ដោយ សាន សែល
2016-03-13
RFA

អគារមន្ទីរពេទ្យបង្អែកខណ្ឌចំការមន នៅលើមហាវិថីព្រះនរោត្តម កែងផ្លូវ២៩៤ ត្រូវបានគេអះអាងថានឹងត្រូវក្លាយជាធនាគារឯកជន។ រូបថតថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ RFA/San Sel
![]()
ក្ដីស្រមៃរបស់ប្រជាជនក្រីក្រដែលថា មន្ទីរពេទ្យបង្អែកខណ្ឌចំការមន នឹងបើកទ្វារវិញក្រោយពីបិទជាងបីឆ្នាំមក ត្រូវរលាយសូន្យ។ អគារមន្ទីរពេទ្យបង្អែកខណ្ឌចំការមន ឬពេទ្យកាកបាទក្រហមនៅខាងត្បូងវិមានឯករាជ្យ កំពុងត្រូវគេជួសជុលរៀបចំទៅជាធនាគារឯកជននៅពេលឆាប់ៗខាងមុខ។
ប្រជាជនក្រីក្រដែលធ្លាប់ទៅទទួលសេវាព្យាបាលមិនបង់ប្រាក់នៅមន្ទីរពេទ្យរដ្ឋនេះ ត្អូញត្អែរថា ខ្វះសេវាសុខាភិបាលរដ្ឋដែលមិនបង់ប្រាក់ បន្ទាប់ពីមន្ទីរពេទ្យនេះបានបិទទ្វារ និងត្រូវគេយកទៅធ្វើជាធនាគារ។
លោកស្រី លុយ សារី ធ្លាប់ទៅសម្រាលបុត្រនៅមន្ទីរពេទ្យបង្អែកខណ្ឌចំការមន ដោយមិនចាំបាច់បង់ប្រាក់។ លោកស្រីសរសើរពីសេវាព្យាបាលរបស់មន្ទីរពេទ្យនេះ ដោយសារបុគ្គលិកប្រើសម្ដីសមរម្យ មិនគំរោះគំរើយ និងយកចិត្តទុកដាក់អ្នកជំងឺក្រីក្រដូចជាលោកស្រី បើទោះបីជាមិនតម្រូវឲ្យបង់ប្រាក់ក្តី។
កំពុងអង្គុយលាងសាច់មាន់សម្រាប់ដាំបបរលក់នៅពេលរសៀល លោកស្រី សារី ប្រាប់ថា សព្វថ្ងៃលោកស្រីមានជំងឺវង្វេងវង្វាន់ ហើយលោកស្រីតែងទៅបើកថ្នាំនៅមន្ទីរពេទ្យចំការមន ដើម្បីព្យាបាលជំងឺ។
ផ្ទះរបស់ លោកស្រី សារី ត្រូវចូលទៅតាមផ្លូវច្រកចូលវត្តប្រយូសវង្ស លើមហាវិថីព្រះនរោត្តម។ តំបន់រស់នៅរបស់លោកស្រីមានច្រកចេញចូលកាច់កុងចុះឡើង ដែលម៉ូតូពីរពិបាកនឹងជៀសគ្នារួច។ ផ្ទះរបស់ លោកស្រី លុយ សារី នៅមិនឆ្ងាយពីមន្ទីរពេទ្យបង្អែកខណ្ឌចំការមន ទេ។ លោកស្រីឲ្យដឹងថា ពេលឈឺថ្កាត់ពេលយប់ព្រលប់ លោកស្រីអាចទៅមន្ទីរនេះទៅឲ្យពេទ្យពិនិត្យព្យាបាល ដោយមិនចាំបាច់អស់លុយកាក់ច្រើន។ លោកស្រី សារី បានដឹងពីការបិទទ្វាររបស់មន្ទីរពេទ្យបង្អែកខណ្ឌចំការមន យូរមកហើយ ក៏ប៉ុន្តែលោកស្រីរំពឹងថា មន្ទីរពេទ្យរដ្ឋដែលស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មមួយនេះ នឹងបើកទ្វារជាថ្មី បន្ទាប់ពីជួសជុលហើយ។
ស្ថិតនៅលើមហាវិថីព្រះនរោត្តម កែងនឹងផ្លូវលេខ២៩៤ អគារមន្ទីរពេទ្យនេះត្រូវបានព័ន្ធរបងបន្ទះដែកពណ៌ខៀវ។ បុរសមួយក្រុមកំពុងរៀបចំដាក់ការ៉ូការ៉ូឡាលើទីធ្លាដីក្នុងបរិវេណមុខមន្ទីរពេទ្យ។
បុរសម្នាក់ដែលកំពុងច្រៀកក្ដារនៅជាន់ផ្ទាល់ដី បញ្ជាក់ថា រយៈពេលជាងមួយខែកន្លះទៀត អគារមន្ទីរពេទ្យនេះនឹងត្រូវជួសជុលរួចរាល់។ គាត់ថា គេនឹងបើកជាធនាគារដាក់លុយ។ នៅជាន់ទី១ បន្ទប់ដែលជាកន្លែងធ្លាប់ដាក់អ្នកជំងឺ កំពុងត្រូវរៀបចំដាក់ម៉ាស៊ីនត្រជាក់ លាបពណ៌ និងជួសជុលជាថ្មី។
បុរសម្នាក់ទៀតដែលប្រាប់ថាមកធ្វើជាជាងកំបោរនៅទីនេះរយៈពេលមួយខែមកហើយ រៀបរាប់ថា លោកមិនបានដឹងច្បាស់ពីឈ្មោះក្រុមហ៊ុនដែលនឹងបើកធនាគារនេះទេ។ លោកឮថា មន្ទីរពេទ្យនេះនឹងក្លាយជាធនាគារ។
អ្នកនាំពាក្យក្រសួងសុខាភិបាល ឆ្លើយថា មិនបានដឹងរឿងនេះទេ ហើយលោកផ្តល់យោបល់ឲ្យសាកសួរមន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏ប៉ុន្តែមន្ត្រីមន្ទីរសុខាភិបាល មិនលើកទូរស័ព្ទ។
វិទ្យុអាស៊ីសេរី បានទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ក៏ប៉ុន្តែលោកប្រាប់ថា លោកកំពុងជាប់រវល់មិនអាចឆ្លើយតបបានទេ។
កាលពីពេលកន្លងទៅ នៅពេលមន្ទីរពេទ្យបង្អែកខណ្ឌចំការមន បិទទ្វារ បុគ្គលិកមន្ទីរពេទ្យនេះសង្ស័យថា រដ្ឋាភិបាលបានលក់មន្ទីរពេទ្យទៅឲ្យឯកជន។ ក្រោយមក ក្រុមគ្រូពេទ្យបាននាំគ្នាធ្វើបាតុកម្មទាក់ទងនឹងរឿងនេះ។ ក៏ប៉ុន្តែបុគ្គលិកមន្ទីរពេទ្យនេះ ត្រូវបានគេផ្ទេរទៅដាក់នៅមន្ទីរពេទ្យបង្អែករាជធានី ហើយគ្រូពេទ្យខ្លះបានទៅបម្រើការនៅតាមគ្លីនិកឯកជន។
ចរន្តនៃការប្ដូរទីតាំងគ្រឹះស្ថានរដ្ឋ កំពុងកើនឡើង ខណៈតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញឡើងថ្លៃ។
សន្ទស្សន៍ស្ដីពីការអភិវឌ្ឍអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន ខ្នៃ ហ្វ្រែង (Knight Frank) បង្ហាញថា តម្លៃអចលនទ្រព្យនៅរាជធានីភ្នំពេញ កើនឡើងជាង ២៦ភាគរយក្នុងឆ្នាំ២០១៥ ដែលកើនខ្ពស់ជាងគេលំដាប់ទី២ បន្ទាប់តម្លៃអចលនទ្រព្យនៅទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន (Japan) ក្នុងទូទាំងតំបន់អាស៊ី–ប៉ាស៊ីហ្វិក។
កាលពីពេលថ្មីនេះ ទីតាំងក្រសួងបរិស្ថាន ចាស់ក្បែរវិមានឯករាជ្យ ត្រូវបានផ្ទេរទៅក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍ ហើយបានរំកិលការិយាល័យរបស់ខ្លួននៅលើសំណង់អគារមួយដែលត្រូវបានគេប្រសិទ្ធិនាមថា «អគារមរតកតេជោ» នៅជាប់ច្រាំងទន្លេក្បែរកាស៊ីណូណាហ្គា (Naga World)។
ដោយឡែកព័ត៌មានស្ដីពីការប្រែក្លាយពីមន្ទីរពេទ្យរដ្ឋ ទៅជាធនាគារឯកជននៅពេលនេះ ធ្វើឲ្យ លោកស្រី លុយ សារី និងអ្នកជិតខាងគាត់ផ្សេងទៀតអស់សង្ឃឹម។ សង្ឃឹមធ្លាប់គិតថា សហគមន៍ក្រីក្ររបស់គាត់ នឹងអាចទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខណ្ឌចំការមន វិញ។ តាំងពីពេលដែលមន្ទីរពេទ្យនេះបិទទ្វារតាំងពី ៣ឆ្នាំមុនមក លោកស្រីខកខានទទួលការព្យាបាល៖ «»។
ក្រៅពីមន្ទីរពេទ្យបង្អែកខណ្ឌចំការមន ក៏មានមន្ទីរពេទ្យផ្សេងទៀតដែរដែលផ្តល់សេវាព្យាបាលឥតគិតថ្លៃ ដូចជាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលត្រូវគេស្គាល់ថា ជាមន្ទីរពេទ្យជប៉ុន។
លោកស្រី សារី រៀបរាប់ថា គាត់ទៅមន្ទីរពេទ្យផ្សេងៗទៀតចេះតែបានហើយ ក៏ប៉ុន្តែបញ្ហាសំខាន់ គឺប្រាក់។ លោកស្រីថា គ្រួសារលោកស្រីដែលរស់នៅពឹងលើរបបលក់បបរសាច់មាន់បន្តិចបន្តួច គ្មានលទ្ធភាពមានប្រាក់ទៅបង់ថ្លៃសេវាព្យាបាលនៅមន្ទីរពេទ្យ ឬគ្លីនិកព្យាបាលឯកជនផ្សេងទៀតទេ៖ «»។
លោកស្រី សារី មានប័ណ្ណបញ្ជាក់ភាពក្រីក្រដែលលោកស្រីធ្លាប់ទទួលបានសេវាព្យាបាលដោយមិនគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខណ្ឌចំការមន។ លោកស្រីធ្លាប់ទៅមន្ទីរពេទ្យផ្សេងទៀតដែរ តែគេតម្រូវឲ្យលោកស្រីបង់ថ្លៃសេវា ហើយពេលទៅពេទ្យផ្សេងម្តងៗ ត្រូវចំណាយប្រាក់ជិះម៉ូតូឌុបដែលគាត់មិនមានប្រាក់បង់គ្រប់គ្រាន់៖ «»។
ថវិកាចំណាយលើវិស័យសុខាភិបាលបានកើនឡើងជាង ១ពាន់លានរៀលក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ពី ៨២៥ពាន់លានរៀលនៅឆ្នាំ២០១៤ ដល់ ៩៣២ពាន់លានរៀលនៅឆ្នាំ២០១៥។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ ខែមីនា ដាស់តឿនដល់គ្រូពេទ្យនៅកម្ពុជា ឲ្យបង្កើនការយកចិត្តទុកដាក់ព្យាបាលជូនប្រជាជនដោយមិនរើសអើងអ្នកមាន ឬអ្នកក្រ។
នៅឆ្នាំ២០១៦ ក្រសួងសុខាភិបាល រៀបចំគោលដៅយុទ្ធសាស្ត្របង្កើនល្បឿននៃការកាត់បន្ថយមរណភាពមាតា ទារក និងកុមារ និងកាត់បន្ថយប្រេវ៉ាឡង់កង្វះអាហារូបត្ថម្ភក្នុងចំណោមស្ត្រី និងកុមារ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថា ប្រសិនបើរដ្ឋាភិបាលផ្លាស់ប្ដូរទីតាំងមន្ទីរពេទ្យរដ្ឋ រដ្ឋាភិបាលគួរបង្កើតជាមជ្ឈមណ្ឌលមន្ទីរពេទ្យរដ្ឋសម្រាប់ទទួលព្យាបាលជំងឺជូនប្រជាជន ពិសេសអ្នកក្រីក្រ ប្រកបដោយគុណភាពខ្ពស់ជាងមុន ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាសុខាភិបាលពីរដ្ឋាភិបាលប្រកបដោយសមធម៌៖ «»។
លោកស្រី លុយ សារី ចង់ឃើញថា រដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ផ្តល់សេវាសុខភាពជូនប្រជាជនក្រីក្រពិតប្រាកដ៖ «»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហ៊ុន សែន ស្នើឲ្យគ្រូពេទ្យព្យាបាលជំងឺជូនប្រជាជនដោយមិនរើសអើង
- ក្រុមយុវជនជាង៥០០នាក់នៅប៉ោយប៉ែតដង្ហែផ្កាប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ផា
- កម្ពុជានឹងចាប់ផ្ដើមអនុវត្តការបោះពុម្ពសារព្រមានសុខភាពនៅលើកញ្ចប់បារីពីខែកក្កដា
- សង្គមស៊ីវិលជំរុញឲ្យពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់ទាក់ទងនឹងផលិតផលថ្នាំជក់
- ក្លឹបទេសចរណ៍សៀមរាបផ្ដល់ថវិកាជួយមន្ទីរពេទ្យកុមារអង្គរ
- កម្មកររោងចក្រប្រមាណ៤០នាក់ដួលសន្លប់
- កងទ័ពអាមេរិកផ្ដល់ជំនួយជាង៧៣ម៉ឺនដុល្លារសង់មជ្ឈមណ្ឌលផ្ដល់ឈាមនៅខេត្តសៀមរាប
- តំណាងរាស្ត្របក្សប្រឆាំងស្នើបង្ហាញមូលហេតុនៃការឆ្លងមេរោគអេដស៍នៅភូមិពាម
- លោក ហ៊ុន សែន ការពារពេទ្យខ្មែរថា មិនអន់ដូចការរិះគន់ពីសាធារណជន

នយោបាយ បំបាត់ មន្ទីពេទ្យ រដ្ឋ គឺ សម្លាប់ ប្រជាពលរដ្ឋ ក្រី ក្រ ដោយ ប្រយោល !