្រហស្បតិ៍ ហើយបានសន្យាថា ដី១លានហិកតាដែលដកហូតនឹងត្រូវបែងចែកជាថ្មីឲ្យគ្រួសារក្រីក្របំផុតនៅប្រទេសកម្ពុជា។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ឥឡូវដីប្រមាណ១.០៩០.០០០ហិកតាដែលមានការដាំដុះរួចហើយនោះ ត្រូវរក្សាទុកឲ្យវិនិយោគបន្ត ហើយផ្ទៃដីជិត១លានហិកតាត្រូវបានដកហូតមកវិញ”។
ទោះយ៉ាងនេះក្ដី មេដឹកនាំសង្គមស៊ីវិលបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលមិនបានបញ្ចេញព័ត៌មានសាធារណៈគ្រប់គ្រាន់ដើម្បីឲ្យពួកគេអាចវាយតម្លៃផលប៉ះពាល់នៃការប្រកាសរបស់លោក ហ៊ុន សែន ទេ។ ពួកគេបាននិយាយថា សំខាន់បំផុតនោះ គឺព័ត៌មានពិស្ដារនៃទំហំដីប៉ុន្មានត្រូវយកមកវិញពីក្រុមហ៊ុនណាខ្លះ។
លោកស្រី ណាលី ពីឡូក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយតាមរយៈអុីម៉េលថា “បើគ្មានសេចក្ដីពិស្ដារ និងឯកសារបន្ថែមទេនោះ យើងមិនអាចបញ្ជាក់ភាពត្រឹមត្រូវនៃតួលេខនេះបានទេ។
លោកស្រីបាននិយាយថា ”ប្រសិនបើរដ្ឋាភិបាលបញ្ចូលដីមកពីសម្បទានកាប់ឈើដែលត្រូវបានផ្អាក១៥ឆ្នាំមកហើយនោះ តួលេខអាចមានចំនួនប្រហែល១លានហិកតា ប៉ុន្តែបើគ្មានព័ត៌មានពិស្ដារ និងឯកសារថែមទៀតទេនោះ មិនអាចវាយតម្លៃការអះអាងឬតួលេខនេះបានទេ”។
លោក ឡាត់ គី ប្រធានកម្មវិធីសិទ្ធិដីធ្លី និងធនធានធម្មជាតិរបស់អង្គការអាដហុក បានយល់ស្របថា នៅមិនទាន់មានព័ត៌មានអាចទទួលបានជាសាធារណៈគ្រប់គ្រាន់នៅឡើយអំពីដីធ្លីដកហូតមកវិញ ដើម្បីផ្ទៀងផ្ទាត់នោះទេ។
លោក ឡាត់ គី បាននិយាយថា “យើងមិនដឹងថាតើវាត្រឹមត្រូវឬមិនត្រឹមត្រូវ។ វានឹងងាយស្រួលផ្ទៀងផ្ទាត់តួលេខនេះ ប្រសិនបើតួលេខនេះចេញដោយមានព័ត៌មានពិស្ដារទាក់ទិននឹងក្រុមហ៊ុន និងខេត្តនីមួយៗ”។
លោកបាននិយាយថា លោកបានព្យាយាមស្វែងរកព័ត៌មានថែមទៀតតាមគេហទំព័ររដ្ឋាភិបាល ប៉ុន្តែមិនបានការសោះ។ លោកបានបន្ថែមថា អ្នកភូមិដែលរងផលប៉ះពាល់ដោយសម្បទានដីសេដ្ឋកិច្ច កាន់តែច្របូកច្របល់ថែមទៀត។
លោកបានបន្ថែមទៀតថា “សូម្បីតែយើងជាអង្គការមិនមែនរដ្ឋាភិបាល ក៏ប្រឈមនឹងការលំបាកក្នុងការស្វែងរកព័ត៌មានដែរ។ ចុះទម្រាំពលរដ្ឋធម្មតាដែលចង់បានព័ត៌មាននេះ ជាពិសេសអ្នកដែលបានរងគ្រោះដោយសារសម្បទានដីសេដ្ឋកិច្ចយ៉ាងម៉េចដែរ”។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ និងជាស្ថាបនិកនៃអង្គការវេទិកាអនាគត បាននិយាយថា លោកគិតថា វាកាន់តែមិនទំនងថា ដី១លានហិកតានឹងត្រូវបែងចែកទៅឲ្យអ្នកក្រីក្រដោយសារតែការលំបាកផ្នែកភ័ស្តុភារនៃគម្រោងបែបនេះ។
លោកបាននិយាយថា “ទេ ខ្ញុំគិតថា រឿងនេះពិបាកណាស់។ ខ្ញុំមិនដឹងថាពួកគេនឹងប្រគល់វាមកវិញបែបណាទេ។ តើពួកគេទទួលស្គាល់ថា ពួកគេពិតជាបានរឹបអូសយកវាពីគ្រួសារក្រីក្រ១លានហិកតានេះឬ?”។
លោកបានបន្ថែមថា រដ្ឋាភិបាលក៏គួរផ្ដោតលើការដាំដើមឈើឡើងវិញ ដែលមានដីមួយផ្នែកធំត្រូវបានកាប់នៅក្នុងព្រំប្រទល់នៃសម្បទានឯកជន។
លោកបាននិយាយថា ”តើអ្នកដឹងថា នរណាដែលនឹងត្រូវប្រគល់ឲ្យវិញ? គឺព្រៃឈើ។ ពួកគេគួរប្រាកដថា ដីនោះត្រូវដាំដើមឈើឡើងវិញ ហើយប្រសិនបើមានសហគមន៍ណាមួយដែលចង់បានវាមកវិញ នោះមុខជាសហគមន៍ជនជាតិដើមភាគតិចដែលទទួលប្រយោជន៍ពីព្រៃនោះ ប៉ុន្តែមិនមែនជាម្ចាស់ព្រៃទេ”។
លោក អា៊ង វុទ្ធី ប្រធានអង្គការសមធម៌កម្ពុជាបានស្វាគមន៍គំនិតនៃការផ្ដល់ដី១លានហិកតាឲ្យគ្រួសារក្រីក្រ ប៉ុន្តែបាននិយាយថា ការប្រគល់ដីទៅឲ្យម្ចាស់ដើមវិញគួរតែជាអាទិភាព។
លោកបាននិយាយថា “នេះជាដំណឹងល្អ ប៉ុន្តែយើងចង់ឃើញសកម្មភាពពិតកើតឡើង មិនមែនតែលើក្រដាសនោះទេ”។
ទាំងរូបលោក និងលោកស្រី ណាលី ពីឡូក បានលើកឡើងអំពីករណីមួយក្នុងខេត្តឧត្ដរមានជ័យ ពាក់ព័ន្ធនឹងក្រុមហ៊ុន មិត្រ ផល (Mitr Phol) ជាក្រុមហ៊ុនស្ករសដ៏ធំរបស់ថៃ ដែលរងការចោទប្រកាន់ថាបានបង្ខំប្រជាជនប្រហែល២.០០០គ្រួសារចេញពីដីស្រែចម្ការរបស់ពួកគេ បន្ទាប់ពីទទួលបានសម្បទានលើផ្ទៃដីសរុប២០.០០០ហិកតាក្នុងឆ្នាំ២០០៨។
នៅចុងឆ្នាំ២០១៤ ក្រុមហ៊ុននេះបានបោះបង់សម្បទាននោះចោល ដែលបានឈូសឆាយដីភាគច្រើន ប៉ុន្តែបានដាំអំពៅបន្តិចបន្តួច។ ទោះជាយ៉ាងនេះក្ដី ដីនោះមិនទាន់បានប្រគល់ទៅឲ្យអ្នកដែលត្រូវបានបណ្ដេញចេញនៅឡើយទេ។
លោក វុទ្ធី បាននិយាយថា “យើងទាំងអស់គ្នាសុទ្ធតែដឹងថា ដីនោះជារបស់ប្រជាជន មុនពេលការមកដល់របស់ក្រុមហ៊ុននេះនៅតំបន់នោះ។ ទីនោះធ្លាប់ជាវាលស្រែ និងជាភូមិមួយ ហើយយើងបានចងក្រងឯកសារនេះច្រើនឆ្នាំហើយ ដូច្នេះគួរតែជាអាទិភាព ហើយប្រគល់ឲ្យប្រជាជនវិញ”។
ថ្វីបើរហូតមកដល់ពេលនេះមិនមានលទ្ធផលអ្វីក៏ដោយ ក៏អ្នកស្រី ហ៊ួយ ម៉ៃ តំណាងគ្រួសារដែលត្រូវបណ្ដេញចេញពីដីធ្លីរបស់ខ្លួនដើម្បីបើកផ្លូវឲ្យក្រុមហ៊ុន មិត្រ ផល បាននិយាយថា អ្នកស្រីមានសុទិដ្ឋិនិយមអំពីការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី។
អ្នកស្រី ម៉ៃ បាននិយាយថា “អ្នកភូមិរបស់យើងគិតថា អាជ្ញាធរមូលដ្ឋានមានបំណងអាក្រក់ចង់ទុកដីនោះយកខ្លួនឯង ដូច្នេះហើយពួកគេធ្វើព្រងើយកន្តើយនឹងសំណើឲ្យប្រគល់ដីនោះមកយើងវិញ”។
អ្នកស្រីបាននិយាយថា “ទោះយ៉ាងនេះក្ដី ខ្ញុំជឿជាក់យ៉ាងខ្លាំងថា យើងនឹងបានដីរបស់យើងមកវិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីប្រកាសជាសាធារណៈបែបនេះ ព្រោះយើងពិតជាគ្រួសារក្រីក្រ និងគ្មានដីធ្លីមែន”។
លោក ស្រ៊ុន ដារិទ្ធ នាយកខុទ្ទកាល័យក្រសួងបរិស្ថានបានបដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទិននឹងការពិនិត្យសម្បទានដីសេដ្ឋកិច្ចនេះទេ ចំណែកឯអ្នកនាំពាក្យក្រសួងកសិកម្មវិញមិនអាចទាក់ទងបានឡើយ៕ និត
according to our investigation we saw all these land concession was the policy of HUN SEN to make money strengthen his party and his personal need over this poor nation. that right where ever you see those land concession it’s always destroy forest logging the hard wood to sell to Vietnam or China . all of HUN SEN leadership are involving to mad monies starting from HUN SEN himself , military, high government official, and HUN SEN right hand man. that right a lot of forest activist have been murder and could not fine who was the killer. this is how this nation traitor HUN SEN did to this nation. all these smoke screen came from HUN SEN who lit the fire and trying to burking for help just to mad Cambodian confusing . after all this cheap trick can not hiding from the people who have better brain then this uneducated man. although he have so many dirty trick we will continuous to look over every action that was not in humanist way through out international organization.