ដោយ សេក បណ្ឌិត
2016-04-13
RFA

រូបគំនូរស្វាគមន៍ឆ្នាំថ្មីក្នុងកម្មវិធីតាំងពិព័រណ៍បង្ហាញពីសិល្បៈវប្បធម៌ នាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។ RFA/Brach Chev
![]()
ឆ្នាំវក ឬឆ្នាំស្វា ស្ថិតក្នុងលំដាប់លេខរៀងទី៩ នៃឆ្នាំខ្មែរទាំង១២។ ស្វា ជាសត្វព្រៃ ប៉ុន្តែវាមានទំនាក់ទំនងជិតស្និទ្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាយូរឆ្នាំមកហើយ។ ពេលខ្លះ សត្វស្វា ក៏ត្រូវគេចាប់មកចិញ្ចឹម មើលថែ និងស្រឡាញ់ចូលចិត្តដូចសត្វស្រុកដទៃទៀតដែរ។
ព្រឹទ្ធាចារ្យ និងអ្នកសិក្សាស្រាវជ្រាវនានាមានជំនឿយ៉ាងណាខ្លះ ចំពោះឆ្នាំវក ឬឆ្នាំស្វានេះ?
សត្វអំបូរស្វា មានរូបរាង ឬអវយវៈស្រដៀងទៅនឹងមនុស្សលោកយើងនេះច្រើនជាងបណ្ដាសត្វដទៃទៀត។
មនុស្សណារពឹសពេក គេប្រដូចទៅនឹងសត្វស្វា ហើយមនុស្សណាមុខអាក្រក់ ឬមិនសង្ហារ ក៏គេបន្តុះបង្អាប់ថា មុខដូចស្វា ដែរ។
ចំណែកនៅក្នុងសង្គមសិល្បៈខ្មែរ ក៏មានសិល្បករ តែងតួជាសត្វស្វា សម្ដែងក្នុងរឿងល្ខោន របាំ រហូតមានជាចម្រៀងច្រៀងបង្អាប់គ្នាដោយប្រដូចទៅនឹងសត្វស្វា ផងដែរ។
ព្រឹទ្ធាចារ្យដែលមានបទពិសោធន៍ក្នុងសង្គមជាច្រើនជំនាន់ និងបានសិក្សាទៅលើចរិតមនុស្ស សត្វទាំង១២ នៃឆ្នាំខ្មែរ ពួកគាត់បានបង្ហាញសុទិដ្ឋិនិយមចំពោះឆ្នាំវក ឬឆ្នាំស្វា ដែលត្រូវចំឆ្នាំ២០១៦ នេះ។
ហោរាចិន និងព្រឹទ្ធាចារ្យខ្មែរមួយចំនួន បានសិក្សាស្រាវជ្រាវតាមក្បួនជំនឿឃើញថា ឆ្នាំវក ឆ្នាំ២០១៦ នេះ គឺជាស្វាភ្លើង ដែលស្ថិតក្នុងលក្ខណៈពិសេសមួយ គឺក្នុងរង្វង់ ៦០ឆ្នាំទើបជួបម្តង។
លោកគ្រូអាចារ្យ ធម្មនីតិ កែ សំអឿន មានប្រសាសន៍ថា ថ្វីត្បិតឆ្នាំនេះ ស្វាភ្លើងពិតមែន ប៉ុន្តែវាបាននាំមកនូវជោគលាភល្អៗ ហើយបើទោះបីជាមានជួបរឿងរ៉ាវអាក្រក់ខ្លះៗ ក៏មិនបង្កឲ្យមានការខាតបង់អ្វីមួយធំដុំនោះឡើយ។ លោកកត់សម្គាល់តាមបុរាណកាលមកឃើញថា ឆ្នាំវក ឬឆ្នាំស្វា ជាឆ្នាំមួយច្រើនតែនាំមកនូវមហិទ្ធិឫទ្ធិខ្លាំង ព្រោះសត្វស្វាជាសត្វមួយក្លាហាន ហ៊ានហក់លោតពីដើមឈើមួយទៅដើមឈើមួយ ទោះនៅទីទាប ឬខ្ពស់យ៉ាងណាក្តី៖ «ស្វាឆ្នាំនេះគ្រាន់តែចូលមកឲ្យដឹងថា ស្វាភ្លើងតែម្តង អាកាសធាតុក្តៅមែនទែន ហើយកូនចៅគួរប្រុងប្រយ័ត្នទៅបញ្ហាភ្លើងផ្សែងដែលវាងាយនឹងឆាបឆេះ ងាយហ្នឹងរងគ្រោះដោយសារភ្លើងផ្សែងនេះ ព្រោះថាស្វាភ្លើងនេះ ៦០ឆ្នាំបានដល់ម្តង។ ភ្លើងមែន ប៉ុន្តែអ្វីៗវាស្ថិតនៅលើការប្រុងប្រយ័ត្ន ហើយបើជារឿងល្អវិញ ស្វាអាចក្លាយជាហនុមានជាសេនារបស់អ្នកមានមហិទ្ធិឫទ្ធិ»។
លោកគ្រូអាចារ្យរូបនេះបន្តថា បើសង្កេតទៅលើបុគ្គលិកលក្ខណៈតាមធម្មជាតិខាងក្រៅវិញ ស្វា វាមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សជាងបណ្ដាសត្វព្រៃណាៗទាំងអស់៖ «ស្វានេះខិតជិតមនុស្សមែនទែនហើយ ស្វានេះមាននិស្ស័យជាមួយព្រះពុទ្ធ ពេលព្រះភិក្ខុសង្ឃឈ្លោះទាស់ទែងគ្នាប្រដៅមិនស្តាប់ ព្រះអង្គទៅគង់នៅព្រៃប៉ាឡេលៃ ពេលនោះមានសត្វស្វា និងសត្វដំរី ជាសត្វដែលចូលទៅប្រតិបត្តិបម្រើព្រះអង្គមុនគេ»។
ស្វាព្រៃមួយចំនួនដែលគេបានយកចូលមកក្នុងសង្គមមនុស្ស ត្រូវបានគេស្លៀកពាក់ឲ្យដូចមនុស្សដែរ និងបានបង្ហាត់ឲ្យចេះមុខរបរមួយចំនួន ដូចជារកចៃ លេងសៀក និងវាយបុក ជាដើម។
ក្រុមអ្នកជំនាញរបស់អង្គការអភិរក្សអន្តរជាតិ បានសិក្សាឃើញថា កម្ពុជា មានពូជស្វាចំនួន ១១ប្រភេទ។ សត្វស្វាទាំងនេះ រស់នៅរប៉ាត់រប៉ាយពាសពេញប្រទេសកម្ពុជា ប៉ុន្តែពួកវាកំពុងតែប្រឈមមុខទៅនឹងការគំរាមកំហែង ដោយសារតែបញ្ហាខ្វះខាតទីជម្រក និងអាជីវកម្មបរបាញ់សត្វល្មើសច្បាប់។ របាយការណ៍របស់អង្គការអភិរក្សសត្វព្រៃ រកឃើញថា សត្វស្វាភាគច្រើនមាននៅតំបន់ព្រៃអភិរក្ស ក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា និងតំបន់ជុំវិញបឹងទន្លេសាប។
ទាក់ទងនឹងឆ្នាំថ្មីឆ្នាំវក នេះដែរ លោកបណ្ឌិត អាំង ជូលាន ដែលបានសិក្សាពីជំនឿខ្មែរ មានប្រសាសន៍ថា ឆ្នាំនេះលោកពុំឃើញមានកំណត់ត្រាណាមួយនៅលើសិលាចារឹក ដែលនិយាយពីជំនឿទៅឆ្នាំនេះឲ្យជាក់លាក់នោះទេ។ លោកថា ជំនឿនេះមានតែអ្នកសិក្សាពីវិជ្ជាហោរាសាស្ត្រ បានចងក្រងតែរៀងៗខ្លួនទៅតាមអ្នកដែលមានជំនឿ ហើយមួយផ្នែកទៀត ក៏ជឿទៅតាមការកត់ចំណាំពីសកម្មភាពការងារប្រចាំថ្ងៃ និងចរិតរបស់មនុស្ស សត្វ ហើយក៏និយាយប្រាប់តៗគ្នាទៅ ពេលខ្លះក៏ត្រូវ ពេលខ្លះក៏ខុសដែរ៖ «សូម្បីតែនៅក្នុងគ្រួសារខ្ញុំក៏មាននិយាយពីរឿងនេះដែរ ខ្ញុំមានប្អូនប្រុសមួយឆ្នាំស្វា កាលពីក្មេងវារពឹសរបៀបជាក្មេង មិនជាខូចស្អីទេ ប៉ុន្តែចាស់ៗច្រើននិយាយថា យីអានេះឆ្នាំវក អ៊ីចឹងមែន! សូម្បីខ្លួនខ្ញុំក៏តែងនិយាយលេងជាមួយគេឯងដែរថា ខ្ញុំកើតឆ្នាំឆ្លូវ អ៊ីចឹងបានជានឿយ មិនបានទំនេរអីគេ របៀបដូចសត្វគោអ៊ីចឹង ប៉ុន្តែអាហ្នឹងបានតែនិយាយលេង ដល់ទៅថាឲ្យប្រាកដថាឆ្នាំឆ្លូវ នោះជាមនុស្សយ៉ាងម៉េចៗ ដូចមិនដែលឮទេ»។
ចំណែកលោកបណ្ឌិត សួន ឱសថ ជំនួយការសិក្សាស្រាវជ្រាវនៃពុទ្ធសាសនបណ្ឌិត្យ និងជាសមាជិកនៃក្រុមប្រឹក្សាភាសាជាតិ មានប្រសាសន៍ថា អ្នកយល់ទៅលើឆ្នាំវក ភាគច្រើនគឺផ្អែកទៅអត្តចរិតរបស់សត្វស្វា នៅលើភពផែនដី ក៏ប៉ុន្តែក្រុមជំនុំតារាសាស្ត្រពីបុរាណ គឺគេកំណត់ទៅតាមពន្លឺផ្កាយនៅលើមេឃនៃជម្ពូទ្វីប ដែលបង្ហាញខ្លួនដូចសត្វទាំង១២ ក្នុងនោះមានសត្វស្វាជាដើម៖ «ដូចថាយកសត្វស្វា មកតាងអ៊ីចឹងទៅធ្វើរបៀបក្រមិចក្រមើមឲ្យដូចសត្វស្វា នៅលើផែនដីនោះដូចមិនត្រូវទេ ប៉ុន្តែបើយើងនិយាយពីតារាវិទ្យាដែលជាផ្កាយនៅលើមេឃឯជម្ពូទ្វីបដែលមានរូបរាងដូចសត្វស្វា មានពន្លឺភ្លឺស្វាងដូចពពួកសត្វនោះ ឬដូចហនុមាននោះដូចជាត្រូវជាង»។
ទាក់ទងនឹងការព្យាករលើផលដំណាំវិញ លោកបណ្ឌិត សួន ឱសថ បានឲ្យដឹងដែរថា ពីបុរាណមក ចាស់ៗក៏មានការកត់សម្គាល់តៗគ្នាមកខ្លះដែរ ដូចជាថាឆ្នាំស្វា ការដាំដំណាំពោត និងសណ្ដែក ច្រើនទទួលផលល្អ ចំណែកស្រូវអង្ករវិញ មិនសូវជាបានផលល្អប៉ុន្មានទេ៖ «តាមដែលចំណាំ គេសម្គាល់ថា សត្វនោះស៊ីអី? ចូលចិត្តអី? ដូចជាពោត សណ្ដែក ដែលជាអនុផលទេ អាហ្នឹងផលនោះក៏វាបានច្រើនទៅតាមសត្វនោះ ដែលវាចូលចិត្តបរិភោគ។ អាហ្នឹងគេមានជំនឿអ៊ីចឹងទៅវិញ»។
ដោយឡែកទំនាយប្រចាំឆ្នាំក្នុងសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំវក ឆ្នាំ២០១៦ ដែលរៀបរៀងដោយនាយកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ខ្មែរ លោក អ៊ឹម បុរិន្ទ ឲ្យដឹងដែរថា អាកាសធាតុឆ្នាំនេះមិនក្តៅ មិនត្រជាក់ ប៉ុន្តែអាចមានខ្យល់ព្យុះខ្លាំងៗ និងអាចកើតហេតុអាក្រក់អំពីដី។ ផលដំណាំឆ្នាំនេះ ទាយថា ស្រូវ ស្រែ ចម្ការ អាចបានផលពាក់កណ្ដាល ខូចពាក់កណ្ដាល ប្រជានុរាស្ត្រអាចមានសេចក្តីសុខ និងទុក្ខស្មើគ្នា។
ក្បួនតម្រាហោរាខ្មែរមួយចំនួន បានកត់សម្គាល់ដែរថា អ្នកកើតឆ្នាំវក ជាមនុស្សដែលមានទំនាក់ទំនងក្នុងសង្គម ជាពិសេសជាមួយមិត្តភ័ក្ដិ។
រាល់ទង្វើប្រកបដោយសុជីវធម៌ និងចូលចិត្តប្រកាន់យកភាពហ៊ឺហា ព្រមទាំងភាពឡូយឆាយបំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- រណ្ដាប់ទទួលទេវតាឆ្នាំថ្មី
- អាជ្ញាធរខ្មែរ-ថៃត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនៅតាមព្រំដែនដើម្បីរឹតចំណងមិត្តភាព
- អាជ្ញាធរខេត្តព្រះសីហនុសម្អាតឆ្នេរសមុទ្ររង់ចាំទទួលទេសចរពេលបុណ្យចូលឆ្នាំ
- អត្ថន័យបទចម្រៀងភិសវង់នៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
- សមាគមចុងភៅត្រៀមអង្ករនិងម្សៅដំណើប២តោនធ្វើនំផ្លែអាយនិងបាយទ្រាបនៅអង្គរសង្ក្រាន្ត
- អ្នកជំនាញទស្សន៍ទាយថាជោគជតារាសីអ្នកកើតឆ្នាំវកនឹងជួបប្រទះបញ្ហាមួយចំនួន
- ជំនឿលើរបាំម៉ុងសាយក្នុងឱកាសបុណ្យចូលឆ្នាំចិន
- ស្ថានភាពអ្នកទេសចរមកកម្សាន្តខេត្តរតនគិរីនៅថ្ងៃបុណ្យចូលឆ្នាំចិន
- ពលរដ្ឋខ្មែរនិងជនជាតិដើមភាគតិចនៅក្រុងស្ទឹងត្រែងប្រារព្ធពិធីសែនចូលឆ្នាំចិន
Hope that the year of Monkey will bring a dictatorial leader(s) to hell. Down the dictatorial leader!!!
ចូលឆ្នាំថ្មី ប្រជាពលរដ្ឋ នាំគ្នា អបអរសាទរ ទទួល ទេវតា ឆ្នាំ ថ្មី ទូទាំងប្រទេស អោយបានសុខ !
បែរជា តាចាស់ ហ៊ុន សែន សាងអំពើអាក្រក់ រករឿង ចោទមួលបង្កាច់ គេ ទៅវិញ !
_ តើ គេធ្វើ បទឧក្រឹដ្ឋ បំផ្លាញ សម្លាប់មនុស្សអស់ប៉ុន្មាន នាក់ ?
_ តើ គេរើសអើង វ៉ៃ បំផ្លាញ អ្នកណា ខ្លះ ?
ចូលឆ្នាំ ថ្មី កុំ មួលបង្កាច់គេ ព្រះលោក មិនជួយទេ ទេវតា ក៏ មិនជួយ មេឃដី ក៏ មិនជួយដែរ !
កុំ ថ្វាយបង្គំព្រះ ថ្វាយបង្គំលោក នៅពីមុខ នៅពីក្រោយ លួចសាង អំពើអាក្រក់ !