ដោយ យ៉ង ចាន់តារា
2016-03-13
RFA

៣-ធ្នូ-២០១៣៖ អង្គភាពប្រឆាំងអំពើពុករលួយ។ Photo: RFA
![]()
គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលទើបនឹងបង្កើតឡើង កំពុងរង់ចាំការសម្រេចពីអង្គភាពប្រឆាំងអំពើពុករលួយ ចំពោះសំណើសុំប្រកាសទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំគណបក្ស។ មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ យល់ឃើញថា ថ្នាក់ដឹកនាំគណបក្សថ្មីនេះ មានសិទ្ធិក្នុងការបង្ហាញទ្រព្យសម្បត្តិរបស់ខ្លួនជាសាធារណៈ បើទោះបីជាអង្គភាពប្រឆាំងអំពើពុករលួយ សហការ ឬមិនសហការក៏ដោយ។
ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ លោក ញ៉ែម វណ្ណថន បញ្ជាក់នៅថ្ងៃទី១៣ មីនា ថា គណបក្សរបស់លោកមិនទាន់បានទទួលការឆ្លើយតបណាមួយ ពីអង្គភាពប្រឆាំងអំពើពុករលួយនៅឡើយ ជុំវិញសំណើសុំបញ្ជូនសមាសភាពថ្នាក់ដឹកនាំគណបក្ស ដើម្បីធ្វើការប្រកាសទ្រព្យសម្បត្តិ។
លោក ញ៉ែម វណ្ណថន បញ្ជាក់ថា លោកមិនប្រាកដទេថា តើអង្គភាពប្រឆាំងអំពើពុករលួយ នឹងសហការជាមួយគណបក្សរបស់លោក ក្នុងការប្រកាសទ្រព្យសម្បត្តិ ដោយលោកថ្លែងថា អង្គភាពមួយនេះមានទំនាក់ទំនងជិតស្និទ្ធនឹងគណបក្សកាន់អំណាច៖ «បើគាត់បដិសេធមានន័យថា វាមិនស្របនឹងសេចក្តីផ្ដើមនៃច្បាប់ប្រឆាំងអំពើពុករលួយ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយផ្ដើមចេញពីខ្លួនឯង។ បើគាត់អនុញ្ញាតឲ្យធ្វើ គាត់អាចថានឹងធ្វើឲ្យបាត់បង់ប្រជាប្រិយភាពបន្តិច ត្រង់ថាគណបក្សរបស់គាត់មិនទាន់ចាប់ផ្ដើមធ្វើចេញពីបក្សនៅឡើយ»។
កាលពីថ្ងៃទី៩ មីនា កន្លងទៅ គណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់លិខិតទៅអង្គភាពប្រឆាំងអំពើពុករលួយ ស្នើសុំកិច្ចសហការពី លោក ឱម យ៉ិនទៀង ជួយពិនិត្យ និងរៀបចំការប្រកាសទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំគណបក្សមួយនេះ។
ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ លោក ញ៉ែម វណ្ណថន អះអាងថា ការស្នើសុំប្រកាសទ្រព្យសម្បត្តិនេះ គឺដើម្បីបញ្ជាក់នូវភាពស្អាតស្អំ តម្លាភាព និងសុចរិតភាពរបស់ថ្នាក់ដឹកនាំនៃគណបក្សរបស់លោក ចំពោះម្ចាស់ឆ្នោត។ លោក ញ៉ែម វណ្ណថន អះអាងបន្តថា វាក៏ជាការផ្ដួចផ្ដើមគំនិតថ្មីមួយសម្រាប់ជាគំរូដល់មេដឹកនាំគណបក្សនយោបាយផ្សេងទៀត ធ្វើការប្រកាសទ្រព្យសម្បត្តិរបស់ខ្លួន មុននឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៖ «គំនិតផ្ដួចផ្ដើមស្អាតស្អំក្នុងការប្រឆាំងអំពើពុករលួយ ផ្ដើមចេញពីខ្លួនឯង គឺនិយាយតែទ្រឹស្ដីទេ ប៉ុន្តែអត់ដែលឃើញមានអ្នកណាផ្ដើមធ្វើសកម្មភាពនេះសោះ។ អ៊ីចឹងយើងអាចធ្វើសេចក្តីសន្និដ្ឋានជឿថា គណបក្សដទៃផ្សេងទៀតអាចនឹងស្នើទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការធ្វើរបៀបនេះដែរ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានទេនៅថ្ងៃទី១៣ មីនា ដើម្បីឆ្លើយតបចំពោះសំណើសុំរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ។
ទាក់ទងរឿងនេះ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បញ្ចេញយោបល់ថា វាជាឆន្ទៈរបស់គណបក្សនយោបាយក្នុងការប្រកាសទ្រព្យសម្បត្តិរបស់ខ្លួន ដែលមិនមានចែងនៅក្នុងច្បាប់ប្រឆាំងអំពើពុករលួយ។ លោក សន ជ័យ បន្ថែមទៀតថា ពលរដ្ឋខ្មែរនឹងមិនសូវយកចិត្តទុកដាក់ចំពោះការប្រកាសទ្រព្យសម្បត្តិរបស់គណបក្សនយោបាយថ្មីនេះឡើយ នៅខណៈដែលអំពើពុករលួយទ្រង់ទ្រាយធំ ដូចជាការរំលោភអំណាចជាដើម កំពុងកើតមានខ្លាំងក្នុងសង្គមកម្ពុជា៖ «វាជាឆន្ទៈបុគ្គល ឬក៏ឆន្ទៈរបស់បក្ស គេអាចធ្វើទៅបាន។ បើអង្គភាពប្រឆាំងអំពើពុករលួយមិនទទួលសំណើបែបនេះ ក៏គណបក្សនៅតែអាចប្រកាសក្នុងគេហទំព័ររបស់ខ្លួនដដែល មហាជនណាដែលគេចាប់អារម្មណ៍ចង់មើល ថាតើសមាជិកសមាជិកាគណបក្សនេះមានទ្រព្យសម្បត្តិប៉ុន្មានដែរ»។
ច្បាប់ប្រឆាំងអំពើពុករលួយ ត្រង់មាត្រា១៧ ចែងពីសមាសភាពបុគ្គលិកដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅពេលពួកគេចូលកាន់តំណែង និងក្នុងពេលចេញពីមុខតំណែង។ បុគ្គលទាំងនោះរួមមាន សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល មន្ត្រីសាធារណៈដែលមានអាណត្តិជ្រើសតាំង សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងមន្ត្រីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីរាជការស៊ីវិល យោធា នគរបាលជាតិ និងអ្នករាជការសាធារណៈ ដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ មន្ត្រីដែលតែងតាំងដោយប្រកាស ហើយត្រូវបានកំណត់ឲ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមបញ្ជីដែលរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ ចៅក្រម អយ្យការ សារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ព្រមទាំងថ្នាក់ដឹកនាំនៃអង្គការសង្គមស៊ីវិល។
គណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមាន លោក ញ៉ែម វណ្ណថន ជាប្រធាន។ មុននឹងបង្កើតគណបក្សមហាសាមគ្គីជាតិខ្មែរ លោក ញ៉ែម វណ្ណថន ធ្លាប់ជាអតីតអគ្គលេខាធិការរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់ លោក ម៉ម សូណង់ដូ ប៉ុន្តែបានលាលែងពីតំណែងកាលពីចុងឆ្នាំ២០១៥ ក្រោយពីមានជម្លោះផ្ទៃក្នុងគណបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកបឹងកក់៧គ្រួសារប្ដឹងអភិបាលក្រុងភ្នំពេញទៅអង្គភាពប្រឆាំងអំពើពុករលួយ
- សង្គមស៊ីវិលមួយក្រុមជំរុញឲ្យមេដឹកនាំអង្គការសង្គមស៊ីវិលប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្ត
- សង្គមស៊ីវិលជំរុញការស៊ើបអង្កេតស៊ីជម្រៅករណីពុករលួយរបស់មន្ត្រីក្រសួងប្រៃសណីយ៍
- សមាជិកក្រុមប្រឹក្សាឃុំនៅស្រុកមេមត់ទាមទារប្រាក់លក់ដីរួមមកប្រើប្រាស់ក្នុងឃុំ
- ពលរដ្ឋខេត្តកំពង់ឆ្នាំងចោទសមត្ថកិច្ចថារើសអើងក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ
- មេឃុំខេត្តស្ទឹងត្រែងរងការចោទថាមិនបើកប្រាក់ខែឲ្យសមាជិកក្រុមប្រឹក្សាមកពីបក្សប្រឆាំង
- តុលាការសម្រេចផ្ដន្ទាទោសអតីតប្រធានតុលាការក្រុងភ្នំពេញដាក់ពន្ធនាគារ៣ឆ្នាំ
- គ្រូបង្រៀននៃអនុវិទ្យាល័យស្រែអង្គ្រងខេត្តរតនគិរីមិនបង្រៀនសិស្សទាមទារដកនាយក
- “ការដំឡើងប្រាក់ខែឱ្យមន្ត្រីតុលាការមិនអាចលុបបំបាត់អំពើពុករលួយ”
Bravo’ all cambodian people very happy to see all M-P or the leader of the party announce their property and their belong’