
លោក យ៉េង វីរៈ ក្នុងពេលផ្ដល់កិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍។ ហេង ជីវ័ន
Fri, 11 March 2016
សូ វិសាល
ភ្នំពេញប៉ុស្តិ៍
ការចាប់ឃុំខ្លួនក្នុងពន្ធនាគារព្រៃសអស់រយៈពេល ១១ ថ្ងៃកាលពីចុងឆ្នាំ ២០១៥ ត្រូវបានលោក យ៉េង វីរៈ ចាត់ទុកថាជាបទពិសោធល្អមួយនៅក្នុងជីវិតរបស់លោកដែលធ្វើឲ្យលោកកាន់តែរឹងមាំកាន់តែមានកម្លាំងចិត្តក្នុងការធ្វើការតស៊ូមតិដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស និងឲ្យមានយុត្តិធម៌នៅក្នុងសង្គម។
លោក យ៉េង វីរៈ ជាអតីតនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បច្ចុប្បន្នជាប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានទើបតែត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២ ខែសីហាឆ្នាំ ២០១៥។ តាមគម្រោងនៅក្នុងជំហានដំបូងគណបក្សនេះនឹងធ្វើការបណ្តុះបណ្តាលសមាជិករបស់ខ្លួននៅតាមឃុំ-សង្កាត់ឲ្យបានចំនួន ២០០ ឃុំ-សង្កាត់ដើម្បីចូលរួមប្រកួតនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅក្នុងឆ្នាំ ២០១៧។
នៅក្នុងបទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍នៅទីស្នាក់ការគណបក្សក្នុងខណ្ឌសែនសុខកាលពីថ្ងៃទី ២៩ ខែកុម្ភៈ លោក យ៉េង វីរៈ បានថ្លែងថា៖ «យើងមិនលោភលើបរិមាណទេយើងផ្តោតលើគុណភាព។ អ៊ីចឹងយើងបណ្តុះបណ្តាលសមាជិកយើងប្រហែលជា ២០០ ឃុំ-សង្កាត់ ទំនងជាសមាជិក ១០០០០ នាក់ដែលទទួលការបណ្តុះបណ្តាលហ្នឹងហើយយើងនឹងសម្រិតសម្រាំងឲ្យមានបេក្ខជនប្រហែលជា ១៥០០ នាក់ដើម្បីចូលរួមប្រកួតនៅក្នុងការបោះឆ្នោត ឃុំ សង្កាត់»។
នៅក្នុងជំហានដំបូងនេះគណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងផ្តោតសំខាន់តែទៅលើខេត្តចំនួន ៥ សិនប៉ុណ្ណោះគឺខេត្តកំពង់ស្ពឺកំពត តាកែវ ព្រៃវែង ស្វាយរៀង ឬក៏កំពង់ធំក៏ប៉ុន្តែក៏នឹងផ្តោតលើឃុំមួយចំនួននៅតាមបណ្តាខេត្តផ្សេងៗទៀតដែរ។
លោក វីរៈ បានមានប្រសាសន៍ថាការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏មានគោលគំនិតដូចគណបក្សប្រជាធិបតេយ្យដទៃទៀតដែរគឺឲ្យមានការគោរពសិទ្ធិមនុស្សឲ្យមានការយកច្បាប់ជាធំយកប្រជាពលរដ្ឋជាធំជាដើម។ ក៏ប៉ុន្តែគណបក្សប្រជាធិបតេយ្យមូលដ្ឋានគឺឈរលើគុណតម្លៃដែលគុណតម្លៃទី ១ គឺសាមគ្គីភាពទី ២ គឺយុត្តិធម៌ទី ៣ គឺអហិង្សា។ «ហើយចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានយើងហ្នឹងគឺយើងចង់ឲ្យប្រជាពលរដ្ឋខ្មែររស់នៅមានជីវិតថ្លៃថ្នូរហើយប្រទេសជាតិយើងហ្នឹងមានអធិបតេយ្យពេញលេញ។ ដើម្បីសម្រេចបាននូវបេសកកម្មនេះ និងគោលបំណងនេះគឺយើងត្រូវបណ្តុះអ្នកដឹកនាំល្អហើយនឹងកសាងមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅប្រទេសកម្ពុជាយើង»។ លើសពីនេះគណបក្សប្រជាធិបតេយ្យមូលដ្ឋានមានលក្ខណពិសេសជាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលមានអាសនៈក្នុងរដ្ឋសភា «គឺយើងធ្វើឲ្យមានប្រជាធិបតេយ្យផ្ទៃក្នុងបក្សយើងមានគោលការណ៍យកសមាជិកជាធំសមាជិកជាអ្នកធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួនសមាជិកជាអ្នកសម្រេចចិត្តទៅលើគោលនយោបាយទៅលើសេចក្តីសម្រេចសំខាន់ៗរបស់គណបក្ស។ យើងផ្តោតលើហៅថាប្រជាធិបតេយ្យបែបវិមជ្ឈការបានន័យថាយើងយកមូលដ្ឋានជាធំ»។ គណបក្សនឹងបណ្តុះបណ្តាលបង្កលក្ខណៈឲ្យសកម្មជននៅមូលដ្ឋានមានសមត្ថភាពលទ្ធភាព និងធនធានក្នុងការដោះស្រាយបញ្ហាមូលដ្ឋានរបស់ពួកគាត់។ «ឧទាហរណ៍ថាត្រូវទម្លាក់ថវិកាជាតិឲ្យបានច្រើនជាអតិបរមាទៅមូលដ្ឋានឲ្យឃុំ-សង្កាត់ហ្នឹងមានធនធាន ថវិកា សម្រាប់អភិវឌ្ឍមូលដ្ឋានគាត់មិនដូចសព្វថ្ងៃទេ»។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានគឺគ្រាន់តែដើរតួជាអ្នកសម្របសម្រួលជាអ្នកកសាងសមត្ថភាពបង្កលក្ខណៈងាយស្រូលដល់សមាជិក និងប្រជាពលរដ្ឋមិនមែនជាអ្នកមានសិទ្ធិអារកាត់ ឬធ្វើសេចក្តីសម្រេចបែបអត្តនោម័តគ្រប់រឿងដូចមេដឹកនាំគណបក្សដទៃនោះទេ។ លោក វីរៈ បន្តថា៖ «ហើយគោលការណ៍មួយទៀតនោះគឺភាពជាម្ចាស់គឺសមាជិកយើងហ្នឹងមានភាពជាម្ចាស់ទៅលើគណបក្សជាគណបក្សរបស់យើងទាំងអស់គ្នាហើយដោយសារតែគាត់តាំងខ្លួនជាម្ចាស់របស់គណបក្សអ៊ីចឹងទៅគាត់ចូលរួមទាំងកម្លាំងកាយចិត្ត និងធនធានផងដែរ»។

លោក យ៉េង វីរៈ (ឆ្វេង) នៅពេលជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ រូបថត RFA
លោក យ៉េង វីរៈ ដែលទុកពុកមាត់មើលទៅដូចជាជនបរទេសនោះបានធ្វើជានាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍អស់រយៈពេល ១៣ ឆ្នាំដែលមជ្ឈមណ្ឌលនេះបានដើរតួនាទីយ៉ាងសកម្មក្នុងការធ្វើការបណ្តុះបណ្តាលអប់រំប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាអំពីច្បាប់ អំពីសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលមានចែងនៅក្នុងច្បាប់។ លើសពីនេះមជ្ឈមណ្ឌលក៏បានផ្តល់សេវាពិគ្រោះផ្នែកច្បាប់ និងសេវាជំនួយផ្នែកច្បាប់ដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារការរំលោភបំពានផ្សេងៗជាពិសេសការរំលោភបំពានសិទ្ធិសិទ្ធដីធ្លី និងសិទ្ធិការងារដែលជាបញ្ហាក្តៅគគុកនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
បើទោះបីជាប្រជាពលរដ្ឋជាច្រើនដែលទទួលបានការបណ្តុះបណ្តាលពីច្បាប់អាចយកចំណេះដឹងទាំងនោះទៅការពារខ្លួនទប់ស្កាត់បាននូវការរំលោភបំពានផ្សេងៗជាច្រើនក៏ដោយ ក៏នៅពេលលោក យ៉េង វីរៈ ចាប់ផ្តើមធ្វើការពិនិត្យវិភាគជារួមទៅឃើញថា «អ្វីដែលខ្ញុំបានធ្វើត្បឹតថាមានប្រយោជន៍សម្រាប់សហគមន៍សម្រាប់ក្រុមគោលដៅរបស់យើងមែនប៉ុន្តែនៅមានកម្រឹត។ ខ្ញុំជួយបានតែមនុស្សមួយក្រុមសហគមន៍មួយចំនួនប៉ុន្តែអត់បានជួយដល់ពលរដ្ឋដែលរងគ្រោះដូចគ្នាដោយសារការរំលោភសិទ្ធិដែលត្រូវការយុត្តិធម៌ដែលមានទ្រង់ទ្រាយដល់រហូតទៅទូទាំងប្រទេសនោះទេ»។
ដោយសារតែហេតុដូច្នេះហើយ និងដោយសារតែគ្មានជំនឿទៅលើគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិទើបលោក វីរៈ និងសកម្មជនអង្គការសង្គមស៊ីវិលមួយចំនួនទៀតបានពិភាក្សាគ្នាហើយបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះឡើង។
លោក វីរៈ បាននិយាយមួយៗច្បាស់ៗដោយសម្តីស្រទន់សុភាពថាការមានតែអំណាចខាងសីលធម៌ខាងសេដ្ឋកិច្ចគឺមិនទាន់គ្រប់គ្រាន់ទេ «គឺយើងត្រូវមានអំណាចខាងអាជ្ញាខាងសមត្ថកិច្ចផងហើយមានតែសកម្មភាពរបស់គណបក្សនយោបាយទេដែលនាំឲ្យយើងអាចទៅកាន់អំណាចរដ្ឋអំណាចអាជ្ញាជាសមត្ថកិច្ចដែនដីដែលយើងអាចនឹងបំពេញតួនាទីមួយទៀតក្នុងនាមជាអាជ្ញាធរដើម្បីដោះស្រាយបញ្ហាទាំងឡាយទាំងពួងនៅក្នុងមូលដ្ឋាន»។ លោកបន្តថាក្រុមរបស់លោកបានបង្កើតគណបក្សនយោបាយនេះឡើងគឺដើម្បីធ្វើការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងក៏ដើម្បីធ្វើការដោះស្រាយបញ្ហាជាតិផងដែរ។
ការបង្កើតគណបក្សនយោបាយថ្មីនេះឡើងត្រូវបានលោក វីរៈ ពន្យល់ថាជាការ «បង្កើតនូវជម្រើសមួយថាយើងអាចរៀបគណបក្សបែបហ្នឹងឲ្យមានប្រជាធិបតេយ្យផ្ទៃក្នុងបក្សយកគោលការណ៍សមាជិកធិបតីអីជាដើមនេះហើយអ្នកដឹកនាំដើរតួជាអ្នកសម្របសម្រួលអ្នកកសាងសមត្ថភាពអ្នកបង្ករលក្ខណៈឲ្យសមាជិកអ៊ីចឹង។ អ៊ីចឹងហើយនេះជាគណបក្សមួយដែលខុសគេហីគំនិតហ្នឹងយើងជឿថាថ្ងៃក្រោយទៅប្រហែលជាគេអាចមើលអាចរៀនសូត្រអីពីយើងអ៊ីចឹងដែរប្រហែលជាគេអាចឈានទៅធ្វើកំណែទម្រង់ផ្ទៃក្នុងបក្សគេជាបណ្តើៗអ៊ីចឹងដែរតាមមើលទៅ»។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានផែនការជាក់លាក់រួចហើយថានឹងធ្វើការបណ្តុះបណ្តាលសមាជិកមកពី ២០០ ឃុំ-សង្កាត់ហើយធ្វើយ៉ាងណាត្រូវសម្រិតសម្រាំងឲ្យបាន ១០០ ឃុំ-សង្កាត់ ដើម្បីទៅចូលរួមប្រកួតនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅក្នុងឆ្នាំ ២០១៧ ហើយនៅក្នុងការប្រកួតប្រជែងទាំង ១០០ ឃុំនោះគណបក្សសង្ឃឹមថាយ៉ាងហោចណាស់នឹងឈ្នះបានជាមេឃុំ ២០ ឃុំ សង្កាត់។ បន្ទាប់មកគណបក្សត្រូវរៀបចំដឹកនាំភូមិ ឃុំ-សង្កាត់ដែលឈ្នះនោះឲ្យគេមើលឃើញថាជាភូមិឃុំ សង្កាត់គំរូ។ ចំណែកនៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០១៨ គណបក្សនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាមិនឲ្យគណបក្សណាមួយបានសំឡេងលើសពី ៥០ បូក ១ នោះឡើយ។ លោក យ៉េង វីរៈ បញ្ជាក់ថា៖ «យើងមិនលោភរហូតដល់ថាយើងឈ្នះដាច់បង្កើតរដ្ឋាភិបាលនោះទេប៉ុន្តែយើងជឿថាការប្រឹងប្រែងរបស់យើងនឹងទទួលបានជោគជ័យដោយអាចបំបែកមិនឲ្យគណបក្សប្រជាជនមិនឲ្យគណបក្សសង្គ្រោះជាតិអាចនឹងបាន ៥០ បូក ១ ទេ»។
ប្រសិនបើគណបក្សប្រជាធិបតេយ្យមូលដ្ឋានឈ្នះឆ្នោតគណបក្សនេះនឹងត្រូវបង្កើតរដ្ឋាភិបាលសាមគ្គីជាតិមួយដោយនឹងផ្តល់ឱកាសដល់គណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភាចូលរួមដឹកនាំរដ្ឋាភិបាលដោយបែងចែកឲ្យមានការទទួលខុសត្រូវច្បាស់លាស់។ «ឲ្យគាត់កាន់ក្រសួងកាន់ស្ថាប័នតាមជំនាញតាមសមត្ថភាពរបស់គាត់ដែលគាត់សាកសមកាន់ការងារនៅក្រសួង ឬស្ថាប័ននោះហើយឲ្យគាត់បញ្ចេញស្នាដៃ។ អ៊ីចឹងយើងយកគោលការណ៍បង្កើតរដ្ឋាភិបាលសាមគ្គីជាតិមួយ»។
លោក យ៉េង វីរៈ កើតនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៦១ នៅក្នុងគ្រួសារមានជីវភាពមធ្យមមួយក្នុងរាជធានីភ្នំពេញដែលមានបងប្អូន ៥ នាក់ហើយលោកជាកូនកណ្តាល។ ទាំងនៅក្នុងសម័យសង្គ្រាម និងរហូតមកដល់បច្ចុប្បន្នលោក វីរៈ បានបន្តរស់នៅក្នុងប្រទេកម្ពុជាក្នុងនោះក៏ទទួលរងការឈឺចាប់ក្នុងរបបខ្មែរក្រហមដូចប្រជាពលរដ្ឋខ្មែរដ៏ទៃទៀតដែរ។ ប៉ុន្តែនៅក្រោយពេលដែលរបបខ្មែរក្រហមត្រូវបានផ្តួលរំលំលោក វីរៈ បានចេញទៅរៀនខាងគរុកោសល្យបណ្តុះបណ្តាលបច្ចេកទេសគ្រឿងយន្តកសិកម្មនៅសហភាពសូវៀតអស់រយៈពេល ៥ ឆ្នាំគឺពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៦។ នៅពេលវិលត្រឡប់មកពីរៀននៅសហភាពសូវៀតវិញលោកមិនបានធ្វើការជាអ្នកបណ្តុះបណ្តាលខាងបច្ចេកទេសគ្រឿងយន្តកសិកម្មដែលលោកបានរៀននោះទេដោយលោកត្រូវគេឲ្យធ្វើការនៅការិយាល័យបច្ចេកទេសកសិកម្មគ្រឿងយន្តនៃក្រសួងកសិកម្ម។
បន្ទាប់ពីបានធ្វើការនៅក្នុងរដ្ឋាភិបាលបានរយៈពេល ៥ ឆ្នាំលោកក៏ចេញទៅធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលវិញគឺនៅក្នុងអំឡុងឆ្នាំ ១៩៩១ នៅពេលដែលភាគីខ្មែរបានចុះកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារិស។ ដោយសារតែមានចំណេះដឹងខាងភាសារអង់គ្លេសដោយសារតែលោកបានព្យាយាមលួចរៀនក្រៅម៉ោងក្នុងអំឡុងពេលដែលលោកបានធ្វើការងាររដ្ឋលោក វីរៈ មានភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើនៅក្នុងអង្គការក្រៅរដ្ឋាភិបាល។ លោកនិយាយថា៖ «ប្រវត្តិចូលអង្គការគឺចាប់ផ្តើមពីអ្នកបកប្រែភាសារអង់គ្លេសរហូតក្រោយម៉ោក៏ក្លាយទៅជាអ្នកកាន់កម្មវិធីរហូតបានធ្វើជានាយករងនាយកប្រតិបត្តិអីបន្តបន្ទាប់មក»
យ៉េង វីរៈ៖ ការប្រឡូកនយោបាយគឺយើងយកជោគវាសនារបស់យើងមកក្តាប់នៅក្នុងដៃ
លោក វីរៈ បានរៀបការនៅឆ្នាំ ១៩៨៧ ហើយបច្ចុប្បន្នលោកមានកូន ៤ នាក់ ប្រុស ៣ នាក់ប៉ុន្តែជាអកុសលកូនប្រុសច្បងរបស់លោកបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅពេលមានអាយុ ២២ ឆ្នាំខណៈកំពុងរៀនឆ្នាំទី ២ នៅមហាវិទ្យាល័យកសិកម្មចម្ការដូង។
លោក វីរៈ បានធ្វើការនៅក្នុងអង្គការសង្គមស៊ីវិលអស់រយៈពេល ២៥ ឆ្នាំក្នុងនោះលោកបានធ្វើជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍អស់រយៈពេល ១៣ ឆ្នាំ។ នៅក្នុងការបំពេញការងារនៅក្នុងអង្គការសង្គមស៊ីវិលអស់រយៈពេល ២៥ ឆ្នាំនេះអ្វីដែលបានធ្វើឲ្យលោកចងចាំមិនអាចបំភ្លេចបានគឺការចាប់ឃុំខ្លួនរូបលោកអស់រយៈពេល ១១ ថ្ងៃនៅពន្ធនាគារព្រៃសដោយអាជ្ញាធររបស់រដ្ឋាភិបាលកាលពីចុងឆ្នាំ ២០០៥ ដោយសារតែលោកបានចូលរួមរៀបចំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូដែលនៅក្នុងពិធីនោះបដាមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលកាលណោះមានលោក កឹម សុខា ជាប្រធានប្រជាពលរដ្ឋបានសរសេរសារបញ្ចេញមតិនៅលើបដាមួយផ្ទាំងប៉ះពាល់ដល់រដ្ឋាភិបាល។ នៅពេលនោះមិនមែនមានតែលោក យ៉េង វីរៈ តែម្នាក់នោះទេដែលត្រូវបានចាប់ឃុំក្នុងពន្ធនាគារលោក កឹម សុខា ដែលបច្ចុប្បន្នជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិក៏ត្រូវបានចាប់ឃុំផងដែរ។
លោក វីរៈ និយាយថា៖ «ខ្ញុំបានស្គាល់បន្ទប់ពន្ធនាគារបានស្គាល់ពន្ធនាគារព្រៃសបានឃើញពីសភាពពិតនៅក្នុងពន្ធនាគារជីវិតពិតនៅក្នុងពន្ធនាគារហើយខ្ញុំមិនបានគឹតថាវាជារឿងគួរឲ្យសោកស្តាយនោះទេប៉ុន្តែខ្ញុំគិតថាវាជាបទពិសោធនៅក្នុងជីវិតមួយដែលល្អដែលធ្វើឲ្យខ្ញុំកាន់តែរឹងមាំកាន់តែមានកម្លាំងចិត្តថាវាមានភាពចាំបាច់ដែលត្រូវធ្វើការឲ្យមានការគោរពសិទ្ធិមនុស្សឲ្យមានការយកច្បាប់ជាធំធ្វើឲ្យមានយុត្តិធម៌នៅក្នុងសង្គម»។
លោកបន្តថាការចាប់រូបលោកដាក់ពន្ធនាគារនេះវាឆ្លុះបញ្ចាំងឲ្យឃើញថាអ្នកដែលទទួលរងនូវអំពើអយុត្តិធម៌នៅក្នុងសង្គមវាមិនមែនកើតឡើងតែចំពោះប្រជាពលរដ្ឋនោះទេសូម្បីតែរូបលោកដែលជាមេដឹកនាំអង្គការសង្គមស៊ីវិលដែលខិតខំធ្វើការដើម្បីបម្រើសង្គមក៏ទទួលរងនូវអំពើអយុត្តិធម៌ផងដែរ។ ទោះយ៉ាងណា «វាជារឿងដែលផ្តល់កម្លាំងចិត្តខ្ញុំព្រោះអីព្រោះខ្ញុំបានយល់ពីខ្លួនខ្ញុំច្បាស់ថាខ្ញុំមិនមែនជាឧក្រិដ្ឋជនទេខ្ញុំមិនមែនជាអ្នកដែលទៅសម្លាប់គេខ្ញុំមិនមែនជាអ្នកដែលទៅប្រព្រិតអំពើឧក្រិដ្ឋអីទេអ៊ីចឹងខ្ញុំជឿទៅលើសេចក្តីល្អដែលមាននៅក្នុងព្រំដែននៃច្បាប់នៅក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់យើង»។
កាលពីនៅជាយុវជនរៀននៅវិទ្យាល័យលោក វីរៈ មិនដែលមានបំណងថាចង់ធ្វើជាអ្នកនយោបាយនោះទេប៉ុន្តែលោកមានបំណងចង់ធ្វើជាគ្រូបង្រៀនដោយសារតែលោកស្រឡាញ់គោរពគ្រូរបស់លោកពីព្រោះគ្រូបង្រៀនមានកម្មវិធីច្បាស់លាស់ក្នុងការបង្រៀនសិស្សដោយពុំមានការត្រួតត្រា ឬការរឹតត្បឹតពីថ្នាក់លើនោះឡើយ។ ប៉ុន្តែបើទោះបីជាមិនបានធ្វើជាគ្រូនៅតាមសាលា ឬនៅតាមមហាវិទ្យាល័យក៏ដោយក៏លោកបានធ្វើជាគ្រូបណ្តុះបណ្តាលខាងជំនាញអភិវឌ្ឍន៍សហគមន៍ខាងច្បាប់ផងដែរ។ «នៅពេលដែលខ្ញុំធ្វើការនៅក្នុងសង្គមស៊ីវិលខ្ញុំតែងតែគឹតថាខ្ញុំគឺជាមនុស្សសង្គមស៊ីវិលហើយខ្ញុំគឹតថាសង្គមស៊ីវិលអង្គការហ្នឹងជាកន្លែងមួយដែលខ្ញុំត្រូវធ្វើការរហូតទៅដល់ជីវិតចុងក្រោយរបស់ខ្ញុំពីព្រោះវាជាកន្លែងមួយដែលយើងអាចយកគំនិតចេះដឹងរបស់យើងយកគំនិតច្នៃប្រឌិតរបស់យើង និងភាពម្ចាស់ការរបស់យើងទៅអនុវត្តបានច្រើនយើងមានសេរីភាពក្នុងការធ្វើការងារបានច្រើន»។
ក៏ប៉ុន្តែនៅពេលក្រោយមកគឺនៅក្នុងអំឡុងឆ្នាំ ២០១៥ លោក វីរៈ បានផ្លាស់ប្តូរផ្នត់គំនិតនេះដោយលោកត្រូវឈានមួយជំហានទៀតទៅចូលប្រឡូកក្នុងកិច្ចការនយោបាយដោយសារតែគឹតឃើញថាការធ្វើការនៅក្នុងអង្គការសង្គមស៊ីវិលអាចជួយប្រជាពលរដ្ឋបានតិចខណៈដែលអ្នកត្រូវការឲ្យជួយមានចំនួនច្រើន។ លោកបន្តថាបញ្ហាសង្គមបញ្ហាប្រទេសជាតិជាច្រើនត្រូវការធ្វើការដោះស្រាយជាប្រព័ន្ធមិនអាចធ្វើការដោះស្រាយមួយករណីមួយករណីបានទេទើបលោកមកចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះឡើង។
ទោះយ៉ាងណាការបង្កើតគណបក្សនយោបាយក៏វាមិនមែនជារឿងថ្មីសម្រាប់លោក វីរៈ នោះដែរពីព្រោះក្នុងអំឡុងដែលលោកធ្វើការនៅក្នុងអង្គការសង្គមស៊ីវិលលោកក៏តែងតែធ្វើការបណ្តុះបណ្តាលអប់រំពលរដ្ឋឲ្យយល់ដឹងអំពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយផងដែរ។ បុរសដែលមានជីវិតបែបសាមញ្ញរូបនេះបញ្ជាក់ថា៖ «នៅក្នុងគណបក្សទៀតសោធការធ្វើនយោបាយគឺជាការដោះស្រាយបញ្ហាការប្រឡូកក្នុងនយោបាយមិនមែនជារឿងអាក្រក់នោះទេគឺជារឿងល្អជារឿងដែលយើងយកជោគវាសនារបស់យើងមកក្តាប់នៅក្នុងដៃយើងគឺយើងត្រូវយកគោលនយោបាយរបស់យើងទៅបង្ហាញប្រជាពលរដ្ឋយើងនាំប្រជាពលរដ្ឋទៅគោលដៅរបស់យើងគោលដៅរបស់យើងហ្នឹងយើងធ្វើម៉េចឲ្យពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរហើយឲ្យប្រទេសជាតិយើងហ្នឹងមានអធិបតេយ្យពេញលេញ»៕
Contact author: សូ វិសាល
អរគុណលោក វិរៈ ដែលបង្ហាញពីឆន្ទៈ ដល់គុកនៃការបញ្ចេញមតិ ឬទស្សនៈ ( ព្រៃស)។
សំនៀង