ដោយ ថា កិត្យា
2016-05-15
RFA

សាច់ញាតិ និងកូនស្រីទាំងពីររបស់តារាសម្ដែង ហួត សារ៉ាវឌី កាន់កោដ្ឋ និងរូបថតរបស់ម្ដាយ ក្នុងពេលធ្វើបុណ្យសពនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦។ Photo provided
![]()
ក្រសួងមហាផ្ទៃ អះអាងថា តារាភាពយន្តអ្នកស្រី ហួត សារ៉ាវឌី ពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មិនជាប់ពាក់ព័ន្ធនឹងករណីប្លន់រំលោភសម្លាប់ឡើយ។ រីឯកូនស្រីជនរងគ្រោះ ថាលទ្ធផលស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ នេះ គឺមិនអាចទទួលយកបានឡើយ ហើយនាងនៅតែបន្តស្វែងរកយុត្តិធម៌ជូនម្ដាយ ទោះបីក្តីសង្ឃឹមនៅជើងមេឃក៏ដោយ។
ករណីស្លាប់អតីតតារាសម្ដែងជើងចាស់ អ្នកស្រី ហួត សារ៉ាវឌី តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងស្រុងកំពង់ត្របែក ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី១៤ ខែមេសា នៅតែស្ថិតក្នុងភាពចម្រូងចម្រាស ខណៈក្រសួងមហាផ្ទៃ រកឃើញថា ជាគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែកូនស្រីសពនៅតែអះអាងថា ជាករណីប្លន់រំលោភសម្លាប់ដដែល។
ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ លោក សុខ ខេមរិន មានប្រសាសន៍ថា ក្រោយពីនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រធ្វើកោសល្យវិច័យពិនិត្យមើលលើឯកសារ និងសំណាកស្លាកស្នាមផ្សេងៗដែលទទួលបានពីកន្លែងកើតហេតុនោះ គឺលទ្ធផលបង្ហាញថា ករណីស្លាប់អ្នកស្រី ហួត សារ៉ាវឌី គ្មានហេតុផលណាផ្សេងក្រៅពីគ្រោះថ្នាក់ចរាចរណ៍ឡើយ៖ «រឿងចរាចរណ៍ ព្រោះឯកសារពិនិត្យចេញមក គឺរឿងចរាចរណ៍។ វាមានហេតុផលច្រើនណាស់ដែលភស្តុតាងធ្វើទៅជាចរាចរណ៍»។
អ្នកស្រី ហួត សារ៉ាវឌី និងស្វាមីក្រោយស្លាប់នៅក្បែរដងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក កាលពីយប់ថ្ងៃទី១៤ ខែមេសា ខណៈដែលពួកគាត់ជិះម៉ូតូទៅលេងស្រុកកំណើតស្ថិតនៅឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មកទល់ពេលនេះមានរយៈពេល ២ខែហើយ។ ករណីស្លាប់នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបើកការស៊ើបអង្កេតឡើង ក្រោយពីគ្រួសារជនរងគ្រោះមិនទទួលយកការសន្និដ្ឋានរបស់អាជ្ញាធរមូលដ្ឋាន ដែលថាជាគ្រោះថ្នាក់ចរាចរណ៍។
កូនច្បងរបស់អ្នកស្រី ហួត សារ៉ាវឌី គឺកញ្ញា ជុង សារ៉ាច័ន្ទ សម្ដែងការខកចិត្តចំពោះក្រសួងមហាផ្ទៃ ជាថ្មីម្ដងទៀត ដែលមិនផ្ដល់យុត្តិធម៌ដល់គ្រួសារពួកគាត់។ កញ្ញាបន្តថា លទ្ធផលស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ នេះ គឺមិនអាចទទួលយកបានឡើយ៖ «ស្ថាប័នពាក់ព័ន្ធឲ្យគាត់ជួយស្រាវជ្រាវរឿងហ្នឹងទៀត មិនអាចជាករណីគ្រោះថ្នាក់ចរាចរណ៍ណាអត់មានខោ ហើយកុំចេះតែនិយាយដើម្បីបំបិទព័ត៌មានអ៊ីចឹង អត់កើតទេ។ អ្នកដែលគាត់គិតថាជាករណីគ្រោះថ្នាក់ចរាចរណ៍ ប្រហែលជាគាត់ចង់បិទព័ត៌មាននេះ ខ្ជិលស៊ើបអង្កេតឲ្យយើង ព្រោះយើងគ្មានអីសូក និងគ្មានអីរុញសាច់រឿងនេះឲ្យទៅលើ»។
ជុំវិញករណីនេះ អ្នកសម្របសម្រួលនៃអង្គការអាដហុក (ADHOC) ប្រចាំខេត្តព្រៃវែង អ្នកស្រី អ៊ាង គឹមលី សម្ដែងការសោកស្ដាយដោយសារភស្តុតាងជាច្រើនត្រូវបានបាត់បង់ ហើយកាលណោះ អាជ្ញាធរហាក់ពុំបានពិនិត្យលើស្លាកស្នាមសាកសពជនរងគ្រោះឲ្យបានច្បាស់លាស់មុននឹងបូជា។ អ្នកស្រី អ៊ាង គឹមលី ព្រួយបារម្ភថា ប្រសិនបើករណីនេះ គឺជាករណីប្លន់រំលោភសម្លាប់មែននោះ វានឹងធ្វើឲ្យគ្រួសារជនរងគ្រោះទទួលបាននូវភាពអយុត្តិធម៌ ជាពិសេសជនល្មើសនៅតែរួចខ្លួន ហើយអាចប្រព្រឹត្តបទល្មើសម្តងហើយម្តងទៀត។ ជាឧទាហរណ៍ ករណីជនល្មើសម្នាក់ឈ្មោះ ជុំ វីរៈ ដែលបានវាយសម្លាប់ប្អូនស្រីជីដូនមួយជាសិស្សវិទ្យាល័យពងទឹក កាលពីថ្ងៃទី១០ ឧសភា នៅក្នុងសំណង់ផ្ទះល្វែងមួយស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ នោះ ក៏បានសារភាពរឿងឃាតកម្មថ្មីមួយទៀតថា រូបគេក៏ធ្លាប់បានច្រានបុរសម្នាក់ទៀតដែលជាមិត្តភ័ក្ដិ ទម្លាក់ចូលក្នុងរណ្ដៅដីដ៏ជ្រៅមួយកន្លែងស្ថិតក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១៦ មេសា កន្លងទៅនេះ ក្នុងរឿងទំនាស់ផឹកស៊ី។
កាសែតក្នុងស្រុកផ្សាយថា សំណុំរឿងរុញទម្លាក់រណ្ដៅបាក់កស្លាប់នេះ កន្លងមក អាជ្ញាធររកមិនឃើញជនល្មើសទេ ដោយអ្នកខ្លះសង្ស័យថាគ្រោះថ្នាក់ចរាចរណ៍ស្រវឹងស្រាជិះម៉ូតូធ្លាក់រណ្ដៅដី និងខ្លះទៀតក៏សង្ស័យថា ករណីអំពើឃាតកម្មដែរ។
អ្នកស្រី អ៊ាង គឹមលី លើកឡើងថា រឿងនេះប្រសិនបើកាលណោះអាជ្ញាធរចាត់វិធានការតឹងរ៉ឹងស្វែងរកជនល្មើសនោះ ប្រហែលជាជនល្មើសគ្មានឱកាសសម្លាប់ប្អូនស្រីជីដូនមួយទៀតនោះទេ។
ការបណ្តោយឲ្យអ្នកប្រព្រឹត្តិបទល្មើសរួចខ្លួនពីការចោទប្រកាន់តាមផ្លូវតុលាការ និងបញ្ហាអំពើពុករលួយ គឺជាការបង្កើតអំពើអយុត្តិធម៌ក្នុងអំពើអយុត្តិធម៌មួយទៀត ដែលនឹងបង្កើតឲ្យសង្គមមួយមានអំពើអយុត្តិធម៌ទ្វេដង ហើយអំពើអនាធិបតេយ្យ អំពើហិង្សា រំលោភសម្លាប់ និងចោរកម្ម នឹងកើនឡើងបន្ថែមទៀត ជាពិសេសនឹងធ្វើឲ្យបរាជ័យលើការអនុវត្តគោលនយោបាយភូមិ–ឃុំមានសុវត្ថិភាព ដែលជាគោលនយោបាយមួយការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ចំពោះករណីស្លាប់អតីតតារាចម្រៀង អ្នកស្រី ហួត សារ៉ាវឌី វិញ កូនស្រីរបស់សព គឺកញ្ញា ជុង សារ៉ាច័ន្ទ អះអាងថា នាងមិនទាន់ទទួលបានរបាយការណ៍ស៊ើបអង្កេតពីក្រសួងមហាផ្ទៃ នៅឡើយ តែនាងប្ដេជ្ញាថា កញ្ញានឹងពិភាក្សាជាមួយក្រុមគ្រួសារបន្តទៀត ដើម្បីស្វែងរកការពិតនៅក្រោយខ្នងនៃការស្លាប់របស់ម្ដាយនាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រសួងមហាផ្ទៃបន្តស្វែងរកការពិតនៃការស្លាប់របស់តារាភាពយន្ត ហួត សារ៉ាវឌី
- គ្រួសារស្នើឲ្យអាជ្ញាធរបន្តស៊ើបអង្កេតករណីស្លាប់តារាភាពយន្ត ហួត សារ៉ាវឌី
- ពលរដ្ឋរងរបួសដោយជនមិនស្គាល់មុខបាញ់ប្រហារស្នើឱ្យអាជ្ញាធរស្វែងរកជនដៃដល់
- សមត្ថកិច្ចចាប់ជនជាតិចិននៅក្រុងប៉ោយប៉ែតពាក់ព័ន្ធនឹងការជំរិតទារប្រាក់តាមអ៊ីនធឺណិត
- ប៉ូលិស៖ សាកសពដែលត្រូវគេកប់ដីនៅជាយដែនខេត្តប៉ៃលិនជាថៅកែកាស៊ីណូជនជាតិថៃ
- តុលាការសម្រេចផ្ដន្ទាទោសបុរសគំរាមសម្លាប់លោកសុខ ទូច ឲ្យជាប់ឃុំ៦ខែ
- សមត្ថកិច្ចខេត្តប៉ៃលិននិងថៃកំពុងស្រាវជ្រាវករណីឃាតកម្មលើបុរសម្នាក់សង្ស័យថាជាជនជាតិថៃ
- តុលាការខេត្តសៀមរាបសាកសួរបុរស២នាក់ជុំវិញករណីឃាតកម្មលើស្ត្រីម្នាក់ដោយកាត់ក្បាល
- សមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនបុរសម្នាក់សង្ស័យពីបទសម្លាប់ស្ត្រីម្នាក់ដោយកាត់ក្បាល
- ជនជាប់ចោទក្នុងសំណុំរឿងវាយសម្លាប់អ្នកកាសែតនៅកំពង់ឆ្នាំងត្រូវបានដោះលែង
This case ‘ must be rob&murder’ of course ” .In democracy country like NZ or OZ or EUROPE the murderers can’t get away’ they will be catch ‘but in srok khmre no hope for ordinary people ‘but this case if it happen to cpp families they will catch anyone to show the country’.No justice for ordinary cambodian people ‘ .GOD bless all cambodian people’